ដោយ៖ បណ្ឌិត យង់ ពៅ
ជាមួយនឹងជំហរក្រអឺតក្រទម អ្នកនាំពាក្យកងទ័ពថៃ បានលើកឡើងថា ការចាប់ខ្លួន និងឃុំខ្លួនកងទ័ពកម្ពុជាទាំង១៨នាក់ អនុលោមទៅតាមច្បាប់អន្តរជាតិ និងត្រូវបានការពារក្រោមក្របខ័ណ្ឌច្បាប់អន្តរជាតិ ជាពិសេសខអនុសញ្ញាក្រុងហ្សឺណែវ។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានមានប្រសាសន៍គូសបញ្ជាក់ថា ការលើកឡើងខាងលើនេះ គឺជាការលើកឡើងទាំងបំពាន ក៏ដូចជាការភូតកុហកដល់សាធារណៈមតិអន្តរជាតិ និងសាធារណៈមតិរបស់ថៃផងដែរ។ ទង្វើរបស់ថៃនៅក្នុងសង្គ្រាមឈ្លានពានកម្ពុជា ថៃបានរំលោភបំពានច្បាប់អន្តរជាតិស្ទើរតែគ្រប់ទិដ្ឋភាព ខណៈការប្រើល្បិចចាប់ខ្លួនកងទ័ពកម្ពុជា បានប្រាសចាកទៅនឹងអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិទាំងឡាយ តែជាមហិច្ឆតាឈ្លានពានដោយមិនកោតក្រែងចំពោះសហគមន៍អន្តរជាតិឡើយ។ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា ការចាប់ខ្លួនកងទ័ពកម្ពុជា ពីសំណាក់កងទ័ពឈ្លានពានថៃ ធ្វើឡើងនៅក្រោយបទឈប់បាញ់ចូលជាធរមាន (ម៉ោង២៤ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥) ប្រមាណជា ៨ម៉ោង ពោលគឺនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។ ហេតុនេះហើយ ទង្វើរបស់កងទ័ពឈ្លានពានថៃ មិនត្រឹមតែរំលោភលើច្បាប់អន្តរជាតិប៉ុណ្ណោះទេ តែក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់ដែលខ្លួនទើបតែបានចុះហត្ថលេខា។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀត បើគេពិនិត្យមើលទីតាំងដែលកងទ័ពថៃបានប្រើល្បិចភ្ជង់ចាប់ខ្លួនកងទ័ពកម្ពុជាទៀតសោត គឺនៅក្នុងទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ នេះមានន័យថា កងទ័ពថៃ មិនត្រឹមតែមិនបានបញ្ឈប់សកម្មភាពអរិភាពប៉ុណ្ណោះទេ តែថែមទាំងបានចល័តកងទ័ពផ្ទុយពីស្មារតីនៃបទឈប់បាញ់ឥតលក្ខខណ្ឌ ដែលផ្ដួចផ្ដើមគំនិតដោយលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ថែមទៀតផង។ បើតាមលោកបណ្ឌិត នេះគឺជាការរំលោភអធិបតេយ្យភាពកម្ពុជាជាថ្មី និងថែមទាំងជាការបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរម្ដងហើយម្ដងទៀត ខណៈដែលកន្លងមក ថៃតែងតែបានប្រព្រឹត្តទង្វើព្រហើនកោងកាចមិនអនុលោមតាមច្បាប់អន្តរជាតិ និងទាត់ចោលការអំពាវនាវរបស់សហគមន៍អន្តរជាតិជានិច្ចកាល។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀតថា ការលើកឡើងខាងលើរបស់អ្នកនាំពាក្យកងទ័ពថៃ គឺគ្រាន់តែជាបន្លប់សភាពការណ៍ ខណៈដែលភាគីថៃតែងតែប្រព្រឹត្តអំពើទុច្ចរឹតរាប់មិនអស់ចំពោះច្បាប់អន្តរជាតិ និងសន្តិសុខក្នុងតំបន់ ពិសេសចំពោះប្រទេសជិតខាងខ្លួន។ លោកបណ្ឌិតបានបន្តអំពាវនាវឱ្យកងទ័ពថៃ ត្រូវតែដោះលែងយោធិនកម្ពុជាទាំង១៨រូបដោយឥតលក្ខខណ្ឌ និងឱ្យបានឆាប់រហ័ស ចៀសវាងការបន្តរំលោភបំពានច្បាប់អន្តរជាតិ និងត្រូវគោរពនូវស្មារតីនៃបទឈប់បាញ់ដែលផ្ដួចផ្ដើមដោយសហរដ្ឋអាម៉េរិក។
គួរបញ្ជាក់ផងដែរថា កន្លងមកនេះ មជ្ឈដ្ឋានបញ្ញវន្ត ព្រះសង្ឃ និងសហគមន៍អន្តរជាតិ បានអំពាវនាវឱ្យភាគីកងទ័ពថៃដោះលែងកងទ័ពកម្ពុជាជាបន្ទាន់ ប៉ុន្តែពុំមានការឆ្លើយតបជាវិជ្ជមានពីក្រុមយោធាថៃនោះឡើយ។ ត្រង់ចំណុចនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ គូសបញ្ជាក់ថា កម្ពុជាត្រូវតែបន្តធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិកជាមហាអំណាចពិភពលោកទីមួយ និងជាអ្នកផ្ដួចផ្ដើមជំរុញឱ្យមានបទឈប់បាញ់ និងប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ព្រមទាំងសហគមន៍អន្តរជាតិ ក៏ដូចជាសាធារណរដ្ឋប្រជាមានិតចិនដែលជាសាក្សីនៃការចុះហត្ថលេខាលើបទឈប់បាញ់រវាងកម្ពុជានិងថៃផងដែរ។ លោកបណ្ឌិតបានបន្ថែមទៀតថា កម្ពុជាត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងខាងការទូត ដើម្បីធ្វើការជាមួយបណ្ដាប្រទេសជាដៃគូក៏ដូចជាស្ថាប័នយុត្តិធម៌អន្តរជាតិផ្សេងទៀត ដូចជាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជាដើម ក៏ដូចជាពង្រីកសមរភូមិការទូតសាធារណៈតាមរយៈការបំភ្លឺទៅដល់បណ្ដាញសារព័ត៌មានអន្តរជាតិធំៗ ដើម្បីឱ្យពិភពលោកបានដឹងឭអំពីភាពទុច្ចរឹត និងទង្វើអសីលធម៌របស់ថៃចំពោះច្បាប់អន្តរជាតិ ព្រមទាំងបន្តអំពាវនាវជាប់ជានិច្ច ឱ្យមានការដាក់សម្ពាធទៅលើរដ្ឋាភិបាលក្រុងបាងកកបន្ថែមទៀតឱ្យដោះលែងកងទ័ពកម្ពុជាទាំង១៨រូបដោយឥតលក្ខខណ្ឌ និងឱ្យបានឆាប់រហ័សបំផុត៕