ដោយបណ្ឌិត ហុង វណ្ណៈ ប្រធាននាយដ្ឋានសេដ្ឋកិច្ចអន្តរជាតិ
វិទ្យាសា្ថនទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
I. សេចក្តីផ្តើម
សង្គ្រាមពាណិជ្ជកម្ម ត្រូវបានពិភពលោកបានចាប់អារម្មណ៍ខ្លាំងក្លា។ សង្គ្រាមពាណិជ្ជកម្មជាភាសា អង់គ្លេសហៅថា (Trade War) សំដៅដល់ស្ថានភាពមួយដែលប្រទេសមួយ ឬជាតិមួយ ប្រើមធ្យោបាយដំឡើងពន្ធនាំចូល ឬបង្កើតរនាំងពាណិជ្ជកម្ម ឬបញ្ឈប់ការនាំចូល ទៅលើទំនិញរបស់ប្រទេស ឬជាតិមួយផ្សេងទៀត ក្នុងគោលដៅការពារប្រយោជន៍ជាតិ និងផលិតកម្មក្នុងស្រុករបស់ខ្លួន។ បើយើងសម្លឹងទៅអតីតកាល យើងឃើញថា សង្គ្រាមពាណិជ្ជកម្មនេះបានកើតឡើងនៅពេលដែលលោកប្រធានាធិបតីអាម៉េរិកទី៤៥ ដូណាល់ ត្រាំ បានឡើងកាន់អំណាចនៅអំឡុងឆ្នាំ២០១៦។ លើសពីនេះ គេកាន់តែស្គាល់ពាក្យ ឬរូបភាពសង្គ្រាមនេះ តាមរយៈនយោបាយការពារនិយមនិងនយោបាយ “America First” របស់លោកប្រធានាធិបតីរូបនេះ ដែលចាប់ផ្ដើមគិតគូរពីប្រយោជន៍អាម៉េរិកជាធំ ប្រឆាំងនឹងប្រទេសផ្សេងៗជាពិសេសចិន បន្ទាប់មក អាម៉េរិកបានដកខ្លួនចេញពីអង្គការពាណិជ្ជកម្មពិភពលោកផងដែរ (WTO)។
សង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក-ចិន កើនឡើងកាន់តែខ្លាំងនៅពេលដែលប្រធានាធិបតី ត្រាំ បានចោទចិនថា ជាអ្នកលួចចម្លងបច្ចេកវិទ្យាអាម៉េរិក និងធ្វើការប្រកួតប្រជែងដែលមិនត្រឹមត្រូវប្រឆាំងអាម៉េរិក ជាពិសេស ការរក្សាប្រាក់យ័នឱ្យនៅតម្លៃទាបបំផុតធៀបនឹងប្រាក់ដុល្លារអាម៉េរិក។ ពេលនោះ ឱនភាពជញ្ជីងពាណិជ្ជកម្មរវាងអាម៉េរិកនិងចិនមានការផ្អៀងយ៉ាងខ្លាំងទៅរកចិនផងដែរ។ សង្រ្គាមនេះបានផ្ទុះខ្លាំង នៅអំឡុងឆ្នាំ២០១៨ និង២០១៩ ដែលអាម៉េរិក ចិន បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើគ្នាទៅវិញទៅមក តាមរយៈការដំឡើងពន្ធនាំចូល។ សង្គ្រាមពាណិជ្ជកម្មក៏ត្រូវបានគេមើលឃើញថា កើតចេញពីឥទ្ធិពលនៃគោលនយោបាយការពារនិយម(Protectionism) របស់ប្រទេសមួយ។ ភាគច្រើននៅក្នុងពាណិជ្ជកម្មអន្ដរជាតិ គេច្រើនប្រើមធ្យោបាយដំឡើងពន្ធនាំចូល ឬ Tariff ឬពេលខ្លះគេប្រើ Custom Duties ដើម្បីដាក់ពន្ធបន្ថែមទៅលើអ្នកប្រើប្រាស់ទំនិញនាំចូល។ គេក៏អាចប្រើបានទៀតតាមរយៈការកំណត់ចំនួននាំចូលឬហៅថា Quotas ដែលមានន័យថា រដ្ឋបានកំណត់បរិមាណនាំចូលទំនិញប្រភេទណាមួយ ប្រមាណតែ៣០%ប៉ុណ្ណោះនៃទីផ្សារសរុប ជាឧទាហរណ៍។ ដូច្នេះ ទំនិញប្រភេទនោះ អាចនាំចូលមកប្រទេសនោះបាន តែ៣០%ប៉ុណ្ណោះ។ ចំណុចមួយទៀត ដែលគេអាចប្រើប្រាស់ទៀតនោះ គឺការកំណត់លើស្ដង់ដារនៃការនាំ ចូល។ និយតករនឹងកំណត់ស្ដង់ដារពិសេសមួយសម្រាប់ប្រទេសនាំចេញ ដែលមានគម្រោងនាំទំនិញចូលក្នុងទីផ្សារប្រទេសគេ ថា ផលិតផលនាំចូលត្រូវតែមានគុណភាពកម្រិត A ឬស្របតាមស្ដង់ដារប្រទេសនោះ ឬត្រូវមានការបញ្ជាក់ពីមជ្ឈមណ្ឌលស្រាវជ្រាវណាមួយជាដើម។ វិធីមួយទៀតដែលគេច្រើននិយមប្រើដែរនោះ គឺការជួយឧបត្ថម្ភធនដល់ផលិតករក្នុងស្រុកទាំងផ្នែកបច្ចេកទេស ទាំងហិរញ្ញវត្ថុ ដើម្បីធ្វើយ៉ាងណាឱ្យទំនិញផលិតមកមានគុណភាពនិងថ្លៃដើមទាបជាងទំនិញនាំចូល។ នៅក្នុងករណីធ្ងរធ្ងន់ ប្រទេសនីមួយៗនឹងបញ្ឈប់ឱ្យមានការនាំចូល ឬនាំចេញទំនិញទៅក្នុងប្រទេសមួយនោះ។
ប្រសិនបើ ត្រឹមតែជាការដំឡើងពន្ធលើទំនិញនាំចូលគ្នាទៅវិញទៅមកក្នុងកម្រិតល្មមៗ ក៏មិនទាន់អាចហៅថា សង្គ្រាមពាណិជ្ជកម្មនោះទេ គេអាចហៅបានត្រឹមថា ជាជម្លោះពាណិជ្ជកម្ម ប៉ុន្តែប្រសិនបើ ជម្លោះនេះ កាន់តែករណីធ្ងន់ធ្ងរទៅៗ ហើយមានឥទ្ធិពលខ្លាំងជាលក្ខណៈសាកល ព្រមទាំងអាចបង្កគ្រោះថ្នាក់ច្រើនដល់សេដ្ឋកិច្ចសាកល នោះគេអាចហៅបានថា “សង្គ្រាមពាណិជ្ជកម្ម”។ ទន្ទឹមនឹងនេះដែរ ក៏អាច នាំមកនូវគុណសម្បត្តិផងនិងគុណវិបត្តិផងសម្រាប់ប្រទេសជាអ្នកបង្កនិងប្រទេសជាអ្នកទទួល។
II. គុណសម្បត្តិនិងគុណវិបត្តិនៃសង្រ្គាមពាណិជ្ជកម្ម
នៅពេលដែលសង្រ្គាមពាណិជ្ជកម្មកើតឡើងម្តងៗ រមែងមានគុណសម្បត្តិផងនិងគុណវិបត្តិផងពិសេសប្រទេសមហាអំណាចសេដ្ឋកិច្ចដែលជាអ្នកបង្កទៅលើប្រទេសមួយឬច្រើនទៀត ជាការតបតវិញ ប្រទេសមហាអំណាចសេដ្ឋកិច្ចដែលរងសម្ពាធក៏ដាក់ពន្ធតបតទៅវិញ។
នៅពេលនោះហើយដែលគុណសម្បត្តិផង និងគុណវិបត្តិក៏កើតមានឡើងច្រើនឬតិចទៅតាមទម្ងន់នៃបញ្ហា ហើយបញ្ហាទាំងនោះមានលក្ខណៈស្មុគស្មាញ និងពាក់ព័ន្ធនឹងសេដ្ឋកិច្ចសាកលផង។
២.១ គុណសម្បត្តិនៃសង្រ្គាមពាណិជ្ជកម្ម
ការលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក៖ការដាក់ពន្ធខ្ពស់លើទំនិញនាំចូលអាចជំរុញឱ្យមានកំណើន វិនិយោគក្នុងស្រុក និងអភិវឌ្ឍឧស្សាហកម្មថ្មីៗ។ ឧទាហរណ៍៖ អាម៉េរិកបានលើកកម្ពស់ផលិតកម្មឧបករណ៍អេឡិចត្រូនិក និងរ៉ែដែកដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន។ ការការពារកម្មសិទ្ធិបញ្ញាសិប្បនិម្មិត តាមរយៈ ការរឹតបន្តឹងលើទំនិញបរទេស ដែលអាចជួយកាត់បន្ថយការលួចគំរូ និងការបំពានសិទ្ធិបញ្ញាប្រទេសដទៃ។ លើសពីនេះ ក៏អាចបង្កើនអំណាចចរន្តពាណិជ្ជកម្មក្នុងប្រទេស តាមរយៈការជំរុញសមត្ថភាពផលិតកម្មកាន់តែខ្លាំង (ដូចជាចិន ឬអាម៉េរិក) អាចប្រើសង្រ្គាមពាណិជ្ជកម្មដើម្បីគ្រប់គ្រងតម្លៃទីផ្សារ និងបង្ខំឱ្យប្រទេសដទៃទទួលយកលក្ខខណ្ឌពាណិជ្ជកម្មតាមការចង់បានរបស់ខ្លួន។ ម្យ៉ាងទៀត ការណ៍នេះ បង្កជាឱកាសសម្រាប់ប្រទេសផ្សេងទៀត ដែលមិនពាក់ព័ន្ធឬពាក់ព័ន្ធតិចតួចបំផុត អាចទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ តាមរយៈការទទួលបានលំហូរវិនិយោគ និងការនាំចូលពីក្រុមហ៊ុនអន្តរជាតិ។
២.២ គុណវិបត្តិនៃសង្រ្គាមពាណិជ្ជកម្ម ៖ ទន្ទឹមនឹងគុណសម្បត្តិ សង្រ្គាមពាណិជ្ជកម្មភាគច្រើនបានផ្តល់នូវកម្មវិបាកនិងផលប៉ះពាល់ជាច្រើន ពិសេសប្រទេសកំពុងអភិវឌ្ឍនិងប្រទេសតូចៗក្នុងពិភពលោក បញ្ហាទាំងអស់នោះរួមមាន ការកើនឡើងតម្លៃទំនិញ តាមរយៈការឡើងថ្លៃពន្ធខ្ពស់ ដែលនាំឱ្យតម្លៃទំនិញកើនឡើង ជាហេតធ្វើឱ្យអ្នកប្រើប្រាស់ចំណាយថវិកាច្រើនជាងមុន ឧទាហរណ៍៖ តម្លៃស្មាតហ្វូន គ្រឿងអេឡិចត្រូនិក និងរថយន្តបានកើនឡើងខ្ពស់នៅសហរដ្ឋអាម៉េរិក និងចិន។ ចំណុចមួយទៀត គឺការបាត់បង់ការងារដែលធ្លាប់បម្រើការ ដោយសារក្រុមហ៊ុនដែលពឹងផ្អែកលើការនាំចូល/នាំចេញអាចត្រូវបិទរោងចក្រ ឬកាត់បន្ថយកម្មករ ដែលនាំឱ្យអត់ការងារធ្វើ ឧទាហរណ៍៖ កសិកម្មអាម៉េរិកបានខាតបង់យ៉ាងខ្លាំងដោយសារចិនបដិសេធ មិនទទួលទិញសណ្តែកសៀង។ សង្រ្គាមពាណិជ្ជកម្មក៏អាចបង្កឱ្យទីផ្សារហិរញ្ញវត្ថុមិនមានស្ថិរស្ថេរដែរ ដោយសារសង្រ្គាមពាណិជ្ជកម្មនេះបង្កើនភាពមិនច្បាស់លាស់ដែលធ្វើឱ្យអ្នកវិនិយោគភ័យខ្លាច ហើយអាចធ្វើឱ្យភាគហ៊ុន និងរូបិយប័ណ្ណឡើង-ចុះៗយ៉ាងរហ័ស។ ម្យ៉ាងទៀត បញ្ហានេះក៏មានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សាកលផងដែរ ដោយក្រុមហ៊ុនធំៗជាច្រើន ជួបការលំបាកក្នុងការទទួលបានពិសេសវត្ថុធាតុដើមដែលត្រូវការសម្រាប់ទ្រទ្រង់ច្រវ៉ាក់ផលិតកម្ម ដោយសារការពន្យារពេលនៃការដឹកជញ្ជូន និងការរឹតបន្តឹងពាណិជ្ជកម្ម។ គុណវិបត្តិនៃសង្រ្គាមពាណិជ្ជកម្មដែលគួរឱ្យកត់សម្គាល់ គឺការប៉ះពាល់ដល់ទំនាក់ទំនងការទូតឬអាចឈានដល់ការបំផ្លាញទំនាក់ទំនងអន្តរជាតិ ពោលគឺ អាចនាំឱ្យមានជម្លោះយោធា ឬភាពតានតឹងអន្តរជាតិកាន់តែខ្លាំង ដូចជាករណីចិន-អាម៉េរិក និងអ៊ឺរ៉ុប-អាម៉េរិក។
ជារួម សង្រ្គាមពាណិជ្ជកម្មមានគុណសម្បត្តិខ្លះសម្រាប់ភាគីជាអ្នកដាក់សម្ពាធពន្ធគយ ដូចជាការលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក អាចការពារប្រយោជន៍ផលិតករក្នុងស្រុកឱ្យមានទីផ្សារ និងអាចរកចំណូលបានច្រើនជាងមុន ឬជៀសពីការប្រកួតប្រជែងមិនស្មើភាព កាន់បន្ថយឱនភាពជញ្ជីងពាណិជ្ជកម្ម បង្កើនការប្រើប្រាស់ បង្កើនតម្រូវការក្នុងស្រុក និងការផលិតផលិតផលជាតិ បង្កើតការងារ និងប្រាក់ចំណូល ប៉ុន្តែក៏មានផលវិបាកអវិជ្ជមាន ដូចជាអតិផរណា ការបាត់បង់ការងារ និងភាពមិនស្ថិរភាពនៃសេដ្ឋកិច្ចសាកលកាន់តែធ្ងន់ធ្ងរជាង។ ដូច្នេះ ដំណោះស្រាយល្អបំផុត គឺការចរចាពាណិជ្ជកម្មសាកល ជំនួសឱ្យការប្រើវិធានការដាក់ទណ្ឌកម្ម។
III. ការកត់សម្គាល់ពីកម្មវិបាកនៃសង្រ្គាមពាណិជ្ជកម្មរវាងចិន-សហរដ្ឋអាម៉េរិក
លើកំណើនសេដ្ឋកិច្ចសាកល
ការងើបឡើងនៃសេដ្ឋកិច្ចរបស់ចិនក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ពិតជាបានជះឥទ្ធិពលដ៏ធ្ងន់ខាងភូមិសាស្ត្រនយោបាយ ការទូត និងយោធាកាន់តែធំឡើងដល់ពិភពលោក ជាពិសេសសហរដ្ឋអាម៉េរិក អឺរ៉ុប និងប្រទេសមួយចំនួននៅអាស៊ី។ ការងើបឡើងរបស់ប្រទេសចិនឥតឈប់ឈរនេះ ក៏ជាដើមចមនៃសង្រ្គាមពាណិជ្ជកម្មចិន-អាម៉េរិកនេះផងដែរ។ បញ្ហានេះបានបង្កដល់ការរីកចម្រើននៃសេដ្ឋកិច្ចសាកលលោកផងដែរ។
៣.១ ការថយចុះនៃពាណិជ្ជទ្វេភាគីចិន-អាម៉េរិក៖ ការដាក់ពន្ធបដិកាដ៏ខ្ពស់លើទំនិញនាំចូលពីភាគីទាំងពីរបានធ្វើឱ្យបរិមាណពាណិជ្ជកម្មសាកលថយចុះយ៉ាងខ្លាំង ជាពិសេសអំណាចលក់រាយនិងលក់ដុំថយចុះ ហើយការធ្លាក់ចុះនេះបណ្តាលមកពីអំណាចទិញធ្លាក់ចុះ ពីព្រោះតែទំនិញយុទ្ធសាស្រ្តនិងទំនិញមិនមែនយុទ្ធសាស្រ្តឡើងថ្លៃខ្ពស់។ ឧទាហរណ៍ អាម៉េរិកបានដាក់ពន្ធគយលើទំនិញចិនចាប់ពី៨០% ដល់២៤៥% ខណៈចិនបានឆ្លើយតបដាក់ពន្ធសងសឹកវិញចាប់ពី៨៥% ដល់ ១២៥% លើទំនិញអាម៉េរិក។ នៅខែឧសភា ឆ្នាំ២០២៥ បានព្រមព្រៀងគ្នាបន្ថយពន្ធគយចំនួន១១៥% ជាបណ្តោះអាសន្នរយៈពេល៩០ថ្ងៃ។ ការណ៍នេះ ដែលនាំឱ្យការនាំចេញទំនិញពីចិនទៅអាម៉េរិក ដែលជាទីផ្សារធំបំផុតមួយ បានថយចុះយ៉ាងខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មផលិតកម្មជាច្រើននៅចិន ចំណែកសហរដ្ឋអាម៉េរិកក៏រងគ្រោះដោយខ្វះទំនិញប្រើប្រាស់ និងទំនិញឡើងថ្លៃ។
៣.២ ការប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសផ្សេងៗ៖ ប្រទេសដែលពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់ពីចិន ឬអាម៉េរិក បានជួបការលំបាកក្នុងការទទួលបានសម្ភារៈ និងផលិតផលចាំបាច់ ជារួមបានធ្វើឱ្យសេដ្ឋកិច្ចសាកលមានស្ថានភាពរីកចម្រើនយឺតយ៉ាវ។ ឧទាហរណ៍ កម្ពុជាដែលនាំចេញសំលៀកបំពាក់ ស្បែកជើង និងសម្ភារសម្រាប់ធ្វើដំណើរ ទៅសហរដ្ឋអាម៉េរិកបានរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីការដាក់ពន្ធខ្ពស់របស់អាម៉េរិករហូតដល់៤៩%-៣៦% ខណៈពេលការចរចារដំណាក់កាលទី១និងដំណាក់កាលទី២ រវាងប្រតិភូកម្ពុជាជាមួយអាម៉េរិកបានប្រកាសលទ្ធផល ហើយបើទោះជាការប្រកាសលទ្ធផលចុងក្រោយថ្ងៃទី១ សីហា ២០២៥ កម្ពុជាទទួលបានពន្ធបដិកាវិជ្ជមានចំនួន១៩% តែបើធៀបនឹងស្ថានការណ៍ពីមុន កម្ពុជាក៏នៅទទួលរងសម្ពាធសង្រ្គាមពាណិជ្ជកម្មសហរដ្ឋអាម៉េរិកនៅឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គោលការណ៍បន្ធូរបន្ថយពន្ធបដិការបស់សហរដ្ឋអាម៉េរិកនៅក្នុងកម្រិតចំនួន១៩% ក៏អាចរួមចំណែកយ៉ាងច្រើនក្នុងកិច្ចពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាម៉េរិក មានភាពរលូននិងរួមចំណែកដល់អត្រាព្យាករណ៍សេដ្ឋកិច្ចពី៦,៣% ទៅ៦,៥% ព្រមទាំងរក្សាបាននូវដំណើរការផលិតកម្មរោងចក្រនានានិងការងារក្នុងប្រទេស។
៣.៣ ការកើនឡើងនៃអតិផរណានិងការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ៖ ការដាក់ពន្ធខ្ពស់បានធ្វើឱ្យតម្លៃទំនិញកើនឡើង ដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ទូទៅ។ ជាពិសេស ផលិតផលថាមពល ដូចជា ប្រេងឆៅ ធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ បានកើនឡើងថ្លៃយ៉ាងខ្លាំង។ ការកើនឡើងនៃតម្លៃទំនិញបានធ្វើឱ្យអត្រាអតិផរណាកើនឡើងនៅក្នុងប្រទេសជាច្រើន ដែលជាបញ្ហាធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ចសាកល។ សង្រ្គាមពាណិជ្ជកម្មបានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុមានភាពមិនស្ថិរភាព ដោយហេតុថាវាបង្កើនភាពមិនច្បាស់លាស់អំពីអនាគតពាណិជ្ជកម្មសាកល។ ក្រុមហ៊ុនជាច្រើនបានពន្យារការវិនិយោគ ឬផ្លាស់ប្តូរទីតាំងផលិតកម្មទៅកាន់ប្រទេសដទៃ។ សន្ទស្សន៍ភាគហ៊ុននៅទីផ្សារហិរញ្ញវត្ថុសាកលបានធ្លាក់ចុះដោយសារតែការព្រួយបារម្ភអំពីសង្រ្គាមពាណិជ្ជកម្ម ។
៣.៤ ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សាកលនិងការប៉ះពាល់ដល់អង្គការពាណិជ្ជកម្មអន្តរជាតិ៖ ការដាក់ពន្ធនិងការរឹតបន្តឹងលើការនាំចូលនាំចេញបានរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សាកល។ ក្រុមហ៊ុនជាច្រើនបានជួបការលំបាកក្នុងការទទួលបានសម្ភារៈដែលចាំបាច់សម្រាប់ផលិតកម្ម ដែលបណ្តាលឱ្យមានការរារាំងផលិតកម្ម។ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្យាយាមដោះស្រាយជម្លោះនេះ ប៉ុន្តែមិនទាន់មានដំណោះស្រាយច្បាស់លាស់នៅឡើយ។ ជម្លោះនេះបានអូសបន្លាយអស់ពេលជាច្រើនឆ្នាំ ដោយមិនទាន់មានផ្លូវចេញណាមួយដែលអាចទទួលយកបានដោយភាគីទាំងពីរ ។
សរុបសេចក្តីមក សង្រ្គាមពាណិជ្ជកម្មចិន-អាម៉េរិកមិនត្រឹមតែប៉ះពាល់ដល់ភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសាកលទាំងមូល ពិសេសវិស័យពាណិជ្ជកម្មពហុភាគី ច្រវ៉ាក់ផ្គត់ផ្គង់សាកលនិងអាចជំរុញឱ្យប្រទេសនានាហាក់មានភាពស្រពិចស្រពិលក្នុងកិច្ច ការគោលនយោបាយអន្តរជាតិរបស់ខ្លួន។ ប្រសិនបើ ស្ថានភាពនេះបន្តអូសបន្លាយ នោះនឹងអាចបង្កឱ្យមានបញ្ហាភូមិសាស្រ្តនយោបាយ និងវិវត្តកើតមានវិបត្តិសេដ្ឋកិច្ចសាកលនៅពេលណាមួយ។