(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច  ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយនឹងប្រតិភូលេខាបក្សសាកលវិទ្យាល័យ មីងជូ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Ruan Chaoqi លេខាបក្សសាកលវិទ្យាល័យ មីងជូ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។

 

ថ្លែងក្នុងឱកាសធ្វើទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា និងជួបពិភាក្សាជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច នារសៀលនេះ លោក Ruan Chaoqi បានបង្ហាញសេចក្ដីរីករាយត្រេកអរចំពោះជំនួបជាលើកទីពីរជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច នៅរាជបណ្ឌិត្យសភាកម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យទៅកាន់សាកលវិទ្យាល័យមីងជូ នាពេលកន្លងមកនេះ។ លោកបានបន្ថែមទៀតថា ជំនួបនាឱកាសនេះ ប្រៀបបានដូចជាលោកបានជួបនឹងមិត្តចាស់ជាថ្មីម្ដងទៀត។ ជាមួយគ្នានេះ លោក Ruan Chaoqi ក៏បានបានបង្ហាញចំណាប់អារម្មណ៍អំពីដំណើរការអភិរក្សនិងអភិវឌ្ឍនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ដែលឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់បានលើកឡើងនាជំនួបកន្លងមកនេះ។

 

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានសម្ដែងនូវសេចក្ដីសោមនស្សចំពោះការលើកឡើងរបស់លោកលេខាបក្សសាកលវិទ្យាល័យមីងជូ ខេត្តយូណាន និងបានថ្លែងលើកឡើងអំពីសក្ដានុពល និងលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការលើវិស័យច្នៃប្រឌិតបច្ចេកវិទ្យា និងកសិកម្ម ដែលភាគីទាំងពីរអាចបណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំងសាកល្បងអនុវត្តនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបបាន។

 

ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នានៅក្នុងការពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការគ្នាលើការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យច្នៃប្រឌិតបច្ចេកវិទ្យា និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៅរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងការធ្វើកិច្ចសហប្រតិបត្តិការការពិសោធន៍ការបណ្ដុះផ្សិតធម្មជាតិ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប៕

 

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ