(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបើកវេទិកាភ្នំពេញលើកទី៤ ស្ដីពី «ពហុភាគីនិយមទល់នឹងឯកតោភាគីនិយម : ស្វ័យភាពជាយុទ្ធសាស្ត្រនិងជម្រើសគោលនយោបាយរបស់អាស៊ាន» លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍គូសបញ្ជាក់ថា ប្រទេសកម្ពុជាក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព និងគាំទ្រដល់ការដោះស្រាយបញ្ហាដោយសន្តិវិធី ពិតជាគាំទ្រចំពោះតួនាទីមហាអំណាចជាមិត្តកម្ពុជាទាំងអស់ ធ្វើជាអន្តរការីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។

 

លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ស្របពេលដែលកម្ពុជានិងថៃ កំពុងមានអរិភាពនឹងគ្នាដោយសារតែសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា សាធារណជនហាក់ដូចជាកំពុងដាក់បន្ទុកលើភាគីនីមួយៗ ដែលនេះជាដំណាក់កាលត្រូវរួបរួមគ្នា ចៀសវាងហុចផលប្រយោជន៍ទៅឱ្យបរទេស។ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា ជម្លោះរវាងកម្ពុជានិងថៃ គឺជាជម្លោះទ្វេភាគី ហើយគេត្រូវព្យាយាមបញ្ជៀសការទាញភាគីទី៣ មកជាភាគីរួមចំណែកនៅក្នុងការបង្កើតបញ្ហាប្រឈម គេមិនអាចទាញជប៉ុន ចិន កូរ៉េ ឬសហរដ្ឋអាម៉េរិកថាជាដើមហេតុនៃការរុញច្រានឱ្យកើតមានជម្លោះនោះទេ ព្រោះប្រទេសទាំងនោះសុទ្ធសឹងជាមិត្ត និងដៃគូសហប្រតិបត្តិការរបស់កម្ពុជា។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមាន សារព័ត៌មានមួយបានចុះផ្សាយដោយដកស្រង់សម្ដីរបស់លោកបណ្ឌិត អំពីការជាប់ពាក់ព័ន្ធរបស់មហាអំណាចទៅរៀបចំអត្ថបទរសើប ដែលខុសពីខ្លឹមសារនិងអត្ថន័យដើមដែលលោកបណ្ឌិតបានលើកឡើង។

 

បន្ថែមពីលើនេះ បើតាមលោកបណ្ឌិត កាលពីប៉ុន្មានសប្ដាហ៍មុន មានព័ត៌មានអំពីការដែលចិនបានឈានដល់កិច្ចព្រមព្រៀងលក់នាវាមុជទឹកដល់ថៃ ដែលជាកិច្ចព្រមព្រៀងយូរមកហើយ និងការដែលជប៉ុនបានជំរុញឱ្យមានការបើកព្រំដែនរវាងកម្ពុជានិងថៃថា ជប៉ុនលម្អៀងទៅថៃជាដើមនោះ សុទ្ធសឹងតែជាប្រធានបទមិនគួរត្រូវបានភ្ជាប់មកនឹងជម្លោះកម្ពុជា-ថៃនោះទេ។ លោកបណ្ឌិតបានបន្តថា ទាំងសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ ត្រូវតែចងចាំថា ត្រូវធ្វើយ៉ាងណាជំរុញចរន្តជាតិនិយម ការរួបរួមជាតិជាធ្លុងមួយប្រឈមនឹងរដ្ឋជាគូបដិបក្ខ ដែលនេះគឺជាអាវុធសំខាន់មួយដែលយើងអាចចូលរួមបានទៅតាមលទ្ធភាពជាក់ស្ដែងដើម្បីប្រទេសជាតិរបស់យើងទាំងអស់គ្នា។

 

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមថា កម្ពុជាត្រូវសាទរចំពោះការចូលរួមរបស់អន្តរការី បើទោះបីជាថៃមិនយល់ព្រម ឬទទួលស្គាល់ក្ដី ក៏តួនាទីដ៏សំខាន់របស់ម៉ាឡេស៊ីជាអន្តរការីដ៏សកម្មនៅក្នុងបញ្ហាជម្លោះកម្ពុជា-ថៃ បើប្រៀបធៀបទៅនឹងតួនាទីរបស់អាស៊ានក្នុងករណីផ្សេងៗកន្លងមក។ លោកបណ្ឌិតបានបន្តទៀតថា មានការលើកឡើងអំពីការដែលកម្ពុជានិងថៃបានអនុវត្តយន្តការទ្វេភាគីជាង៥០០ឆ្នាំហើយ ICJ បានសម្រេចសេចក្ដីរួចហើយ និងបារាំង-សៀម មានអនុសញ្ញានិងសន្ធិសញ្ញាព្រំដែនអន្តរជាតិរួច ក៏ថៃនៅតែមិនគោរពនោះដែរ ដូច្នេះហើយត្រូវតែមានអន្តរការីដែលចូលរួមក្នុងដំណើរការស្វែងរកដំណោះស្រាយរវាងកម្ពុជានិងថៃ៕

RAC Media | លឹម សុវណ្ណរិទ្ធ