(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ២រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០ នាទីព្រឹក រាជបណ្ឌិត្យសភាកម្ពុជា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសមាគមការទូតសាធារណៈចិន បានសហការគ្នារៀបចំវេទិកាស្ដីពី៖ «ធនាគារខួរក្បាលនិងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន៖ បន្តស្នងទំនាក់ទំនងមិត្តភាព រួមគ្នាបើកទំព័រថ្មីនៃសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី»។
វេទិកាស្ដីពី៖ «ធនាគារខួរក្បាលនិងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន៖ បន្តស្នងទំនាក់ទំនងមិត្តភាព រួមគ្នាបើកទំព័រថ្មីនៃសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី» ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដម JIANG Nan ភារធារីស្ថានទូតចិនប្រចាំកម្ពុជា តំណាងឯកឧត្ដម WANG Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម អ៊ូ ហៃឡុង (WU Hailong) ប្រធានសមាគមការទូតសាធារណៈចិន។ វេទិកាដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្នុងគោលបំណងជជែក វែកញែក ពិភាក្សា និងចែករំលែកគោលគំនិតទាំងឡាយអំពីទំនាក់ទំនងកម្ពុជា-ចិន នៅក្នុងទិដ្ឋភាពការទូត វប្បធម៌ និងព័ត៌មាន ពីសំណាក់វាគ្មិនជាអ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញពាក់ព័ន្ធអញ្ជើញមកពីសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសអញ្ជើញថ្លែងមតិស្វាគមន៍នាពេលនេះ ឯកឧត្ដម វូ ហៃឡុង បានមានប្រសាន៍គូសបញ្ជាក់ថា ក្នុងនាមសមាគមការទូតសាធារណៈចិន ឯកឧត្ដមសូមស្វាគមន៍យ៉ាងស្មោះស្ម័គ្រចំពោះមិត្តភក្តិមកពីស្ថាប័នស្រាវជ្រាវ និងប្រព័ន្ធផ្សព្វផ្សាយចិន និងកម្ពុជា ក៏ដូចជាមិត្តភក្តិមកពីគ្រប់មជ្ឈដ្ឋាន ដែលកំពុងចូលរួមក្នុងវេទិកានាថ្ងៃនេះ។ ឯកឧត្ដមសង្ឃឹមថា តាមរយៈសិក្ខាសាលាថ្ងៃនេះ យើងអាចបង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមកបន្ថែមទៀត និងចូលរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាង “ស្ថាប័នស្រាវជ្រាវ” និង “ប្រព័ន្ធផ្សព្វផ្សាយ” ដើម្បីលើកកម្ពស់ការអភិវឌ្ឍជាបន្តបន្ទាប់ និងស៊ីជម្រៅនៃមិត្តភាពដ៏រឹងមាំរវាងចិន និងកម្ពុជា ជំរុញភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងចិន និងអាស៊ានឆ្ពោះទៅសតវត្សរ៍ទី២១ និងរក្សាបាននូវវិបុលភាព និងស្ថិរភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅក្នុងសុន្ទរកថាគន្លឹះនាព្រឹកនេះ ឯកឧត្ដមសាស្ត្រាចារ្យ ជាំង ណាន (JIANG Nan) បានថ្លែងថា កិច្ចសហប្របត្តិការរវាងកម្ពុជា និងចិន មានកម្លាំងចលករយ៉ាងល្អប្រសើរ និងមានសក្តានុពលដ៏ធំធេង។ ឆ្ពោះអនាគតកម្ពុជា ចិន នឹងចាប់ដៃគ្នា ដើម្បីតម្រង់ទៅរកភាពរុងរឿងជាមួយគ្នាបន្ថែមទៀត ចិន និងកម្ពុជា គឺជាដៃគូគំរូដើម្បីកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។ លោកបានបន្តថា ធានាគារខួរក្បាល និងប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរនឹងដើរតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះខាតបានចំពោះការពង្រឹងទំនាក់ទំនង និងការកសាងសហគមន៍ជោគវាសនារួមរវាងប្រទេសកម្ពុជា និងចិន។ ដូច្នេះ សង្ឃឹមថា ស្ថាប័នជំនាញនៃប្រទេសពីរនឹងសហការគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យចំណងមិត្តភាពរវាងប្រទេសពីររឹងមាំជាបន្តបន្ទាប់។
ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍គូសបញ្ជាក់ថា វេទិកាស្ដីពី៖ «ធនាគារខួរក្បាលនិងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន៖ បន្តស្នងទំនាក់ទំនងមិត្តភាព រួមគ្នាបើកទំព័រថ្មីនៃសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី» ពិតជាមានសារៈសំខាន់ និងបានរួមចំណែកជាជ្រុងមួយក្នុងការជំរុញឱ្យទំនាក់ទំនង កម្ពុជា-ចិន កាន់តែមានភាពល្អប្រសើរ ព្រោះវេទិកានេះហាក់កំពុងដើរតួរជាកន្លែងជួបជុំគ្នាក្នុងចំណោមអ្នកសិក្សាស្រាវជ្រាវ អ្នកការទូត អ្នកសិក្សាគោលនយោបាយ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីជជែក វែកញែក ពិភាក្សានិងចែករំលែកគោលគំនិតទាំងឡាយអំពីទំនាក់ទំនងកម្ពុជា-ចិន ក្នុងទិដ្ឋភាពជាច្រើនរួមទាំងការទូត វប្បធម៌ និងព័ត៌មាន។ ឯកឧត្ដមបណ្ឌិតបន្តថា វេទិកានេះក៏ជាទីលាននៃឃ្លាំងគំនិតមួយដ៏មានតម្លៃក្នុងការរួមចំណែកកសាងជំនឿចិត្ត និងពង្រឹងការសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងបានបន្តស្នងទំនាក់ទំនងមិត្តភាព រួមគ្នាបើកទំព័រថ្មីនៃសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។ ទន្ទឹមនឹងនេះ សិក្ខាសាលាក៏មានតួអង្គសំខាន់ណាស់ព្រោះមានទាំងមុំព័ត៌មាន មុំអ្នកនយោបាយ និងមុំបញ្ញវ័ន្តដើម្បីជជែក និងឆ្លុះបញ្ចាំងនូវទិដ្ឋភាពរៀងខ្លួនៗ ប៉ុន្តែគោលដៅយើងដូចគ្នាគឺបង្កើនជំនឿចិត្តគ្នា និងធ្វើយ៉ាងណារួមចំណែករឹតចំណង កម្ពុជា-ចិនឱ្យមានភាពល្អប្រសើឡើងជាបន្តបន្ទាប់។
ឯកឧត្ដមបណ្ឌិត បានបន្ថែមទៀតថា ទាំងពីរផ្តើមមានទំនាក់ទំនងនៅឆ្នាំ១៩៥៨ ដោយសម្តេចព្រះបរមរតនកោដិ នរោត្តម សីហនុ ដែលទ្រង់បានបង្កើតឱ្យមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយប្រទេសចិន ហើយបានបន្តពូនជ្រុំដោយអ្នកដឹកនាំជំនាន់ថ្មី ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្ននេះគឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាតួអង្គដ៏សំខាន់ក្នុងការពូនជ្រំទំនាក់ទំនងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ជានិច្ចកាល តែងឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលជំហរគោរព «គោលនយាបាយចិនតែមួយ»។ ម្យ៉ាងវិញទៀត ប្រទេសកម្ពុជាយើងតែងបានប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសអព្យាក្រឹត អចិន្ដ្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ កម្ពុជាតែងប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍បញ្ចសីលាសន្ដិសហវិជ្ជមានជាមួយប្រទេសជិតខាង និងជាមួយបណ្ដាប្រទេសទាំងអស់ទូទាំងពិភពលោក។ គោលបំណងដ៏ចម្បងរបស់កម្ពុជានៅក្នុងគោលនយោបាយការបរទេសនិងការទូត គឺដើម្បីថែរក្សាសន្ដិភាព សន្តិសុខ ស្ថិរភាពនយោបាយ អធិបតេយ្យ ឯករាជ្យ បូរភាពទឹកដី និងសណ្ដាប់ធ្នាប់សង្គម ដើម្បីលើកកម្ពស់សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងវិបុលភាពសេដ្ឋកិច្ច និងដើម្បីកាត់បន្ថយភាពក្រីក្រ។ កម្ពុជាតែងប្រកាន់យកការដោះស្រាយជម្លោះនានា ជាពិសេសជម្លោះព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី ដោយឈរលើយន្តការការទូតនិងច្បាប់អន្តរជាតិដូច ដែលប្រមុខការទូត និងថ្នាក់ដឹកនាំកម្ពុជាធ្លាប់បានលើកឡើងនាពេលកន្លងមក។ ក្នុងន័យនេះ ឯកឧត្ដមបណ្ឌិតបានទាញចំណាប់អារម្មណ៍អង្គវេទិកាថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំប្រកបដោយថាមពលរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ពិតជាបានខិតខំនិងយកចិត្តទុកដាក់ខ្ពស់ និងធ្វើការយ៉ាងសកម្មដើម្បីបុព្វហេតុជាតិ ពិសេសបានប្រកាន់យកឥរិយាបទនយោបាយ «ស្ងាត់តែមិនស្ងៀម» គឺពិតជាទទួលបាននូវផលវិជ្ជមាន ពោលគឺយើងបានឈានដល់ការចុះសេចក្តីថ្លែងការណ៍រួមស្តីពី សន្តិភាពនៅទីក្រុងកូឡាឡាំពួរកាលពីចុងខែតុលាកន្លងទៅថ្មីៗនេះ។
ក្នុងឱកាសថ្លែងសុន្ទរកថាបិទវេទិកាស្ដីពី៖ «ធនាគារខួរក្បាលនិងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន៖ បន្តស្នងទំនាក់ទំនងមិត្តភាព រួមគ្នាបើកទំព័រថ្មីនៃសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍គូសបញ្ជាក់ថា វេទិកានាព្រឹកនេះ ជាភស្តុតាងនៃភាពជោគជ័យថ្មីមួយទៀត នៃកិច្ចសហការរវាង រាជបណ្ឌិត្យសភាកម្ពុជា ស្ថានទូតចិនប្រចាំកម្ពុជា និងសមាគមការទូតសាធារណៈចិន ដែលបានជួយបង្កើតវេទិកាវិជ្ជាជីវៈមួយសម្រាប់ការចែករំលែកចំណេះដឹង និងការពិភាក្សាយ៉ាងជ្រាលជ្រៅអំពីសហគមន៍ជោគវាសនារួមកម្ពុជា–ចិន។ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងអំពីការទទួលអំណោយជាសៀវភៅដ៏ធំមួយរបស់ភាគីចិន ដែលបានបង្ហាញអំពីទំនាក់ទំនងរវាងកម្ពុជានិងចិនក្នុងប្រវត្តិសាស្ត្រ គឺសម័យចេនឡា ដែលចិនបានមករកស៊ីជាមួយកម្ពុជា លើមុខទំនិញក្រមួន និងគ្រឿងក្រអូបផ្សេងៗ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់អំពីសុភាសិតផ្ទាល់របស់ឯកឧត្ដមថា “ទីណាមានពន្លឺ ទីនោះមានចិន” ដែលមានន័យថា ចិនបានផ្សព្វផ្សាយនូវវប្បធម៌ អរិយធម៌ ម្ហូបអាហារ និងជីវភាពរស់នៅបែបចិននៅតាមបណ្ដាប្រទេសនានាលើសាកលលោក។
ពាក់ព័ន្ធនឹងការលើកឡើងរបស់វាគ្មិនមួយចំនួន អំពីតួនាទីរបស់ចិននៅក្នុងការសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឡើងថា កម្ពុជាមិនត្រូវបន្ទោសចិនជាមិត្ត ដែលមិនបានអន្តរាគមន៍ជួយកាន់ជើងកម្ពុជានោះទេ ព្រោះនេះគឺជាបញ្ហានៅក្នុងទំនាក់ទំនងអន្តរជាតិ ហើយចិនមានគោលនយោបាយការបរទេសជាមិត្តជាមួយគ្រប់បណ្ដាប្រទេស។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហើយគេត្រូវពិនិត្យមើលបទពិសោធន៍ប្រវត្តិសាស្ត្រថា នៅក្នុងសម័យទំនើប នៅពេលដែលប្រទេសចិនបានបង្រួបបង្រួមជាតិ ប្រទេសកម្ពុជាបែរជាបានបែកបាក់ជាតិទៅវិញ ដូច្នេះហើយ អ្វីដែលកម្ពុជាត្រូវធ្វើនោះគឺ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ប្រឈមនឹងការឈ្លានពានរបស់ប្រទេសជិតខាង តាមរយៈការបន្តធ្វើទំនើបកម្មសមត្ថភាពការពារជាតិបន្ថែម និងអនុវត្តនយោបាយការបរទេសចម្រុះពណ៌ ដែលយកបណ្ដាប្រទេសទាំងឡាយលើពិភពលោកជាដៃគូ ដើម្បីមានភាពរឹងមាំនៅក្នុងទំនាក់ទំនងអន្តរជាតិ។
ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានបង្ហាញជំនឿជាក់ថា វេទិកាស្តីពី «ធនាគារខួរក្បាលនិងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ចិន៖ បន្តស្នងទំនាក់ទំនងមិត្តភាព រួមគ្នាបើកទំព័រថ្មីនៃសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី» ដែលបានប្រព្រឹត្តទៅពេញមួយថ្ងៃនេះ ពិតជាបានផ្តល់នូវការយល់ដឹងជាច្រើនដល់អ្នកចូលរួម ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ចិនក្នុងយុគសម័យថ្មី ព្រមទាំងស្ថានភាពសណ្តាប់ធ្នាប់ពិភពលោក និងផ្ដល់នូវអនុសាសន៍ល្អៗដែលជាធាតុចូលជូនដល់ប្រទេសយើងទាំងពីរ៕
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ