(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងឱកាសថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងវេទិកាភ្នំពេញលើកទី៤ ស្ដីពី «ពហុភាគីនិយមទល់នឹងឯកតោភាគីនិយម : ស្វ័យភាពជាយុទ្ធសាស្ត្រនិងជម្រើសគោលនយោបាយរបស់អាស៊ាន» ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ថា វេទិកាភ្នំពេញលើកទី៤នេះ គឺមិនគ្រាន់តែជាលំហាត់បែបគរុសភាប៉ុណ្ណោះទេ ប៉ុន្តែ វាគឺជាតថភាពដ៏បន្ទាន់មួយដែលយើងត្រូវតែប្រឈមមុខ។

 

ឯកឧត្ដមបណ្ឌិតបានលើកឡើងបន្ថែមថា ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកសកម្មភាពឯកតោភាគីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលត្រូវបានកំណត់ដោយការដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិសំខាន់ៗ ការដាក់ទណ្ឌកម្មពាណិជ្ជកម្ម និងការចោទជាសំណួរអំពីតម្លៃនៃសម្ព័ន្ធភាពជាប្រពៃណី។ សកម្មភាពទាំងនេះមិនត្រឹមតែធ្វើឱ្យទំនាក់ទំនងនៅអាស៊ីប៉ាស៊ីហ្វិក ទាំងមូលកាន់តែតានតឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតភាពមិនច្បាស់លាស់ធំៗសម្រាប់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីទៀតផង។ ផ្ទុយទៅវិញ យើងក៏បានឃើញអត្ថប្រយោជន៍ជាក់ស្តែងនៃការចូលរួមពហុភាគីប្រកបដោយសង្គតិភាពផងដែរ។ ភាពជាដៃគូកាន់តែស៊ីជម្រៅរវាងអាស៊ាននិងចិន ឈរជាគំរូដ៏គួរឱ្យទាក់ទាញ ដែលផ្តល់ផលចំណេញទៅវិញទៅមកក្នុងវិស័យពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ភាពផ្ទុយគ្នានេះផ្តល់ដល់អាស៊ានទាំងបញ្ហាប្រឈមទាំងឱកាស។

 

បើតាមឯកឧត្ដមបណ្ឌិត គិន ភា ក្នុងរយៈពេលពេញមួយថ្ងៃនេះ វេទិកាភ្នំពេញលើកទី៤ ស្ដីពី «ពហុភាគីនិយមទល់នឹងឯកតោភាគីនិយម : ស្វ័យភាពជាយុទ្ធសាស្ត្រនិងជម្រើសគោលនយោបាយរបស់អាស៊ាន» ដោយវាគ្មិនទាំងអស់នឹងជជែកពិភាក្សា ដោយឆ្លុះបញ្ចាំងលើទិដ្ឋភាពសំខាន់ៗចំនួនបីគឺ៖

 

  ១- ពិនិត្យមើលជម្លោះយុទ្ធភូមិសាស្ត្រ និងវាយតម្លៃពីបច្ច័យប៉ះពាល់នៃការផ្លាស់ប្តូរគោលនយោបាយរបស់មហាអំណាចចំពោះស្វ័យភាពអាស៊ាន និងជវភាពសន្តិសុខតំបន់។

  ២- ស្វែងយល់ពីកាលានុវត្តភាពនិងបញ្ហាប្រឈមដែលកើតចេញពីទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង (South-South cooperation) រួមមាន ក្របខ័ណ្ឌ BRICS គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ធនាគារអភិវឌ្ឍន៍ហេដ្ឋារចាសម្ព័ន្ធអាស៊ី កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង  សម្រាប់សមាហរណកម្មនិងគោលដៅអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់អាស៊ាន។

  ៣- ពិចារណាអំពីរបៀបការពារស្ថិរភាពនយោបាយ និងអធិបតេយ្យរបស់យើងប្រឆាំងនឹងទម្រង់ថ្មីនៃឥទ្ធិពលខាងក្រៅ ដោយធានានូវភាពស្អិតរមួតផ្ទៃក្នុងនិងភាពធន់របស់យើង។

 

គួរបញ្ជាក់ផងដែរថា វេទិកាភ្នំពេញត្រូវបានបង្កើតឡើងនៅឆ្នាំ២០២២ដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលបំណងផ្តល់នូវលំហពហុទិសនិងប្រកបដោយបរិយាបន្ន (inclusive and multi-track space) សម្រាប់ការជជែកដេញដោលនិងការចូលរួមគោលនយោបាយ។ វេទិកាភ្នំពេញបានដើរតួនាទីជាស្ពានទំនាក់ទំនងរវាងអ្នកប្រាជ្ញ អ្នកបង្កើតគោលនយោបាយ និងអ្នកអនុវត្ត ដោយបង្កើត «វេទិកានៃគំនិត» (forum of ideas) ដែលទស្សនវិស័យផ្សេងៗគ្នាជួបប្រសព្វគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក។ វេទិកាភ្នំពេញឆ្នាំនេះបន្តប្រពៃណីនោះ ដោយជំរុញការពិភាក្សាដោយស្មោះត្រង់ លើកទឹកចិត្តនវានុវត្តគោលនយោបាយ និងការលើកកម្ពស់វិធីសាស្រ្តបែបសហការក្នុងទំនាក់ទំនងការទូត៕

RAC Media | លឹម សុវណ្ណរិទ្ធ