យោងតាមព័ត៌មានពីប្រទេសថៃ បានឱ្យដឹងថា លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ បានចេញមុខសាទរនិងផ្ដល់តម្លៃទៅដល់លោក ឃុន ចាន់ផលឡាំង ដែលជាបុគ្គលធ្លាប់រៀបចំចាត់ចែងក្បួនរថយន្តដឹកលាមកដែលមានដោតទង់ជាតិថៃ មកកាន់ភូមិព្រៃចាន់ និងដែលចុងក្រោយនេះ បុគ្គលខាងលើដដែល ក៏បានធ្វើសកម្មភាពចាក់សម្លេងរំខានធ្ងន់ធ្ងរ រំខានដល់ប្រជាជនខ្មែរនៅភូមិព្រៃចាន់។ ការថ្លែងគាំទ្រ និងសរសើរដល់ជនជាតិថៃដែលបានបង្កសម្លេងរំខានធ្ងន់ធ្ងរមកលើប្រព័ន្ធប្រសាទមនុស្ស និងបង្កការភ័យខ្លាចដល់ប្រជាជនខ្មែរនៅតំបន់ជាប់ព្រំដែន​កម្ពុជា-ថៃ ពីសំណាក់មេដឹកនាំថៃនេះ បានបង្ហាញអំពី​ចេតនានយោបាយទុច្ចរឹតជាប្រព័ន្ធរបស់ភាគីថៃ ដែលនេះមានន័យថា សកម្មភាពខាងលើ មិនមែនជាគំនិតរបស់បុគ្គល ឃុន ចាន់ផលឡាំង តែម្នាក់នោះទេ ប៉ុន្តែជាសេនារីយ៉ូដែលមានការគាំទ្រពីមេដឹកនាំថៃតែម្ដង។ បើតាមលោកបណ្ឌិត យង់ ពៅ ការធ្វើដូចនេះបានបញ្ជាក់​ឱ្យ​គេឃើញថា ប្រទេសថៃព្យាយាមរំខាននិងចង់បំបាក់ភាពអត់ធ្មត់របស់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា ដើម្បីញុះញង់ធ្វើយ៉ាងណាឱ្យកម្ពុជាប្រតិកម្មតបទៅវិញ ដើម្បីខ្លួនមាន​លេសចោទប្រកាន់មកកម្ពុជា ថាបានបង្កសកម្មភាពអរិភាពនៅតាមព្រំដែន ផ្ទុយពីស្មារតី​នៃបទឈប់បាញ់ដែលផ្ដួចផ្ដើមដោយអាម៉េរិក។ ទង្វើញុះញង់កន្លងមករបស់ភាគីថៃ រួមមាន ការរឹបអូសយកផ្ទះប្រជាពលរដ្ឋ ការព័ទ្ធលួសបន្លា ការរៀបចំក្បួនរថយន្តដឹកលាមក និង​ការផ្ទុះអាវុធតូចធំជាដើម សុទ្ធសឹងតែធ្វើឡើងក្នុងគោលបំណងរុញច្រានឱ្យភាគីកម្ពុជាអស់ការអត់ធ្មត់ រួចតបតទៅវិញ ដើម្បីខ្លួននឹងមានលេសចោទប្រកាន់ថាភាគីកម្ពុជារំលោភបទឈប់បាញ់​។

 

ទោះជាយ៉ាងណា ដោយយល់ច្បាស់អំពីកលល្បិចដ៏កខ្វក់របស់ភាគីថៃ ដែលចង់ទាញ​ឱ្យកម្ពុជាធ្លាក់ចូលក្នុងអន្ទាក់នយោបាយរបស់ខ្លួននោះ ដើម្បីមានលេសចោទប្រកាន់និងប្ដឹងថាកម្ពុជារំលោភបទឈប់បាញ់ និងដែលអាចក្លាយទៅជាឈ្នាន់ដែលថៃប្រើប្រាស់ ធ្វើជាមូលហេតុបង្កមហិច្ឆតាធ្វើសង្គ្រាមឈ្លានពានកម្ពុជាជាបន្តទៀតនោះ ថ្នាក់ដឹកនាំកម្ពុជា ជាបន្តបន្ទាប់បានរក្សាជំហរអត់ធ្មត់ជាអតិបរមាបំផុត ដើម្បីដោះស្រាយបញ្ចប់បញ្ហាព្រំដែនជាមួយថៃ និងរក្សាឱ្យបាននូវសន្តិភាព អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរនៅ​តាមតំបន់ព្រំដែន។ លោកបណ្ឌិត យង់ ពៅ បានបន្ថែមទៀតថា បច្ចុប្បន្ន ថៃកំពុងតែព្យាយាមបង្វែរសភាពការណ៍នៅតាមព្រំដែន ដើម្បីលាងជម្រះភាពអាម៉ាស់របស់ខ្លួននៅលើ​ឆាកអន្តរជាតិ ហើយមានតែការរុញច្រានឱ្យកម្ពុជាអស់ភាពអត់ធ្មត់ រួចឆ្លើយតបទៅកាន់ភាគីថៃក្នុងរូបភាពណាមួយ ដែលថៃអាចចោទប្រកាន់កម្ពុជាថារំលោភបទឈប់បាញ់តែប៉ុណ្ណោះ ទើបថៃអាចបន្តបំភ័ន្តសាធារណៈមតិអន្តរជាតិក្នុងសំណុំរឿងព្រំដែនជាមួយកម្ពុជា។  ហេតុនេះហើយ ទោះបីជាមិនបានចេញមុខធ្វើដោយផ្ទាល់ក្ដី ក៏អ្នកនយោបាយថៃបានប្រើប្រាស់​រូបភាពបុគ្គលឆ្កួតលីលា ដើម្បីអុចអាលនិងបំផុសកំហឹងកងទ័ពនិងប្រជាជនកម្ពុជា ឱ្យ​ប្រតិកម្មតបនឹងខ្លួន ដើម្បីសម្រេចនូវចេតនាទុច្ចរឹតខាងលើ។ ប្រការនេះ ក៏អាចជាចំណែក​មួយដែលថៃចង់បង្វែរចំណាប់អារម្មណ៍របស់កម្ពុជា និងសាធារណៈមតិអន្តរជាតិ ពីទង្វើ​ឈ្លានពាននិងរំលោភបទឈប់បាញ់របស់ខ្លួន នៅតំបន់ឬចំណុចផ្សេងទៀត ឬដើម្បីបិទបាំង​ចេតនាពិតប្រាកដដែលថៃចង់លួចចូលកាន់កាប់ប្រាសាទខ្មែរនៅតំបន់ផ្សេង ឬចូលឈ្លាន​ពាន​នៅតំបន់ផ្សេងទៀតជាដើម។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ។ ទាំងអស់នេះគឺជាអន្ទាក់របស់ថៃ តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ពិតជាបាន​តាមដានស្ថានការណ៍នៅតាមព្រំដែន កត់សម្គាល់រាល់ការវិវត្ត និងវាយតម្លៃគ្រប់កាលៈទេសៈ និងគ្រប់សេនារីយ៉ូទាំងអស់ដែលថៃបាន​បង្កើតនិងបង្កសកម្មភាពឡើង។ លោកបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាបានធ្វើសកម្មភាពយ៉ាង​សកម្ម មានការឆ្លើយតបយ៉ាងសកម្ម ច្បាស់លាស់ និងប្រកបដោយភាពហ្មត់ចត់បំផុតទៅកាន់ភាគីថៃ ដើម្បីបញ្ចៀសការធ្លាក់ចូលទៅក្នុងអន្ទាក់នយោបាយ និងយោធារបស់ភាគីថៃ ខណៈដែលស្ថានការណ៍​នៅ​តាមបណ្ដោយព្រំដែន កំពុងបន្តស្ថិតនៅក្នុងស្ថានភាពផុយស្រួយដែលភាគីថៃអាចនឹង​ប្រតិដ្ឋរឿង យកបញ្ហាផ្សេងៗធ្វើជាលេសបង្កសង្គ្រាមនៅតាមព្រំដែនសារជាថ្មី។

 

ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា កម្ពុជាមានភាពចាំបាច់​នៅក្នុងការបន្តរក្សាគោលជំហររឹងមាំនៅក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរនៅ​លើគោលការណ៍ច្បាប់អន្តរជាតិជាចម្បង គោរពបទឈប់បាញ់ និងការទាមទារឱ្យភាគីថៃ​គោរពនូវអនុសញ្ញានិងសន្ធិសញ្ញាអន្តរជាតិទាំងឡាយដែលខ្លួនបានចុះហត្ថលេខា និងមាន​កាតព្វកិច្ចអនុវត្តឱ្យខាងតែបាន។ ភាពខ្លាំងដែលកម្ពុជាមាន និងអាចយកឈ្នះលើភាគីថៃបាននោះគឺ ការឈរនៅលើជំហរគោរពច្បាប់អន្តរជាតិ ដែលកម្ពុជាមានប្រៀបខ្លាំងប្រឈម​នឹងការតទល់ជាមួយនឹងភាគីថៃ និងជាអ្វីដែលអាចទាញសហគមន៍អន្តរជាតិផ្ដល់ការគាំទ្រ​មកដល់កម្ពុជា។

 

បន្ថែមពីនេះ កម្ពុជាក៏ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងខាងការទូតរបស់ខ្លួនឱ្យកាន់តែសកម្មឡើងបន្ថែមទៀត ពិសេសជាមួយនឹងក្រុមអ្នកសង្កេតការណ៍អន្តរកាលរបស់អាស៊ាន (IOT) នៅខណៈដែលក្រុមអ្នកសង្កេតការណ៍ទាំងនេះ បានធ្វើដំណើរទៅដល់ទីតាំងដែលភាគីថៃបានចាក់សម្លេងរំខានទាំងយប់ ដើម្បីស្វែងយល់និងជ្រាបអំពីសភាពការណ៍ជាក់ស្ដែង​នៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានថ្លែងអះអាងថា គឺជាភាពជោគ​ជ័យខាងការទូតដែលកម្ពុជាសម្រេចបាន និងជាការបញ្ជាក់អំពីការគាំទ្ររបស់អាស៊ាន​ចំពោះកម្ពុជាផងដែរ។ លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់បន្ថែមទៀតថា កម្ពុជាត្រូវតែ​ធានាឱ្យបានថា ចាប់ពីពេលនេះតទៅមុខ រាល់ការបំពានទាំងឡាយណាពីសំណាក់ភាគី​ថៃ ត្រូវតែបានជ្រួតជ្រាបនិងទទួលដឹងឭពីសំណាក់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីពួក​គេក្លាយជាសាក្សីដែលបានឃើញជាក់ស្ដែង និងស្ដាប់ឭដោយផ្ទាល់។

 

ទោះជាយ៉ាងណា លោកបណ្ឌិតបានលើកឡើងបន្តទៀតថា ក្រៅពីការបន្តរក្សាជំហរអត់ធ្មត់ដើម្បីឈានទៅដោះស្រាយបញ្ហាដោយសន្តិវិធីនោះ កម្ពុជាត្រូវព្យាយាមស្វះស្វែងប្រមូលភស្តុតាងបញ្ជាក់អំពីការរំលោភបំពានម្ដងហើយម្ដងទៀតរបស់ភាគីថៃ មកលើអធិបតេយ្យភាពទឹកដីនៃប្រទេសកម្ពុជា ដើម្បីរៀបចំជារបាយការណ៍ប្ដឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធានអាស៊ានឱ្យបានដឹងឭ និងអន្តរាគមន៍ក្នុងកម្រិតណាមួយ។ កម្ពុជាត្រូវតែកសាងឯកសារពាក់ព័ន្ធនឹងការរំលោភបំពានរបស់ថៃជាប់ជាប្រចាំ។

 

លើសពីនេះទៅទៀត លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា កម្ពុជាត្រូវតែបន្តការពង្រឹងសមត្ថភាពឆ្លើយតបខាងយោធា ទាំងកងទ័ព និងសព្វាវុធជាប់ជានិច្ច ប្រឈមនឹង​លទ្ធភាពនៃការឈ្លានពានសារជាថ្មីណាមួយពីសំណាក់កងទ័ពថៃ។ ក្នុងស្ថានការណ៍បន្ទាន់​តម្រូវ កម្ពុជាត្រូវតែបង្ខំចិត្តក្នុងការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីការពារអធិបតេយ្យភាពដែនដី និងសុវត្ថិភាពប្រជាពលរដ្ឋនៅតាមព្រំដែន ប្រឆាំងនឹងការឈ្លានពានណាមួយពី​កងទ័ពថៃ។ ត្រង់ចំណុចនេះ លោកបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា ទោះបីជានៅក្នុងពេល​បច្ចុប្បន្នដែលកំពុងប្រឈមនឹងការឈ្លានពានរបស់ថៃ ឬនៅក្រោយបញ្ហាព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយរួចរាល់ក្ដី កម្ពុជាត្រូវតែត្រៀមខ្លួនជាប់ជានិច្ចនៅក្នុងការពង្រឹងខឿនការពារជាតិ និងការធ្វើទំនើបកម្មយោធា ដើម្បីធានាថែរក្សានិងការពារអធិបតេយ្យភាព​ជាតិ​របស់ខ្លួននៅគ្រប់កាលៈទេសៈ៕

 

RAC Media | លឹម សុវណ្ណរិទ្ធ