ប្រវត្តិសាស្ត្រខ្មែរដ៏រុងរឿងធ្លាប់ជាមោទនភាពនៃអរិយធម៌អង្គរ បានឆ្លងកាត់ការឈឺចាប់ជាច្រើនសតវត្សរ៍។ ក្នុងចំណោមនោះ ទំនាក់ទំនងជាមួយប្រទេសជិតខាង ជាពិសេសថៃ បានបន្សល់ទុកនូវស្លាកស្នាមជ្រៅនៅក្នុងបេះដូងប្រជាជនខ្មែរ។ ការឈ្លានពាន ការប្រមាថ និងការព្យាយាមបំផ្លាញអត្តសញ្ញាណជាតិខ្មែរដោយប្រទេសថៃ គឺជាបញ្ហាដែលនៅតែធ្វើឱ្យខ្មែរគ្រប់រូបឈឺចាប់ និងគួរតែជំរុញឱ្យយើងរួបរួមគ្នាដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យរឹងមាំ។ការឈឺចាប់របស់ខ្មែរមិនមែនកើតចេញពីការចងក្រងប្រវត្តិសាស្ត្រតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាអារម្មណ៍នៃការប៉ះទង្គិចអត្តសញ្ញាណជាតិ។ ពីការឈ្លានពានទឹកដី ដូចជាជម្លោះនៅតំបន់ប្រាសាទព្រះវិហារ ដល់ការប៉ុនប៉ងលួចយកវប្បធម៌ ដូចជាការអះអាងថាសិល្បៈគុនល្បុក្កតោ ឬអាយ៉ៃជាកម្មសិទ្ធិរបស់ថៃ សកម្មភាពទាំងនេះបានបន្សល់នូវស្នាមរបួសដែលពិបាកនឹងជាសះស្បើយ។ ការប្រមាថទាំងនេះមិនត្រឹមតែជាការប៉ះទៅលើមោទនភាពជាតិប៉ុណ្ណោះទេ ថែមទាំងជាការបំផ្លើសដល់ស្មារតីស្នេហាជាតិរបស់ប្រជាជនខ្មែរទាំងមូល។ទោះជាយ៉ាងណា ការឈឺចាប់នេះមិនគួរធ្វើឱ្យយើងអស់សង្ឃឹម ឬជ្រុលជ្រួសទៅនឹងអំពើអសកម្មនោះទេ។ ផ្ទុយទៅវិញ វាគួរតែជាកម្លាំងជំរុញឱ្យខ្មែរគ្រប់រូបងើបឡើង ដើម្បីកសាងជាតិឱ្យរឹងមាំ។

ការអភិវឌ្ឍប្រទេសជាតិ មិនមែនត្រឹមតែការកសាងហេដ្ឋារចនាសម្ព័ន្ធ ឬសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកកម្ពស់អត្តសញ្ញាណជាតិ ការអប់រំ និងការការពារវប្បធម៌ផងដែរ។ យើងត្រូវបង្ហាញពិភពលោកថា ខ្មែរមិនមែនជាជាតិសាសន៍ដែលអន់ថយ ឬងាយនឹងត្រូវបំផ្លាញនោះទេ។​ ជាក់ស្តែង វិធីមួយដែលខ្មែរអាចបង្ហាញនូវភាពរឹងមាំ និងស្នេហាជាតិរបស់ខ្លួន គឺតាមរយៈការកាត់បន្ថយការពឹងផ្អែកលើទំនិញ និងផលិតផលរបស់ប្រទេសថៃ។ ទំនិញថៃបានជន់លិចទីផ្សារកម្ពុជា ចាប់ពីគ្រឿងឧបភោគបរិភោគ រហូតដល់ផលិតផលឧស្សាហកម្ម។ ការប្រើប្រាស់ទំនិញទាំងនេះ មិនត្រឹមតែធ្វើឱ្យសេដ្ឋកិច្ចខ្មែរពឹងផ្អែកលើបរទេសប៉ុណ្ណោះទេ ថែមទាំងជាការផ្តល់ផលប្រយោជន៍ដល់ប្រទេសដែលធ្លាប់ប៉ះទង្គិចដល់មោទនភាពជាតិរបស់យើង។ ដូច្នេះ យើងគួរតែងាកមកគាំទ្រផលិតផលខ្មែរ លើកកម្ពស់ផលិតកម្មក្នុងស្រុក និងជំរុញឱ្យប្រជាជនប្រើប្រាស់ទំនិញដែលផលិតដោយដៃខ្មែរ។ នេះជាជំហានតូចមួយ ប៉ុន្តែមានអត្ថន័យធំធេងក្នុងការបង្ហាញពីស្មារតីស្នេហាជាតិ និងឯករាជ្យភាពសេដ្ឋកិច្ច។ការឈឺចាប់ចំពោះអំពើអយុត្តិធម៌របស់ប្រទេសថៃ គឺជាកម្លាំងដែលអាចបំផុសឱ្យខ្មែរគ្រប់រូបក្រោកឈរឡើង ដើម្បីការពារអត្តសញ្ញាណជាតិ និងអភិវឌ្ឍន៍ប្រទេសឱ្យរឹងមាំ។

 តាមរយៈការគាំទ្រផលិតផលខ្មែរ ការលើកកម្ពស់ការអប់រំ និងការបង្កើនសមត្ថភាពសេដ្ឋកិច្ច យើងអាចប្រែក្លាយភាពឈឺចាប់ទៅជាកម្លាំងដើម្បីស្តារមោទនភាពជាតិឡើងវិញ។ សូមឱ្យខ្មែរគ្រប់រូបចងចាំថា ការរួបរួម និងការប្តេជ្ញាចិត្តអភិវឌ្ឍន៍ជាតិ គឺជាចម្លើយដ៏ល្អបំផុតចំពោះការប្រមាថ និងការឈ្លានពាន។

ចូរយើងរួបរួមគ្នា ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដ៏រឹងមាំ និងជាមោទនភាពរបស់ខ្មែរគ្រប់ជំនាន់!

 

ដោយ៖ បណ្ឌិត ស៊ឺន សំ

គ្រូបង្រៀនវិទ្យាសាស្ត្រនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា!