មេរៀនដែលយើងត្រូវហ៊ានទទួលស្គាល់ និងចងចាំទុក អំពីការប្រមាថពីជនបរទេសក្បែរខាងនៅកម្ពុជានោះគឺ នៅពេលដែលយើងខ្សោយ នោះយើងច្បាស់ជាត្រូវរងនូវការប្រមាថ។ ដើម្បីចៀសផុតពីការប្រមាថ កម្ពុជាត្រូវតែពង្រឹងសមត្ថភាពនិងលទ្ធភាពរបស់ខ្លួនឱ្យបានរឹងមាំពិតប្រាកដ ហើយនៅពេលណាយើងរឹងមាំគ្រប់គ្រាន់ នោះគ្មានជាតិសាសន៍ឬរដ្ឋបរទេសណាហ៊ានមាក់ងាយមកលើប្រទេសយើងឡើយ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគបញ្ហាសង្គម-នយោបាយ។ សម្រាប់លោកបណ្ឌិត កម្ពុជាត្រូវយកចិត្តទុកដាក់កែទម្រង់ និងពង្រឹងសមត្ថភាពបន្ថែមទៀតទៅលើទិដ្ឋភាពចំនួន ៥គឺ៖
១- ខ្សែច្រវាក់ផលិតកម្ម គាំទ្រសហគ្រាសធុនតូចនិងមធ្យម និងកសិឧស្សាហកម្ម
យើងដឹងហើយថា នៅពេលដែលភាពតានតឹងបានចាប់ផ្ដើមដំបូង ថៃបានសម្អាងថា នៅពេលដែលខ្លួនផ្អាកទំនាក់ទំនង ឬបិទព្រំដែនជាមួយកម្ពុជាមួយរយៈពេល នោះសេដ្ឋកិច្ច-សង្គមកម្ពុជានឹងដួលរលំ ដោយសារខ្វះខាតការផ្គត់ផ្គង់ពីប្រទេសថៃ។ ចំណុចនេះ យើងឃើញថា កម្ពុជាមានការពឹងផ្អែកមួយចំនួនទៅលើប្រទេសថៃ ពាក់ព័ន្ធនឹងខ្សែច្រវាក់ផលិតកម្ម។ ដូច្នេះ យើងត្រូវធ្វើកំណែទម្រង់ដោយធ្វើពិពិធកម្មខ្សែច្រវាក់ផលិតកម្មឱ្យបានច្រើនប្រភព ដើម្បីធានាចីរភាពនៃផលិតកម្មក្នុងស្រុក។ កម្ពុជាគួរតែបន្តជំរុញការគាំទ្រកាន់តែខ្លាំងឡើងបន្ថែមទៀតដល់សហគ្រាសធុនតូចនិងមធ្យម និងកសិឧស្សាហកម្មនៅក្នុងស្រុក ដោយងាកមកព្យាយាមជំរុញការដាំដុះកសិផលគាំទ្រ និងផលិតផលិតផលក្នុងស្រុកឱ្យបានសម្បូរបែប ពិសេសផលិតផលទាំងឡាយណាដែលកម្ពុជាត្រូវការនាំចូលភាគច្រើនពីប្រទេសថៃ ព្រោះកាលណាយើងមានលទ្ធភាពផ្គត់ផ្គង់តម្រូវការផលិតកម្មក្នុងស្រុក នោះយើងនឹងមិនរងសម្ពាធពីប្រទេសជិតខាងដែលតែងតែបង្កអរិភាពជាមួយកម្ពុជានោះទេ ខណៈបច្ចុប្បន្ន កម្ពុជាអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកនៅមានកម្រិតមួយនៅឡើយ ទាំងចំណីអាហារ គ្រឿងទេស និងសម្ភារៈប្រើប្រាស់មួយចំនួន ដែលត្រូវការការនាំចូលពីប្រទេសជិតខាងនៅឡើយ។ កម្ពុជាត្រូវតែផ្ដោតលើកំណែទម្រង់ច្រវាក់ផលិតកម្ម ដែលមានភាពឯករាជ្យកាន់តែប្រសើរជាងមុន ជាជាងការពេញចិត្តនឹងយកចំណូលដែលរកបាន ទៅទិញផលិតផលផ្គត់ផ្គង់ពីខាងក្រៅ។ ត្រង់ចំណុចនេះ លោកបណ្ឌិតក៏បានគូសបញ្ជាក់បន្ថែមថា ដើម្បីឱ្យខ្សែច្រវាក់ផលិតកម្មក្នុងស្រុក សហគ្រាសធុនតូចនិងមធ្យមនិងកសិឧស្សាហកម្មរឹងមាំទៅបាន លុះត្រាដែលមានការគាំទ្រពិតប្រាកដនិងដោយចីរភាពពីអ្នកប្រើប្រាស់ក្នុងស្រុក ដោយត្រូវមានការគាំទ្រចេញពីបេះដូង មិនមែនត្រឹមជាការគាំទ្រតែលើបបូរមាត់ ឬត្រឹមតែជាកំហឹងជាមួយនឹងបរទេសជិតខាងមួយខណៈពេលនោះឡើយ។ បន្ថែមពីលើនេះ លោកបណ្ឌិត ក៏ជំរុញឱ្យមានការគាំទ្រការជំរុញផលិតកម្មក្នុងប្រទេសពីសំណាក់សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកផងដែរ ព្រោះបើទោះបីជាការវិនិយោគទៅលើផលិតកម្មក្នុងស្រុក អាចមានការលំបាកជាងការនាំចូលទំនិញពីបរទេសក្ដី ប៉ុន្តែការណ៍នេះធ្វើឡើងដើម្បីចូលរួមពង្រឹងសមត្ថភាពជាតិយើងឱ្យបានរឹងមាំនិងរីកចម្រើនជាជាងការពឹងពាក់តែប្រភពផ្គត់ផ្គង់បរទេស។
២- ការអប់រំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ការកែទម្រង់វិស័យអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវតែធ្វើយ៉ាងណាចាប់ផ្ដើមការពង្រឹងធនធានមនុស្សតាំងពីកម្រិតមូលដ្ឋានរហូតដល់កម្រិតមធ្យមនិងឧត្ដមសិក្សា។ យើងត្រូវតែកែប្រែទស្សនៈមួយចំនួន ដែលមានលក្ខណៈស្ពឹកស្រពន់និងអវិជ្ជមានរារាំងដល់វឌ្ឍនភាពសង្គមជាតិដូចជា ទស្សនៈអប់រំដែលមានលក្ខណៈផ្ដេកផ្ដួលតាមជោគវាសនា/វណ្ណៈសង្គម ទស្សនៈដែលមានលក្ខណៈបន្ទុចបង្អាក់ការអភិវឌ្ឍសមត្ថភាពបុគ្គល ទស្សនៈរារាំងដល់ផលិតភាពការងារ និងទស្សនៈដែលបង្កប់នូវការរើសអើង ឬបង្កើតកំហឹងវណ្ណៈជាដើម។ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា ទស្សនៈមួយចំនួន ត្រូវបានលើកឡើងនិងត្រឹមត្រូវនៅក្នុងសម័យកាលខ្លះ តែមិនមានអត្ថិភាពក្នុងសង្គមជាតិបច្ចុប្បន្ននោះទេ ហេតុនេះ ទាមទារឱ្យមានការបណ្ដុះផ្នត់គំនិតធនធានមនុស្សជំនាន់ក្រោយ ឱ្យមានសុទិដ្ឋិនិយម ពង្រឹងកាយសម្បទាស្មារតី និងចំណេះដឹងដែលមានលក្ខណៈវិទ្យាសាស្ត្រពិតប្រាកដ។ ជាមួយគ្នានេះ កម្ពុជាក៏ត្រូវតែផ្ដោតការជំរុញកាន់តែខ្លាំងក្លាបន្ថែមទៀត ធ្វើយ៉ាងណាឱ្យយុវជនជំនាន់ក្រោយយល់ដឹងកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃការទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ (TVET) ខណៈប្រទេសកម្ពុជាត្រូវការកម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈជាច្រើនសន្ធឹកសន្ធាប់ តែយុវជនភាគច្រើនដែលបញ្ចប់ការសិក្សានៅមធ្យមសិក្សា មាននិន្នាការតែទៅលើការបន្តការសិក្សានៅថ្នាក់ឧត្ដមសិក្សា ជាជាងការសិក្សាជំនាញវិជ្ជាជីវៈ។
៣- លើកកម្ពស់និងបើកទូលាយចំពោះការសិក្សាអំពីបច្ចេកវិទ្យា និងការស្រាវជ្រាវវិទ្យាសាស្ត្រ
នៅកម្ពុជាបច្ចុប្បន្ន វិស័យស្រាវជ្រាវវិទ្យាសាស្ត្រហាក់នៅមានលក្ខណៈចង្អៀតនៅឡើយ ទាំងនៅក្នុងទស្សនៈនយោបាយ និងទាំងក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ ក្នុងពេលដែលការសិក្សាស្រាវជ្រាវលក្ខណៈវិទ្យាសាស្ត្រ នៅមានកម្រិតតូចចង្អៀតនៅឡើយ ខណៈដែលអ្នកស្រាវជ្រាវហាក់ត្រូវបានគេមើលរំលង និងនៅក្នុងកាលៈទេសៈមួយចំនួននៅក្នុងសង្គម គេថែមទាំងបានហៅអ្នកស្រាវជ្រាវវិទ្យាសាស្ត្រថា ជាក្រុមអ្នកស៊ីក្រដាសថែមទៅទៀតផង។ អ្នកមានមុខមាត់ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ហាក់នៅតែផ្ដល់តម្លៃដល់សម្បកខាងក្រៅ ផ្ដោតសំខាន់តែទៅលើអ្នកហ៊ឺហារនិងសម្ភារៈនិយមជាដើម។ គេគួរតែពិនិត្យមើលវឌ្ឍនភាពនៃបណ្ដាប្រទេសរីកចម្រើននានាលើលោក ដែលចាប់ផ្ដើមជាមួយនឹងការយកចិត្តទុកដាក់ទៅលើវិស័យបច្ចេកវិទ្យា និងការស្រាវជ្រាវវិទ្យាសាស្ត្រ។ លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ថា យើងត្រូវតែបើកចំហរទូលាយ ទទួលការការប្រកួតប្រជែងគ្នា ព្រោះមិនថានៅក្នុងវិស័យយោធា ឬជីវភាពរស់នៅប្រចាំថ្ងៃនោះទេ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ លោកបណ្ឌិតបានកត់សម្គាល់បន្ថែមទៀតថា វិស័យបច្ចេកវិទ្យាកម្ពុជានៅដើរតាមក្រោយបណ្ដាប្រទេសនានា ដោយសារតែមិនទាន់មានការលើកទឹកចិត្ត និងបើកចំហរការសិក្សាស្រាវជ្រាវឱ្យបានទូលំទូលាយនៅឡើយ។
៤- វិស័យយោធា
កម្ពុជាពិតជាមានភាពចាំបាច់ ដែលត្រូវធ្វើការកែទម្រង់វិស័យយោធាឱ្យខ្លាំងក្លាបន្ថែមទៀត ពិសេសសមត្ថភាពបង្ការទុកជាមុនប្រឆាំងនឹងការឈ្លានពានពីសំណាក់ប្រទេសជិតខាង។ លោកបណ្ឌិតបានបន្តថា ការការពារអធិបតេយ្យភាពគឺជារឿងអាទិភាពដ៏ចាំបាច់បំផុត ដោយយើងមិនអាចអនុញ្ញាតឱ្យគេបោះទីតាំងឈរជើងហើយ ទើបចាត់វិធានការនោះទេ ព្រោះប្រទេសជិតខាងដូចជាថៃជាដើម នៅពេលដែលបានចូលមកឈរជើងតាំងទីហើយ នោះយើងពិតជាលំបាកនៅក្នុងការបណ្ដេញចេញទៅវិញណាស់ ហើយការប្រើប្រាស់កម្លាំងឆ្លើយតបនឹងការឈ្លានពាន គឺជាសកម្មភាពដែលសមស្របទៅនឹងច្បាប់អន្តរជាតិ។ សម្រាប់វិស័យយោធា លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា កម្ពុជាត្រូវតែកែទម្រង់ទាំងយុទ្ធោបករណ៍ ទាំងយុទ្ធសាស្ត្រ និងទាំងធនធានមនុស្ស ដោយត្រូវផ្ដោតទៅលើកងកម្លាំងទាំង៣ប្រភេទ ទាំងជើងគោក ជើងទឹក និងជើងអាកាស ដោយគ្មានការលើកលែងឡើយ។
៥- សន្តិសុខ សណ្ដាប់ធ្នាប់ និងយុត្តិធម៌សង្គម
លោកបណ្ឌិតបានលើកឡើងបន្ថែមថា ការធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងយុត្តិធម៌សង្គម គឺជាគ្រឹះដ៏សំខាន់ដើម្បីផ្ដល់ទំនុកចិត្ត ប្រមូលផ្ដុំការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនបរទេសផងដែរ ពោលគឺសន្តិសុខ សណ្ដាប់ធ្នាប់ និងយុត្តិធម៌សង្គមបានដើរតួនាទីសំខាន់ ដែលយើងត្រូវធានាឱ្យបាន ធ្វើយ៉ាងណាផ្ដល់ភាពកក់ក្ដៅសម្រាប់ប្រជាពលរដ្ឋដែលជាប្រភពនៃការគាំទ្រ និងវិនិយោគិន ដែលជាប្រភពនៃការផ្ដល់កំណើនសេដ្ឋកិច្ច-សង្គម។ ស្របពេលដែលសន្តិសុខ សណ្ដាប់ធ្នាប់ និងយុត្តិធម៌សង្គម ត្រូវបានព្យាយាមសម្រេចឱ្យបានជាបន្តបន្ទាប់ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមកនេះ យើងក៏នៅតែត្រូវបន្តឆន្ទៈនេះនិងពង្រឹងការបេជ្ញាចិត្តបន្ថែមទៀត ធ្វើយ៉ាងណាធានាឱ្យបានថា បញ្ហាមួយចំនួនតូចឬការខ្វះចន្លោះនៅក្នុងករណីខ្លះទៀតដែលអាចបង្កភាពឈឺចាប់សម្រាប់ពលរដ្ឋឬការរាលចាលសម្រាប់វិនិយោគិន នឹងមិនអាចកើតមានឡើងដែលនាំទៅដល់ការបំផ្លាញកិច្ចខិតខំប្រឹងប្រែងកន្លងមកនោះឡើយ៕
RAC Media | លឹម សុវណ្ណរិទ្ធ