(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសថ្លែងសុន្ទរកថាបិទវេទិកាភ្នំពេញលើកទី៤ ស្ដីពី «ពហុភាគីនិយមទល់នឹងឯកតោភាគីនិយម : ស្វ័យភាពជាយុទ្ធសាស្ត្រនិងជម្រើសគោលនយោបាយរបស់អាស៊ាន» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍លើកឡើងថា ប្រទេសថៃ គឺជាអ្នកហែកធម្មនុញ្ញនិងគោលការណ៍ជាមូលដ្ឋានរបស់សមាគមអាស៊ាន។

 

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសរំឭកអំពីប្រវត្តិនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ានថា គឺជាអង្គការតំបន់ដែលចាប់ផ្ដើមចាប់បដិសន្ធិឡើងបន្តពីស្រមោលនៃអង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ ហៅកាត់ សេអាតូ (SEATO) ដែលអង្គការសេអាតូនេះ ត្រូវបានបង្កើតឡើងដើម្បីទប់ស្កាត់ការរីករាលដាលនៃមនោគមវិជ្ជាកុម្មុយនីស្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលពេលនោះ ឥទ្ធិពលរបស់សូវៀតបានរីកសាយភាយយ៉ាងខ្លាំងនៅក្នុងតំបន់នេះ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងបញ្ជាក់ថា នៅក្រោយការបញ្ចប់សង្គ្រាមលោកលើកទីពីរ ពិភពលោកបានឈានចូលដល់ដំណាក់កាលប្រឈមស្រួចស្រាល់មួយទៀតគឺ សង្គ្រាមត្រជាក់ ដែលជាដំណាក់កាលនៃការប្រកួតប្រជែងមនោគមវិជ្ជាមូលធននិយមដឹកនាំដោយសហរដ្ឋអាម៉េរិក និងមនោគមវិជ្ជាកុម្មុយនីស្តដឹកនាំដោយសហរដ្ឋអាម៉េរិក។ ដោយមើលឃើញពីឥទ្ធិពលរីករាលដាលយ៉ាងឆាប់រហ័សនៃលទ្ធិកុម្មុយនីស្តនៅឆ្នាំ១៩៤៩ សហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្តបានរួមគ្នាបង្កើតអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ (NATO) និងឈានដល់ការបង្កើតអង្គការសេអាតូខាងលើនេះ នៅឆ្នាំ១៩៥៤ ដើម្បីទប់ទល់នឹងឥទ្ធិពលសហភាពសូវៀតក្នុងតំបន់។ បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ក្រោយមកទៀត ដោយមានមូលដ្ឋាននៃការបង្កើតអង្គការតំបន់សេអាតូ ប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក ក៏បានរួមគ្នាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន នៅឆ្នាំ១៩៦៧ ហើយដែលដំបូងឡើយ អង្គការនេះមានចរិតលក្ខណៈផាត់ចោលការចូលរួមរបស់ក្រុមប្រទេសដទៃទៀតក្នុងតំបន់ ប៉ុន្តែក្រោយមកបានបញ្ចូលប្រទេសទាំងឡាយក្នុងតំបន់ជាសមាជិក ដើម្បីបុព្វហេតុសមាហរណកម្ម បម្រើឱ្យគោលបំណងនយោបាយ សេដ្ឋកិច្ច និងសន្តិសុខនៅក្នុងតំបន់។

 

ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់បន្ថែមទៀតថា ចាប់តាំងពីការបង្កើតមក ខ្លឹមសារនៃធម្មនុញ្ញសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន បានចែងយ៉ាងច្បាស់អំពីគោលការណ៍គោរពអធិបតេយ្យភាពផងគ្នា និងឆន្ទៈដោះស្រាយបញ្ហាដោយសន្តិវិធី ហើយនៅក្នុងកិច្ចប្រជុំកំពូលនៃសមាគមនេះ តែងតែគូសបញ្ជាក់ជាបន្តបន្ទាប់ឥតឈប់អំពីឧត្ដមគតិនេះ។ ទោះជាយ៉ាងណា នៅក្នុងពេលបច្ចុប្បន្ននេះ ខ្លឹមសារនៃធម្មនុញ្ញអាស៊ាននេះ ហាក់លែងមានតម្លៃ ដោយសារតែការធ្វើសង្គ្រាមឈ្លានពានរបស់ថៃរំលោភមកលើដែនអធិបតេយ្យភាពកម្ពុជា។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា ការឈ្លានពានរបស់ថៃរំលោភបំពានលើប្រទេសកម្ពុជា គឺស្មើនឹងប្រទេសជាសមាជិកស្ថាបនិកអង្គការតំបន់នេះ បានហែកចោលធម្មនុញ្ញអាស៊ាន និងលែងទទួលស្គាល់គោលការណ៍ជាមូលដ្ឋានរបស់សមាគមមួយនេះ។

 

ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មានគោលការណ៍ជាមូលដ្ឋានដែលចែងនៅក្នុងធម្មនុញ្ញរបស់ខ្លួន មានលក្ខណៈល្អប្រសើរខ្លាំងណាស់ ប៉ុន្តែធាតុពិតជាក់ស្ដែង សមាគមអាស៊ាន មានភាពរួមគ្នាតែនៅក្នុងធម្មនុញ្ញដែលជាក្រដាសតែប៉ុណ្ណោះ ពោលគឺអាស៊ានគ្មានអ្វីដែលរួមគ្នានោះទេ រាប់ចាប់តាំងភាសា ប្រព័ន្ធដឹកនាំរដ្ឋ វប្បធម៌ ប្រពៃណី និងសាសនាសុទ្ធសឹងតែមានលក្ខណៈផ្សេងៗគ្នាទាំងអស់។ បន្ថែមពីនេះ កុំថាឡើយនិយាយអំពីកងទ័ពរួម សូម្បីតែព័ត៌មានសន្តិសុខក្នុងតំបន់ ក៏បណ្ដាប្រទេសជាសមាជិកសមាគមនេះ មិនមានការចែករំលែកគ្នាដោយស្មោះត្រង់នោះដែរ។ ជាមួយគ្នានេះ សមាគមដែលមានប្រជាជនសរុបជាង ៦០០លាននាក់មួយនេះ ក៏គ្មានរូបិយបណ្ណរួមគ្នា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងឈានទៅរកប្រព័ន្ធសេដ្ឋកិច្ចរួមគ្នានោះដែរ។ បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ទាំងអស់នេះគឺជាចំណុចខ្សោយដែលធ្វើឱ្យអាស៊ាន មិនអាចរឹងមាំ និងមានមជ្ឈភាពគ្រប់គ្រាន់នៅចំពោះមុខឥទ្ធិពលនយោបាយ សេដ្ឋកិច្ច និងការប្រឈមគ្នាខាងភូមិសាស្ត្រនយោបាយរបស់មហាអំណាចពិភពលោក។

 

ទោះជាយ៉ាងណា សម្រាប់ករណីបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងសង្កត់ធ្ងន់ថា នៅក្នុងពិភពលោកនេះ គ្មានទេយុត្តិធម៌សម្រាប់ប្រទេសតូចនិងទន់ខ្សោយ ហើយប្រសិនបើយើងមិនខ្លាំងគ្រប់គ្រាន់នោះទេ គឺយើងបានត្រឹមយកច្បាប់មកនិយាយតែប៉ុណ្ណោះ ខណៈដែលនៅក្នុងសំណុំរឿងធំៗលើពិភពលោកក៏ដូចគ្នាដែរគឺ មហាអំណាចតែងតែយកច្បាប់មកជាន់នឹងជើង ហើយមានតែប្រទេសតូចៗប៉ុណ្ណោះ ដែលរំពឹងផ្អែកលើច្បាប់អន្តរជាតិដើម្បីការពារខ្លួន ស្វះស្វែងរកការគាំទ្រនិងអាណិតអាសូរ ក៏ដូចជាស្រែកសុំរកយុត្តិធម៌ពីបណ្ដាប្រទេសនានា៕

RAC Media | លឹម សុវណ្ណរិទ្ធ