Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «នយោបាយដាក់គំនាបទៅលើប្រទេសតូចៗ ធ្វើឱ្យសហរដ្ឋអាម៉េរិកនិងអឺរ៉ុបខាតបង់ ប៉ុន្តែកំពុងផ្ដល់ផលចំណេញដល់ចិន» នេះជាការគូសបញ្ជាក់របស់អ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិមួយរូប ដែលបានថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «អ្វីទៅដែលពិភពលោកទទួលបានពីនយោបាយថ្មីរបស់អាម៉េរិក ក្រោមការដឹកនាំរបស់លោក ចូ បៃដិន?» ដែលប្រព្រឹត្តទៅនៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។
នៅក្នុងបទអន្តរាគមន៍លើប្រធានបទស្ដីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិក ក្នុងរដ្ឋបាលដឹកនាំរបស់លោក ចូ បៃដិន លោក ប៉ែន បូណា បានលើកឡើងបញ្ជាក់អំពីវប្បធម៌នយោបាយរបស់លោកខាងលិច និងសហរដ្ឋអាម៉េរិក ដែលជានិច្ចកាលបានអះអាងថាប្រជាធិបតេយ្យ និងសិទ្ធិ គឺជាគុណតម្លៃស្នូលនៃទំនាក់ទំនងនយោបាយការបរទេសរបស់ខ្លួន ប៉ុន្តែ លោកបានគូសបញ្ជាក់ថា «នយោបាយដាក់គំនាបទៅលើប្រទេសផ្សេងៗ ពិសេសប្រទេសតូចៗរបស់សហរដ្ឋអាម៉េរិកនិងអឺរ៉ុប ត្រូវបានអ្នកវិភាគជាច្រើនសន្និដ្ឋានថា គឺជានយោបាយមួយដែលខាតបង់ ហើយជាចលករមួយដែលផ្ដល់ផលចំណេញដល់ចិន»។
ក្រៅតែពីការសន្និដ្ឋានយ៉ាងដូច្នេះរបស់អ្នកវិភាគជាច្រើន ប៉ែន បូណា បានថ្លែងសង្កត់ធ្ងន់បន្ថែមទៀតថា សូម្បីតែក្រុមការងារ South East Asia Task force របស់សហរដ្ឋអាម៉េរិក ក៏បានវិភាគយ៉ាងស៊ីជម្រៅផងដែរ នូវការខាតបង់និងការចំណេញរបស់សហរដ្ឋអាម៉េរិក នៅពេលដាក់ទណ្ឌកម្មនិងគំនាបទៅលើបណ្ដាប្រទេសនានា ពិសេសនៅអាស៊ាន ដែលក្រុមការងារនេះបានអះអាងថា សហរដ្ឋអាម៉េរិកគួរតែប្រើប្រាស់របៀបធ្វើការមួយដែលមានប្រសិទ្ធភាព ជាជាងការដាក់គំនាប និងទណ្ឌកម្ម។
សម្រាប់ករណីប្រទេសកម្ពុជា លោក ប៉ែន បូណា បានលើកឡើងនូវឱកាស និងការប្រឈមដែលប្រទេសតូចមួយនេះ នឹងពើបប្រទះក្នុងដំណាក់កាលប្រកួតប្រជែងរវាងចិន និងសហរដ្ឋអាម៉េរិកថា៖ «ក្នុងពេលដែលមហាអំណាចថ្មីកំពុងតែងើបឡើង ដែលត្រូវការការគាំទ្រពីប្រទេសតូចៗ កម្ពុជាអាចមានឱកាសទាញប្រយោជន៍ច្រើនពីមហាអំណាច ក្នុងករណីដែលមហាអំណាចបានប្ដូរពីការអនុវត្តការដាក់សម្ពាធឬគំនាប មកជាការយកចិត្តប្រទេសតូចៗ ប៉ុន្តែប្រសិនបើមហាអំណាចនៅតែបន្តបោះដុំថ្មក្ដៅមក នោះកម្ពុជានឹងជួបបញ្ហា ដូចជាករណីការចោទប្រទេសកម្ពុជាអំពីមូលដ្ឋានយោធាចិនជាដើម»។
គួរបញ្ជាក់ថា ហេតុផលប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅតែត្រូវបានបណ្ដាប្រទេសលោកខាងលិច និងសហរដ្ឋអាម៉េរិកលើកមកធ្វើជាប្រធានបទរិះគន់ និងដាក់សម្ពាធលើបណ្ដាប្រទេសតូចៗដូចជាប្រទេសកម្ពុជាជាដើម។ ទោះជាយ៉ាងនេះក្ដី អ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិរូបនេះ បានអះអាងថា «ប្រជាធិបតេយ្យមានសារៈសំខាន់ណាស់ដែលកម្ពុជាត្រូវតែនាំគ្នាកសាង ប៉ុន្តែប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស មិនអាចត្រូវចម្លងទាំងស្រុងពីប្រទេសលោកខាងលិចមកដាក់នៅប្រទេសកម្ពុជាកម្ពុជាបាននោះទេ»។
បើតាមលោក ប៉ែន បូណា គុណតម្លៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់លោកខាងលិច គឺមានមូលដ្ឋានសេរីភាព ប៉ុន្តែគុណតម្លៃរបស់អាស៊ីគឺ លើវិន័យ និងសណ្ដាប់ធ្នាប់ ដូច្នេះហើយ កម្ពុជាត្រូវកសាងប្រជាធិបតេយ្យដោយផ្អែកលើគុណតម្លៃផ្ទាល់ខ្លួន គឺត្រូវដាំប្រជាធិបតេយ្យនៅកម្ពុជា ត្រូវតែកសាងឡើងនៅក្នុងថ្នាលរបស់ខ្មែរ នៅលើដីរបស់ខ្មែរ អាកាសធាតុរបស់ខ្មែរ ពូជខ្មែរ ជីរខ្មែរ ទឹកខ្មែរ ទើបយើងអាចកសាងប្រជាធិបតេយ្យមួយដែលមានតម្លៃ ហើយកម្ពុជាអាចកសាងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតាមរបៀបខ្មែរ ដោយខ្មែរមានមូលដ្ឋានគ្រឹះរឹងមាំណាស់។ បើសិនជាក្រឡេកមើលប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាមានវប្បធម៌ទទួលពីឥណ្ឌា ប៉ុន្តែយើងមើលឱ្យច្បាស់ ខ្មែរមិនមានអ្វីដែលដូចឥណ្ឌាទេ ដោយសារបុព្វបុរសខ្មែរ បានយកអ្វីដែលចម្លងពីឥណ្ឌាកែច្នៃឱ្យទៅជាអ្វីរបស់ខ្លួនឯង ហេតុនេះហើយកម្ពុជាក៏អាចកសាងបានក្នុងក្របខណ្ឌប្រជាធិបតេយ្យកម្ពុជា ដោយមិនត្រូវរំពឹងថាយកម៉ែត្រប្រជាធិបតេយ្យរបស់លោកខាងលិចមកវាស់ប្រជាធិបតេយ្យរបស់ខ្មែរនោះទេ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ភាសាវិទ្យាគឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីភាសា អំពីរបៀបដែលភាសាដំណើរការ អំពីរបៀបដែលភាសាទទួល និង អំពីរបៀបដែលមនុស្សប្រើប្រាស់ដើម្បីទាក់ទងគ្នា ។ ភាសាវិទ្យា គឺជាមុខវិជ្ជាវិទ្យាសាស្ត្រ ហើយ មុខវិជ្ជានេះ មានទាំ...
នៅពេលនេះ ជំងឺរលាកផ្លូដង្ហើមប្រភេទថ្មី ឬ Coronavirus Disease-19 (Covid-19) កំពុងរាតត្បាតស្ទើរពេសពេញពិភពលោក (Pandemic)។ ស្ថិតក្នុងស្ថានការណ៍បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំប្រទេស អង្គការជាតិ អន្តរជាតិនានាទូទ...
(ខេត្តព្រះវិហារ)៖ ដោយទទួលបានសំណើសុំឱ្យជួយអន្តរាគមន៍ពីឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅថ្ងៃទី១៩ មីនា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រ...
រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន បានខិតខំធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ព្រោះហ្វីលីពីនបានដឹងយ៉ាងច្បាស់អំពីតួនាទី និងភាពចាំបាច់របស់សហរដ្ឋអាម៉េរិក នៅក្នុងការរក្សាសន្តិសុខទាំងក្នុងប...
ក្នុងស្ថានការណ៍ដែលពិភពលោក កំពុងព្រួយបារម្ភចំពោះការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកើតឡើងកាន់តែខ្លាំងឡើងនៅតាមបណ្តាប្រទេសនានា ជាពិសេសនៅតំបន់អឺរ៉ុប ដែលកំពុងរងឥទ្ធិពលនៃជំងឺនេះ ខ្លាំងជាងគេ។ ដើមឡើយ គ្រប់គ្នាតែ...
គិតត្រឹមម៉ោង៣រសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ មានអ្នករងគ្រោះដោយសារមេរោគ COVID-19 សរុបក្នុងពិភពលោកមានចំនួន១៨៣ ០៦១នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន៧ ១៧៥នាក់និងបានជាសះស្បើយឡើងវិញចំនួន៧៩ ៨៩១នាក់ [១]។ តើអ្វ...