ឆ្នាំ២០២៥ ​ជា​ខួប​លើក​ទី៥០នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ចិននិងថៃ។ កាលពីឆ្នាំ២០២៤ ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បាន​បំបែក​កំណត់ត្រា ១៣០ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​ថៃ​ជាប់ៗគ្នា​ក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ។ តាមរយៈទំនាក់ទំនងនេះ ក្នុង​អំឡុង​ពេលយាង​ដំណើរ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​ថៃ​ទៅកាន់​ប្រទេស​ចិន មានការលើកឡើង​ពីការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាច្រើន​រវាង​ចិននិងថៃ ដែលរួមមាន​វិស័យ​សេដ្ឋកិច្ច​ឌីជីថល រថយន្ត​អគ្គិសនី ​ពាណិជ្ជកម្ម ​និងផលិតផល​កសិកម្ម ជាដើម។ ស្របពេលនោះដែរ ក៏មានការលេចឮថានឹងមានបង្កើត មជ្ឈមណ្ឌល​ទូទាត់​ប្រាក់​យន់​សម្រាប់​ការជួញដូរ​កៅស៊ូ ដែល​ជា​ការ​វាយប្រហារ​​ទៅលើ​​ប្រាក់​ដុល្លារ​អាម៉េរិក។ ហេតុអ្វីបាន អស់រយៈពេល​៥០ឆ្នាំ​ហើយ​ក្នុងទំនាក់ទំនងការទូតថែ-ចិន នេះជាលើកទីមួយហើយ ដែលព្រះមហាក្សត្រថៃ មហា វ៉ាជី្ជរ៉ា​ឡុងកន (Maha Vajiralongkorn) រាមាទី១០ ទើបតែយាងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន? តើថៃកំពុងជួបទុក្ខធំមែនទេ? មូលហេតុអ្វីបានជា មុនពេលស្ដេចថៃយាងដំណើរទៅកាន់ប្រទេសចិន បែរជាយោធាថៃហ៊ានប្រើសម្ដីគំរាមសហរដ្ឋអាម៉េរិក និងបានប្រើកម្លាំងទ័ពបាញ់ប្រហារសម្លាប់មកលើប្រជាជនកម្ពុជា?

​ព្រះមហាក្សត្រ​ថៃ បានយាងទៅកាន់ប្រទេសចិនចាប់ពី​ថ្ងៃទី​១៣ ​ដល់​ថ្ងៃទី​​១៧ ខែ​វិច្ឆិកា ឆ្នាំ២០២៥ ដែលកន្លងមកកម្រឃើញស្ដេចថៃយាងដំណើរទស្សនកិច្ចការទូតទៅក្រៅប្រទេសណាស់ ព្រោះថាគោលបំណងគឺដើម្បីនៅក្ដាប់អំណាចឱ្យណែនក្នុងប្រទេស និងដើម្បីបង្ការពីក្រុមណាមួយដែលចង់ដណ្ដើមអំណាច។ បច្ចុប្បន្នផ្ទៃក្នុងប្រទេសថៃមានក្រុមសំខាន់ៗចំនួន៦ គឺ ១) ក្រុមគាំទ្រលោកខាងលិច ដែលពេលទៅជួបលោកខាងលិចធ្វើការវាយប្រហារចិន ២) ក្រុមគាំទ្រចិន ដែលពេលទៅជួបចិនធ្វើការវាយប្រហារលោកខាងលិច ៣) ក្រុមយោធាដែលអាចប្រើកម្លាំងឈ្លានពានកម្ពុជា ៤) ក្រុមគណបក្សនយោបាយ ៥) ក្រុមក្រសួងការបរទេសឬរដ្ឋាភិបាលដែលដើរតួនាទីជាអ្នកលើកផ្លាក ដូចជា ការទូត កិច្ចសហប្រតិបត្តិការ ឃោសនាព័ត៌មានមិនពិត ជាដើម ៦) ក្រុមយុវជនជំនាន់ក្រោយដែលមិនពេញចិត្តចំពោះការប្រើអំណាចរបស់ស្ដេច។ ក្នុងចំណោមក្រុមទាំង៦នេះ គឺសុទ្ធតែស្ថិតក្រោមសិទ្ធិអំណាចរបស់ស្ដេចដែលត្រូវបានគេហៅថា ក្រុមព្រះបរមរាជវាំង ដែលមានឥទ្ធិពលគ្របដណ្ដប់ខ្លាំង។ ដូច្នេះដើម្បីគ្រប់គ្រងអំណាចឱ្យណែន ស្ដេចថៃកម្រនឹងហ៊ានចេញទៅក្រៅប្រទេសណាស់។

ភាពកម្រនៃការយាងដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកនេះ អាចបញ្ជាក់ថាជាការទាល់ច្រកមួយដែលបច្ចុប្បន្នស្ដេចថៃប្រហែលជាមិនអាចគេចខ្លួនពីទុក្ខធំបាន រហូតរត់ទៅរកពឹងចិនឱ្យជួយ។ តាមសាវតាកន្លងមកប្រទេសថៃ តែងតែប្រកាន់ខ្ជាប់នូវការទូតឫស្សី គឺឫស្សីរេទៅតាមខ្យល់បក់ ប៉ុន្តែឥឡូវនេះ ខ្យល់បក់ប៉ះថៃខ្លាំងដោយសារតែថៃឈ្លានពានកម្ពុជា។ យោងតាមការិយាល័យគោលនយោបាយសារពើពន្ធថៃបង្ហាញថា សេដ្ឋកិច្ចថៃនៅតែបង្ហាញពីភាពទន់ខ្សោយរបស់ខ្លួន។ ថៃត្រូវតែទៅរកជំនួយពីចិនជាចាំបាច់ ព្រោះថាបញ្ហាស្ថិរភាពនយោបាយរបស់ថៃបច្ចុប្បន្ន ស្ថិតនៅក្នុងស្ថានភាពវិបត្តិធ្ងន់ធ្ងរ ដូចជា ការប្រព្រឹត្តអំពើពុករលួយ ដែលនាំឱ្យមានក្រុមឆបោកច្រើនក្រុមមាននិន្នាការខុសៗគ្នាច្រើន។ ការអស់ជំនឿទុកចិត្តលើថ្នាក់ដឹកនាំ ដោយសារការភូតកុហករបស់ថ្នាក់ដឹកនាំច្រើនពេក ឬការប៉ះទង្គិចរវាងយោធានិងរដ្ឋាភិបាល ដែលត្រូវបានលាតត្រដាងកាន់តែខ្លាំង។ ជាមួយគ្នានេះដែរ ការដែលថៃទៅពឹងចិនក៏នឹងចង់ស្ដារវិស័យទេសចរណ៍ឡើងវិញផងដែរ។ សម្រាប់ប្រទេសថៃ វិស័យទេសចរណ៍បានជួយជំរុញសេដ្ឋកិច្ចថៃយ៉ាងខ្លាំង ដែលក្នុងនោះវិស័យទេសចរណ៍រួមចំណែកជាង១៥% នៃ GDP របស់ថៃ ហើយក្នុងចំណោម ប្រជាជន ៦នាក់ មាន១នាក់ពឹងផ្អែកទៅលើវិស័យនេះ។ កន្លងមក ភ្ញៀវទេសចរជនជាតិចិនបានជួយជំរុញវិស័យសេដ្ឋកិច្ចរបស់ថៃយ៉ាងខ្លាំង ដែលភ្ញៀវទេសចរជនជាតិចិនប្រចាំឆ្នាំមានជិត ១០លាននាក់(ជាង១/៣នៃភ្ញៀវទេសចរបរទេស)។ ប៉ុន្តែថ្មីៗនេះ ភ្ញៀវទេសចរជនជាតិចិនបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការកែប្រែច្បាប់កាស៊ីណូ ដែលបានធ្វើឱ្យភ្ញៀវទេសចរចិនមិនហ៊ានទៅលេង និងបញ្ហាឆបោកតាមអនឡាញបានធ្វើឱ្យភ្ញៀវទេសចរចិនមានការខ្លាចរអា ហើយពិសេសទៅទៀត គឺមានជនជាតិបរទេសជាច្រើនបានឃើញព័ត៌មានពីការចាប់ជំរិតនៅក្នុងប្រទេសថៃ។ ក្នុងស្ថានភាពបែបនេះ ធ្វើឱ្យប្រទេសថៃត្រូវបានគេហៅថាជា ចំណតកណ្តាលនៃការឆបោកនៅមីយ៉ាន់ម៉ា និងជា កប៉ាល់ពេទ្យវះកាត់តម្រងនោមនៅសមុទ្រអន្តរជាតិ។ ហេតុដូច្នេះហើយទើបព្រះមហាក្សត្រថៃចង់ចរចាសុំកិច្ចសហប្រតិបត្តិការជាមួយចិន ដើម្បីបើកជើងហោះហើរត្រង់បន្ថែម, សម្រួលទិដ្ឋាការ, និងសុំចិនឱ្យជួយផ្សព្វផ្សាយថាប្រទេសថៃមានសុវត្ថិភាព ដើម្បីទាក់ទាញភ្ញៀវទេសចរចិនឡើងវិញ។ ទន្ទឹមនឹងនេះដែរ ក្នុងខណៈពេលដែលស្ដេចថៃយាងទៅកាន់ប្រទេសចិន ផ្នែកសិកម្មថៃបានទទួលជោគជ័យភ្លាមៗបន្ទាប់ពីភាគីចិនបានសម្រេចទិញអង្ករចំនួន៥០ម៉ឺនតោនពីប្រទេសថៃ។ ក្រៅពីនេះថៃត្រូវការកម្ចីផ្លូវដែកចិន-ថៃ ផងដែរ ដែលកម្ចីផ្លូវដែកចិន-ថៃ ក្នុងដំណាក់កាលទី១ ត្រូវបានសាងសង់ជិតរួចរាល់ ហើយដំណាក់កាលទី២ ត្រូវភ្ជាប់ពីទីក្រុងបាងកកទៅឈៀងម៉ៃ ដែលអាចជួយដឹកជញ្ជូនផលិតផលកសិកម្មថៃទៅកាន់កំពង់ផែបានលឿនរហ័ស និងការនាំចេញទៅកាន់ប្រទេសចិនកាន់តែលឿនជាងមុន។

ងាកមកស្ថានការណ៍រវាងថៃនិងកម្ពុជាវិញ មុនពេលស្ដេចថៃយាងទៅកាន់ប្រទេសចិន ហេតុអ្វីកងទ័ពថៃហ៊ានបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់? នៅពេលនេះ សូមបង្ហាញសកម្មភាពអំណាច យោធារបស់ថៃចំនួន៥ គឺ ទី១) បន្តយកលេសរឿងមីន ទី២) កងទ័ពខ្មែរ១៨នាក់មិនព្រមដោះលែង ទី៣) សម្រេចចិត្តផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ទី៤) ប្រើទាហានឱ្យបាញ់ប្រហារនិងធ្វើទុក្ខបុកម្នេញទៅលើប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា និងទី៥) អំណាចយោធារបស់ថៃបានប្រកាសគំរាមដល់សហរដ្ឋអាម៉េរិកដោយបើកចំហ។

មិនមានអ្វីត្រូវឆ្ងល់ទេ ដែលស្តេចថៃយាងទៅកាន់ប្រទេសចិនក្នុងគោលបំណងសំខាន់នោះ។ ស្ដេចថៃយាងទៅរកចិនឱ្យជួយ គឺបង្ហាញនូវសកម្មភាពអំណាចរបស់យោធាថៃដែលនឹងធ្វើឱ្យស្ដេចថៃទទួលបានផលប្រយោជន៍៧ គឺ ទី១) ចំណាប់អារម្មណ៍បញ្ហាព្រំដែន គឺជារឿងរបស់ស្ដេចថៃ ហើយកម្លាំងទ័ពអាចបង្ក្រាបក្រុមណាដែលចង់បះបោរផ្ដួលរលំរបបរាជានិយម។ ទី២) បើថៃចាញ់គឺមិនបាត់បង់ដីទេ តែបើថៃឈ្នះវិញគឺអាចចំណេញដីពីកម្ពុជាបាន ឯក្រុមនយោបាយថៃក៏អាចទទួលបានសន្លឹកឆ្នោតដែលគាំទ្រច្រើនពីប្រជាពលរដ្ឋថៃផងដែរ ទី៣) អាជីវកម្មរបស់ស្ដេចថៃបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការបិទព្រំដែននិងការធ្វើពហិការបស់ប្រជាជនកម្ពុជា បូករួមនឹងការបិទព្រំដែនរបស់មីយ៉ាន់ម៉ាផងនោះ បានធ្វើឱ្យស្ដេចថៃត្រូវតែយាងទៅកាន់ប្រទេសចិន ដើម្បីរកទីផ្សារបន្ថែមជំនួសឱ្យទីផ្សារកម្ពុជា ទី៤) សេដ្ឋកិច្ចរបស់ថៃកំពុងតែដាំក្បាលចុះខ្លាំង ដូច្នេះថៃមានតែវិធីទៅរកជំនួយពីចិនប៉ុណ្ណោះ ទី៥) ចិនជួយទប់ទល់នឹងសម្ពាធនានារបស់សហរដ្ឋអាម៉េរិក ទី៦) ស្ដេចថៃទៅចិនគឺដើម្បីពិភាក្សារឿងទាញប្រយោជន៍ផ្ទាល់ខ្លួនរវាងប្រទេសទាំងពីរជាជាងពិភាក្សាជំរុញឱ្យមានដំណោះស្រាយសន្តិភាពព្រំដែនរវាងកម្ពុជានិងថៃ (ថៃបញ្ចប់ការឈ្លានពានកម្ពុជា ប្រាកដណាស់គឺមានដំណោះស្រាយ ឯចិននឹងប្រើភាសាការទូតដោយគាំទ្រភាគីទាំងពីរឱ្យដោះស្រាយដោយសន្តិវិធី ឬការទូត) ទី៧) ស្ដេចថៃនៅតែបន្តកាន់អំណាច និងជាមនុស្សតែម្នាក់គត់ដែលអាចសម្រេចឱ្យបញ្ហាទាំងឡាយនៅក្នុងប្រទេសត្រូវបានបន្ធូរបន្ថយ ឬបង្កើនភាពតានតឹងជាមួយភាគីពាក់ព័ន្ធនៅពេលយាងត្រឡប់មកវិញ។​

សារៈសំខាន់នៃភូមិសាស្រ្តនយោបាយរបស់ប្រទេសថៃ បានធ្វើឱ្យសហរដ្ឋអាម៉េរិកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រទេសថៃ បើទោះបីជាថៃមានបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជាពិសេសការប្រើអំណាចរបស់ស្ដេចថៃក៏ដោយ។ ការយាងដំណើររបស់ស្ដេចថៃទៅកាន់ប្រទេសចិនបានធ្វើឱ្យថ្នាក់ដឹកនាំចិនមានការរីករាយយ៉ាងខ្លាំង នេះជាសញ្ញានៃតម្រូវការរបស់ថៃដែលត្រូវបានចិនជាខ្នងបង្អែក។ ចំណែកថៃវិញ ការយាងដំណើរទស្សនកិច្ចរបស់ស្ដេចថៃទៅសុំជំនួយពីចិននេះ មិនមែនមានន័យថា ថៃកាត់ផ្ដាច់ចំណងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាម៉េរិកនោះទេ ប៉ុន្តែស្ដេចថៃបាននិយាយពីផលប្រយោជន៍ទ្វេភាគី ដែលរួមទាំងនិយាយពីការទប់ទល់នឹងសម្ពាធរបស់សហរដ្ឋអាម៉េរិកផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ចិនគឺមិនអាចបោះបង់កម្ពុជា ហើយក៏មិនកាន់ជើងថៃទាំងស្រុងនោះដែរ។ បើគិតពីស្ថិរភាពនៅក្នុងតំបន់ ចិនក៏មិនចង់ឱ្យមានសង្គ្រាមកើតឡើងនោះដែរ ព្រោះថា សង្គ្រាមនឹងបំផ្លាញខ្សែចង្វាក់ផលិតកម្មសេដ្ឋកិច្ចរបស់ចិន។ ណាមួយមិនប្រាកដថាចិនគាំទ្រឱ្យថៃឈ្លានពានកម្ពុជានោះទេ ព្រោះថាថៃទៅលេងផ្ទះរបស់ចិន ឯចិនជារឿងធម្មតាទេក្នុងនាមជាអ្នកម្ចាស់ផ្ទះដែលត្រូវទទួលភ្ញៀវ គឺភ្ញៀវរបស់ខ្ញុំ ខ្ញុំត្រូវតែស្វាគមន៍។ ហេតុផលមួយទៀត គឺស្ដេចថៃយាងទៅប្រទេសចិន មិនមែនមេដឹកនាំចិនទៅប្រទេសថៃនោះទេ។ ចំពោះជំហរជម្លោះព្រំដែនកម្ពុជា-ថៃ ចិននឹងបង្ហាញពីសកម្មភាពគាំទ្រ ការទូតសន្តិភាព ដោយជួយសម្រុះសម្រួល  ខណៈដែលចិនបានថ្លឹងថ្លែងចំពោះផលប្រយោជន៍សន្តិសុខសេដ្ឋកិច្ច។ ប៉ុន្តែបើគ្មានជម្រើសចិនប្រាកដជាបន្ធូរបន្ថយ យកចិត្តទុកដាក់ដល់បញ្ហាប្រទេសផ្សេងៗ ប៉ុន្តែផ្ដោតលើប្រយោជន៍ផ្ទាល់ខ្លួនជំនួស ដូចជា បញ្ហាជម្លោះពាណិជ្ជកម្ម បញ្ហាតៃវ៉ាន់ ឬសមុទ្រចិនខាងត្បូងជាដើម។ ទោះជាយ៉ាងនេះក្ដី គេអាចគិតថា នៅពេលស្ដេចថៃមិនទាន់យាងទៅចិនគឺថៃឈ្លានពានកម្ពុជា ហើយបើស្ដេចថៃត្រឡប់មកពីចិនវិញ ថៃនៅតែបន្តការឈ្លានពានកម្ពុជាទៀត នោះសរបញ្ជាក់ថា ចិនមិនបានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនរារាំងមិនឱ្យថៃឈ្លានពាន   កម្ពុជានោះទេ ហើយស្ថានការដុតកំដៅភូមិសាស្រ្តនយោបាយក៏កាន់តែរីកធំខ្លាំងឡើង។

សរុបមកការយាងដំណើរទស្សនកិច្ចរបស់ស្ដេចថៃទៅកាន់ប្រទេសចិន មិនមែនជាការកាត់ផ្ដាច់ឬជ្រើសរើស ចិន ហើយបោះបង់សហរដ្ឋអាម៉េរិកនោះទេ ប៉ុន្តែសកម្មភាពរបស់ស្ដេចថៃយាងទៅកាន់ចិន និងសកម្មភាពដែលថៃបានឈ្លានពានមកលើកម្ពុជានឹងធ្វើឱ្យកំដៅភូមិសាស្រ្តនយោបាយនៅតំបន់កើនឡើង។ ការយាងរបស់ស្ដេចថៃទៅចិន គឺជាការបង្ហាញពីភាពចុះខ្សោយខ្លាំងរបស់ប្រទេសថៃ។ ភាពចុះខ្សោយរបស់ថៃ បានធ្វើឱ្យថៃរត់ទៅរកកម្លាំងជំនួយពីចិន និងដើម្បីរកវិធីទប់ស្កាត់ការគាបសង្កត់របស់សហរដ្ឋអាម៉េរិក។ ការចុះខ្សោយកាន់តែខ្លាំងថែមទៀត គឺថៃជ្រើសរើសយកមហាអំណាចតែមួយដាច់ខាត រីឯកម្ពុជាដើរលើផ្លូវវិជ្ជមានតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់។ សម័យកាលបច្ចុប្បន្ន មិនដូចពីសម័យបុរាណនោះទេ ដែលអ្នកមានកម្លាំងខ្លាំងអាចធ្វើការឈ្លានពានយកអធិបតេយ្យភាពរបស់ប្រទេសដទៃ ហើយក្នុងស្ថានភាពនៃជម្លោះនេះគឺប្រទេសថៃបានដើរនៅលើផ្លូវខុសធ្ងន់នៅពេលឈ្លានពានប្រទេសកម្ពុជា ហើយការដែលយោធាថៃគំរាមដល់សហរដ្ឋអាម៉េរិក មិនត្រឹមតែជានយោបាយការបរទេសផ្ដាច់ផ្លូវខ្លួនឯងនោះទេ តែថែមទាំងជាការកសាងឱកាសល្អដល់កម្ពុជាដោយបង្កើតផ្លូវបន្ថែមឱ្យសហរដ្ឋអាម៉េរិកបង្វែរការគិតគូរមកដល់ប្រទេសកម្ពុជាកាន់តែខ្លាំង៕

 

***បញ្ជាក់៖ ទស្សនៈខាងលើ គឺជាការយល់ឃើញរបស់ស្មេរផ្ទាល់ និងមិនឆ្លុះបញ្ចាំងពីទស្សនៈរួមរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ។