នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជាដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ គឺ វេទិកាសន្ទនាគំនិតឆកោនត្បូងពេជ្រលើកទីពីរ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគុនមីង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍គំនិតប្រកបដោយភាពច្នៃប្រឌិត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងវប្បធម៌ក្នុងតំបន់ ជាពិសេសសម្រាប់ប្រទេសកម្ពុជានិងចិនដែលមិត្តដ៏ល្អ។
ប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាក៏នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយអ្នកជំនាញចិន ដើម្បីស្វែងរកឱកាសសហការលើគម្រោងស្រាវជ្រាវ និងការផ្លាស់ប្តូរចំណេះដឹងដែលនឹងនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា។
ការចូលរួមរបស់រាជបណ្ឌិត្យសភាកម្ពុជានៅក្នុងវេទិកានេះ មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីសក្តានុពលរបស់កម្ពុជាក្នុងការរួមចំណែកដល់ការអភិវឌ្ឍគំនិតប្រកបដោយភាពច្នៃប្រឌិតនៅលើឆាកអន្តរជាតិ។
វេទិកានេះនឹងក្លាយជាឱកាសដ៏ល្អមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជាក្នុងការបង្កើនទំនាក់ទំនងជាមួយស្ថាប័នស្រាវជ្រាវ និងអ្នកជំនាញនៅក្នុងប្រទេសចិន ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការច្នៃប្រឌិត ជាពិសេសដើម្បីពង្រឹងទំនាក់ទំនងកម្ពុជាចិនឱ្យបានកាន់តែល្អប្រសើរជាងនេះទៅទៀត៕
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ