អំពីរាជបណ្ឌិត្យសភាកម្ពុជា
រាជបណ្ឌិត្យសភាកម្ពុជាមានបេសកកម្មចម្បង ដើរតួក្នុងការសិក្សាស្រាវជ្រាវទាំងវិទ្យាសាស្ត្រសង្គមនិងវិទ្យាសាស្ត្រពិត ដើម្បីរកធាតុចូលជូនរាជរដ្ឋាភិបាលនិងដើរតួក្នុងការបណ្ដុះបណ្ដាលនិងស្រាវជ្រាវពីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់ថ្នាក់បណ្ឌិត ដើម្បីពង្រឹងការអភិវឌ្ឍប្រទេសជាតិ ដោយផ្អែកលើចំណេះដឹង រៀបចំចក្ខុវិស័យ ដោយមិនយកទម្លាប់ជាធំ ពោលគឺត្រូវផ្អែកលើកិច្ចការស្រាវជ្រាវ ដូចពាក្យមួយឃ្លាដែលខ្ញុំតែងតែនិយាយថា «ស្ពានសម័យអង្គរ ទ្រខ្មែរគ្រប់សម័យកាល»។ ដូច្នេះតួនាទីឬតំណែងមិនមែនជាគ្រឿងលម្អ ឬយកមកធ្វើជាទីសក្ការៈនោះទេចំពោះខ្ញុំ តែវាជាអំរែក ដែលតម្រូវឱ្យខ្ញុំខិតខំធ្វើយ៉ាងណា ដើម្បីឱ្យស្ថាប័ននេះប្រព្រឹត្តទៅតាមបែបវិទ្យាសាស្ត្រ។ ខ្ញុំនឹងធ្វើឱ្យស្ថាប័នមួយនេះក្លាយជាកន្លែងផ្ដល់គំនិតដ៏ល្អសម្រាប់អភិវឌ្ឍប្រទេសជាតិ ហើយកែប្រែស្ថាប័ននេះទៅជាស្ថាប័នជាន់ខ្ពស់របស់ជាតិ ដែលប្រមូលផ្ដុំទៅដោយធនធានមនុស្សកម្រិតខ្ពស់ទាំងថ្នាក់ជាតិនិងអន្តរជាតិ។ខ្ញុំសូមបញ្ជាក់ថា «ទ្វាររបស់រាជបណ្ឌិត្យសភាកម្ពុជា បើកចំហជានិច្ច ចំពោះបញ្ញវន្តដែលមានជំហរនិងទិសដៅដូចគ្នាក្នុងការអភិវឌ្ឍប្រទេសជាតិ។»
ប្រវត្តិសង្ខេប
នៅឆ្នាំ១៩៦៥ រាជបណ្ឌិត្យសភាកម្ពុជាបានចាប់បដិសន្ធិឡើងតាមព្រះរាជក្រមលេខ ២៦១ ប.រ និងព្រះរាជក្រឹត្យ លេខ ៤៩៩ ប.រ. ចុះ ថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៦៥ ប៉ុន្ដែមិនទាន់ប្រព្រឹត្តទៅនៅឡើយដោយសារសង្គ្រាមស៊ីវិលចាប់ពីឆ្នាំ១៩៧០ ក៏បានកាត់ផ្ដាច់ការខិតខំទាំងនោះទៅ។ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៩៩ រាជបណ្ឌិត្យសភាកម្ពុជាបានបង្កើតឡើងវិញដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥៩៩/៩៧ គឺនៅដើមអាណត្ដិទី២នៃរាជរដ្ឋាភិបាល។
ចក្ខុវិស័យ
កែប្រែរាជបណ្ឌិត្យសភាកម្ពុជាឱ្យទៅជាស្ថាប័នឈានមុខគេរបស់ប្រទេសកម្ពុជាសម្រាប់អភិវឌ្ឍកម្លាំងបញ្ញាញាណនៃប្រជាជាតិ ពង្រឹងនិងពង្រីកការសិក្សាស្រាវជ្រាវគ្រប់មុខជំនាញនៅក្នុងប្រទេស រៀបចំវេទិកា វិទ្យាសាស្ត្រ និងបោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវដើម្បីឱ្យមានការទទួលស្គាល់ជាអន្តរជាតិ។
បេសកកម្ម
១. គ្រប់គ្រង និងពង្រីកការស្រាវជ្រាវខេមរវិទ្យា និងគ្រប់មុខជំនាញ
២. រៀបចំវេទិកាវិទ្យាសាស្ដ្រនិងអប់រំ ដើម្បីជួយអភិវឌ្ឍប្រទេសលើគ្រប់វិស័យ
៣. បោះពុម្ពឯកសារស្នាដៃស្រាវជ្រាវនិងរបកគំហើញជាភាសាជាតិឱ្យបានទូលំទូលាយដល់មហាជននៅក្នុងប្រទេស និងភាសាបរទេសដើម្បីផ្សព្វផ្សាយខេមរវិទ្យានៅលើវេទិកាអន្ដរជាតិ
៤. ប្រមូលនិងតម្កល់ឯកសារស្រាវជ្រាវអំពីប្រទេសកម្ពុជាពីបណ្ដាប្រទេសនៅក្នុងតំបន់និងលើពិភពលោក
៥. ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្ដ្រ
៦. ពិនិត្យនិងវាយតម្លៃការវិវត្ដសង្គមនិងរួមវិភាគទានជំរុញការអភិវឌ្ឍជាតិ។
យុទ្ធសាស្ដ្រ
១. ពង្រឹងការគ្រប់គ្រងទូទៅ;
២. ពង្រឹងបេសកកម្មស្រាវជ្រាវ វេទិកាវិទ្យាសាស្ដ្រនិងការបោះពុម្ពផ្សាយ;
៣. កិច្ចសហប្រតិបត្ដិការជាមួយដៃគូជាតិនិងអន្ដរជាតិដើម្បីពង្រីកជំនាញបចេ្ចកទេសនិងថវិកាស្រាវជ្រាវ;
៤. ជំរុញនិងពង្រីកបេសកកម្មបណ្ដុះបណ្ដាលកម្រិតថ្នាក់ក្រោយបរិញ្ញាបត្រ;
៥. កែលម្អនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវ។
អំពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា៖
១. ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង (១៩៩៩-២០០៩)
២. លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា (២០០៩-២០១៧)
៣. ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច (២០១៧-បច្ចុប្បន្ន)
នាយកខុទ្ទកាល័យ៖ ឯកឧត្តមបណ្ឌិត ខែក វីរៈ
អគ្គលេខាធិការដ្ឋាន៖
-ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ
-ឯកឧត្តម សូត្រ សំណាង អគ្គលេខាធិការរង
អង្គភាពចំណុះ៖
១. នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ (ប្រធាន៖ លោក ប៊ុត សុម៉េត; អនុប្រធាន៖ លោក គឺម វុទ្ធី; លោក ហួត រ៉ា; និងលោកស្រី រ័ត្ន ធីតា។
២. មជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងស្រាវជ្រាវ (ឯកឧត្តម សូត្រ សំណាង អគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា ទទួលបន្ទុកការងារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងស្រាវជ្រាវ; លោក សាន សុរ៉ាវនិត ជាប្រធានស្ដីទី)
៣. នាយកដ្ឋានបោះពុម្ពផ្សាយ និងបណ្ណាល័យ (ប្រធាន៖ លោកស្រី កែវ ខេមរា)
៤. នាយកដ្ឋានទំនាក់ទំនងសាធារណៈ។
អំពីវិទ្យាស្ថាន និង អង្គភាពឧបសម្ព័ន្ធ៖
ក. វិទ្យាស្ថាន
១. វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ (ប្រធាន៖ ឯកឧត្តមបណ្ឌិត នូ ចាន់ សុភី; អនុប្រធាន៖ លោកបណ្ឌិត ធុយ ចាន់ធួន)
២. វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (ប្រធាន៖ ឯកឧត្តមបណ្ឌិត ផុន កសិកា; អនុប្រធាន ពីររូប៖ លោកស្រីបណ្ឌិត ព្រុំ ទេវី និង លោកបណ្ឌិត ឆេង វណ្ណារិទ្ធ)
៣. វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម (ប្រធាន៖ ឯកឧត្តមបណ្ឌិត នុត សម្បតិ្ត)
៤. វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (ប្រធាន៖ ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា; អនុប្រធាន៖ លោកស្រីបណ្ឌិត ចេក សុថា; លោកបណ្ឌិត ហាក់ ធីរោ)
៥. វិទ្យាស្ថានភាសាជាតិ (ប្រធាន៖ ឯកឧត្តមបណ្ឌិត មាឃ បូរ៉ា, លោកបណ្ឌិត វង្ស មេង)
៦. វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (ប្រធាន៖ ឯកឧត្តមបណ្ឌិត គិន ភា)
៧. វិទ្យាស្ថានសិក្សាចិន (ប្រធាន៖ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍)
៨. វិទ្យាស្ថានខុងជឺ (ប្រធាន៖ លោក តាំង ម៉េងឆុង)។
ខ. អង្គភាពឧបសម្ព័ន្ធ
១. ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប (ប្រធាន៖ ឯកឧត្តម សូត្រ សំណាង; អនុប្រធាន៖ លោកបណ្ឌិត ឈឹម សុខាន់ដារ៉ា; លោកបណ្ឌិត ជា ចន្ថា; លោក ជា សម្បត្តិ)
២. ក្រុមប្រឹក្សាជាតិភាសាខ្មែរ (ប្រធាន៖ ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម; អនុប្រធាន៖ ឯកឧត្តមបណ្ឌិត ស៊ុំ ឈុំឡុង; ឯកឧត្តមបណ្ឌិត សន ពៅ)
អំពីក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ៖
ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ជាស្ថាប័នជាន់ខ្ពស់មួយ ដែលប្រមូលផ្ដុំនូវបញ្ញវន្ត បញ្ញាញាណរបស់ជាតិ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន ជាប្រធានកិត្តិយស, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាប្រធាន, ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ជាអនុប្រធាន និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ជាអនុប្រធានប្រចាំការ។
ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ មាន លេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ដែលជាសេនាធិការរបស់ក្រុមបណ្ឌិតសភាចារ្យ សម្របសម្រួលការងារជូនក្រុមបណ្ឌិតសភាចារ្យ និងដែលដឹកនាំដោយប្រធានមួយរូប គឺ លោក ហេង វីរិទ្ធិ និងអនុប្រធាន ពីររូប គឺ លោកស្រីបណ្ឌិត សុង ឧស្សាហ៍ និង លោក ចាន់ វណ្ឌី។
(បច្ចុប្បន្នភាព៖ ២៦ សីហា ២០២២)