ដោយ៖ លឹម សុវណ្ណរិទ្ធ

          ទោះជាបទឈប់បាញ់បានចូលជាធរមានក្ដី នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ពោលគឺ​ប្រមាណ​ជា៨ម៉ោងក្រោយ ថៃបានបើកការវាយប្រហាររយៈពេលខ្លី ក្នុងគោលដៅប៉ុន​ប៉ង​ឱ្យ​កម្ពុជា​ប្រើប្រាស់អាវុធឆ្លើយតបវិញ ដើម្បី​ចោទប្រកាន់​ថា កម្ពុជា​ជា​អ្នក​ផ្ដើមរំលោភ​បទ​ឈប់​បាញ់ រួចបន្តសង្គ្រាមតាមព្រំដែនជាមួយកម្ពុជាជាថ្មីទៀត។ ទោះ​ជា​យ៉ាងណា បន្ទាប់​ពី​មើលឃើញថា កង​ទ័ពកម្ពុជាគោរពបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ ដោយមិនធ្វើការតបត​ទៅភាគីថៃវិញ កងទ័ពឈ្លានពានថៃក៏ប្រើល្បិចធ្វើពុតជាសុំជួបនិងថតរូបរួមគ្នា រួចឱ្យ​ទាហានខ្លួនដែលបង្កប់ក្នុងព្រៃ ភ្ជង់​ចាប់​កងទ័ព​ខ្មែរ​ធ្វើជាឈ្លើយសឹក​ទាំង​បំពាន​ច្បាប់​អន្តរ​ជាតិ និងដោយគ្មាន​ភាព​អៀន​ខ្មាស់​បំផុត។ ៣ថ្ងៃក្រោយមក គឺនៅថ្ងៃទី១ ខែសីហា ឆ្នាំ​២០២៥ ភាគី​ថៃ​បានប្រគល់​កងទ័ព​កម្ពុជា​ពីររូបមកភាគីកម្ពុជា ដោយកងទ័ពកម្ពុជាទាំងពីរ​រូប​នោះសុទ្ធតែរងរបួសធ្ងន់ធ្ងរ ដែលទំនងជាត្រូវបានរងទារុណកម្មនិងការធ្វើទុក​បុក​ម្នេញ​យ៉ាងដំណំ។ គិតមកត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ កងទ័ពកម្ពុជាទាំង ១៨នាក់ដែល​ទាហានថៃឃុំឃាំង នៅពុំទាន់ត្រូវបាន​ដោះ​លែង​វិល​ត្រឡប់មកកាន់មាតុភូមិនៅ​ឡើយទេ បើទោះ​បីជាមានការអំពាវនាវជាបន្តបន្ទាប់​ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងសហគមន៍អន្តរជាតិ និង​នៅ​ក្រោយ​ពីកិច្ច​ប្រជុំគណៈ​កម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា-ថៃ (GBC) ត្រូវបានបិទ​បញ្ចប់​ទៅ​ហើយ​ក្ដី។

          ការប្រើប្រាស់ល្បិចដ៏ទុច្ចរឹតចាប់ខ្លួនទាហានរបស់កម្ពុជាទាំង២០រូបនេះ ធ្វើឡើង​នៅ​បន្ទាប់​ពី​បទ​ឈប់បាញ់ចូលជាធរមាន និងនៅមុន​កិច្ច​ប្រជុំ​គណៈ​កម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដោយភាគីថៃហាក់មានបំណងប្រើប្រាស់​កងទ័ពខ្មែរទាំង២០រូបនេះ ធ្វើ​ជា​ចំណាប់​ខ្មាំង​ដើម្បីយកជាថ្នូរសម្រាប់ការចរចាជាមួយនឹងកម្ពុជា នៅក្នុងកិច្ចប្រជុំ GBC នៅ​ប្រទេសម៉ាឡេស៊ី។ ទោះជាយ៉ាងណាក៏ដោយ ក្រោយកិច្ចប្រជុំ GBC បានបិទបញ្ចប់ ថៃដែល​ទំនង​ជាមិនទទួលបានលទ្ធផលទៅតាម​ការ​ចង់​បានរបស់ខ្លួន នៅតែ​ពុំព្រមដោះលែងកង​ទ័ព​កម្ពុជាទាំង១៨រូបនោះឡើយ ទោះបីជា​មានការអំពាវនាវម្ដងហើយម្ដងទៀត ពីសំណាក់​រាជរដ្ឋាភិបាលកម្ពុជាក្ដី។

          ទង្វើដ៏គឃ្លើនចំពោះច្បាប់អន្តរជាតិដែលថៃបានប្រព្រឹត្តនេះ បានបង្ហាញយ៉ាងច្បាស់​ថា ថៃបានតាំងខ្លួនជាបងធំក្នុងតំបន់ និងប្រៀបប្រដូចខ្លួនឯងជាមហាអំណាចពិភពលោក ដែលថៃហាក់យល់ថាគ្មាន​ប្រទេសណាមួយអាចចាត់វិធានការអ្វីលើខ្លួនបានឡើយ។ ខណៈ​ដែល​​ប្រទេសធំៗក្នុងតំបន់ និងមហាអំណាចពិភពលោកមួយចំនួន ហាក់ព្យាយាម​គេច​វេស​មិន​ហ៊ាន​ប្រតិ​កម្ម​ទៅនឹងទង្វើរំលោភច្បាប់អន្តរជាតិរបស់ថៃ មេដឹកនាំនិងក្រុមយោធាថៃ​បាននិងនៅ​តែកំពុងបន្ត​ប្រមាថ​លើ​ច្បាប់អន្តរជាតិ ដោយមិនញញើតកោតក្រែង ឬខ្វល់​ខ្វាយនឹង​សាធារណៈ​មតិ​អន្តរ​ជាតិ​នោះ​ឡើយ។

          ជាមួយគ្នានេះ ស្របពេលដែលបណ្ដាប្រទេសនានា ក៏ដូច​ជា​ប្រទេស​ជាមិត្ត​របស់​កម្ពុជា​មិនបានដាក់សម្ពាធលើប្រទេស​ថៃ ជុំវិញការរំលោភបំពានម្ដងហើយម្ដងទៀតលើ​ច្បាប់​អន្តរ​ជាតិ ថៃព្យាយាមបង្កើតព័ត៌មាន​ក្លែងក្លាយ និងបន្តភូតកុហកពិភព​លោក​បន្ត​ទៀត​តាម​រយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗទាំងឡាយដែលមាននិន្នាការលម្អៀង។ បើទោះបីជា បណ្ដាអង្គទូត ក៏ដូចជាអនុព័ន្ធយោធានៃបណ្ដាប្រទេសមួយចំនួន​ពិត​ជាបាន​យល់​ជាក់​ច្បាស់​អំពីសកម្មភាពដ៏ទុច្ចរឹតនិងអមនុស្សធម៌របស់ថៃ ប៉ុន្តែដើម្បីគេច​វេស​ពីការទទួល​ស្គាល់​ថា​ខ្លួនបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម យោធាថៃជាថ្មីម្ដងហើយម្ដងទៀត បានបង្វែរសាច់រឿង ដោយចោទថាកងទ័ពកម្ពុជាបានរំលោភចូលអធិបតេយ្យភាពរបស់​ខ្លួន ទើប​ត្រូវ​បាន​ចាប់​ខ្លួន ហើយបែរជាអះអាងថាខ្លួនត្រូវបន្តនីតិវិធីតាមច្បាប់របស់ថៃទៅវិញ។ ទង្វើដ៏​ឥត​អៀន​ខ្មាស់​​របស់ក្រុមយោធាថៃនេះ មិនបានជួយការពារមុខមាត់របស់ថៃនោះទេ តែថែមទាំង​បង្ហាញ​ឱ្យបណ្ដាប្រទេសទាំងឡាយ ដែលបានយកចិត្តទុកដាក់និង​តាមដានស្ថាន​ការណ៍​វិវត្ត​នៃ​សង្គ្រាមព្រំដែនកម្ពុជា-ថៃ មើលឃើញច្បាស់អំពីចរិតជា​ចោរព្រៃរបស់យោធា​ថៃ​បន្ថែមទៀត​ផង។

          ទោះជាយ៉ាងណា ការដែលភាគីថៃនៅតែបន្តឃុំឃាំងកងទ័ពកម្ពុជាទាំង១៨នាក់ ថៃ​ហាក់​បាននិងកំពុងប្រើប្រាស់សង្គ្រាមចិត្តសាស្ត្រមកលើកងទ័ពកម្ពុជា នៅក្នុងគោល​បំណង​បំបាក់​ទឹកចិត្ត (ទោះជាមិន​បាន​ផលដូចដែលចង់បានក្ដី ខណៈកងទ័ព​កម្ពុជានៅមាន​ឆន្ទៈ​ការ​ពារ​ជាតិយ៉ាងមោះមុតប្រឆាំងនឹងការឈ្លានពាន ព្រោះកងទ័ពកម្ពុជាប្រយុទ្ធ​ដើម្បី​ការ​ពារ​អធិបតេយ្យភាព ខុសពីកងទ័ពថៃដែលជាទ័ពប្រយុទ្ធឈ្លានពានដើម្បី​មហិច្ឆតា​នយោបាយ​របស់ពួកឧត្ដមសេនីយ៍យោធា) និងចង់ញុះឱ្យកង​ទ័ព​កម្ពុជា​អស់​ការ​អត់ធ្មត់ ក៏​ដូច​ជារុញច្រានឱ្យ​ប្រជាជន​កម្ពុជា ដាក់សម្ពាធទៅលើរាជ​រដ្ឋាភិបាល​របស់​ខ្លួន​ជា​ដើម។ បន្ថែមពីលើនេះ ភាគីថៃនៅតែបន្ត​សកម្មភាពបង្ក​ហេតុនានា​ជា​បន្ត​បន្ទាប់ នៅក្នុង​គោល​បំណង​ចម្បងគឺ ដុតបញ្ឆេះឱ្យកងទ័ពកម្ពុជារំលោភបទឈប់បាញ់ ដើម្បីខ្លួន​មាន​លេស​​បន្ត​ធ្វើសង្គ្រាមនៅតាមព្រំដែនប្រឆាំងនឹងកម្ពុជា ខណៈតំបន់មួយចំនួន​ដែលយោធា​ថៃ​ប៉ុន​ប៉ងកាន់កាប់​ ពុំសម្រេចតាមការ​ចង់​បានរបស់ខ្លួន​ឡើយ។ ទោះ​ជាយ៉ាងណា កងទ័ព​កម្ពុជា និងប្រជាជនកម្ពុជា ដែលចាប់តាំងពីពេលដំបូងនៃការផ្ទុះភាពតានតឹង​តាម​ព្រំដែន​កម្ពុជា-ថៃ បានបង្ហាញការជឿជាក់ និងផ្ដល់សេចក្ដីទុកចិត្តលើថ្នាក់ដឹកនាំរបស់ខ្លួន​ជានិច្ច​ដរាប​រៀងមកនោះ ពិតជានឹងមិនអាចនឹងលង់នៅក្នុងកលល្បិចដ៏ពិសពុលរបស់ភាគីថៃ​នោះ​ឡើយ។

          ទោះជាយ៉ាងនេះក្ដី ការបន្តឃុំឃាំងកងទ័ពកម្ពុជាទាំង១៨រូប ក៏អាចជាចំណែកមួយ​នៃ​សេនារីយ៉ូ​របស់​ក្រុមយោធាថៃ នៅក្នុងការត្រៀមចាប់ផ្ដើម​សង្គ្រាមសារជាថ្មីមកលើកម្ពុជា ដោយរង់ចាំតែឱកាសដែលខ្លួនអាចមានលេសចាប់ផ្ដើមការវាយប្រហារតែប៉ុណ្ណោះ។ ត្រង់​ចំណុច​នេះ ក្រុមយោធាថៃទំនងជាចង់រក្សាទុកកងទ័ពកម្ពុជាទាំង១៨រូប ដើម្បីធ្វើ​ជា​ថ្នូរ​នៅក្នុងការចរចា ឬដោះដូរករណីណាមួយនាពេលខាងមុខ ក្នុងករណីមានការ​ប្រឈម​សារ​ជា​ថ្មីជាមួយនឹងកម្ពុជា។ ការណ៍នេះបានបង្ហាញពីជំហរដ៏​ទុច្ច​រឹត​របស់​កង​ទ័ព​ថៃ​ដែលនៅតែ​ចិញ្ចឹម​ចិត្ត​បង្កអរិភាព និងគ្មានចេតនាបញ្ឈប់ភាពតានតឹង​នៅ​តាម​ព្រំដែនកម្ពុជា-ថៃសូម្បី​តែ​បន្តិច។

          ឆ្លើយតបទៅនឹងការវិវ​ត្ត និងចេតនាដ៏ទុច្ចរឹតឥតឈប់ឈររបស់ភាគីថៃ ដូចបាន​លើក​ឡើងខាងលើនេះ ក្រៅតែពីការតវ៉ាការទូត និងការស្វះស្វែងរកការគាំទ្របន្ថែមខាងការទូត​ពីសំណាក់បណ្ដាប្រទេសជាមិត្តនិងជាដៃគូ កម្ពុជាក៏គួរតែផ្ដោតការយកចិត្តទុក​ដាក់ឱ្យ​បាន​ខ្ពស់​បំផុតនៅក្នុងប្រមូលភស្តុតាងនៃការរំលោភបទឈប់បាញ់ និងស្វែងរកតឹកតាងជាមូល​ដ្ឋានជាក់លាក់ ដែលអាចបញ្ជាក់អំពីចេតនារៀបចំផែនការ​ឈ្លានពានសារ​ជាថ្មី​របស់​ថៃ​មក​លើ​អធិប​តេយ្យភាពកម្ពុជា ដើម្បីបង្ហាញដល់សាធារណៈមតិអន្តរជាតិ ពិសេស​បង្ហាញ​ទៅ​កាន់​សហរដ្ឋអាម៉េរិកជាអ្នកផ្ដួចផ្ដើមបទឈប់បាញ់ និងម៉ាឡេស៊ីជាប្រធានអាស៊ាននិងជា​អ្នក​សម្របសម្រួល។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏គួរតែ​បន្តធ្វើបច្ចុប្បន្ន​ភាព​ជា​ទៀង​ទាត់​និង​កាន់តែច្បាស់លាស់បន្ថែមទៀត ដើម្បីបញ្ច្រាបការយល់ដឹងអំពី​សភាព​ការណ៍​ពិតជាក់​ស្ដែង​នៅ​សមរ​ភូមិមុខ បញ្ចៀសឱ្យបានការភាន់ច្រឡំស្ថានការណ៍ទៅតាមព័ត៌មានមិនពិតដែល​ភាគីថៃបានបង្កើត និងបំផុសបំផុលក្នុងចំណោមប្រជាពលរដ្ឋ និងអ្នកនយោបាយខ្មែរ​មួយ​ចំនួន។

          បន្ថែមពីលើនេះផងដែរ នៅក្នុងដំណាក់កាលនេះ ក្រៅតែយកចិត្តទុកដាក់​លើ​ដំណើរ​ការនីតិវិធីនៅ​តុលា​ការ​យុត្តិ​ធម៌អន្តរជាតិ (ICJ) រាជរដ្ឋាភិបាលកម្ពុជាក៏គួរតែចាប់​ផ្ដើម​ប្រមែ​ប្រមូល​ភស្តុតាង​​ជាក់ស្ដែងដែលបង្ហាញអំពីឧក្រិដ្ឋកម្មសង្គ្រាម ដែលយោធា​ថៃ​បាន​ប្រព្រឹត្ត​មកលើ​ទឹកដី​និង​ប្រជាជន​កម្ពុជា និង​រៀប​​ចំ​ចងក្រងឯកសារពាក់ព័ន្ធ ដើម្បី​ត្រៀម​ដំណើរ​ការនីតិវិធី​ប្ដឹង​ភាគី​ថៃ​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ដើម្បីជាការ​ព្រមាន​​និង​បង្ការទប់​ស្កាត់ទង្វើបង្កហេតុ​និង​ការ​ឈ្លាន​ពានរបស់ថៃ​ជាថ្មីម្ដងទៀត។  លើស​ពី​នេះ បន្ថែមពីលើ​ការស្វែងរកដំណោះស្រាយនៅចំពោះមុខ តាមរយៈការចរចា កម្ពុជាក៏ត្រូវ​តែ​បន្ត​កិច្ចខិតខំប្រឹងប្រែង​ការ​ទូតនិងយន្តការច្បាប់អន្តរជាតិ ដើម្បីឈាន​ទៅ​នាំ​យក​មេ​ដឹក​នាំ​នយោបាយ​​និងឧត្ដមសេនីយ៍​យោធា​ថៃ ដែលទទួលខុសត្រូវលើ​សកម្ម​ភាពប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​សង្គ្រាមមកលើប្រជា​ជាតិ​កម្ពុជា ឱ្យទៅប្រឈម​មុខ​នឹង​ការ​កាត់​ទោស​តាម​ច្បាប់​អន្តរ​ជាតិ​ជា​ធរមាននាពេលអនាគតខាងមុខផងដែរ៕