ព័ត៌មាន

លោក ប៉ែន បូណា៖ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពិតជាគុណតម្លៃរបស់លោកខាងលិចដែរឬទេ?

2021-02-08 11:15:27 ថ្ងៃចន្ទ, 08 កុម្ភៈ 2021 ម៉ោង 06:15 PM
អ្នកមើល 10540
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយកទូរទស្សន៍ PNN ព្រមទាំងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិ ដែលបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «អ្វីទៅដែលពិភពលោកទទួលបានពីនយោបាយថ្មីរបស់អាម៉េរិក ក្រោមការដឹកនាំរបស់លោក ចូ បៃដិន?» បានថ្លែងលើកជាសំណួរសម្រាប់ជាការពិចារណាថា តើប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពិតជាគុណតម្លៃរបស់លោកខាងលិចដែរឬទេ?

ជាការថ្លែងចាប់ផ្ដើមនៃបទអន្តរាគមន៍ លោក ប៉ែន បូណា បានលើកឡើងនូវទ្រឹស្ដីទំនាក់ទំនងអន្តរជាតិថា «ផ្អែកលើអភិក្រមនៃទំនាក់ទំនងអន្តរជាតិ គេនឹងមិនមានភាពចម្លែកទេ ព្រោះទំនាក់ទំនងអន្តរជាតិ អ្វីដែលសំខាន់គឺផលប្រយោជន៍។ ផលប្រយោជន៍គឺជាកត្តាកំណត់នៃទំនាក់ទំនងល្អ មធ្យម ឬរកាំរកូស»។ លោកបានគូសរំឭកអំពីប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលកម្ពុជាមិនមែនជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិច ល្អូកល្អឺនជាមួយគ្នាទេ គឺជាចំណងការទូតធម្មតា ប៉ុន្តែភាគច្រើនពោរពេញទៅដោយភាពរកាំរកូស គឺលើកលែងតែនៅក្នុងរបបសាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧០-១៩៧៥ ដែលមានការគាំទ្រដោយសហរដ្ឋអាម៉េរិកតែប៉ុណ្ណោះ។

ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយកទូរទស្សន៍ PNN ព្រមទាំងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិរូបនេះ បានបកស្រាយនូវហេតុផលដែលជាបច្ច័យនាំឱ្យទំនាក់ទំនងកម្ពុជា-អាម៉េរិក មិនដែលមានប្រវត្តិជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិច ឬក៏ទំនាក់ទំនងល្អូកល្អឺននឹងគ្នាថា កម្ពុជាជាប្រទេសមួយតូច ហើយមិនមានផលប្រយោជន៍ធំដុំសម្រាប់សហរដ្ឋអាម៉េរិកទេ ដូច្នេះហើយ ក្នុងក្រសែភ្នែកសហរដ្ឋអាម៉េរិក ពុំមើលឃើញប្រទេសកម្ពុជានោះទេ។ លោកបានបន្តថា «គ្មានផលប្រយោជន៍ គ្មានទំនាក់ទំនងល្អ គ្មានជំនួយ ហើយបើមានជំនួយតិចតួច គឺចងភ្ជាប់ទៅដោយលក្ខខណ្ឌស្មុគស្មាញ ហើយជាពិសេសគឺប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។

ឆ្លើយតបទៅនឹងការបកស្រាយរបស់វាគ្មិនមុន ដែលបានបកស្រាយថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺជាគុណតម្លៃរបស់លោកខាងលិច ដែលតាំងនាមជាអ្នកជើងឯកខាងគុណតម្លៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស លោក ប៉ែន បូណា បាន ចោទជាសំណួរថា «តើប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពិតជាស្នូលនៃទំនាក់ទំនងនយោបាយការបរទេសរបស់លោកខាងលិចដែរឬទេ?» ចម្លើយគឺមិនមែនទេ។ វាគ្មិនរូបនេះបានគូសបញ្ជាក់បន្ថែមទៀតថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្រោមផលប្រយោជន៍។ លោកបានលើកឧទាហរណ៍ថា «នៅក្នុងតំបន់យើងនេះ ប្រទេសជិតខាងដែលជាឧទាហរណ៍ស្រាប់ ជាមួយនឹងប្រទេសវៀតណាម គឺសហរដ្ឋអាម៉េរិក ក៏ដូចជាសហភាពអឺរ៉ុបបានចងសម្ព័ន្ធភាព ចុះហត្ថលេខាជាមួយគ្នា ដើម្បីរកស៊ីពាណិជ្ជកម្មសេរី ដោយពួកគេមិនបាននិយាយអំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ ប៉ុន្តែជាមួយប្រទេសតូចតាចដែលមិនសូវមានប្រយោជន៍ដូចជាកម្ពុជា ដូចជាឡាវ ឬភូមាជាដើម គេចងភ្ជាប់លក្ខខណ្ឌច្រើន គឺប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។

ត្រង់ចំណុចនេះ លោក ប៉ែន បូណា បានអះអាងថា ការថ្លែងរបស់លោកបែបនេះ គឺមិនមែនចង់រិះគន់ ឬទោមនស្ស ឬក៏ទោម្នេញជាមួយនឹងប្រទេសជិតខាងកម្ពុជានោះទេ ដោយលោកគ្រាន់តែចង់និយាយ និងវិភាគដើម្បីគ្រាន់តែជាការយល់ដឹងប៉ុណ្ណោះ ព្រោះនៅពេលដែលយើងបានដឹង យើងនឹងអស់ចម្ងល់ហើយថា តើហេតុអ្វីបានជាកម្ពុជាចេះតែមានភាពរកាំរកូសជាមួយសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបនាពេលកន្លងមក។ បើតាមលោក ប៉ែន បូណា នៅក្នុងទំនាក់ទំនងអន្តរជាតិ គឺឈរនៅលើផលប្រយោជន៍ជាធំ ដែលនេះហើយគឺជាហេតុផលដែលកម្ពុជានិងចិនមានទំនាក់ទំនងជាមួយគ្នាកាន់តែល្អជាលំដាប់ ដោយសារតែចិនផ្ដល់ផលប្រយោជន៍ច្រើនសម្រាប់កម្ពុជា ហើយករណីដូចគ្នានេះ ក៏កើតមានឡើងនៅតំបន់ផ្សេងទៀត ក៏ដូចជាអឺរ៉ុប ដែលទៅរកស៊ីជាមួយចិន ក៏ជាផ្នែកមួយនៃផលប្រយោជន៍ផងដែរ។

លោក ប៉ែន បូណា ក៏បានលើកឧទាហរណ៍មួយទៀត ដែលនៅប្រទេសរុស្ស៊ីមានករណីចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង ក៏មានការដាក់គំនាបទៅលើសហភាពអឺរ៉ុបឱ្យកាត់ផ្ដាច់ពាណិជ្ជកម្មជាមួយនឹងរុស្ស៊ីក្នុងការតភ្ជាប់បំពុងឧស្ម័នចូលទៅក្នុងអឺរ៉ុប ត្រូវបានអាល្លឺម៉ង់បដិសេធ ដោយមេដឹកនាំអាល្លឺម៉ង់បានអះអាងថា រឿងនេះជារឿងនយោបាយ ហើយរឿងរកស៊ីនិងពាណិជ្ជកម្ម ជារឿងពីរដាច់ដោយឡែកពីគ្នា។

ហេតុដូច្នេះហើយ តាមប្រសាសន៍លោក ប៉ែន បូណា នៅពេលដែលមានផលប្រយោជន៍ អ្វីៗត្រូវបែងចែកដាច់ពីគ្នា៖ «ប៉ុន្តែប្រសិនបើគ្មានប្រយោជន៍នោះទេ នៅពេលដែលគេផ្ដល់ជំនួយឬផ្ដល់អ្វីឱ្យបន្តិចបន្តួច គឺសុទ្ធតែចងភ្ជាប់ដោយលក្ខខណ្ឌស្មុគស្មាញ»។ ជាចុងក្រោយ លោក ប៉ែន បូណា ក៏បានធ្វើការសន្និដ្ឋានទៅលើទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិកថា «ពីពេលនេះ ទៅ៤ឆ្នាំទៀត មិនមានអ្វីផ្លាស់ប្ដូរធំដុំនោះទេ ប៉ុន្តែវាក៏អាចនឹងប្រែប្រួលផងដែរ ដោយនយោបាយដាក់គំនាបទៅលើប្រទេសផ្សេងៗ ពិសេសប្រទេសតូចៗរបស់សហរដ្ឋអាម៉េរិកនិងអឺរ៉ុប ត្រូវបានអ្នកវិភាគជាច្រើនសន្និដ្ឋានថា គឺជានយោបាយមួយដែលខាត ហើយជាចលករមួយដែលផ្ដល់ផលចំណេញដល់ចិន»៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«សមិទ្ធិផល១២ខែ ក្រោមការដឹកនាំរបស់​ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា»

          នៅព្រឹកថ្ងៃ​១២រោច ខែ​ទុតិយាសាឍ ​ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៨ រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើសន្និសីទការសែតស្តីពីសមិទ្ធផលមួយឆ្នាំ ក្រោមការដឹកនាំរបស់ ឯកឧត្តមប...

2018-08-08 10:46:46   ថ្ងៃពុធ, 08 សីហា 2018 ម៉ោង 05:46 PM
បាឋកថា ស្តីពី «ការកាត់បន្ថយភាពក្រីក្រប្រជាជនតាមរយៈ​ ការដាំដំណាំមន និងចិញ្ចឹមដង្កូវនាង» ​

ឆ្លៀតក្នុងឱកាសបើកកម្មវិធីបាឋកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា «កម្មវិធីនេះ​ពិត​ជា​​ល្អប្រសើរ​ណាស់ ព្រោះថាយើងមានបញ្ញវន្តដែលអាច​ចែករំលែកបទពិសោធន៍ជាមួយអ្នកសិក្សាស្រាវ​ជ្រាវរបស់រាជ​បណ្ឌិត...

2018-08-07 04:34:40   ថ្ងៃអង្គារ, 07 សីហា 2018 ម៉ោង 11:34 AM
«កិច្ចសហប្រតិបត្ដិការណ៍ស្ដីពីផ្លូវមួយខ្សែក្រវ៉ាត់មួយ»

នៅវេលាព្រឹកម៉ោង ៩ៈ៣០នាទីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧នេះ គណៈប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូចិន ចំនួន៥រូបមកពីបណ្ឌិត្យសភាវិទ្យាសាស្ដ្រសង្គមសៀងហៃ ប្រទេសចិន នៅសាលស្លឹករឹត ក្រោមការដឹ...

2018-08-03 11:09:40   ថ្ងៃសុក្រ, 03 សីហា 2018 ម៉ោង 06:09 PM
«ជប៉ុននឹងសាងសង់សួនសត្វដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅខេត្តព្រះវិហារ»

ក្នុងឱកាសស្វាគមន៍ដល់ភ្ញៀវជប៉ុន ដែលមានគម្រោងដាក់វិនិយោគបង្កើតសួនសត្វដ៏ធំនៅកម្ពុជា នៅក្នុងទីតាំងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បង្ហាញពីក្តីពេញចិត្តចំពោះទឹកចិត...

2018-07-28 16:17:34   ថ្ងៃសៅរ៍, 28 កក្កដា 2018 ម៉ោង 11:17 PM
សៀវភៅខ្នាតធំអំពីប្រាសាទបុរាណនៅកម្ពុជា

នេះជាលើកទី១ ដែលសាធារណរដ្ឋប្រជាមានិតចិន បានជូនសៀវភៅខ្នាតធំមួយ មានតម្លៃរហូតដល់ ៥០០០ដុល្លារ ដល់រាជបណ្ឌិត្យសភាកម្ពុជា។ សៀវភៅនេះ បានរៀបចំដោយអ្នកជំនាញបច្ចេកទេសចិន ដោយប្រើបច្ចេកវិជ្ជាទំនើប ក្នុងការប្រមូលចងក្...

2018-07-19 04:32:56   ថ្ងៃព្រហស្បតិ៍, 19 កក្កដា 2018 ម៉ោង 11:32 AM
វេទិកាចំហ ស្តីពី «សក្តានុពល និងបញ្ហាប្រឈមនៃការវិនិយោគនៅកម្ពុជា»

នៅព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាចំហស្តីពី «សក្តានុពល និងបញ្ហាប្រឈមនៃការវិនិយោគនៅកម្ពុជា» ដោយមានការចូលរ...

2018-07-13 05:02:53   ថ្ងៃសុក្រ, 13 កក្កដា 2018 ម៉ោង 12:02 PM

សេចក្តីប្រកាស