ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ សង្គមខ្មែរមានវប្បធម៌ចែករំលែកសុខនិងទុក្ខជាមួយគ្នា ដែលអ្នកនយោបាយគួររក្សាវប្បធម៌ដ៏ល្អនេះ

នៅក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារ មានមរណទុក្ខ ដោយសារការបាត់បង់មរណភាពរបស់ឯកឧត្ដម ឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន គណបក្សនយោបាយមាននិន្នាការប្រឆាំងចំនួន២ ក្នុងសម្ព័ន្ធឆ្ពោះទៅអនាគត គឺគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានយកកម្រងផ្កាទៅរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ បន្ថែមពីនេះ គណបក្សប្រឆាំងផ្សេងទៀតក៏បានធ្វើលិខិតចូលរួមស​ម្ដែងមរណទុក្ខផងដែរ ចំពោះការបាត់បង់បងប្រុសបង្កើតរបស់សម្ដេចប្រធានគណបក្ស។ ចំពោះករណីនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានកត់សម្គាល់ថា ការចូលរួមរំលែកទុក្ខពីសំណាក់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ទៅកាន់សម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្ដម ឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាឥរិយាបថនយោបាយដ៏ល្អមួយ ដែលបានឆ្លុះបញ្ចាំងអំពីវប្បធម៌នៅក្នុងសង្គមខ្មែរពិតប្រាកដ ដែលនៅក្នុងសង្គមខ្មែរ តែងតែមានការចែករំលែកសេចក្ដីសុខ និងសេចក្ដីទុក្ខគ្នាទៅវិញទៅមក ពិសេសនៅក្នុងឱកាសមរណទុក្ខ។ ដូច្នេះហើយ ការចូលរួមរបស់គណបក្សទាំងពីរ បានបង្ហាញថា ទោះបីជាអ្នកនយោបាយគណបក្សទាំងពីរ ដែលស្ថិតនៅក្នុងសម្ព័ន្ធភាពប្រឆាំងរាជរដ្ឋាភិបាល​នៅក្នុងទស្សនៈនយោបាយ​ក៏ដោយក្ដី ក៏អ្នកនយោបាយនៃគណបក្សទាំងពីរបានយល់ដឹងអំពីវប្បធម៌ និងទំនៀមទម្លាប់ខ្មែរ ហើយនៅក្នុងករណីលើកនេះ អ្នកនយោបាយគណបក្សប្រឆាំងទាំងពីរពុំបានប្រកាន់ទស្សនៈប្រឆាំងប្ដូរផ្ដាច់នៅក្នុងនយោបាយ មកលូកឡំនៅក្នុងប្រពៃណីទំនៀមទម្លាប់ឡើយ។ ចំណុចនេះ បានឆ្លុះបញ្ចាំងអំពីឥរិយាបថថ្មីមួយ ដែលអ្នកនយោបាយខ្មែរ​ពិត​ជាយល់ដឹង និងចេះរស់នៅក្នុងទំនៀមទម្លាប់ប្រពៃណីយោគយល់ និងចែករំលែកសេចក្ដី​ទុក្ខគ្នា។

បើតាមលោកបណ្ឌិត យង់ ពៅ ប្រការនេះបានបង្ហាញរូបភាពថា អ្នកនយោបាយខ្មែរនៅក្រៅរដ្ឋាភិបាល បានចាប់ផ្ដើមសម្របខ្លួនទទួលយកប្រពៃណីទំនៀមទម្លាប់ ក្នុងនាមប្រជាជាតិខ្មែរដូចគ្នា ជាជាងការប្រកាន់ជំហរប្រឆាំងឬយកគ្នាជាគូបដិបក្ខនៅគ្រប់ទិដ្ឋភាព និងគ្រប់ពេលវេលាដូចពេលកន្លងមក។

ខណៈដែលអ្នកនយោបាយខ្មែរបានបង្ហាញភាពចុះសម្រុងនៅក្នុងប្រពៃណី និងទំនៀម​ទម្លាប់ខ្មែរ លោកបណ្ឌិត បានកត់សម្គាល់ថា ការធ្វើនយោបាយគួរតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជែងគ្នានៅក្នុងទស្សនៈនយោបាយអភិវឌ្ឍជាតិ ជាជាងការប្រកាន់គ្នា​ជាសត្រូវស៊ីសាច់ហុតឈាមគ្នា។ លោកបណ្ឌិតបន្តថា នៅពេលប្រកួតប្រជែងដើម្បីស្វែងរក​ការគាំទ្រ អ្នកនយោបាយគួរបង្ហាញគោលនយោបាយ និងទស្សនៈនយោបាយ ដែលគណបក្សរៀងៗខ្លួនបានលើកឡើង តែពេលវេលាផ្សេងៗទៀតដូចជាពេលវេលាធ្វើបុណ្យទាន ឬ​ក្នុងឱកាសមរណទុក្ខ បុណ្យប្រពៃណី ទំនៀមទម្លាប់ផ្សេងៗ អ្នកនយោបាយខ្មែរគួរតែយោគ​យល់និងអត់ឱនឱ្យគ្នាទៅវិញទៅមក ហើយសម្ដែងមរណទុក្ខ ឬជូនពរគ្នាទៅវិញទៅមក​ដើម្បីបង្ហាញសាមគ្គីភាព និងភារតភាពក្នុងនាមជាប្រជាជាតិដែលមានឈាមជ័រតែមួយ។ លោកបណ្ឌិត យង់ ពៅ បានលើកឧទាហរណ៍ ឥរិយាបថនយោបាយដែលតួនយោបាយពីរូបគឺសម្ដេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី ធ្លាប់បានដឹកដៃគ្នាទៅចូលរួមព្រឹត្តិការណ៍​អង្គរសង្ក្រាន្តនៅខេត្តសៀមរាប និងធ្លាប់ពិសារអាហារនៅតុរួមគ្នានាពេលកន្លងជាដើម សុទ្ធសឹងតែជាឥរិយាបថល្អ ដែលគប្បីរំឮកឡើងវិញនៅពេលនេះ។

លោកបណ្ឌិតបានបញ្ជាក់បន្ថែមទៀតថា “ពេលធ្វើនយោបាយ អ្នកនយោបាយអាច​ធ្វើទៅ ឆ្លុះបញ្ចាំងទៅនូវទស្សនៈនយោបាយរៀងៗគ្នា គោលនយោបាយផ្សេងៗគ្នា បង្ហាញភាពល្អរៀងៗខ្លួនទៅ រីឯពេលវេលាធ្វើបុណ្យទានតាមប្រពៃណីខ្មែរ ទំនៀមទម្លាប់ខ្មែរ យើងគួរតែបង្ហាញនូវភាពចុះសម្រុងនៃខ្មែរ ភាពចុះសម្រុងនៃអារ្យធម៌ខ្មែរ ភាពចុះសម្រុងនៃសង្គមខ្មែរ ដែលនាំមកនូវភាពសុខដុមរមនាទាំងអស់គ្នា”។ លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់បន្ថែមថា ប្រសិនបើអ្នកនយោបាយចេះបែងចែក រវាងពេលវេលានយោបាយ និងពេលវេលាចុះសម្រុងគ្នាធ្វើបុណ្យទាន ឬរំលែកមរណទុក្ខចំពោះគ្នា នោះសង្គមជាតិខ្មែរ នឹងមានវឌ្ឍនភាពល្អជាងនេះបន្ថែមទៀត។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានបន្តថា ការលើកឡើងខាងលើ មិនមែនមានន័យថា មិនត្រូវមាន​អ្នកនយោបាយប្រឆាំងនោះទេ ប៉ុន្តែគួរតែប្រឆាំងនៅក្នុងទស្សនៈនយោបាយ និងគោលនយោបាយ ប៉ុន្តែភាពរួមគ្នានៃប្រជាជាតិខ្មែរ គួរតែមានអត្ថិភាពនៅក្នុងឱកាសបុណ្យទានជាដើម។

RAC Media | លឹម សុវណ្ណរិទ្ធ

2025-04-02 09:16:58   ថ្ងៃពុធ, 02 មេសា 2025 ម៉ោង 04:16 PM
បណ្ឌិត គិន ភា ៖ «កម្ពុជាបានបាត់បង់អ្នកប្រាជ្ញភាសាវិទ្យាដ៏ឆ្នើមមួយរូបទៀតដ៏គួរឱ្យស្តាយស្រណោះបំផុត»

 

រាត្រីថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ជាវេលាដ៏សែនខ្សឹកខ្សួលរំជួលចិត្តនិងស្តាយស្រណោះរកអ្វីមកប្រៀបផ្ទឹមពុំបានសម្រាប់ក្រុមគ្រួសារ សាច់ញាតិ សិស្សគណ បញ្ញវន្ត និងមិត្តភក្តិ ដែលបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលមរណភាពក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។

 

មរណភាពរបស់បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ គឺជាការបាត់បង់អ្នកប្រាជ្ញភាសាវិទ្យាមួយរូបដ៏សំខាន់របស់រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជារបស់ជាតិខ្មែរយើងទាំងមូល។ បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ គឺជាអ្នកប្រាជ្ញខ្មែរមួយរូប ដែលមានការទទួលស្គាល់ពីស្រទាប់បញ្ញវន្តជាតិនិងអន្តរជាតិ ក៏ដូចជាមជ្ឈដ្ឋានសិស្សនិស្សិតរបស់លោក និងទទួលបាននូវការកោតស្ញប់ស្ញែងយ៉ាងក្រៃលែងចំពោះចំណេះដឹង ស្នាដៃ ទេពកោលសល្យ និងជំនាញភាសាវិទ្យារបស់លោក ដែលលំបាកនឹងរកអ្នកប្រដូចបាន។ បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ បានខិតខំប្រឹងប្រែងពេញមួយជីវិតដោយមិនខ្លាចនឿយហត់រហូតដល់ដង្ហើមចុងក្រោយ ដើម្បីបុព្វហេតុភាសានិងអក្សរសាស្ត្រជាតិយើង។

 

ស្នាដៃចុងក្រោយរបស់លោកមុនលោកទទួលមរណភាព គឺ «វចនានុក្រមភាសាខ្មែរបច្ចុប្បន្ម ភាគទី១ ក-ន ចេញផ្សាយគ្រាទី២ ឆ្នាំ២០២២»។ វចនានុក្រមភាសាខ្មែរបច្ចុប្បន្នរបស់លោក ពិតជាមានសារៈប្រយោជន៍យ៉ាងធំធេងក្នុងការអភិរក្សនិងអភិវឌ្ឍន៍ភាសានិងអក្សរសាស្ត្រជាតិយើង និងពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានភាពសម្បូរណ៍បែបនូវវចនានុក្រមភាសាខ្មែរ ព្រមទាំងជាឯកសារយោងដ៏សំខាន់ក្នុងការសរសេរនិងការអានភាសាខ្មែរយើងឱ្យបានត្រឹមត្រូវនិងមានឯកលក្ខណភាព។

 

ទោះបីជាមានវ័យជរាណាស់ទៅហើយក្តី លោកនៅតែខិតខំរៀបចំបន្ត «វចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ភាគីទី២» ទៀត តែមជ្ជុរាជឫស្យាមិនទុកពេលវេលាឱ្យលោកសម្រេចស្នាដៃរបស់លោកឱ្យចប់សព្វគ្រប់ឡើយ។ ជារឿយៗ លោកតែងតែណែនាំទូន្មានប្រៀនប្រដៅក្រុមការងារដែលជាសិស្សគណរបស់លោកឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹងនិងបន្តស្នាដៃពីលោក។

 

មុនពេលទទួលមរណភាព លោកមិនបានដេកដួលចូលព្យាបាលជំងឺនៅមន្ទីរពេទ្យណាមួយឡើយ។ លោកនៅតែអង្គុយធ្វើការជាមួយសិស្សគណរបស់លោករហូតដល់ថ្ងៃផុតដង្ហើម។ គ្រប់វិនាទី លោកតែងតែរំពៃនឹងការងាររបស់លោកមិនដែលខានឡើយ។ លោកគឺជាអ្នកប្រាជ្ញមួយរូបដែលប្រជាជាតិខ្មែរទាំងមូលគួរតែចងចាំនិងផ្តល់តម្លៃចំពោះគុណបំណាច់ដ៏ធំធេងនិងគំរូវីរភាពដ៏ឧដុង្គឧត្តមរបស់លោក។

 

សារជាតិជាបញ្ញវន្តដែលស្លុងអារម្មណ៍តែនឹងការងារ រូបលោកមានវេទយិតភាពនយោបាយតិចតួចណាស់ ម្ល៉ោះហើយការលាដោយគ្មានថ្ងៃត្រឡប់របស់រូបលោកពីលោកយើងនេះ មិនមានមនុស្សច្រើនចាប់អារម្មណ៍ទេ ក្រៅតែពីសិស្សគណ បញ្ញវន្ត និងមិត្តភក្តិមួយចំនួនតូចដែលគោរព ស្រឡាញ់ និងរាប់អានរូបលោក។ ពិធីបុណ្យសពរបស់លោកបានប្រព្រឹត្តទៅយ៉ាងសាមញ្ញដោយមានភ្ញៀវពន្លឺមួយចំនួនចូលរួម ហើយក៏មិនមានគ្រឿងឥស្សរយយសអ្វី ត្រូវបានផ្តល់ជូនលោក ជាកិច្ចបច្ឆាមរណៈដែរ។

 

ក្នុងវិស័យភាសានិងអក្សរសាស្ត្រជាតិ រូបលោកប្រៀបដូចជាគ្រឹះផ្ទះដែលនៅកប់យ៉ាងជ្រៅនៅក្នុងដី សម្រាប់ទ្រទ្រង់តួផ្ទះដែលកំបាំងពីភ្នែកអ្នកផង ម្ល៉ោះហើយគ្រឹះដ៏រឹងមាំនេះ មិនបានបញ្ចេញសម្រស់ដូចហោជាងឬក្បាច់រចនាលម្អខាងក្រៅទេ។ នៅពេលមនុស្សភាគច្រើនចាប់អារម្មណ៍តែទៅលើទម្រង់ខាងក្រៅ គេនឹងភ្លេចគិតដល់ខ្លឹមសារខាងក្នុង ដូចគ្នានឹងការណ៍ដែលមនុស្សសរសើរតែរសផ្អែមនៃនំ ភ្លេចនឹកដល់គុណស្ករ។

 

រូបំ ទុក្ខំ អនិច្ចំ អនត្តា ជាក្រឹត្យក្រមធម្មជាតិមិនអាចគេចផុតឡើយ។ ការបាត់បង់រូបលោកគ្មានថ្ងៃវិលត្រឡប់នេះធ្វើឱ្យយើងខ្សឹកខ្សួលរំជួលចិត្តនិងស្តាយស្រណោះរកអ្វីមកប្រៀបផ្ទឹមពុំបាន តែយើងគ្មានអ្វីតបស្នងលោកទេ មានតែការប្តេជ្ញារៀនសូត្រតាមគំរូវីរភាពដ៏ឧដុង្គឧត្តមរបស់លោក និងលំឱនកាយវាចាចិត្ដគោរពវិញ្ញាណក្ខន្ធលោក និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកបានយោនយកកំណើតកើតក្នុងទីដ៏ខ្ពង់ខ្ពស់នាឋានបរមសុខកុំបីឃ្លៀងឃ្លាតក្លាយជាបការៈដទៃឡើយ៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

2025-03-31 23:40:18   ថ្ងៃចន្ទ, 31 មីនា 2025 ម៉ោង 06:40 AM
បណ្ឌិត យង់ ពៅ៖ ករណីកោះគុជ (ថៃហៅថាកោះគុត) ខុសប្លែកពីករណីប្រាសាទព្រះវិហារ ទាំងទិដ្ឋភាពប្រវត្តិសាស្ត្រ ទិដ្ឋភាពច្បាប់ និងទិដ្ឋភាពជាក់ស្ដែង

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីករណីបញ្ហាកោះគុជ (ថៃហៅថាកោះគុត) លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ចំពោះបញ្ហាអធិបតេយ្យទៅលើកោះគុជនេះ កម្ពុជាមិនអាចប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិបាននោះឡើយ ព្រោះករណីកោះគុជ (ថៃហៅថាកោះគុត) ខុសប្លែកពីករណីប្រាសាទព្រះវិហារ ទាំងទិដ្ឋភាពប្រវត្តិសាស្ត្រ ទិដ្ឋភាពច្បាប់ និងទិដ្ឋភាពជាក់ស្ដែង។ លោកបណ្ឌិតបានលើកឡើងថា លោកពុំយល់ស្របនឹងការការជំរុញទាមទារពីសំណាក់បក្សប្រឆាំង ឱ្យរាជរដ្ឋាភិបាលកម្ពុជាប្ដឹងករណីអធិបតេយ្យភាពលើកោះគុជទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេនោះឡើយ ព្រោះការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិនៅក្នុងសំណុំរឿងកោះគុជនោះ មិនមានផលចំណេញអ្វីសម្រាប់ប្រទេសកម្ពុជានោះឡើយ។ លោកបណ្ឌិតបានបញ្ជាក់ថា គេត្រូវឈ្វេងយល់ឱ្យបានច្បាស់លាស់ និងស៊ីជម្រៅ ទៅលើ សន្ធិសញ្ញា ​បារាំង-សៀម ឆ្នាំ១៩០៤ និង ឆ្នាំ១៩០៧ ស្ដីពី ការកំណត់ព្រំដែនគោករវាងប្រទេសសៀម និងប្រទេសកម្ពុជាដែលស្ថិតនៅក្រោមអាណានិគមបារាំងនាសម័យនោះ។ លោកបណ្ឌិតបានបន្តទៀតថា សន្ធិសញ្ញាដែលបារាំងក្នុងនាមជាប្រទេសម្ចាស់អាណានិគម​បានចុះហត្ថលេខា មានខ្លឹមសារគតិយុត្តិគ្រប់គ្រាន់នៅក្នុងការកំណត់ព្រំដែនអន្តរជាតិរបស់​ប្រទេសកម្ពុជា។

លោកបណ្ឌិត យង់ ពៅ បានជំរុញឱ្យអ្នកនយោបាយ និងអ្នកវិភាគទាំងឡាយ ព្យាយាមសិក្សាស្រាវជ្រាវ និងឈ្វេងយល់ឱ្យបានជាក់លាក់ទៅលើរាល់លិខិត ឯកសារ និងបទដ្ឋានគតិយុត្តិផ្សេងៗពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាពរបស់ជាតិ ជាជាងការប្រើប្រាស់​បញ្ហាព្រំដែននិងអធិបតេយ្យភាពជាតិ ធ្វើជាឆ្នួនបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យមានការខឹងស្អប់ ឬប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលបាននិងកំពុងខិតខំប្រឹងប្រែងការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ តាមគ្រប់រូបភាព ទាំងនៅលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្តិនានា និងទាំងនៅក្នុងយន្តការចរចាទ្វេភាគីរវាងស្ថាប័នជំនាញនៃប្រទេសទាំងពីរ ក៏ដូចជាការខិតខំការពារ និងរក្សាឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមបណ្តាព្រំដែន ដែលមានគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (General Border Committee: GBC) ជាដើម។

សម្រាប់លោកបណ្ឌិត យង់ ពៅ នៅពេលដែលអ្នកនយោបាយបានជ្រួតជ្រាបអំពីស្ថានភាពជាក់ស្ដែង ទិដ្ឋភាពប្រវត្តិសាស្ត្រ និងខ្លឹមសារនៃឯកសារគតិយុត្តិពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងច្បាស់លាស់ និងប្រាកដប្រជាហើយ នោះគេនឹងអាចសម្រេចចិត្តជ្រើសរើសយកសេនារីយ៉ូណាមួយ ដែលសមស្របនិងធានាបាននូវឧត្ដមប្រយោជន៍ជាតិ។ លោកបណ្ឌិតបានបន្ថែមទៀតថា ទាំងអ្នកនយោបាយ និងអ្នកវិភាគទាំងឡាយ មិនគួរយក​បញ្ហាព្រំដែន ធ្វើជាប្រធានបទសម្រាប់របៀបវារៈនយោបាយបម្រើប្រយោជន៍សួនតួ ឬដើម្បី​តែ​ប្រជាប្រិយភាពនិងការគាំទ្រពីសំណាក់មហាជននោះទេ ព្រោះការពិតនៅតែជាការពិត ហើយប្រវត្តិសាស្ត្រនឹងឆ្លុះបញ្ចាំង អំពីចេតនាទុច្ចរឹតរបស់បុគ្គលទាំងឡាយណា ដែលលះ​បង់ប្រយោជន៍ជាតិ រួចក្រសោបយកតែផលប្រយោជន៍ផ្ទាល់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិត យង់ ពៅ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ អ្នកនយោបាយ និងអ្នកធ្វើអត្ថាធិប្បាយទាំងអស់ ត្រូវមានជំហររួមគ្នាក្នុងបញ្ហាអធិប​តេយ្យភាពនិងបូរណភាពជាតិ ដូចសុភាសិតខ្មែរបានលើកឡើងថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់» និង «ឈ្លោះគ្នាក្នុងគ្រួសារ ដូចស្រាតកាយាបង្ហាញញាតិ ឈ្លោះគ្នាក្នុងសង្គមជាតិ ដូចលាតកំណត់បង្ហាញចោរ»។ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា នៅក្នុងកិច្ចការដោះស្រាយបញ្ហាព្រំដែន ទាមទារឱ្យមេដឹកនាំយល់ច្បាស់ពីស្ថានការណ៍ពិតប្រាកដ ច្បាស់លាស់អំពីលិខិតបទដ្ឋានគតិយុត្តិ  ក៏ដូចជាមានយុទ្ធសាស្ត្រនៅក្នុងចរចាជាក់លាក់ ហើយនៅក្នុងករណី​ជាច្រើនមេដឹកនាំមានភាពចាំបាច់ក្នុងការថែរក្សាអាថ៌កំបាំង និងលទ្ធភាពយកប្រៀបមួយចំនួនទៅលើដៃគូ ដែលគេមិនអាចប្រកាសជាសាធារណៈ។ លោកបណ្ឌិតបានជំរុញឱ្យអ្នកនយោបាយ ក៏ដូចជាអ្នកធ្វើអត្ថាធិប្បាយទាំងឡាយ ពិនិត្យលទ្ធភាព ដើម្បីផ្ដល់យោបល់ក្នុងន័យស្ថាបនា ដើម្បីរួមចំណែកថែរក្សានិងការពារឧត្ដមប្រយោជន៍ជាតិ ជាជាងក្រសោបយកតែជ្រុងដែលខ្លួនអាចកេងយកផលប្រយោជន៍ផ្ទាល់ខ្លួនបាន៕

RAC Media | លឹម សុវណ្ណរិទ្ធ

2025-03-31 03:56:02   ថ្ងៃចន្ទ, 31 មីនា 2025 ម៉ោង 10:56 AM
ដំណឹងមរណទុក្ខ

ថ្នាក់ដឹកនាំនិងមន្រ្តីរាជការរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់មានទុក្ខជាទម្ងន់ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ព្រំ ម៉ល់ សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានទទួលមរណភាពនៅថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៩និង១៥នាទីយប់ ដោយរោគាពាធក្នុងជន្មាយុ៩២ឆ្នាំ។ មរណភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រំ ម៉ល់ គឺជាការបាត់បង់ស្វាមី ឪពុក ជីតា ដ៏ឧត្តុង្គឧត្តមប្រកបដោយព្រហ្មវិហារធម៌និងជាជំហរគ្រឹះនៃគ្រួសារ ពិសេសគឺជាការបាត់បង់នូវបញ្ញវន្តជំនាញអក្សរសាស្រ្តជាតិដ៏ឧត្តុងឧត្តម ដែលជាធនធានមនុស្សដ៏កម្រមួយរូបរបស់ប្រជាជាតិកម្ពុជាយើងទាំងមូល។

សពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រំ ម៉ល់ តម្កល់ទុករៀបចំប្រារព្ធពិធីបុណ្យនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដំណឹងមរណភាពនេះ ចាត់ទុកជាការគោរពជូនដំណឹងដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ ក៏ដូចជាញាតិមិត្តជិតឆ្ងាយនៃសពជ្រាបជាដំណឹង។

2025-03-30 00:38:28   ថ្ងៃអាទិត្យ, 30 មីនា 2025 ម៉ោង 07:38 AM
ចលនាជាតិតស៊ូ របស់លោក សម រង្ស៊ី គ្រាន់តែជារូបថតនយោបាយ ដើម្បីបន្លឺសម្លេងរបស់ខ្លួន និងបញ្ជាក់ពីការមិនយល់ទាល់តែសោះអំពីស្ថានភាពពិតអំពីកម្ពុជា និងនិន្នាការសកលលោក

          ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការបង្កើតចលនាដែលលោក សម រង្ស៊ី អះអាងថាជា ចលនាជាតិតស៊ូ នោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានគូសបញ្ជាក់ថា ការបង្កើតចលនានេះ ផ្ទុយទៅនឹងច្បាប់ដែលមានជាធរមាននៅកម្ពុជា ហើយទំនងជានឹងមិនមានឥទ្ធិពល​អ្វីគួរឱ្យកត់សម្គាល់ទៅលើស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជានោះទេ បើយោងទៅលើប្រជាប្រិយភាព និងជំនឿរបស់ប្រជាពលរដ្ឋឬអ្នកគាំទ្រទៅលើរូបលោកនិងក្រុមរបស់លោក។ លោកបណ្ឌិតបានបន្តថា បើគេពិនិត្យមើលទៅលើសមាសភាពនៃចលនានេះ ហាក់ពុំមានទម្ងន់នោះឡើយ ពោលគឺគ្រាន់តែជាការបង្កើតចលនាមួយ ដែលលោក សម រង្ស៊ី រំពឹងថារុញឱ្យមានចរន្តនយោបាយ​មួយកើតឡើងតាមការស្រមើលស្រមៃរបស់លោកតែប៉ុណ្ណោះ។ លោកបណ្ឌិតបានកត់សម្គាល់ថា លោក សម រង្ស៊ី អតីតមេដឹកនាំអតីតគណបក្សប្រឆាំង តែងតែព្យាយាមបង្កើត​ ចលនានៅក្នុងទម្រង់និងឈ្មោះផ្សេងៗគ្នា បើទោះបីជាកន្លងមកគ្មានបានលទ្ធផលជាដុំកំភួនអ្វីក៏ដោយក្ដី។

          លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀតថា អ្វីមួយដែលអតីតអ្នកនយោបាយប្រឆាំងរូបនេះ ហៅថា ចលនាជាតិតស៊ូ នឹងមិនមានឥទ្ធិពលជាដុំកំភួនអ្វី ទៅលើនយោបាយនៃប្រទេសកម្ពុជានោះឡើយ ក៏ព្រោះថា ចលនានេះ គឺជាចលនាមួយដែល​បង្កើតឡើងដើម្បីឱ្យគេបានឮសម្លេងនយោបាយរបស់ខ្លួន ដោយក្រោយចលនាមួយបរាជ័យ អ្នកនយោបាយប្រឆាំងក៏ព្យាយាមប្រកាសបង្កើតចលនាមួយផ្សេងទៀតឥតឈប់ឈរ ដែល​នៅតែមិនអាចសម្រេចតាមគោលបំណង និងមហិច្ឆតានយោបាយរបស់លោក សម រង្ស៊ី តែប៉ុណ្ណោះ។ លោកបណ្ឌិតបានបន្តថា ចលនាជាតិតស៊ូ របស់លោក សម រង្ស៊ី ក្រៅតែពីជាចលនាដែលមិនមានតម្លៃគតិយុត្តិ (ប្រាសចាករដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន) របស់កម្ពុជា ចលនានេះក៏ត្រូវបានបង្កើតឡើងដោយសារតែផលប្រយោជន៍នយោបាយសួនតួ នៃអតីតប្រធានអតីតគណបក្សប្រឆាំង ដែលចង់បន្តជីវិតនយោបាយប្រឆាំង និងជាការសម្លឹងមើលផលប្រយោជន៍ថវិកាបន្តិចបន្តួចពីការកៀងគរពីសំណាក់អ្នកគាំទ្រមួយចំនួនតូច ដែលហាក់នៅសង្ឃឹមលើនយោបាយគ្មានមូលដ្ឋានរបស់លោក សម រង្ស៊ី និងក្រុមរបស់លោកតែប៉ុណ្ណោះ។

          ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ បានជំរុញឱ្យអ្នកគាំទ្រដែលនៅក្នុងស្រុក និងក្រៅស្រុកទាំងអស់ គប្បីពិចារណាឱ្យបានស៊ីជម្រៅ ផ្អែកលើហេតុផល និងបទពិសោធន៍​និងផលវិបាកដែលអ្នកគាំទ្រនិងដើរតាមគន្លងនយោបាយដ៏ស្រពិចស្រពិលរបស់លោក សម រង្ស៊ី នាពេលកន្លងមកនេះ។ ចំពោះការថ្លែងអះអាងរបស់អតីតមេដឹកនាំនយោបាយប្រឆាំង ដែលថា ចលនានេះបង្កើតឡើងដើម្បីទាមទារ និងស្វែងរកសន្តិភាពពិតប្រាកដនៅកម្ពុជា​នោះ លោកបណ្ឌិត យង់ ពៅ យល់ឃើញថា ការគិតរបស់លោក សម រង្ស៊ី និងក្រុមរបស់លោក ហាក់ស្ថិតនៅឆ្ងាយពីស្ថានភាពពិតប្រាកដនៅក្នុងប្រទេសកម្ពុជា ខណៈដែលពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេស កំពុងតែរីករាយពីការទទួលបានសមិទ្ធផលជាផ្លែផ្កាជាច្រើនពីកត្តាសុខសន្តិភាព និងការអភិវឌ្ឍឆ្ពោះទៅមុខនៃសង្គមនិងសេដ្ឋកិច្ចជាតិ។ ត្រង់ចំណុចនេះ លោកបណ្ឌិត បានបញ្ជាក់បន្ថែមទៀថា ទំនងបណ្ដាលមកពីលោក សម រង្ស៊ី បានចាកចេញពីប្រទេសអស់រយៈពេលយូរពេក ជាហេតុធ្វើឱ្យលោកពុំបានដឹងថា ពលរដ្ឋកំពុងតែត្រេកអរនៅក្នុងសង្គមសន្តិភាព តែបែរជាអ្នកនយោបាយប្រឆាំងរូបនេះ អំពាវនាវឱ្យពលរដ្ឋក្រោកឡើងស្វែងរកសន្តិភាពទៅវិញ។ សន្តិភាពដែលមានមូលដ្ឋានពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងឈានទៅសម្រេចបានសន្តិភាពពេញលេញនយោបាយឈ្នះឈ្នះនៅឆ្នាំ១៩៩៨ គឺជាសន្តិភាពដែលទទួលបានកម្រ និងដែលប្រជាពលរដ្ឋខ្មែរបានទទួលស្គាល់គុណបំណាច់របស់មេដឹកនាំកម្ពុជា នៅក្នុងការស្វែងរកសុខសន្តិភាពជូនជាតិនិងប្រជាជននោះ ពិតជាសន្តិភាពដែលមនុស្សទូទៅប្រាថ្នាចង់បាន និងចង់ថែរក្សាឱ្យខាងតែបាន។

          បើតាមលោកបណ្ឌិត យង់ ពៅ ការអំពាវនាវខាងលើរបស់លោក សម រង្ស៊ី មិនត្រឹមតែបង្ហាញអំពីការភ័ន្តច្រឡំ និងវាយម្លៃស្ថានភាពខុសពីការពិតជាក់ស្ដែងប៉ុណ្ណោះទេ ប៉ុន្តែការអំពាវនាវនេះ ក៏បានប្រាសចាកអំពីឆន្ទៈ និងការចង់បានរបស់ប្រជាពលរដ្ឋខ្មែរជាទូទៅផងដែរ។ ហេតុនេះហើយ ការប្រកាសបង្កើតចលនាជាតិតស៊ូ ដែលលោក សម រង្ស៊ី អះអាងថាធ្វើឡើងដើម្បីស្វែងសន្តិភាពជូនប្រជាជនកម្ពុជានោះ គ្រាន់តែជាផ្សែងដែលបកកាត់មុខមហាជន ដែលគេមិនត្រឹមតែដើរទៅតាមផ្សែងនោះប៉ុណ្ណោះទេ តែថែមទាំងព្យាយាមចៀសចេញ ឬបកឱ្យផ្សែងនោះឆាប់ផុត ដើម្បីស្រូបយកនូវបរិយាកាសខ្យល់បរិសុទ្ធដែលគ្មានវត្តមានផ្សែងភ្លើងនោះថែមទៀតផង។

          បន្ថែមពីនេះ លោកបណ្ឌិតក៏បានថ្លែងអំពាវនាវដល់ពលរដ្ឋក្នុងនិងក្រៅប្រទេសមួយចំនួនតូច ដែលធ្លាប់បានលង់ជឿ ឬបន្តលង់ជឿដោយងងុបងងល់នឹងនយោបាយដុតបញ្ឆេះ​ប្រទេសជាតិរបស់ក្រុមប្រឆាំង ត្រូវគិតគូរពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងចៀសវាងពី​ការចូលរួមនៅក្នុងចលនាដែលមានត្រឹមរូបភាពជាអ្នកប្រឆាំងជ្រុលនិយម ងាកមកផ្ដោតលើ​ការចូលរួមកសាងសេដ្ឋកិច្ចនិងសង្គមជាមួយរាជរដ្ឋាភិបាល ក្នុងនាមជាកោសិកាល្អ​របស់សង្គមជាតិ ជាជាងការភ្ជាប់ខ្លួនជាមួយនឹងទណ្ឌិត ដែលតែងតែគិតគូររិះរកវិធីសាស្ត្រដុតបំផ្លាញប្រទេសជាតិខ្លួន។ ការចូលរួមនៅក្នុងចលនា ឬការអំពាវនាវណាមួយរបស់ទណ្ឌិត ឬអតីតអ្នកនយោបាយប្រឆាំង ហើយធ្វើសកម្មភាពប្រាសចាកពីច្បាប់ជាធរមានរបស់ប្រទេស នោះរាជរដ្ឋាភិបាលពិតជាមានភាពចាំបាច់នៅក្នុងការចាត់វិធានការ បង្ក្រាបនិងទប់ស្កាត់សកម្មភាពដែលបង្កអសន្តិសុខ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈជាក់ជាពុំខាន៕

RAC Media

2025-03-28 09:34:19   ថ្ងៃសុក្រ, 28 មីនា 2025 ម៉ោង 04:34 PM
រាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលា ស្ដីពី «ការអភិរក្សជីវៈចម្រុះនិងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព ក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងខេត្តកោះកុង»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលា ស្ដីពី «ការអភិរក្សជីវៈចម្រុះនិងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព ក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងខេត្តកោះកុង» ក្រោយការសិក្សាស្រាវជ្រាវពីប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងក្នុងតំបន់ពាក្យក្រសោបនិងតំបន់រ៉ាមសារកោះកាពិ ខេត្តកោះកុង។

សិក្ខាសាលាដ៏មានសារៈសំខាន់នាព្រឹកនេះ បានចាប់ផ្ដើមដោយមានការចាក់បញ្ចាំងវីដេអូឯកសារខ្លី អំពីដំណើរការសិក្សាស្រាវជ្រាវពីប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងក្នុងតំបន់ពាក្យក្រសោបនិងតំបន់រ៉ាមសារកោះកាពិ ខេត្តកោះកុង និងមានការអញ្ជើញថ្លែងចំណាប់អារម្មណ៍បើកដោយឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងមានការថ្លែងសុន្ទរកថាបិទ ពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។

វាគ្មិនជំនាញដែលអញ្ជើញធ្វើបទបង្ហាញក្នុងសិក្ខាសាលានាឱកាសនេះរួមមាន៖

១. លោកស្រីបណ្ឌិត ហ៊ន សុទ្ធនា ប្រធាននាយកដ្ឋានស្ដីទី នៃនាយកដ្ឋានបរិស្ថាន និងធនធានធម្មជាតិ បកស្រាយលើប្រធានបទស្ដីពី «ស្ថានភាពព្រៃកោងកាងខេត្តកោះកុង»

២. លោកបណ្ឌិត តាំង ស៊ិន ប្រធាននាយកដ្ឋានស្ដីពី នៃនាយកដ្ឋានវិទ្យាសាស្ត្រកសិកម្ម បកស្រាយលើប្រធានបទស្ដីពី «ស្ថានភាពទូទៅនៃតំបន់ការពារធម្មជាតិពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ»

៣. លោក ព្រំ ចន្ទន៍រដ្ឋា មន្ត្រីនាយកដ្ឋានមន្ទីរពិសោធន៍ បកស្រាយលើប្រធានបទស្ដីពី «ជីវចម្រុះ និងបញ្ហាប្រឈម»៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

2025-03-27 07:43:56   ថ្ងៃព្រហស្បតិ៍, 27 មីនា 2025 ម៉ោង 02:43 PM
បណ្ឌិត គិន ភា៖ វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន ដើរតួនាទីជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការផ្នែកបញ្ញាញាណ និងជំរុញកិច្ចសន្ទនារវាងបញ្ញវន្ត អ្នករៀបចំគោលនយោបាយ និងអ្នកដឹកនាំគំនិតនៃប្រទេសទាំងពីរ

 

 

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាឱកាសថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងកម្មវិធីបើកវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ ស្ដីពី«ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ: ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី» ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា វេទិកានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគីរបស់យើង។ ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន បានដើរតួនាទីជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការផ្នែកបញ្ញាញាណ និងជំរុញកិច្ចសន្ទនារវាងបញ្ញវន្ត អ្នករៀបចំគោលនយោបាយ និងអ្នកដឹកនាំគំនិតនៃប្រទេសទាំងពីរ។

 

ឯកឧត្ដមបណ្ឌិត បានគូសបញ្ជាក់ថា ការរៀបចំវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលនេះ គឺជាការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ស្ថាប័នស្រាវជ្រាជាន់ខ្ពស់នៃប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងការប្រែក្លាយគំនិតដែលជាចក្ខុវិស័យទៅជាយុទ្ធសាស្ត្រជាក់ស្តែងដែលអាចអនុវត្តបាន ដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមយើង និងរួមចំណែកដល់ស្ថិរភាពតំបន់និងពិភពលោក។ ឯកឧត្ដមបណ្ឌិតបន្តថា វេទិកានេះដើរតួនាទីលើសពី កិច្ចការគរុសភា តែវាគឺជាធាតុផ្សំដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងការទូតរបស់យើង។

 

កម្ពុជានិងចិនបានចងភ្ជាប់ដោយចំណងប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅប្រកបដោយការគោរពគ្នាទៅវិញទៅមកនិងសាមគ្គីភាព។ ការណ៍នេះអាចឆ្លុះបញ្ចាំងតាមរយៈការគាំទ្ររបស់ប្រទេសចិនក្នុងអំឡុងពេលនៃកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា និងការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) របស់ចិន និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងការពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការត្បូង-ត្បូងប្រកបដោយជោគជ័យ (South-South Cooperation)។

 

ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០២៣ បានពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរបស់យើងលើវិស័យអាទិភាពចំនួនប្រាំមួយ រួមមាន កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ គំនិតទាំងនេះមិនមែនគ្រាន់តែជាបញ្ញត្តិអរូបីប៉ុណ្ណោះទេ ប៉ុន្តែជាគំនិតផ្តួចផ្តើមជាក់ស្តែង ដូចជា របៀងឧស្សាហកម្មនិងបច្ចេកវិទ្យាក្នុងខេត្តព្រះសីហនុ ដែលត្រូវបានគេដាក់ចក្ខុវិស័យថាជា «ទីក្រុងសិនចិន (Shenzhen) ទីពីរ» និងរបៀងមច្ឆានិងអង្ករនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលនឹងលើកកម្ពស់ផលិតភាពកសិកម្ម និងនិរន្តរភាពអេកូឡូស៊ី។ បន្ថែមពីនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ការនាំចេញកសិផលដែលមានគុណភាពខ្ពស់ និងការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននៅកម្ពុជា បង្ហាញពីឥទ្ធិពលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។

 

ឯកឧត្ដមបណ្ឌិតបានបន្ថែមទៀតថា ក្នុងនាមជាស្ថាប័នគំនិត តួនាទីរបស់យើងលាតសន្ធឹងហួសពីការវិភាគធម្មតាៗ ដោយស្ថាប័នស្រាវជ្រាវជាន់ខ្ពស់នៃប្រទេសទាំងពីរ គឺជានិម្មាបនករ (Architect) នៃគំនិតនិងជាអ្នកសម្របសម្រួលនៃការសន្ទនា ហើយវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ បានរំលេចឱ្យឃើញតួនាទីជាក់ស្ដែងរបស់ស្ថាប័នទាំងពីរ ក្នុងការជំរុញ ការសន្ទនាតាមរយៈការធ្វើឱ្យមានការជួបជុំគ្នារវាងអ្នកជំនាញជាន់ខ្ពស់មកពីប្រទេសទាំងពីរ ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗ ដូចខាងក្រោម៖

  - ប្រធានបទវគ្គទី១ នឹងពិនិត្យមើលកិច្ចសហប្រតិបត្តិការក្នុងតំបន់និងសកល និង  ការគាំទ្រដ៏រឹងមាំនិងការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកលរបស់ប្រទេសចិន។

  - ប្រធានបទវគ្គទី២ នឹងពិភាក្សាអំពី «របៀងមច្ឆានិងអង្ករ» និង «របៀងអភិវឌ្ឍន៍ឧស្សាហកម្ម» ៖ សន្ទុះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការកសិកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្ម។

  - ប្រធានបទវគ្គទី៣ នឹងផ្តោតទៅលើការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកម្ពុជា-ចិន ការអភិវឌ្ឍទេសចរណ៍ និងការយល់ដឹងអំពីអរិយធម៌។

RAC Media | លឹម សុវណ្ណរិទ្ធ

2025-03-26 13:40:46   ថ្ងៃពុធ, 26 មីនា 2025 ម៉ោង 08:40 PM
វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ បានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងធាតុចូលដែលមានអត្ថន័យស្ថាបនា ទទួលបានពីកិច្ចពិភាក្សាស៊ីជម្រៅប្រកបលក្ខណៈវិទ្យាសាស្ត្រ

វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ ស្ដីពី«ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ: ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី» ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ដែលមានការចូលរួមពីសំណាក់វាគ្មិនជាថ្នាក់ដឹកនាំក្រសួងស្ថាប័នជំនាញ និងអ្នកសិក្សាស្រាវជ្រាវកម្ពុជា-ចិន សរុបចំនួន ២៧រូប បានបិទបញ្ចប់នៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ជាមួយនឹងធាតុចូលដែលមានអត្ថន័យស្ថាបនា ទទួលបានពីកិច្ចពិភាក្សាស៊ីជម្រៅប្រកបលក្ខណៈវិទ្យាសាស្ត្រ។

ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន បានដើរតួនាទីជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការផ្នែកបញ្ញាញាណ និងជំរុញកិច្ចសន្ទនារវាងបញ្ញវន្ត អ្នករៀបចំគោលនយោបាយ និងអ្នកដឹកនាំគំនិតនៃប្រទេសទាំងពីរ និងទាំងក្នុងនិងក្រៅតំបន់។ វេទិកានេះគឺជាជំនួបដ៏មានសារៈសំខាន់មួយរៀងរាល់២ឆ្នាំម្ដង នៅក្នុងការរួមចំណែកគាំទ្រផែនការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ដែលបានដាក់ចេញកាលពីឆ្នាំ២០១៩ (ផែនការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ២០១៩-២០២៣) នៅក្នុងក្របខណ្ឌគម្រោងខ្សែក្រវាត់និងផ្លូវ។

ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួន ដែលបានផុសចេញពី វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាល កម្ពុជា-ចិន ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃកន្លងមកនេះ ដែលឯកឧត្ដមបណ្ឌិតជឿជាក់ថា ចំណុចសំខាន់ៗទាំងនោះ នឹងក្លាយជាមគ្គុទេសក៍សម្រាប់កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ នាពេលអនាគត  និងពង្រឹងភាពជាដៃគូរបស់ប្រទេសទាំងពីរ ដូច ខាងក្រោម៖

• ទីមួយ : ការពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង សកលលោក បានគូសបញ្ជាក់ពីការគាំទ្រដ៏រឹងមាំរបស់កម្ពុជាចំពោះគំនិតផ្តួច ផ្តើមអភិវឌ្ឍន៍សកល (GDI) និងគំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) របស់ប្រទេសចិន។ គំនិតផ្តួចផ្តើមទាំងនេះផ្តល់នូវក្របខណ្ឌដ៏មានតម្លៃ សម្រាប់ តម្រង់ ផ្លូវចំពោះបញ្ហាប្រឈមរួម និងការជំរុញឱ្យមានស្ថិរភាព និងវិបុលភាព នៅក្នុងពិភពលោកដែលកាន់តែស្មុគស្មាញនិងអន្តរអាស្រ័យ (increasingly interconnected and complex world)។ ជាងនេះទៅទៀត សហថាមពលជា យុទ្ធសាស្ត្រ (strategic synergy) រវាងយុទ្ធសាស្ត្រ បញ្ចកោណរបស់កម្ពុជា និង គំនិត ផ្តួច ផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន បានក្លាយជា មូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ ការជំរុញច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា ដែលមាន សារៈសំខាន់ សម្រាប់ការពន្លឿនគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿន ដំបូងគេរបស់កម្ពុជា ជាគំរូនៃសហថាមពលនេះ ដោយផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដូចជា ការកាត់ បន្ថយពេលវេលាធ្វើដំណើរ ការលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងកំណើនសេដ្ឋកិច្ច តាមរយៈការតភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗ និង ការសម្រួលពាណិជ្ជកម្មនិងទេសចរណ៍។ យើងចែករំលែកទស្សនៈវិស័យ ដើម្បីប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុគោលបំណង ប្រកបដោយជវភាពដោយប្រាថ្នាចង់ក្លាយជា «ទីក្រុងស៊ិនជិន(Shenzhen) ទីពីរ» ដែលជំរុញឱ្យមានការរីកចម្រើនផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យា របស់កម្ពុជា។

• ទីពីរ : ប្រធានបទនៃវេទិកានេះដែលផ្តោតលើច្រករបៀងមច្ឆានិងអង្ករ និងច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្មបានបំភ្លឺការយល់ដឹងថ្មីសម្រាប់ ទំនើបក ម្ម កសិកម្មការសម្របសម្រួលពាណិជ្ជកម្ម និងការអភិវឌ្ឍបៃតងប្រកប ដោយ ចីរភាព។ តាមរយៈការធ្វើសមាហរណកម្មជាយុទ្ធសាស្រ្តនូវជំនាញ របស់ ប្រទេសចិនក្នុងវិស័យនានា ដូចជាកសិកម្មឌីជីថល បច្ចេកទេសវារីវប្បកម្ម ទំនើប និងអភិបាលកិច្ចជនបទប្រកបដោយប្រសិទ្ធភាព ជាមួយ នឹងធនធាន ធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បី ធ្វើឱ្យ មានកំណើនប្រកបដោយនិរន្តរភាពសម្រាប់សហគមន៍ជនបទ  ពង្រឹងសន្តិសុខ ស្បៀងក្នុងតំបន់ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ បរិយាបន្ន។ 

• ទីបី : កិច្ចពិភាក្សាដ៏ស៊ីជម្រៅអំពីការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន បានបញ្ជាក់ជាថ្មីថា ភាពជាដៃគូរបស់យើងបានលាតសន្ធឹងហួសពីវិស័យសេដ្ឋកិច្ច និងនយោបាយ។ វាគឺជាភាពជាដៃគូដែលចាក់ឫសយ៉ាងជ្រៅ ប្រកបដោយ ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការផ្តល់តម្លៃដល់គ្នាទៅ វិញទៅមកចំពោះវប្បធម៌និងប្រវត្តិសាស្ត្ររបស់យើងរៀងៗខ្លួន។ ពី កិច្ចសហ ប្រតិបត្តិ លើវិស័យទេសចរណ៍ដែលត្រូវបានពង្រឹង  រហូតដល់ការអភិរក្ស បេតិកភណ្ឌ វប្បធម៌ ដ៏សម្បូរបែបរបស់យើង និងការលើកកម្ពស់នវានុវត្តន៍ ឌីជីថល ចំណង មិត្តភាពរវាងអរិយធម៌របស់យើងកាន់តែស៊ីជម្រៅ និង រីក ធំធាត់។ ការរៀបចំវេទិការបស់យើងនៅខេត្តសៀមរាប ទឹកដីនៃវប្បធម៌ និង អរិយធម៌ និងជាតំបន់បេតិកភណ្ឌពិភពលោក គឺជាការរំលឹកដ៏មាន អានុភាព ថាប្រវត្តិសាស្ត្ររួមរបស់យើង និងការគោរពគ្នាទៅវិញទៅមកគឺជាមូលដ្ឋាន គ្រឹះ នៃអនាគតរួមគ្នាដ៏ពិតប្រាកដ។

RAC Media| លឹម សុវណ្ណរិទ្ធ

2025-03-25 15:14:47   ថ្ងៃអង្គារ, 25 មីនា 2025 ម៉ោង 10:14 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអណ្ដូងពោធិ៍ អញ្ជើញប្រគល់ឯកសណ្ឋានជូនប្រជាការពារ និងឧបករណ៍ប្រើប្រាស់ជូនដល់រដ្ឋបាលឃុំអណ្ដូងពោធិ៍

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអណ្ដូងពោធិ៍ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំអណ្ដូងពោធិ៍ បានអញ្ជើញប្រគល់ឯកសណ្ឋានជូនប្រជាការពារ និងឧបករណ៍ប្រើប្រាស់ជូនដល់រដ្ឋបាលឃុំអណ្ដូងពោធិ៍ ព្រមទាំងបានថ្លែងសំណេះសំណាល និងផ្ដល់អនុសាសន៍មួយចំនួនចំពោះការងារថែរក្សានិងការពារសន្តិសុខនិងសណ្ដាប់ធ្នាប់ និងការផ្ដល់សេវាសាធារណៈនៅក្នុងមូលដ្ឋានឃុំអណ្ដូងពោធិ៍។

ឯកសណ្ឋាននិងសម្ភារៈដែលប្រគល់ជូនកម្លាំងប្រជាការពារនិងរដ្ឋបាលឃុំអណ្ដូងពោធិ៍ក្នុងឱកាសនេះរួមមាន សម្លៀកបំពាក់ ស្បែកជើង និងខ្សែក្រវាត់ សរុបចំនួន ៧២កំប្លេ ជូនដល់ប្រជាការពារ និងឧបករណ៍បំពងសម្លេង រួមមាន មេក្រូ និងក្បាលមីក្រូហ្វូន ព្រមទាំងខ្សែភ្លើងសម្រាប់ការប្រើប្រាស់នៅក្នុងសាលាឃុំអណ្ដូងពោធិ៍។

ថ្លែងក្នុងឱកាសអញ្ជើញប្រគល់ឯកសណ្ឋានជូនប្រជាការពារ និងឧបករណ៍ប្រើប្រាស់ជូនដល់រដ្ឋបាលឃុំអណ្ដូងពោធិ៍ ឯកឧត្ដមបណ្ឌិត បានជំរុញឱ្យសមត្ថកិច្ច និងប្រជាការពារទាំងអស់ ត្រូវបន្តចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានឃុំ និងទប់ស្កាត់នូវសកម្មភាពអសកម្មនានាដូចជា ការលេងល្បែងស៊ីសង និងអំពើចោរកម្មជាដើម។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា កម្លាំងប្រជាការពារទាំងអស់ គឺជាចំណែកដែលមិនអាចខ្វះបាននៅក្នុងការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់នៅមូលដ្ឋាន ហើយត្រូវតែបន្តបំពេញការងារដោយធ្វើជាគម្រូដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងក្រុមគ្រួសាររបស់ខ្លួន ហើយត្រូវចៀសវាងឱ្យបាននូវការជាប់ពាក់ព័ន្ធ និងការប្រព្រឹត្តសកម្មភាពអសកម្មនានាដូចមានរៀបរាប់ខាងលើនេះ។

ចំពោះការកែសម្រួលឯកសារអត្រានុកូលដ្ឋានជូនដល់ប្រជាពលរដ្ឋ ឯកឧត្ដមបណ្ឌិត បានក្រើនរំឭកដល់រដ្ឋបាលឃុំ មេភូមិ និងអនុភូមិទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាព និងជួយសម្រួលការរៀបចំឯកសារ និងនីតិវិធីជូនដល់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិតបានស្នើឱ្យមន្ត្រីអត្រានុកូលដ្ឋាន ផ្ដោតការយកចិត្តទុកដាក់លើការបំពេញព័ត៌មាន និងអាចពន្យល់ឬណែនាំបន្ថែម ទាំងអក្ខរាវិរុទ្ធ និងខ្លឹមសារផ្សេងៗ ដើម្បីផ្ដល់ភាពងាយស្រួល និងផ្ទៀងផ្ទាត់ព័ត៌មានរបស់ប្រជាពលរដ្ឋបានត្រឹមត្រូវ ព្រោះរាល់ឯកសារអត្រានុកូលដ្ឋានទាំងអស់ ពិតជាមានសារៈសំខាន់ជាខ្លាំងសម្រាប់ការប្រើប្រាស់ជាផ្លូវការ និងនៅក្នុងករណីចាំបាច់ផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរថា បើតាមលោកអធិការស្រុកតាំងគោក បានឱ្យដឹងថា ឃុំអណ្ដូងពោធិ៍ គឺជាឃុំដែលជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅក្នុងចំណោមឃុំទាំង៨ នៅក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ៕

RAC Media | លឹម សុវណ្ណរិទ្ធ

2025-03-23 04:03:28   ថ្ងៃអាទិត្យ, 23 មីនា 2025 ម៉ោង 11:03 AM
បណ្ឌិត យង់ ពៅ៖ កម្ពុជាមានភាពចាំបាច់នៅក្នុងការពង្រឹងសមត្ថភាពយោធាជើងទឹក ដើម្បីល្បាតនិងការពារដែនសមុទ្រក្នុងអធិបតេយ្យភាពរបស់ខ្លួន ស្របរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ

          ក្រោយបើកការដ្ឋានសាងសង់បានជិត៣ឆ្នាំ កម្ពុជាគ្រោងនឹងសម្ពោធ​ដាក់ឱ្យប្រើប្រាស់មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹករបស់ខ្លួនក្នុងជំហានទី១ នៅដើមខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។ ក្នុងឱកាសនៃការសម្ពោធមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកនេះ មានការចោទជាសំណួរអំពីការប្រតិកម្មសារជាថ្មីពីសំណាក់ប្រទេសក្នុងតំបន់ និងមហាអំណាចមួយចំនួនអំពីឥទ្ធិពលយោធារបស់ចិននៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់។ ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា វឌ្ឍនភាពថ្មីនៃការអភិវឌ្ឍសមត្ថភាពការពារជាតិរបស់កម្ពុជា តាមរយៈសមិទ្ធផលថ្មីគឺមូលដ្ឋានសមុទ្ររាម ដែលជាការបោះជំហាននៅក្នុងការពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ឆ្លើយតបទៅនឹងភាពចាំបាច់របស់ប្រទេសជាតិនីមួយៗ នៅក្នុងការល្បាតនិងការពារដែនអធិបតេយ្យភាពដែនសមុទ្ររបស់ខ្លួន។ បើតាមលោកបណ្ឌិត នេះជាគឺជាដំណើរការជាប្រក្រតីសម្រាប់ប្រទេសដែលមានដែនសមុទ្រ តែងតែមានកងទ័ពជើងទឹកដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការពារដែនសមុទ្ររបស់ខ្លួន ហើយករណីនេះក៏មិនមែនជាការត្រៀមលក្ខណៈនៅក្នុងការច្បាមឬដណ្ដើមដែនសមុទ្រប្រទេសណាមួយឡើយ ពោលគឺការអភិវឌ្ឍ​សមត្ថភាពកងទ័ពជើងទឹកកម្ពុជា ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពគ្រប់គ្រងដែនទឹករបស់ខ្លួនតែប៉ុណ្ណោះ។

          លោកបណ្ឌិត យង់ ពៅ បានកត់សម្គាល់ទៀតថា ប្រសិនបើប្រទេសមួយមានអធិបតេយ្យភាពលើដែនសមុទ្ររបស់ខ្លួនហើយ តែបែរជាមិនមានកំពង់ផែដែលមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការផ្ទុកនាវាយោធារបស់ខ្លួន សម្រាប់បម្រើដល់កិច្ចការងារល្បាតនិងគ្រប់គ្រងលម្ហដែនសមុទ្រ និងគាំទ្រដល់ប្រតិបត្តិការយោធាជើងទឹកផ្សេងៗ រាប់ចាប់តាំងពីប្រតិបត្តិការជំនួយមនុស្សធម៌ ក៏ដូចជាការពារដែនអធិបតេយ្យភាពលើផ្ទៃសមុទ្ររបស់ខ្លួន គឺជាចម្លែកទៅវិញនោះទេ។ លោកបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជំហានដំបូងនៃមូលដ្ឋានសមុទ្ររាម គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលបានបន្តឆន្ទៈនិងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលមុន ដោយបានធ្វើឱ្យលេចចេញជារូបរាងពិតប្រាកដ។

          ការពង្រឹងនិងពង្រីកសមត្ថភាពមូលដ្ឋានសមុទ្ររាម របស់ព្រះរាជាណាចក្រកម្ពុជា គឺជារឿងដ៏ចាំបាច់មួយសម្រាប់ប្រជាជាតិខ្មែរផ្ទាល់ ហើយដំណើរការអភិវឌ្ឍសមត្ថភាពការ​ពារ​ជាតិកម្ពុជា ក៏មិនគួរត្រូវបានបង្អាក់ដោយសារតែការរិះគន់ពីសំណាក់ប្រទេសណាមួយ ដោយយោងលើហេតុផលផ្ទាល់ខ្លួនរបស់ប្រទេសទាំងនោះដែរ ព្រោះប្រសិនបើកម្ពុជាបោះ​បង់សិទ្ធិពង្រឹងនិងអភិវឌ្ឍសមត្ថភាពការពារជាតិ ដោយសារតែហេតុផលប្រទេសដទៃ នោះគឺជាការខាតបង់ផលប្រយោជន៍ និងជាការសម្រេចចិត្តដ៏ខុសឆ្គងមួយចំពោះប្រជាជាតិនិងប្រជាជនកម្ពុជាផ្ទាល់។ សម្រាប់លោកបណ្ឌិត កម្ពុជាត្រូវអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដោយយោងទៅលើរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិជាធរមាន។ ត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា ការអភិវឌ្ឍមូលដ្ឋានសមុទ្ររាម មិនមានផលប៉ះពាល់ទៅដល់ប្រទេសជិតខាងកម្ពុជាដូចជាវៀតណាម ថៃ ឬឡាវ និងសូម្បីតែសហរដ្ឋអាម៉េរិកដែលស្ថិតនៅយ៉ាងឆ្ងាយពីដែនសមុទ្រកម្ពុជា។ ម្យ៉ាងវិញទៀត នៅក្នុងទិដ្ឋភាពច្បាប់ជាតិនិងអន្តរជាតិ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម មិនបានប្រាសចាកពីខ្លឹមសារដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឡើយ ប៉ុន្តែស្របគ្នាទៅនឹង រដ្ឋធម្មនុញ្ញកម្ពុជាត្រង់មាត្រា៥៣ វាក្យខណ្ឌទី៦ ដែលអនុញ្ញាតឱ្យកម្ពុជាទទួលជំនួយយោធាសព្វបែបយ៉ាងពីបណ្ដាប្រទេសជាមិត្តទាំងឡាយ ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន៖ “ព្រះរាជាណាចក្រកម្ពុជា រក្សាសិទ្ធិទទួលជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំង​ប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និងធានាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ នៅក្នុងប្រទេសរបស់ខ្លួន។” ។ ហេតុនេះហើយ ក្នុងករណីដែលរដ្ឋបរទេសណាមួយមានសមានចិត្តជួយកម្ពុជាក្នុងវិស័យយោធា និងមានលក្ខខណ្ឌសមស្របនឹងកម្ពុជា នោះកម្ពុជាមានសិទ្ធិពិចារណាទទួលយក ព្រោះកម្ពុជាមិនអាចទុកឱ្យវិស័យកងទ័ពជើងទឹក​របស់ខ្លួនបន្តមានភាពទន់ខ្សោយ ដោយគ្មានមូលដ្ឋានសមុទ្ររឹងមាំ និងគ្មានសមត្ថភាពឆ្លើយតបទៅនឹង​តម្រូវការជាក់ស្ដែងឡើយ។

          លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀតថា ការរិះគន់ពីបណ្ដាប្រទេសមួយចំនួន មកលើការអភិវឌ្ឍមូលដ្ឋានសមុទ្ររាម របស់កម្ពុជា ត្រូវបានលើកឡើងដោយយោងលើហេតុផលផ្សេងៗគ្នាដូចជា ការមិនបានយល់ច្បាស់លាស់, ប្រយោជន៍នៃភូមិសាស្ត្រនយោបាយ និងដោយសារតែការដុតរោលបញ្ហាក្នុងតំបន់ ជាជាងការព្រួយបារម្ភដែលលើកឡើងដោយផ្តោតលើផលប្រយោជន៍សម្រាប់កម្ពុជា។ ហេតុនេះហើយ លោកបណ្ឌិតបានសម្ដែងការគាំទ្រចំពោះការបន្តអភិវឌ្ឍសមត្ថភាពយោធារបស់កម្ពុជា ដោយផ្ដោតជាចម្បងទៅលើផលប្រយោជន៍ការពារជាតិ អធិបតេយ្យភាព និងប្រជាជនកម្ពុជា ពិសេសការធ្វើទំនើបកម្មកងទ័ពជើងទឹករបស់កម្ពុជា ដែលបច្ចុប្បន្ននៅកម្រិតនៅឡើយនោះ៕

RAC Media

2025-03-20 03:41:09   ថ្ងៃព្រហស្បតិ៍, 20 មីនា 2025 ម៉ោង 10:41 AM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក