(រាជបណ្ឌិត្យសភាកម្ពុជា)៖ ព្រឹកថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបនិងពិភាក្សាការងារជាមួយនឹង លោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា។

 

ក្នុងជំនួបពិភាក្សាការងារនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍គូសបញ្ជាក់អំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា-គុយបា ដែលតែងតែមានកិច្ចសហប្រតិបត្តិការល្អ និងគាំទ្រគ្នាទៅវិញទៅជានិច្ច។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងកត់សម្គាល់ថា ប្រទេសគុយបាគឺជាប្រទេសដែលមានការរីកចម្រើនខ្លាំងនៅក្នុងវិស័យកសិកម្ម និងបសុពេទ្យ ហើយភាគីទាំងពីរគួរតែ ពិនិត្យលទ្ធភាពនៅក្នុងការជំរុញកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងថែមទៀតនៅក្នុងវិស័យទាំងពីរនេះ។

 

ជាការឆ្លើយតប លោកជំទាវ Milena Caridad Zaldívar Piedra បានថ្លែងអំណរគុណចំពោះ ដើម្បីស្វែងយល់ពីដំណើរការនិការទទួលបដិសណ្ឋារកិច្ចនាឱកាសនេះ និងបានគូសបញ្ជាក់ថា លោកជំទាវពិតជាមានចំណាប់អារម្មណ៍ចំពោះកិច្ចសហប្រតិបត្តិការក្នុងការបណ្ដុះបណ្ដាលភាសា ដែលឯកឧត្ដមបណ្ឌិតសភាចារ្យលើកឡើង ហើយលោកជំទាវជឿជាក់ភាគីទាំងពីរនឹងអាចឈានទៅសម្រេចកិច្ចសហប្រតិបត្តិការនេះប្រកបដោយផ្លែផ្កា តាមរយៈការជជែកពិភាក្សាលម្អិតបន្ថែមទៀតរវាងក្រុមការងារបច្ចេកទេស។

 

ជាលទ្ធផល ភាគីទាំងពីរបានឯកភាពក្នុងការពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការ លើការរៀបចំគម្រោងបណ្ដុះបណ្ដាលភាសាអេស្ប៉ាញនៅកម្ពុជា កិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវអំពីបសុពេទ្យ ពិសេសជំរុញការភ្ជាប់ទំនាក់ទំនងរវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នស្រាវជ្រាវនិងបណ្ដុះបណ្ដាលនៃសាធារណរដ្ឋគុយបា៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ - លឹម សុវណ្ណរិទ្ធ