ដោយ៖ លឹម សុវណ្ណរិទ្ធ
គ្រូបង្រៀនជំនាញវិទ្យាសាស្ត្រនយោបាយ
នៅល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជាបានប្រកាសព័ត៌មានជាសាធារណៈលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី»។ ករណីរៀបចំការឈ្លានពានជាថ្មីរបស់កងទ័ពថៃនេះ អាចមានលទ្ធភាពកើតឡើងខ្ពស់ ដោយសារតែកម្ដៅនយោបាយនៅទីក្រុងបាងកក បានផ្ទុះឡើងខ្លាំងនៅក្រោយសង្គ្រាមព្រំដែនកម្ពុជា-ថៃ (ថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥) បានចាប់ផ្ដើម ដោយសារតែសង្គ្រាមដែលបញ្ឆេះដោយកងទ័ពថៃនេះ បានបណ្ដាលឱ្យថៃខ្លួនឯងរងការខូចខាតជាខ្លាំង ពិសេសការបាត់បង់អាយុជីវិតកងទ័ពជាច្រើនសន្ធឹក។ ស្ថានការណ៍នយោបាយទីក្រុងបាងកក ដែលបាតុកម្មត្រូវបានរៀបចំឡើង ទាមទារឱ្យនាយករដ្ឋមន្ត្រីស្ដីទីថៃចុះចេញតំណែង ដោយក្រុមបាតុករអះអាងថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីស្ដីទីថៃរូបនេះ បានធ្វើឱ្យបាត់បង់អាយុជីវិតកងទ័ពជាច្រើនសន្ធឹក ព្រមជាមួយនឹងការភូតភរកុហកពីសំណាក់យោធាថៃថា ខ្លួនបាននិងកំពុងគ្រប់គ្រងលើប្រាសាទតាក្របី (តែក្រោយមកត្រូវបែកធ្លាយ ហើយអ្នកនាំពាក្យយោធាថៃ ប្រកាសទទួលស្គាល់ថា ប្រាសាទតាក្របី កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពកម្ពុជា)។
ជាការពិតណាស់ ប្រទេសថៃ ដែលសម្អាងលើកម្លាំងយោធាលំដាប់ទីពីរនៅក្នុងតំបន់នេះ ជានិច្ចកាល បានប្រើប្រាស់កម្លាំងទ័ពដើម្បីព្យាយាមរំលោភបំពានអធិបតេយ្យភាពប្រទេសនៅជិតខាងខ្លួនយ៉ាងកម្រោល ពិសេសកម្ពុជាដែលតែងតែប្រកាន់ជំហរដោះស្រាយជម្លោះដោយសន្តិវិធី។ ទង្វើរបស់ថៃគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ បំពានគោលការណ៍ធម្មនុញ្ញសហប្រជាជាតិនិងអាស៊ាន និងជាការរំលោភលើអនុស្សរណៈយោគយល់គ្នា (MoU) ឆ្នាំ២០០០ ដែលភាគីទាំងពីរ កម្ពុជា-ថៃបានចុះហត្ថលេខាព្រមព្រៀងគ្នា។ ទោះជាយ៉ាងណា ក្រោយក្រឡាស់សម្ដីបដិសេធនឹងការព្រមព្រៀងឈប់បាញ់ ដែលខ្លួនបានឯកភាពនឹងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប្រធានអាស៊ាន កាលពីថ្ងៃទី២៤ ខែកក្កដានោះ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានអន្តរាគមន៍របស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ ថៃបានយល់ព្រមអនុវត្តបទឈប់បាញ់ជាមួយកម្ពុជា ដោយគិតចាប់ពីម៉ោង ២៤:០០អាធ្រាត្រ។ បើទោះបីជាដូចនេះក្ដី ក៏នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថៃបានវាយប្រហារមកលើកម្លាំងកម្ពុជា និងប្រើប្រាស់ល្បិចដោយបញ្ជាក់ថាខ្លួនបញ្ឈប់សកម្មភាពវាយប្រហារហើយសុំជួបចរចាគ្នា តែបែរជាឱ្យទាហានបង្កប់ភ្ជង់នឹងចាប់ទាហានខ្មែរ២១នាក់ធ្វើជាឈ្លើយសឹកទៅវិញ។
ដំណឹងអំពីលទ្ធភាពនៃការឈ្លានពានជាថ្មីរបស់ថៃមកលើកម្ពុជា នឹងអាចកើតឡើងដើម្បីការពារអំណាចមេដឹកនាំថៃ និងធ្វើឡើងដោយសារយោធាថៃចង់លុបលាងភាពអាម៉ាស់របស់ខ្លួននៅក្នុងការបង្កសង្គ្រាមតាមព្រំដែនជាមួយកម្ពុជា។ ការរៀបចំផែនការ ត្រៀមខ្លួនឈ្លានពានកម្ពុជាសារជាថ្មីនេះ បានបញ្ជាក់ឱ្យឃើញច្បាស់ថា អ្នកនយោបាយនិងក្រុមឧត្ដមសេនីយ៍យោធាថៃ ពិតជាអស់សង្ឃឹមថា ខ្លួនមិនត្រឹមតែនឹងត្រូវចាញ់កម្ពុជា ទាំងក្នុងទិដ្ឋភាពច្បាប់អន្តរជាតិ សីលធម៌អន្តរជាតិ និងនៅក្នុងទិដ្ឋភាពការទូតប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏យល់យ៉ាងច្បាស់ថា ខ្លួនលែងអាចភូតកុហកពិភពលោកបានទៀតឡើយ ព្រោះកន្លងមក ថៃបានអញ្ជើញអនុព័ន្ធយោធា ចំនួន៤៧ប្រទេសឱ្យចូលរួមស្ដាប់បទបង្ហាញនិងការបកស្រាយរបស់ខ្លួន តែភាគីចូលរួមមានតែ ១៧ប្រទេស ដោយសារគេបានដឹងអំពីចរិតពុតត្បុតរបស់ថៃ។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីព្យាយាមលុបលាងទង្វើឈ្លានពានរបស់ខ្លួន ថៃបានរៀបចំឈុតឆាកនិងទីកន្លែង រួចអញ្ជើញបណ្ដាភាគីទូតទៅពិនិត្យ ហើយសម្ដែងតួកំសត់ថា ខ្លួនគឺជាជនរងគ្រោះ រួចចោទប្រកាន់កម្ពុជាថាជាអ្នកបង្ក ប៉ុន្តែត្រូវបានប្រតិភូទូតបរទេសមើលដឹង និងពេបជ្រាយ ថែមទាំងមិនអើពើនឹងសំណួររបស់អ្នកសារព័ត៌មានថៃថែមទៀត ដោយមានអនុព័ន្ធយោធាខ្លះអត់ទ្រាំពុំបាន ថែមទាំងបានផ្ទុះសំណើចបែបហួសចិត្តនិងសើចចំអកដល់ថៃទៀតផង។
នៅយប់នេះ ឬព្រឹកស្អែក ប្រសិនបើថៃពិតជាបង្កសង្គ្រាមរំលោភអធិបតេយ្យកម្ពុជាជាថ្មី ក្រោយមានអន្តរាគមន៍ឱ្យមានបទឈប់បាញ់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ ពិតមែននោះ មានន័យថា ថៃពិតជាកំពុងតែយកករណីឈ្លានពានកម្ពុជា ប្រែទៅជាការទះកំភ្លៀងប្រធានាធិបតីសហរដ្ឋអាម៉េរិក និងជាការប្រកាសថាខ្លួនមិនយល់ព្រមទទួលស្គាល់ឥទ្ធិពលរបស់មហាអំណាចទី១ពិភពលោកនោះទេ និងថែមទាំងបង្ហាញដោយចំហរ ទាត់ចោលតួនាទីរបស់ម៉ាឡេស៊ីដែលជាប្រធានអាស៊ានទៀតផង។ ទង្វើដ៏គឃ្លើន គ្មានច្បាប់ទម្លាប់របស់អ្នកនយោបាយ និងក្រុមយោធាថៃនេះ ស្មើទៅនឹងការប្រកាសប្រាប់គេឯងថា ខ្លួនជាបងធំទីមួយនៅអាស៊ាន ដែលមិនត្រូវការស្ដាប់ដំបូន្មានឬយោបល់របស់ប្រទេសណាមួយក្នុងតំបន់ក្ដី ឬសូម្បីតែមហាអំណាចពិភពលោកក្ដី ហើយថៃគឺជាមហាអំណាចថ្មីមួយទៀត ដែលសូម្បីតែសហរដ្ឋអាម៉េរិកក៏ខ្លួនមិនញញើតឬទុកមុខឱ្យដែរ ប្រសិនបើជំទាស់នឹងមហិច្ឆតារបស់ខ្លួន។ ថៃហាក់មានជំនឿថា ដោយសារតែផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ មហាអំណាចនិងបណ្ដាប្រទេសធំៗក្នុងតំបន់ នឹងមិនហ៊ានចាត់វិធានការអ្វីលើខ្លួនឡើយ។ ហេតុនេះហើយ ទើបបានជាកន្លងមក ថៃបានទាត់ចោលដោយមិនស្ទាក់ស្ទើរនូវសំណើរបស់សហរដ្ឋអាម៉េរិក ចិន ម៉ាឡេស៊ី កូរ៉េ និងវៀតណាម អំពីការចរចាបញ្ចប់ជម្លោះជាមួយកម្ពុជា និងចង់ដោះស្រាយបញ្ហាជាមួយកម្ពុជាជាលក្ខណៈទ្វេភាគី ដើម្បីអាចប្រើប្រាស់អំណាចយោធា និងសេដ្ឋកិច្ចរបស់ខ្លួនគាបសង្កត់មកលើកម្ពុជាជាប្រទេសតូច។
ទោះជាយ៉ាងណា ប្រសិនបើថៃហ៊ានបញ្ឆេះសង្គ្រាមទ្រង់ទ្រាយធំនៅតាមតំបន់ព្រំដែនជាថ្មីម្ដងទៀត កម្ពុជាពិតជាអាចមានមូលហេតុគ្រប់គ្រាន់ នៅក្នុងការប្រើប្រាស់អាវុធគ្រប់ធុនប្រឆាំងនឹងការរំលោភបំពានរបស់ពួកចោរឈ្លានពានថៃ និងវាយប្រហារបកទៅលើមូលដ្ឋានយោធាថៃដែលជាប់ពាក់ព័ន្ធនឹងផែនការឈ្លានពានលើកទីពីរ ដោយមានអន្តរជាតិ និងមហាអំណាចពិភពលោកជាសាក្សី និងគាំទ្រជំហរវាយបកការពារខ្លួនរបស់កម្ពុជា។ ការណ៍នេះ ក៏ព្រោះតែបណ្ដាអង្គទូតប្រទេសជាមិត្ត និងមហាអំណាចសាកលទាំងឡាយ ពិតជាបានមើលឃើញផ្ទាល់នឹងភ្នែកមិនអាចប្រកែកបាន អំពីភាពអត់ធ្មត់ម្ដងហើយម្ដងទៀត និងការប្រកាន់ជំហរដោះស្រាយជម្លោះដោយសន្តិវិធីរបស់កម្ពុជា ជាបន្តបន្ទាប់តរៀងមក។ ជាមួយគ្នានេះ នៅក្នុងជំហរយុត្តិធម៌ និងមនុស្សធម៌អន្តរជាតិ បណ្ដាប្រទេសនានា ពិសេសមហាអំណាចពិភពលោក អាចនឹងចាត់វិធានការការទូតដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលថៃជាក់ជាមិនខាន។ នេះមានន័យថា ថៃត្រូវប្រឈមនឹងការបរាជ័យម្ដងហើយម្ដងទៀត ទាំងក្នុងសមរភូមិយោធា និងសមរភូមិការទូត ប្រឈមនឹងកម្ពុជា ព្រោះបើទោះបីជាមហាអំណាចដែលមានផលប្រយោជន៍ច្រើនជាមួយនឹងថៃ ក៏មិនអាចព្យាយាមបិទភ្នែកមើលមិនឃើញ ហើយបំភ្លេចចោលភាពជាអ្នកដឹកនាំពិភពលោកបានឡើយ៕
*** រាល់ទស្សនៈដែលបានលើកឡើងខាងលើ ជាការយល់ឃើញផ្ទាល់របស់ស្មេរ និងមិនឆ្លុះបញ្ចាំងអំពីទស្សនៈជារួមរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ។