(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃសុក្រ ១៥ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយនឹងប្រតិភូនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមយូណាន ដឹកនាំដោយកញ្ញា LIU Ting នាយក និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមយូណាន (YASS)។

 

ថ្លែងក្នុងជំនួបពិភាក្សាការងារនាឱកាសនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះជំនួបពិភាក្សាជាមួយប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមយូណាន និងបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ដាស្ថាប័នសិក្សាស្រាវជ្រាវនានានៃសាធារណរដ្ឋប្រជាមានិតចិន។ បើតាមឯកឧត្ដមបណ្ឌិត ជំនួបនារសៀលនេះ គឺជាការបើកផ្លូវដើម្បីចូលរួមចំណែកជំរុញទំនាក់ទំនងប្រទេសទាំងពីរ ពិសេសការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកាន់តែប្រសើរឡើងបន្ថែមទៀត។

 

កញ្ញា LIU Ting នាយក និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមយូណាន (YASS) បានគូសបញ្ជាក់ថា កន្លងទៅ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមយូណាន ពិតជាមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិល្អជាមួយរាជបណ្ឌិត្យសភាកម្ពុជា ហើយដំណើរទស្សនកិច្ចនិងពិភាក្សាការងារនាពេលនេះ ធ្វើឡើងគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈការរៀបចំអនុស្សរណៈយោគយល់គ្នាជាថ្មីទៀត ដើម្បីបន្តកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ។

 

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិត យង់ ពៅ បានឯកភាពនិងគាំទ្រចំពោះការរៀបចំអនុស្សរណៈយោគយល់គ្នាជាថ្មី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសិក្សាស្រាវជ្រាវទាំងពីរកាន់តែប្រសើរឡើង និងចូលរួមពង្រីកការយល់ដឹងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរបន្ថែមទៀត។ ឯកឧត្ដមបានបន្តថា រាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជូនអ្នកសិក្សាស្រាវជ្រាវជាច្រើនដែលបានសិក្សាអំពីទំនាក់ទំនងកម្ពុជា-ចិន ឱ្យទៅចូលរួមវេទិកាបណ្ឌិត្យសភា និងធនាគារខួរក្បាលជាច្រើននៅសាធារណរដ្ឋប្រជាមានិតចិន។

 

ឯកឧត្ដមបានបន្ថែមទៀតថា ទំនាក់ទំនងល្អរវាងចិននិងកម្ពុជា គឺជាច្រកការទូតដ៏សំខាន់មួយសម្រាប់ចិន ព្រោះនៅពេលដែលចិនមានទំនាក់ទំនងល្អកម្ពុជា គឺស្មើនឹងមានកូនសោរគន្លឹះនៅក្នុងបញ្ហាផ្សេងៗជាមួយនឹងសមាគមអាស៊ាន ដូច្នេះចិនក៏គួរតែពិនិត្យ និងជំរុញបន្ថែមទៀតនូវទំនាក់ទំនងជាមួយនឹងកម្ពុជាធៀបនឹងបណ្ដាប្រទេសមួយចំនួនទៀតក្នុងតំបន់។

 

កញ្ញា LIU Ting បានថ្លែងយល់ស្របចំពោះអនុសាសន៍របស់ឯកឧត្ដមបណ្ឌិតអំពីសារៈសំខាន់នៃការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន ដែលតែងតែគាំទ្រគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈទាំងអស់នៅក្នុងប្រវត្តិសាស្ត្រ៕

RAC Media | នាយកដ្ឋានទំនាក់ទំនង និងពិធីការ - លឹម សុវណ្ណរិទ្ធ