ដោយ៖ លឹម សុវណ្ណរិទ្ធ
គ្រូបង្រៀនវិទ្យាសាស្ត្រនយោបាយ
ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកងទ័ពថៃបានធ្វើសកម្មភាពឈ្លានពាន និងបង្កហេតុម្ដងហើយម្ដងទៀត ដែលចាប់ផ្ដើមឡើងដំបូងដោយព្រឹត្តិការណ៍វាយប្រហារដោយកម្រោលលើកងទ័ពកម្ពុជានៅក្នុងតំបន់មុំបី បណ្ដាលឱ្យកងទ័ពកម្ពុជាមួយរូបបាត់បង់ជីវិតនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ដោយមិនអស់ចិត្ត ព្រោះមិនអាចបញ្ឆេះភ្លើងសង្គ្រាមឱ្យកម្ពុជាវាយប្រហារបក ឆ្លើយតបនឹងទង្វើឈ្លានពានរបស់ខ្លួន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ថៃបានបង្កភាពតានតឹងបន្ថែម ដោយបានយកបន្លាលួសមករាយព័ទ្ធជុំវិញប្រាសាទតាមាន់ធំ ក្នុងដែនអធិបតេយ្យភាពកម្ពុជា និងដែលភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាស្ថានភាពដើមនោះ ព្រមទាំងបានបាញ់ប្រហារជាមុនមកលើកងទ័ពកម្ពុជា ជាហេតុធ្វើឱ្យកងទ័ពកម្ពុជាត្រូវបង្ខំចិត្តប្រើប្រាស់សិទ្ធិការពារខ្លួន និងប្រឆាំងការឈ្លានពានរបស់កងទ័ពថៃ។ ភ្លាមៗក្រោយផ្ទុះការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយក្រុមយោធាថៃ ក្នុងថ្ងៃដដែលនោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានទូរសព្ទមកកាន់នាយករដ្ឋមន្ត្រីកម្ពុជានិងថៃ ស្នើសុំឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ។ ខណៈនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឯកភាព និងជំរុញឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បញ្ចុះបញ្ចូលមេដឹកនាំថៃ ដែលជាភាគីបង្កជម្លោះ ហើយថៃក៏បានឯកភាពផងដែរ ប៉ុន្តែដូចសព្វមួយដងដែលថៃតែងតែស៊ីញ៉េនឹងដៃលុបនឹងជើង នាយករដ្ឋមន្ត្រីស្ដីទីថៃ ក៏បានបដិសេធនូវបទឈប់បាញ់ ដែលសម្របសម្រួលដោយម៉ាឡេស៊ីវិញ។ នេះគឺជាជំហរការទូតដែលមិនត្រឹមតែបង្ហាញពីភាពក្រអឺតក្រទមជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងជាការប្រមាថតួនាទីរបស់ម៉ាឡេស៊ីជាប្រធានអាស៊ានផងដែរ ព្រោះកន្លងមក ថៃដែលសម្អាងខ្លួនជាប្រទេសមានអំណាចសេដ្ឋកិច្ចនិងយោធាខ្លាំងក្នុងតំបន់ ហាក់មិនទទួលស្គាល់ប្រទេសណាមួយជាបងធំអាស៊ាន ដែលអាចនិយាយស្មើមុខមាត់ជាមួយខ្លួនបានឡើយ។ មិនតែប៉ុណ្ណោះ ថៃថែមទាំងបានបដិសេធ និងទាត់ចោលនូវកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពីបណ្តាប្រទេសទីបី ដើម្បីបញ្ចប់ជម្លោះជាមួយកម្ពុជា និងអះអាងថាចង់ដោះស្រាយតាមរយៈការចរចាទ្វេភាគីថែមទៀតផង។ ការណ៍នេះក៏ព្រោះតែថៃយល់យ៉ាងច្បាស់ថា ប្រសិនបើឱ្យភាគីទីបីចូលរួមសម្របសម្រួលនិងដឹងឭ នោះខ្លួនច្បាស់ជាពុំត្រឹមតែមិនអាចបន្តការភូតកុហកពិភពលោកប៉ុណ្ណោះទេ តែក៏ជាឱកាសដែលកម្ពុជានឹងមានប្រៀបកាន់តែខ្លាំងបន្ថែមទៀតនៅក្នុងវិស័យការទូតផងដែរ។
ទោះជាយ៉ាងណា ក្រោយមានអន្តរាគមន៍ និងការព្រមានពីលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ភាគីថៃហាក់បានបន្ទន់ឥរិយាបថទាំងមិនអស់ចិត្តរបស់ខ្លួន ទទួលយកបទឈប់បាញ់ដែលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីសំណាក់អ្នកតំណាងសហរដ្ឋអាម៉េរិក និងចិនផងដែរ។ ការទទួលយកបទឈប់បាញ់ដោយឥតលក្ខខណ្ឌនេះ ទោះជាថៃមិនយល់ព្រមដោយសុទ្ធចិត្ត ប៉ុន្តែគំនាបរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក (កិច្ចព្រមព្រៀងពន្ធបដិការ) និងការប្រឈមនឹងសម្ពាធការទូតប្រទេសធំៗ និងម៉ាឡេស៊ីដែលជាប្រធានអាស៊ាន មេដឹកនាំថៃគ្មានជម្រើសអ្វីផ្សេងនោះឡើយ ក្រៅពីការសម្ដែងល្ខោនទទួលយកបទឈប់បាញ់ ហើយបន្តសកម្មភាពបង្កហេតុផ្សេងៗនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីបន្តបោកបញ្ឆោតសាធារណៈមតិអន្តរជាតិ។
ទោះជាបទឈប់បាញ់បានចូលជាធរមានក្ដី នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ពោលគឺប្រមាណជា៨ម៉ោងក្រោយ ថៃបានបើកការវាយប្រហាររយៈពេលខ្លី ក្នុងគោលដៅប៉ុនប៉ងឱ្យកម្ពុជាប្រើប្រាស់អាវុធឆ្លើយតបវិញ ដើម្បីបានលេសប្រមូលភស្តុតាងចោទប្រកាន់ថា កម្ពុជាជាអ្នកផ្ដើមរំលោភបទឈប់បាញ់ រួចខ្លួននឹងបន្តសង្គ្រាមតាមព្រំដែនជាមួយកម្ពុជាបន្តទៀត ដើម្បីលុបលាងភាពអាម៉ាស់ និងបន្ថយភាពតានតឹងនយោបាយនៅទីក្រុងបាងកក។ ទោះជាយ៉ាងណា បន្ទាប់ពីកងទ័ពកម្ពុជាគោរពបទបញ្ជារាជរដ្ឋាភិបាល ដោយមិនធ្វើការតបតទៅភាគីថៃវិញ កងទ័ពឈ្លានពានថៃក៏ប្រើល្បិចធ្វើពុតជាសុំជួបចរចាជាមួយកងទ័ពកម្ពុជា រួចភ្ជង់ចាប់កងទ័ពខ្មែរធ្វើជាឈ្លើយសឹកទាំងបំពានច្បាប់អន្តរជាតិ និងដោយគ្មានភាពអៀនខ្មាស់បំផុត។ ទង្វើរបស់យោធាថៃនេះ គឺដើម្បីបញ្ឆេះកំហឹងកងទ័ពកម្ពុជាផង និងរុញច្រានសភាពការណ៍ឱ្យមហាជនដាក់បន្ទុកលើរាជរដ្ឋាភិបាលកម្ពុជាផង ព្រមទាំងយកកងទ័ពកម្ពុជាដែលខ្លួនប្រើល្បិចចាប់ខ្លួននោះ ធ្វើជាចំណាប់ខ្មាំងដើម្បីចរចានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលរៀបចំឡើងនៅម៉ាឡេស៊ីផង។
ទង្វើរំលោភបទឈប់បាញ់របស់កងទ័ពថៃមិនបានបញ្ឈប់ត្រឹមនេះទេ ដោយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ម៉ោង ១១ ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ កងទ័ពឈ្លានពានថៃ អមដោយគ្រឿងចក្រធុនធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានកងកម្លាំងកម្ពុជាហាមឃាត់ខ្លាំងយ៉ាងណាក៏ដោយ។ ភ្លាមៗនោះ កងទ័ពកម្ពុជានៅជួរមុខ ក៏បានទាក់ទងជាមួយភាគីថៃ ដើម្បីជំរុញឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកនូវគ្រឿងចក្ររបស់ខ្លួនចេញជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា តែរហូតដល់ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ថៃនៅតែរឹងទទឹងមិនទាន់រុះរើនៅឡើយដែរ។ ទោះជាយ៉ាងណា ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ដែលបន្តប្រកាន់ជំហរដោះស្រាយដោយសន្តិវិធី និងគោរពស្មារតីនៃបទឈប់បាញ់ កងទ័ពកម្ពុជាបានរក្សាភាពអត់ធ្មត់ខ្ពស់បំផុត មិនប្រើប្រាស់សព្វាវុធបណ្ដេញកងទ័ពថៃឈ្លានពាន ទៅតាមការញុះញង់បង្កហេតុរបស់សត្រូវឈ្លានពាននោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ថៃបានបន្តជីកលេណដ្ឋាន ដឹកលេណដ្ឋានបេតុង សំបកកង់ និងលូដាក់នៅនឹងមុខប៉ុស្តិ៍របស់ខ្លួន និងបន្តដាក់លូនិងកង់ឡានក្នុងលេណដ្ឋានក្នុងលក្ខណៈត្រៀមប្រយុទ្ធ ដោយចល័តទ័ពរំលោភបំពានអធិបតេយ្យភាពនិងបង្កភាពតានតឹងជាបន្តបន្ទាប់ ផ្ទុយពីស្មារតីនៃបទឈប់បាញ់រវាងប្រទេសទាំងពីរ។
មេដឹកនាំនយោបាយ និងក្រុមឧត្ដមសេនីយ៍យោធាថៃដែលបាននិងកំពុងតែបន្តជាន់ឈ្លីច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគី រំលោភលើសីលធម៌អន្តរជាតិ និងទាត់ចោលតួនាទីរបស់ប្រធានអាស៊ាន និងមហាអំណាចពិភពលោក ហាក់មិនត្រឹមតែព្យាយាមញុះឱ្យកម្ពុជាផ្ទុះអាវុធមុនដើម្បីមានលេសចោទប្រកាន់ប៉ុណ្ណោះទេ តែក៏ជាការស្ទាបស្ទង់ជំហរដោះស្រាយរបស់ប្រធានអាស៊ាន និងប្រតិកម្មសហរដ្ឋអាម៉េរិកផងដែរ។
ក្រៅតែពីការរំលោភបទឈប់បាញ់យ៉ាងគឃ្លើន ថៃក៏បានព្យាយាមបង្កើតព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ ដើម្បីលាក់បាំងនិងបំភ័ន្តពិភពលោកដូចជា ការចោទថាកម្ពុជាបានរំលោភបទឈប់បាញ់, ថៃបានគ្រប់គ្រងទីតាំងសមរភូមិ កងទ័ពខ្មែរបានស្លាប់យ៉ាងច្រើនសន្ធឹកត្រូវបានទុកចោលក្នុងព្រៃ និងការចាប់បានចារកម្មជាកងទ័ពកម្ពុជាក្នុងទឹកដីថៃ ជាដើម។ ការដែលថៃបង្កើតព័ត៌មានក្លែងក្លាយទាំងនេះ ព្រោះថៃនៅតែយល់ថាខ្លួនអាចបោកកុហកពិភពលោកបានដូចអតីតកាលបន្តទៀត តាមរយៈកិច្ចសហការនិងការមានទំនាក់ទំនងល្អជាមួយនឹងបណ្ដាញសារព័ត៌មានធំៗ ការផលិតនិងផ្សព្វផ្សាយព័ត៌មានមិនពិតដែលលឿនរហ័សនិងសម្បូរបែបរបស់ខ្លួន ព្រមទាំងតាមរយៈបុគ្គលិកជនជាតិថៃ ដែលធ្វើការនៅស្ថាប័នសារព័ត៌មានធំៗលើពិភពលោកជាដើម។ ជាមួយគ្នានេះ ការបង្កើតព័ត៌មានក្លែងក្លាយទាំងនេះ ក៏ធ្វើឡើងក្នុងគោលបំណងបំភ័ន្តសាធារណៈមតិក្នុងប្រទេសថៃ ដើម្បីស្ដារជំនឿទុកចិត្តរបស់ប្រជាជនថៃលើរដ្ឋាភិបាលនិងកងទ័ពថៃ ក៏ដូចជាក្នុងគោលដៅញុះញង់សាធារណៈមតិកម្ពុជាផងដែរ ពោលគឺក្នុងចេតនាញុះញង់និងរុញច្រានឱ្យមានការបែកបាក់ក្នុងចំណោមប្រជាពលរដ្ឋ អ្នកនយោបាយនិងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដាក់សម្ពាធបន្ថែមលើរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ មេដឹកនាំក្រុងបាងកក ក៏ប្រហែលជាយល់ឃើញថា ម៉ាឡេស៊ីដែលជាប្រធានអាស៊ានទំនងជានឹងមិនហ៊ានធ្វើអ្វី ដែលប៉ះពាល់ដល់ទំនាក់ទំនងជាមួយថៃនោះឡើយ ព្រោះថៃសម្អាងថាខ្លួនគឺជាប្រទេសស្ថាបនិកអាស៊ាន មានសេដ្ឋកិច្ចខ្ពស់ និងមានទំនាក់ទំនងការទូតល្អជាមួយបណ្ដាមហាអំណាចជាដើម។ បន្ថែមពីនេះ មេដឹកនាំថៃក៏ទំនងជាជឿជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចល្អរវាងប្រទេសថៃនិងម៉ាឡេស៊ី ក៏ជាហេតុផលមួយផ្សេងទៀត ដែលម៉ាឡេស៊ីអាចនឹងប្រកាន់ជំហរថ្នាក់ថ្នម មិនហ៊ានចោទប្រកាន់ឬចង្អុលមុខថៃថាជាប្រទេសរំលោភបទឈប់បាញ់នោះឡើយ។ ទំនងជាដោយសារហេតុផលទាំងនេះហើយ ទើបមេដឹកនាំថៃជឿជាក់ថា ម៉ាឡេស៊ីមិនមានប្រតិកម្មអ្វីជាសាធារណៈខ្លាំងក្លាទេ ក្រោយថៃក្រឡាស់សម្ដីទាត់ចោលបទឈប់បាញ់ដែលម៉ាឡេស៊ីផ្ដើមគំនិត និងសម្របសម្រួល។ ទោះជាយ៉ាងណា មេដឹកនាំថៃក៏ប្រហែលជាបានពិចារណាផងដែរអំពីបញ្ហាប្រឈមរវាងថៃនិងម៉ាឡេស៊ី ដែលអាចរុញច្រានឱ្យម៉ាឡេស៊ីនឹងប្រកាន់ជំហរមុតមាំនៅចំពោះមុខវិវាទកម្ពុជាថៃគឺ បញ្ហាការបង្ក្រាបការបះបោររបស់ជនជាតិអ៊ីស្លាមនៅខេត្តភាគខាងត្បូងរបស់រដ្ឋាភិបាលថៃ បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ និងជំងឺប្រវត្តិសាស្ត្រ ដែលក្នុងអតីតកាលខេត្តភាគខាងជើងរបស់ម៉ាឡេស៊ីត្រូវបានកាត់បញ្ចូលជាទឹកដីប្រទេសថៃជាដើម។ ទាំងនេះអាចជាមូលហេតុដែលមេដឹកនាំថៃកំពុងបន្តស្ទាបស្ទង់ជំហររបស់ម៉ាឡេស៊ី ព្រោះបើទោះបីជាខ្លួនមានមោទកភាពចំពោះភាពជាសមាជិកស្ថាបនិកសមាគមអាស៊ាន ជាប្រទេសមានសេដ្ឋកិច្ចនិងយោធាឈានមុខនៅក្នុងតំបន់ មានទំនាក់ទំនងការទូតល្អជាមួយបណ្ដាមហាអំណាច ហើយខ្លួនមិនបានផ្ដល់សារៈសំខាន់ដល់តួនាទីអាស៊ានរបស់ម៉ាឡេស៊ីក្ដី ក៏បញ្ហាប្រឈមរវាងខ្លួននឹងម៉ាឡេស៊ី ធ្វើឱ្យថៃត្រូវតែពិចារណាម្ដងទៀត ហើយស្ទាបស្ទង់បន្ថែមអំពីជំហររបស់ប្រធានអាស៊ានផ្លាស់វេននេះផងដែរ។ ជាការពិតណាស់ ជំហររបស់ប្រធានអាស៊ានដែលជាអ្នកសម្របសម្រួលជម្លោះកម្ពុជា-ថៃ គឺជាចំណុចត្រូវគិតគូរឱ្យបានហ្មត់ចត់ និងដោយប្រុងប្រយ័ត្ននៅក្នុងសមរភូមិការទូតរបស់ថៃ ខណៈប្រទេសនេះបានបរាជ័យជាច្រើនដងរួចមកហើយនៅក្នុងសមរភូមិការទូត ប្រឈមជាមួយនឹងកម្ពុជា។
បន្ថែមពីលើនេះ ការដែលថៃមិនទាន់បើកការវាយប្រហារទ្រង់ទ្រាយធំ ក៏ព្រោះតែបារម្ភពីប្រតិកម្មពីសហរដ្ឋអាម៉េរិក ព្រោះបើទោះបីជាថៃគឺជាសម្ព័ន្ធមិត្តចាស់វស្សារបស់សហរដ្ឋអាម៉េរិក ប៉ុន្តែករណីសង្គ្រាមព្រំដែនកម្ពុជា-ថៃ ត្រូវបានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ចេញមុខសម្របសម្រួលនិងផ្ដួចផ្ដើមបទឈប់បាញ់ដោយផ្ទាល់។ មិនតែប៉ុណ្ណោះ ការសម្រេចបាននូវបទឈប់បាញ់ដោយឥតលក្ខខណ្ឌរវាងកម្ពុជានិងថៃ ត្រូវបានលោក ដូណាល់ ត្រាំ ចាត់ទុកថាជាស្នាដៃលេចធ្លោមួយក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាម៉េរិកក្រោយពីបានបញ្ឈប់សង្គ្រាមរវាងឥណ្ឌានិងប៉ាគីស្ថាន ហើយបានបញ្ជាក់ថា លោកអាចស្វែងរកសន្តិភាពដល់ប្រទេសទាំងពីរកម្ពុជា-ថៃ ដែលលោកបានអះអាងថា មានជម្លោះជាង៥០០ឆ្នាំកន្លងមកហើយនោះ។ ទោះជាយ៉ាងណា សម្រាប់ប្រទេសថៃ ការយល់ព្រមដោយបង្ខំចិត្តលើបទឈប់បាញ់ជាមួយកម្ពុជា មិនត្រឹមតែដោយសារតែកិច្ចព្រមព្រៀងពន្ធបដិការជាមួយសហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែថៃក៏ទំនងជាបារម្ភអំពីអន្តរាគមន៍ផ្សេងណាមួយពីសហរដ្ឋអាម៉េរិកលើជម្លោះរវាងថៃនិងកម្ពុជា ដែលអាចធ្វើឱ្យថៃត្រូវរងភាពអាម៉ាស់កាន់តែខ្លាំងបន្ថែមទៀត ប្រសិនបើសូម្បីតែសហរដ្ឋអាម៉េរិកជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចជាមួយខ្លួន ក៏ថ្កោលទោសឬដាក់សម្ពាធលើថៃដោយសារតែទង្វើឈ្លានពានលើប្រទេសកម្ពុជាដែរនោះ។ ហេតុនេះហើយ ក្រៅតែពីការសម្ដែងថាខ្លួនមានឆន្ទៈគោរពបទឈប់បាញ់ ថៃដែលនៅតែចិញ្ចឹមចិត្តឈ្លានពានកម្ពុជា នឹងនៅតែបន្តសកម្មភាពបង្កអរិភាពនៅតាមព្រំដែនជាមួយកម្ពុជា ធ្វើយ៉ាងណាបង្កើតសេនារីយ៉ូទុច្ចរឹតដើម្បីញុះញង់ឱ្យកងទ័ពកម្ពុជាអស់ការអត់ធ្មត់ ហើយឆ្លើយតបទៅនឹងកងទ័ពថៃ ដើម្បីខ្លួនបានលេសចោទប្រកាន់កម្ពុជាថាជាអ្នករំលោភបទឈប់បាញ់ រួចបន្តសង្គ្រាមឈ្លានពានអធិបតេយ្យភាពកម្ពុជាជាបន្តទៅទៀតនាពេលខាងមុខ។ ទោះជាយ៉ាងនេះក្ដី ស្របពេលដែលខ្លួនកំពុងបង្កភាពតានតឹងនៅតាមព្រំដែនជាមួយកម្ពុជា ដើម្បីបញ្ឆេះកំហឹងកងទ័ពកម្ពុជាឱ្យតបតនឹងខ្លួន ថៃក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ អំពីប្រតិកម្មរបស់សហរដ្ឋអាម៉េរិកលើករណីនេះផងដែរ ហើយក្នុងករណីសហរដ្ឋអាម៉េរិកមិនមានប្រតិកម្មគួរឱ្យកត់សម្គាល់ទេនោះ ថៃនឹងកាន់តែបង្កើនសកម្មភាពបង្កហេតុរបស់ខ្លួនជាបន្ថែមទៀត។
ជាការពិតណាស់ នៅក្នុងទំនាក់ទំនងអន្តរជាតិ “គ្មានមិត្តជារៀងរហូត ក៏គ្មានសត្រូវជាអមតៈនោះដែរ តែផលប្រយោជន៍គឺសំខាន់ជាង” ប្រសិនបើប្រទេសថៃទាត់ចោលនូវបទឈប់បាញ់ដែលផ្ដួចផ្ដើមដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក នោះសហរដ្ឋអាម៉េរិកក៏មិនអាចនៅស្ងៀមនោះដែរ ពិសេសនៅក្នុងអាណត្តិដឹកនាំរបស់លោក ដូណាល់ ត្រាំ លោកតែងតែបង្ហាញឥរិយាបថនយោបាយទៅកាន់ប្រទេសទាំងឡាយ ទាំងជាដៃគូ ក៏ដូចជាគូប្រឈមថា ការទទួលស្គាល់ឥទ្ធិពលដែលមិនអាចប្រកែកបានរបស់អាម៉េរិក គឺជាការចាំបាច់ ហើយលោកក៏បានប្ដេជ្ញាដែរថា នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បី “ធ្វើឱ្យអាម៉េរិកអស្ចារ្យម្ដងទៀត” (Make American great again)។ ហេតុនេះ ប្រសិនបើថៃហ៊ានសាកល្បងបង្កសង្គ្រាមជាថ្មីម្ដងទៀតរំលោភលើបទឈប់បាញ់ខាងលើ ថៃនឹងត្រូវបង់តម្លៃបន្ថែមទ្វេគុណលើសពីលើការខាតបង់សេដ្ឋកិច្ច និងបរាជ័យខាងការទូតនិងយោធា ដែលខ្លួនបានជួបប្រទះកន្លងទៅថ្មីៗនេះនៅក្នុងករណីកាត់ផ្ដាច់ច្រកនាំចូល ការហាមឃាត់មុខទំនិញសំខាន់ៗ និងសង្គ្រាមឈ្លានពានមកលើប្រទេសកម្ពុជា។ ពិតប្រាកដណាស់ សម្រាប់សហរដ្ឋអាម៉េរិក ភាពជាអ្នកដឹកនាំពិភពលោកពិតជាសំខាន់លើសអ្វីៗទាំងអស់ ហើយដើម្បីរក្សាកិត្យានុភាពជាមហាអំណាចផុតលេខរបស់ពិភពលោកបាននោះ ការគាំទ្រពីសំណាក់បណ្ដាប្រទេសទាំងឡាយលើពិភពលោកគឺជារឿងចាំបាច់បំផុតមួយ ហេតុនេះហើយសហរដ្ឋអាម៉េរិកត្រូវតែចេញមុខការពារបទឈប់បាញ់ដែលខ្លួនផ្ដួចផ្ដើម ជំរុញឱ្យថៃអនុវត្តតាមគោលការណ៍ច្បាប់អន្តរជាតិ គិតគូរយកចិត្តទុកដាក់លើការគោរពសីលធម៌អន្តរជាតិ និងការពារភាពយុត្តិធម៌សម្រាប់ប្រទេសនីមួយៗ៕