(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសន្និសីទអន្តរជាតិលើកទី១២ ស្ដីពី «ការផ្លាស់ប្តូរបៃតងនៅកម្ពុជា ឡាវ និង វៀតណាម ផ្អែកលើមេរៀនដែលបានរៀនពីបទ ពិសោធន៍និងទស្សនៈរបស់ប្រទេសកូរ៉េ» នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា។

 

ជាកិច្ចចាប់ផ្ដើមនៃសន្និសីទអន្តរជាតិលើកទី១២ ស្ដីពី «សុខដុមនីយកម្មសង្គម សេដ្ឋកិច្ច និងវប្បធម៌ ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម» ទទួលបានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត Hongkyun Kim ប្រធានវិទ្យាស្ថានបរិស្ថានកូរ៉េ ឯកឧត្ដមបណ្ឌិត Kongkeo XAYSONGKHAM ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ និងឯកឧត្ដមបណ្ឌិត Dang Xuan Thanh អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ព្រមទាំងទទួលកិត្តិយសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះបើកដោយឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា។

 

ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិលើកទី១២ ស្ដីពី «សុខដុមនីយកម្មសង្គម សេដ្ឋកិច្ច និងវប្បធម៌ ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម» ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍លើកឡើងថា បញ្ហាបរិស្ថានមិនមែនជាបញ្ហាដែលកើតមានសម្រាប់តែប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគឺជាបញ្ហារួមរបស់បណ្ដាប្រទេសទាំងឡាយក្នុងពិភពលោក ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះនឹងបញ្ហារួមគ្នាគឺ ការប្រែប្រួលអាកាសធាតុ ដែលរួមមាន ទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះព្យុះធម្មជាតិជាដើម។ ឯកឧត្ដមបណ្ឌិតបានលើកឡើងនូវហេតុផលទាំង៦ ដែលត្រូវអង្គការសហប្រជាជាតិថាជាប្រភពបញ្ហាសំខាន់នៃការប្រែប្រួលអាកាសធាតុគឺ ១. ឧស្សាហកម្ម ២. ថាមពល ៣. កសិកម្ម ៤. ព្រៃឈើ ៥. គីមី និង៦. សំរាម។ បើតាមប្រសាសន៍ឯកឧត្ដមបណ្ឌិត បញ្ហាទាំង៦នេះហើយដែលនាំឱ្យពិភពលោក ឈានដល់ដំណាក់កាលនៃការប្រឈមនឹងការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅផែនដីជាបន្តបន្ទាប់។ ឯកឧត្ដមបណ្ឌិត អ៊ាង សុផ្លែត បានលើកនូវចំណោទបញ្ហាដើម្បីពញ្ញាក់ស្មារតីអង្គសន្និសីទអន្តរជាតិទាំងមូលថា "តើយើងគប្បីដោះស្រាយបញ្ហានៅក្នុងវិស័យនីមួយៗ ដើម្បីឈានទៅដោះស្រាយបញ្ហារួមឬយ៉ាងណា?" ជាចម្លើយគន្លឹះ ឯកឧត្ដមបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា "គឺមិនមែនទេ ពោលគឺយើងត្រូវតែដឹងអំពីឫសគល់ពិតប្រាកដនៃបញ្ហាថាស្ថិតនៅត្រង់ចំណុចណា ដើម្បីដាក់ចេញនូវផែនការសកម្មភាព និងឈានទៅដោះស្រាយបញ្ចប់បញ្ហាប្រឈម និងកាត់បន្ថយផលប៉ះពាល់ដែលកំពុងកើតមាន"។

 

ក្នុងឱកាសថ្លែងសុន្ទរកថាស្វាគមន៍នេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងលើកឡើងថា ទោះបីជាពិភពលោក មានការរីកចម្រើនដល់យុគសម័យបញ្ញាសិប្បនិម្មិត (AI)ក្ដី ក៏បញ្ញាសិប្បនិម្មិតមិនអាចជួយការពារបរិស្ថានពិភពលោកបានទេ បើគ្មានការចូលរួមជាសកម្មភាពជាក់ស្ដែងរបស់មនុស្ស។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងសង្កត់ធ្ងន់ថា មនុស្សកំពុងបំផ្លាញបរិស្ថានលើ៥ចំណុចគឺ ១. កាកសំណល់ដែលមនុស្សប្រើប្រាស់ហើយបោះចោលទៅក្នុងបរិស្ថាន ២. មនុស្សទាំងអស់បានរួមចំណែកក្នុងការបំផ្លាញព្រៃឈើ ដូច្នេះហើយមនុស្សម្នាក់ត្រូវតែដាំដើមឈើឱ្យបានយ៉ាងតិចចំនួន១ដើម ក្នុងជីវិតរបស់ខ្លួន ៣. មហាអំណាចតែងតែបំផ្លាញបរិស្ថាន តាមរយៈការបង្កើតនិងធ្វើតេស្តអាវុធបរមាណូ និងអាវុធអ៊ីដ្រូសែន ៤. មនុស្សធ្វើសង្គ្រាមបំផ្លាញបរិស្ថាន ៥. ការទាញយកធនធានជាច្រើនពីធម្មជាតិ។ ហេតុនេះ ដើម្បីឈានទៅដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងថែរក្សាបរិស្ថានបាន ទាមទារឱ្យមានឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ពីសំណាក់មេដឹកនាំបណ្ដាប្រទេសទាំងឡាយលើពិភពលោក ពិសេសមេដឹកនាំប្រទេសមហាអំណាច ដែលជាប្រទេសបំផ្លាញបរិស្ថានពិភពលោកខ្លាំងជាងគេ និងត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះអនាគតមនុស្សជាតិ។

 

គួរបញ្ជាក់ផងដែរថា សន្និសីទអន្តរជាតិលើកទី១២ ស្ដីពី «ការផ្លាស់ប្តូរបៃតងនៅកម្ពុជា ឡាវ និង វៀតណាម ផ្អែកលើមេរៀនដែលបានរៀនពីបទ ពិសោធន៍និងទស្សនៈរបស់ប្រទេសកូរ៉េ» ដែលកម្ពុជាទទួលជាម្ចាស់ផ្ទះនាឆ្នាំ២០២៥នេះ ត្រូវបានរៀបចំឡើងដោយមានវគ្គពិភាក្សាសំខាន់ៗចំនួន៣ ទៅលើប្រធានបទដូចខាងក្រោម៖

កិច្ចពិភាក្សាវគ្គទី១៖

«ការច្នៃប្រឌិតគោលនយោបាយសម្រាប់ការផ្លាស់ប្តូរបៃតង៖ ការកែសម្រួលយុទ្ធសាស្ត្របរិស្ថានរបស់ប្រទេសកូរ៉េនៅក្នុងប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម»

 

កិច្ចពិភាក្សាវគ្គទី២៖

«ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈសេដ្ឋកិច្ចចក្រា និងគំនិតផ្តួចផ្តើមកំណើនបៃតង»

 

+ កិច្ចពិភាក្សាវគ្គទី៣៖

«ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់សម្រាប់ការអភិវឌ្ឍបៃតង៖ មេរៀនពីប្រទេសកូរ៉េ និងទិសដៅអនាគតសម្រាប់ប្រទេសកម្ពុជា ឡាវ និងវៀតណាម»

 

សូមជម្រាបផងដែរថា សន្និសីទអន្តរជាតិលើកទី១២ ស្ដីពី «ការផ្លាស់ប្តូរបៃតងនៅកម្ពុជា ឡាវ និង វៀតណាម ផ្អែកលើមេរៀនដែលបានរៀនពីបទ ពិសោធន៍និងទស្សនៈរបស់ប្រទេសកូរ៉េ» ទទួលបានការអញ្ជើញចូលរួមពីអ្នកសិក្សាស្រាវជ្រាវ មន្ត្រីរាជការ និងអ្នកជំនាញពីរាជបណ្ឌិត្យសភាកម្ពុជា វិទ្យាស្ថានបរិស្ថានកូរ៉េ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ចនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនៃសាធារណរដ្ឋសង្គមវៀតណាមសរុបចំនួន ២៨០នាក់។

 

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈនិងពិធីការ