សេចក្តីផ្តើម
ក្នុងរយៈពេល៦៧ឆ្នាំនេះ ប្រទេសកម្ពុជានិងចិនបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍយ៉ាងធំធេងនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ដោយបានពូនជ្រំទំនាក់ទំនងនេះឱ្យមានភាពស្រស់បំព្រងនិងរីកចម្រើនកាន់តែរាំងមាំឥតឈប់ឈរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតជាមួយគ្នា។ ទោះបីជា ស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយ ក៏ភាគីទាំងពីរនឹងអភិវឌ្ឍឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពយូរអង្វែងរបស់ខ្លួន និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក្នុងគោលលបំណងលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា ចិន ប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់និងស្តង់ដាខ្ពស់ក្នុងយុគសម័យថ្មី ដើម្បីជាការបង្ហាញអំពីសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះតំបន់ភាវូបនីយកម្មដែលបើកចំហ ដើម្បីឈានទៅការកសាង សន្តិភាព សុវត្ថិភាព សន្តិសុខ វិបុលភាព ភាពស្រស់បំព្រង និង មិត្តភាពនៅក្នុងតំបន់និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន ចិន ដើម្បីកសាងសហគមន៍វាសនារួមអាស៊ាន ចិន ឱ្យកាន់តែជិតស្និទ្ធថែមទៀត។ភាគីទាំងពីរឯកភាពគ្នា បង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយ និងជាតួអង្គមួយដ៏សំខាន់ក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍតំបន់ឱ្យកាន់តែជិតស្និទ្ធថែមទៀត។
ភាគីទាំងពីរឯកភាពគ្នាប្រកាន់ខ្ជាប់នូវពហុភាគីនិយមពិទប្រាកដ។ ដោយឡែកភាគីកម្ពុជាកោតសរសើរចំពោះតួនាទីមានលក្ខណៈស្ថាបនារបស់ចិន ក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍជាសាកល ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមក្នុងកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមសកលដើម្បីឆ្ពោះទៅរកការអនុវត្ត ឱ្យបានឆាប់នូវរបៀបវារៈរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍឱ្យប្រកបដោយចីរភាព។ កម្ពុជាគាំទ្រគំនិតផ្តួចផ្តើមសន្តិសុខសកល និង គំនិតផ្តួចផ្តើមអរិយធម៌សកល ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយចិន ស្តីពី អភិបាលកិច្ច សន្តិសុខសកល ឆ្ពោះទៅសម្រេចបានសន្តិសុខរួមប្រកបដោយចីរភាព សហប្រតិបត្តិការ និងគ្រប់ជ្រុងជ្រោយនិងប្រកាន់ខ្ជាប់នូវគុណតម្លៃរួមរបស់មនុស្សជាតិ ដូចជាសន្តិភាព ការអភិវឌ្ឍ សមធម៌ យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ហើយបានអនុវត្តក្នុងរយៈពេល៣ឆ្នាំមកនេះ បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការពង្រីកនូវការផលិតកម្ម ទាក់ទាញវិនិយោគិន និងលើកកម្ពស់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា និងបណ្តាប្រទេសជាដៃគូឱ្យកើនឡើងទ្វេដង។
តើកិច្ចព្រមព្រៀង RCEP ជាអ្វី?
កិច្ចព្រមព្រៀង RCEP នេះសំខាន់ ដោយសារតែវាបង្កើតបទបញ្ញត្តិពាណិជ្ជកម្មថ្មី សម្រាប់តំបន់ ហើយមានការគាំទ្រពីប្រទេស ចិន ជប៉ុន កូរ៉េខាងត្បូង ដែលជាប្រទេសមានសេដ្ឋកិច្ចរីកលូតលាសខ្លាំងទាំងនៅក្នុងតំបន់និងពិភពលោក។ បច្ចុប្បន្ន រដ្ឋសមាជិក RCEP គឺមកពីប្រទេសចំនួន ១៥ អាចនិយាយបានថា ជារដ្ឋសមាជិកដែលមានភាពខុសប្លែកគ្នាខាងការអភិវឌ្ឍនៃសេដ្ឋកិច្ចសង្គម ខាងតម្រូវការនិងទម្លាប់ប្រើប្រាស់ ខាងទំនៀមទម្លាប់ប្រពៃណី និងខាងរូបមន្តអភិវឌ្ឍន៍ជាដើម។ ការធ្វើកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិក RCEP គឺមិនត្រូវបានតម្រូវឱ្យធ្វើតាមរូបមន្តឬស្តង់ដាតែមួយនោះទេ ពោលគឺគោរពភាពខុសប្លែកគ្នានៃប្រទេសនីមួយៗ ហើយស្វែងរកចំណុចប្រសព្វគ្នានៃផលប្រយោជន៍រួម។ យើងអាចជឿជាក់បានថា ស្របនឹងការលើកកម្ពស់សមត្ថភាពអនុវត្តកិច្ចព្រមព្រៀងរបស់រដ្ឋសមាជិកនានា កិច្ចព្រមព្រៀង RCEP នឹងមានភាពកាន់តែចាស់ទុំឡើង ដែលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់រួមចំណែក ដល់ការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោកជាមិនខាន។
ហេតុអ្វីបានជាកិច្ចព្រមព្រៀង RCEP មានសារៈសំខាន់សម្រាប់កម្ពុជា?
ព្រមព្រៀង RCEP បានចាប់ផ្តើមការចរចាជុំដំបូងរបស់ខ្លួននៅក្នុងឆ្នាំ២០១២ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសអាស៊ានទាំង ១០ រួមជាមួយនឹងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលហ្សេឡង់ ដែលមានវិសាលភាពធំល្វឹងល្វីយលាតសន្លឹងពីអាស៊ីខាងកើតមកដល់អាស៊ីអាគ្នេយ៍ ហើយបន្តរហូតដល់ទ្វីបអូសេអានី។ កិច្ចព្រមព្រៀងនេះរួមបញ្ចូលប្រជាពលរដ្ឋប្រហែល ២,២ពាន់ លាននាក់ ឬ ៣០% នៃប្រជាជនលើពិភពលោក ហើយមានផលិតផលក្នុងស្រុកសរុប GDP ប្រហែល ៣០% នៃ GDP សរុបនៅលើពិភពលោក ឬស្មើនឹង២៦,៦ ទ្រីលានដុល្លារសហរដ្ឋអាម៉េរិក និងមានទំហំសេដ្ឋកិច្ច១២,៧ ទ្រីលានដុល្លារសហរដ្ឋអាម៉េរិកនៃពាណិជ្ជកម្មសកលកើនឡើង ៧,៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ហើយល្បឿនកំណើននេះ គឺលឿនជាងកំណើននៃទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងអឺរ៉ុប ចិននិងអាមេរិកទៀតផង។
ភូមិសាស្រ្តនយោបាយរបស់ RCEP
កិច្ចព្រមព្រៀងនេះ ពង្រឹងមហិច្ឆតាភូមិសាស្ត្រនយោបាយទូលំទូលាយរបស់ប្រទេសចិន និងសមាជិកទាំងអស់នៅក្នុងនៅក្នុងតំបន់ដើម្បីត្រៀមខ្លួនប្រកួតប្រជែងជាមួយតំបន់ផ្សេងទៀតនៅលើឆាកអន្តរជាតិ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានគ្របដណ្តប់ចំនួនប្រជាជនច្រើនជាងគេ មានរចនាសម្ព័ន្ធរដ្ឋសមាជិកដ៏សម្បូរបែបជាងគេ មានទំហំសេដ្ឋកិច្ច និងពាណិជ្ជកម្មធំជាងគេ និងមានសក្តានុពលខ្លាំងជាងគេ ការចូលជាធរមាន របស់កិច្ចព្រមព្រៀង RCEP បានបង្កើតកាលានុវត្តភាពថ្មី សម្រាប់ធ្វើឱ្យកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ទទួលបានការអភិវឌ្ឍកាន់តែស៊ីជម្រៅ។ កិច្ចព្រមព្រៀង RCEP បានកើតឡើងបន្ទាប់ពី ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) បានដល់ទីបញ្ចប់ នេះជាឱកាសមួយនាំឱ្យមានវត្តមានរបស់កិច្ចព្រមព្រៀង RCEP មកជំនួសដំណែងរបស់ ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលបានផ្តល់ឱ្យប្រទេសចិន និងប្រទេសជាសមាជិក RCEP នូវផលចំណេញក្នុងការកំណត់លក្ខខណ្ឌពាណិជ្ជកម្ម ថ្មីមួយជាប្រវត្តិសាស្រ្ត និងភូមិសាស្រ្តនយោបាយសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល។ ម្យ៉ាងទៀត RCEP ប្រកាន់ភ្ជាប់នូវការគាំពារសកលភាវូបនីយកម្ម ប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី និងសេដ្ឋកិច្ចពិភពលោក តំបន់បើកចំហ ដែលជា កម្លាំងចលករដ៏សំខាន់មួយក្នុងការឆ្លើយតបនឹងនិន្នាការគោលនយោបាយគាំពារនិយមនិងឯកតោភាគីនិយម។
ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជានិងចិន
ទំនាក់ទំនងការទូតជាផ្លូវការរវាងកម្ពុជា និងចិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ប៉ុន្តែជាទិដ្ឋភាពប្រវត្តិសាស្ត្រ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានកើតមានឡើងតាំងពីសតវត្សរ៍ទី១៣មកម្ល៉េះ។ ក្នុងនាមជាប្រទេសជិតខាង និងដៃគូជិតស្និទ្ធជាប្រពៃណី ប្រទេសកម្ពុជា និងចិនបានលើកកម្ពស់និងថែរក្សាចំណងមិត្តភាព «ដែកថែប» ដែលមិនអាចបំបែកបានរបស់ខ្លួន ដោយបានឆ្លងកាត់ការសាកល្បងពេលវេលា និងការលំបាកជាច្រើនជាប្រវត្តិសាស្ត្រ។
ចំណងការទូតរវាងមិត្តភាពកម្ពុជានិងចិន កាន់តែស្អិតល្មួត លើគ្រប់វិស័យទាំងសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ ភាគីទាំងពីរតែងគាំទ្រគ្នាទៅវិញទៅមកទាំងលើវេទិកាអន្តរជាតិនានាដែរ។ ទំនាក់ទំនងនេះចេះតែរីកចម្រើនរហូតមេដឹកនាំប្រទេសទាំងពីរ សម្រេចដំឡើងទំនាក់ទំនងនេះទៅជាទំនាក់ទំនង «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅក្នុងឆ្នាំ២០១០ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ នៅឆ្នាំ២០២៣។
គេអាចនិយាយបានថានៅក្នុងឆ្នាំ២០២៥ គឺឆ្នាំនៃការប្រារព្ធពិធីខួបលើកទី៦៧ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរក៏បានកំណត់ ឆ្នាំ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ស្របពេលជាមួយគ្នានេះ កម្ពុជានិងចិន ក៏បានប្តេជ្ញាចិត្តនៅក្នុងការពង្រឹងបន្ថែមនៅលើក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីធ្វើយ៉ាងណាឱ្យកាន់តែមានភាពប្រសើរឡើងនៅទំនាក់ទំនងទ្វេភាគី និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍ជោគវាសនារួមរបស់កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី។
គួររម្លឹកថា យោងតាមសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងចិន ដែលចេញផ្សាយនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា មានកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន១២ ត្រូវបានចុះហត្ថលេខារួមមាន៖ វិស័យ កិច្ចការបរទេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការនាំចេញកសិផលទៅកាន់ប្រទេសចិន ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយ និងការការពារបេតិកភណ្ឌវប្បធម៌ ជាដើម។ ជាពិសេស ភាគីទាំងពីរបានឯកភាពគ្នាបង្កើត «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ » ដែលមានវិស័យអាទិភាពចំនួនប្រាំមួយរួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពនិងគុណភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
សព្វថ្ងៃនេះភាគីទាំងពីរ បានតម្លើងទំនាក់ទំនងការទូតរបស់ខ្លួនដល់កម្រិតខ្ពស់បំផុត កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រកម្ពុជា-ចិន។កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រថ្មី និងទំនាក់ទំនង ដ៏ល្អដែលមានស្រាប់រវាងកម្ពុជានិងចិន នាំមកនូវការរំពឹងទុកដ៏ធំធេង និងសុទិដ្ឋិនិយមដ៏អស្ចារ្យសម្រាប់កម្ពុជា។ ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចកំពុងមានសម្ទុះ និងភាពធន់នៃសេដ្ឋកិច្ចក៏កាន់តែត្រូវបានពង្រឹង។ វិស័យអាទិភាពទាំងប្រាំមួយ ឆ្លើយតបយ៉ាងឥតខ្ចោះចំពោះតម្រូវការជាក់ស្តែងនិងទាន់ពេលវេលារបស់កម្ពុជា និងធ្វើសមាហរណកម្មចូលជ្រៅទៅក្នុងព្រមព្រៀង RCEP។
ការអនុវត្តកិច្ចព្រមព្រៀង RCEP របស់ប្រទេសទាំងពីរ នឹងនាំមកនូវកាលានុវត្តភាពថ្មីដល់កិច្ចសហប្រតិបតិ្តការ រវាងកម្ពុជានិងចិន ឈរនៅផ្លូវចាប់ផ្តើមថ្មី ផ្លូវនៃកិច្ចសហប្រតិបតិ្តការរវាងកម្ពុជា និងចិន ឱ្យមានភាពកាន់តែទូលំទូលាយ ព្រមនឹងបំផុសសក្តានុពលអភិវឌ្ឍន៍កាន់តែខ្លាំង ដើម្បីសម្រេចបាន នូវការផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះដ៏ពិតប្រាកដ។
ទស្សនៈវិស័យកម្ពុជាចំពោះ RCEP
ពាក់ព័ន្ឋនឹងការធ្វើសមាហរណកម្មកម្ពុជា ទំាងផ្នែកនយោបាយនិងពាណិជ្ជកម្មនៅក្នុងតំបន់និងសកលោក ការចូលជាសមាជិកអាស៊ានសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO) ការចូលជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើមសុទ្ឋសឹងតែជាស្ពានតភ្ជាប់សេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជា ទៅក្នុងតំបន់និងសកលលោក ដើម្បីទ្រទ្រង់វិស័យពាណិជ្ជកម្មក្នុងប្រទេស និងពាណិជ្ជកម្មអន្តរជាតិ ទាក់ទាញអ្នកវិនិយោគតាមរយៈការបង្កើតបរិស្ថានធុរកិច្ច ប្រកបដោយភាពជឿទុកចិត្ត និងតម្លាភាពមានដូចជា ច្បាប់ស្តីវិធានកំណើតទំនិញ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡេចត្រូនិច ច្បាប់ស្តីពីការប្រកួតប្រជែង។
កម្ពុជាក៏បានបញ្ជាក់យ៉ាងច្បាស់ អំពីការវិលត្រឡប់មកវិញនៃពហុភាគីនិយម ការចូលរួមរបស់កម្ពុជាក្នុងកិច្ចព្រមព្រៀងនេះ បានបង្ហាញអំពីការប្តេជ្ញាចិត្តរួមរបស់អាស៊ីប៉ាស៊ីហ្វិក ចំពោះវិបុលភាពរួម ការរស់នៅជាមួយគ្នាដោយសន្តិសហវិជ្ជមាន និងការស្តារឡើងវិញគ្រប់ជ្រុងជ្រោយក្រោយពីវិបត្តិជំងឺកូវិដ-១៩ ដោយផ្អែកលើពាណិជ្ជកម្មសេរី និងច្បាប់ជាគោល។
តើកម្ពុជាអាចទទួលបានផលប្រយោជន៍អ្វីខ្លះ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP នេះ ត្បិតកម្ពុជាជាប្រទេសតូច មានប្រជាជនតិច និងសេដ្ឋកិច្ចអន់ថយជាងប្រទេសសមាជិកដទៃ? «ក្នុងបរិបទ សមាជិក RCEP ដូចប្រទេសដទៃដែរ។ កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទេ្វភាគីស្រាប់ជាមួយចិន និងជាមួយកូរ៉េខាងត្បូង ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងក្របខណ្ឌតំបន់អាស៊ាន (Intra-ASEAN) ដូចគ្នា។
សម្តេច ហ៊ុនសែនបានថ្លែងថា ក្នុងនាមជាប្រធានផ្លាស់វេនអាស៊ានឆ្នាំ២០២២ កម្ពុជានឹងបន្តខិតខំប្រឹងប្រែងផ្តោតការយកចិត្តទុកដាក់បន្ថែម លើការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងអាស៊ាននិងចិន ឱ្យកាន់តែទូលំទូលាយនិងស៊ីជម្រៅបន្ថែមទៀត។ កម្ពុជា បាននិងកំពុងបន្តរិះរកដៃគូពាណិជ្ជកម្មសក្តានុពល ក្នុងការធ្វើពិពិធកម្មពាណិជ្ជកម្មសេរីឱ្យបានកាន់តែច្រើន ដើម្បីអនុញ្ញាតឱ្យកម្ពុជាជំរុញការនាំចេញ បង្កើនភាពប្រកួតប្រជែង និងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ តួយ៉ាងដូចជាការចុះកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី RCEP នេះជាដើម»។ ផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជា នៅក្នុងកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី RCEP រួមមាន៖
ទី១៖ ការបើកទូលាយទីផ្សារនាំចេញរបស់កម្ពុជា ដោយបន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់។
ទី២៖ ការវិនិយោគដោយផ្ទាល់ពីបរទេស ដូចជាពី ចិន ជប៉ុន និងកូរ៉េខាងត្បូង ដែលអាចជាចលករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ងើបពីផលប៉ះពាល់សេដ្ឋកិច្ចដោយជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល។
ទី៣៖ ការទទួលបានព័ត៌មានចែករំលែកថ្មី ដែលឈានដល់ការអភិវឌ្ឍធនធានមនុស្ស ជាស្នូលនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាពតាមលក្ខខណ្ឌកម្លាំងពលកម្មជំនាញ និងពាក់កណ្តាល ជំនាញសម្រាប់បំពេញតម្រូវការទីផ្សារ ក្នុងស្រុក តំបន់ និងអន្តរតំបន់ ហើយអាចទាញអត្ថប្រយោជន៍បានកាន់តែច្រើន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កម្ពុជាត្រូវត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់ និងត្រូវដោះស្រាយបញ្ហាប្រឈមមួយចំនួន ដើម្បីអាចទាញផលចំណេញពី RCEP ឱ្យបានជាអតិបរមាដូចខាងក្រោម៖
ក. កម្ពុជាត្រូវបន្តពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច បម្រើដល់ការសម្រួលក្នុងការដឹកជញ្ជូន ដែលក្នុងន័យនេះអាចឈានដល់ការកាត់បន្ថយតម្លៃសម្រាប់ការដឹកជញ្ជូន និងថ្លៃដើមសង្វាក់ផលិត កម្ម។
ខ. កម្ពុជាគួរប្តេជ្ញាអភិវឌ្ឍធនធានមនុស្ស រួមមានអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងពាក់កណ្តាល ជំនាញ ដែលអាចប្រកួតតប្រជែងក្នុងទីផ្សារការងារ ក៏ដូចជាក្នុងសង្វាក់ផលិតកម្ម។
គ. កម្ពុជាត្រូវពង្រឹងបន្ថែម លើនិតិវិធីវិនិយោគ សំដៅដល់ការធានា និងការសម្រួលបរិយាកាសវិនិយោគឱ្យមានភាពប្រសើរឡើង ទាំងក្នុងស្រុក និងពីបរទេស ដែលជាដើមទុនយ៉ាងសំខាន់សម្រាប់ជំរុញម៉ាស៊ីនសេដ្ឋកិច្ចជាតិ។
ផលប៉ះពាល់ RCEP មកលើកម្ពុជា
ចំណងការទូតរវាងមិត្តភាពកម្ពុជានិងចិន កាន់តែស្អិតល្មួត លើគ្រប់វិស័យទាំងសេដ្ឋកិច្ច នយោបាយ និងវប្បធម៌។ ភាគីទាំងពីរតែងគាំទ្រគ្នាទៅវិញទៅមកទាំងលើវេទិកាអន្តរជាតិនានាដែរ។ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងចិន ចេះតែរីកចម្រើនរហូតមេដឹកនាំប្រទេសទាំងពីរ សម្រេចដំឡើងទំនាក់ទំនងនេះទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។
កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ កំពុងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសជាសមាជិក។ កិច្ចព្រមព្រៀងនេះក៏អនុញ្ញាតឱ្យប្រទេសជាសមាជិក ទទួលបានផលប្រយោជន៍ពី ឱកាសអភិវឌ្ឍន៍របស់ប្រទេសចិនដែរ។
សម្រាប់កម្ពុជា អាចប្រឈមនឹងការប្រកួតប្រជែងជាមួយប្រទេសជាសមាជិក ចំពោះការផលិតជាមួយនឹងប្រទេសជិតខាង ដោយការផលិតរបស់កម្ពុជាបច្ចុប្បន្ន នៅតែមានការចំណាយថ្លៃដើមខ្ពស់ជាងគេប្រទេសជិតខាង។ ដោយសារតែ ប្រទេសជិតខាងអាចផលិតបានក្នុងតម្លៃធូរថ្លៃជាងកម្ពុជា និងក្នុងបិរមាណច្រើនស្របតាមតម្រូវការនេះហើយ ទើបគេអាចមើលឃើញជាក់ស្ដែងថា បច្ចុប្បន្នការហូរចូលទំនិញម្ហូបអាហារទំនិញប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ជីវភាពរបស់ប្រជាជន ដែលហូរចូលមកពីប្រទេសជិតខាងនៅតែបន្ដកើតមានច្រើននៅកម្ពុជា។
បញ្ហាដែលត្រូវបន្ដដោះស្រាយនោះ គឺកម្ពុជាត្រូវពង្រឹងសមត្ថភាពផលិត និងបង្កើតប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការផលិតរ ដូចជាការសម្រួលតម្លៃទឹក ភ្លើងអគ្គិសនីឱ្យនៅកម្រិតទាប និងមានថាមពលប្រើប្រាស់គ្រប់គ្រាន់ យកចិត្តទុកដាក់បន្ថែមទៀតលើផ្នែកទូរគមន៍និងអ៊ីនធើណែត ឱ្យបានទូលាយ និងមានល្បើនក្នុងការធ្វើទំនើបកម្មនៃពាណិជ្ជកម្ម មធ្យោបាយដឹកជញ្ជូនត្រូវអភិវឌ្ឍន៍ថែមទៀត ដើម្បីឱ្យការដឹកជញ្ជូនគួរមាន ការពង្រីកបន្ថែមនូវការដឹកជញ្ជួនតាមផ្លូវទឹកនិងផ្លូវដែក ដែលមានតម្លៃទាបជាងនេះនិងប្រើប្រាស់ពេលវេលាតិចជាងមុន។
សេចក្តីសន្និដ្ឋាន
កិច្ចព្រមព្រៀង RCEP ប្រាកដណាស់នឹងផ្តល់ផលចំណេញមកឱ្យកម្ពុជា អាចនិយាយបានថា ទាំងក្នុងបរិបទសេដ្ឋកិច្ច និងបរិបទនយោបាយក៏ប៉ុន្តែកម្ពុជាត្រូវតែព្យាយាមកែសម្រួល និងបន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីអាចទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP នេះជាអតិបរមា ដើម្បីកម្ពុជា អាចទាញយកនូវអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនេះជាអតិបរមា និងឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ដើម្បីក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ កម្ពុជាត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដើម្បីប្រកួតប្រជែងទំនិញកម្ពុជាជាមួយប្រទេសជាសមាជិកទាំងនៅក្នុងតំបន់និងនៅលើទីផ្សារអន្តរជាតិ។
បណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា!
RAC Media