ព័ត៌មាន

អ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិ៖ នយោបាយដាក់គំនាបទៅលើប្រទេសតូចៗ ធ្វើឱ្យសហរដ្ឋអាម៉េរិកនិងអឺរ៉ុបខាតបង់ ប៉ុន្តែកំពុងផ្ដល់ផលចំណេញដល់ចិន

2021-02-09 04:35:12 ថ្ងៃអង្គារ, 09 កុម្ភៈ 2021 ម៉ោង 11:35 AM
អ្នកមើល 11508
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «នយោបាយដាក់គំនាបទៅលើប្រទេសតូចៗ ធ្វើឱ្យសហរដ្ឋអាម៉េរិកនិងអឺរ៉ុបខាតបង់ ប៉ុន្តែកំពុងផ្ដល់ផលចំណេញដល់ចិន» នេះជាការគូសបញ្ជាក់របស់អ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិមួយរូប ដែលបានថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «អ្វីទៅដែលពិភពលោកទទួលបានពីនយោបាយថ្មីរបស់អាម៉េរិក ក្រោមការដឹកនាំរបស់លោក ចូ បៃដិន?» ដែលប្រព្រឹត្តទៅនៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងបទអន្តរាគមន៍លើប្រធានបទស្ដីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិក ក្នុងរដ្ឋបាលដឹកនាំរបស់លោក ចូ បៃដិន លោក ប៉ែន បូណា បានលើកឡើងបញ្ជាក់អំពីវប្បធម៌នយោបាយរបស់លោកខាងលិច និងសហរដ្ឋអាម៉េរិក ដែលជានិច្ចកាលបានអះអាងថាប្រជាធិបតេយ្យ និងសិទ្ធិ គឺជាគុណតម្លៃស្នូលនៃទំនាក់ទំនងនយោបាយការបរទេសរបស់ខ្លួន ប៉ុន្តែ លោកបានគូសបញ្ជាក់ថា «នយោបាយដាក់គំនាបទៅលើប្រទេសផ្សេងៗ ពិសេសប្រទេសតូចៗរបស់សហរដ្ឋអាម៉េរិកនិងអឺរ៉ុប ត្រូវបានអ្នកវិភាគជាច្រើនសន្និដ្ឋានថា គឺជានយោបាយមួយដែលខាតបង់ ហើយជាចលករមួយដែលផ្ដល់ផលចំណេញដល់ចិន»។

ក្រៅតែពីការសន្និដ្ឋានយ៉ាងដូច្នេះរបស់អ្នកវិភាគជាច្រើន ប៉ែន បូណា បានថ្លែងសង្កត់ធ្ងន់បន្ថែមទៀតថា សូម្បីតែក្រុមការងារ South East Asia Task force របស់សហរដ្ឋអាម៉េរិក ក៏បានវិភាគយ៉ាងស៊ីជម្រៅផងដែរ នូវការខាតបង់និងការចំណេញរបស់សហរដ្ឋអាម៉េរិក នៅពេលដាក់ទណ្ឌកម្មនិងគំនាបទៅលើបណ្ដាប្រទេសនានា ពិសេសនៅអាស៊ាន ដែលក្រុមការងារនេះបានអះអាងថា សហរដ្ឋអាម៉េរិកគួរតែប្រើប្រាស់របៀបធ្វើការមួយដែលមានប្រសិទ្ធភាព ជាជាងការដាក់គំនាប និងទណ្ឌកម្ម។

សម្រាប់ករណីប្រទេសកម្ពុជា លោក ប៉ែន បូណា បានលើកឡើងនូវឱកាស និងការប្រឈមដែលប្រទេសតូចមួយនេះ នឹងពើបប្រទះក្នុងដំណាក់កាលប្រកួតប្រជែងរវាងចិន និងសហរដ្ឋអាម៉េរិកថា៖ «ក្នុងពេលដែលមហាអំណាចថ្មីកំពុងតែងើបឡើង ដែលត្រូវការការគាំទ្រពីប្រទេសតូចៗ កម្ពុជាអាចមានឱកាសទាញប្រយោជន៍ច្រើនពីមហាអំណាច ក្នុងករណីដែលមហាអំណាចបានប្ដូរពីការអនុវត្តការដាក់សម្ពាធឬគំនាប មកជាការយកចិត្តប្រទេសតូចៗ ប៉ុន្តែប្រសិនបើមហាអំណាចនៅតែបន្តបោះដុំថ្មក្ដៅមក នោះកម្ពុជានឹងជួបបញ្ហា ដូចជាករណីការចោទប្រទេសកម្ពុជាអំពីមូលដ្ឋានយោធាចិនជាដើម»។

គួរបញ្ជាក់ថា ហេតុផលប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅតែត្រូវបានបណ្ដាប្រទេសលោកខាងលិច និងសហរដ្ឋអាម៉េរិកលើកមកធ្វើជាប្រធានបទរិះគន់ និងដាក់សម្ពាធលើបណ្ដាប្រទេសតូចៗដូចជាប្រទេសកម្ពុជាជាដើម។ ទោះជាយ៉ាងនេះក្ដី អ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិរូបនេះ បានអះអាងថា «ប្រជាធិបតេយ្យមានសារៈសំខាន់ណាស់ដែលកម្ពុជាត្រូវតែនាំគ្នាកសាង ប៉ុន្តែប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស មិនអាចត្រូវចម្លងទាំងស្រុងពីប្រទេសលោកខាងលិចមកដាក់នៅប្រទេសកម្ពុជាកម្ពុជាបាននោះទេ»។

បើតាមលោក ប៉ែន បូណា គុណតម្លៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់លោកខាងលិច គឺមានមូលដ្ឋានសេរីភាព ប៉ុន្តែគុណតម្លៃរបស់អាស៊ីគឺ លើវិន័យ និងសណ្ដាប់ធ្នាប់ ដូច្នេះហើយ កម្ពុជាត្រូវកសាងប្រជាធិបតេយ្យដោយផ្អែកលើគុណតម្លៃផ្ទាល់ខ្លួន គឺត្រូវដាំប្រជាធិបតេយ្យនៅកម្ពុជា ត្រូវតែកសាងឡើងនៅក្នុងថ្នាលរបស់ខ្មែរ នៅលើដីរបស់ខ្មែរ អាកាសធាតុរបស់ខ្មែរ ពូជខ្មែរ ជីរខ្មែរ ទឹកខ្មែរ ទើបយើងអាចកសាងប្រជាធិបតេយ្យមួយដែលមានតម្លៃ ហើយកម្ពុជាអាចកសាងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតាមរបៀបខ្មែរ ដោយខ្មែរមានមូលដ្ឋានគ្រឹះរឹងមាំណាស់។ បើសិនជាក្រឡេកមើលប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាមានវប្បធម៌ទទួលពីឥណ្ឌា ប៉ុន្តែយើងមើលឱ្យច្បាស់ ខ្មែរមិនមានអ្វីដែលដូចឥណ្ឌាទេ ដោយសារបុព្វបុរសខ្មែរ បានយកអ្វីដែលចម្លងពីឥណ្ឌាកែច្នៃឱ្យទៅជាអ្វីរបស់ខ្លួនឯង ហេតុនេះហើយកម្ពុជាក៏អាចកសាងបានក្នុងក្របខណ្ឌប្រជាធិបតេយ្យកម្ពុជា ដោយមិនត្រូវរំពឹងថាយកម៉ែត្រប្រជាធិបតេយ្យរបស់លោកខាងលិចមកវាស់ប្រជាធិបតេយ្យរបស់ខ្មែរនោះទេ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត»

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួម ន...

2025-04-17 08:40:08   ថ្ងៃព្រហស្បតិ៍, 17 មេសា 2025 ម៉ោង 03:40 PM
បណ្ឌិត យង់ ពៅ៖ ដំណើរបំពេញទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មកកម្ពុជា បង្ហាញពីទំនាក់ទំនងកម្ពុជា-ចិន ប្រកបដោយភាពច្បាស់លាស់ និងអនាគតរឹងមាំ

លោក ស៊ី ជីនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដែលជាដំណើរទស្សនកិច្ចលើកទី២ ក្នុងនាមជាប្រធាន...

2025-04-17 04:19:03   ថ្ងៃព្រហស្បតិ៍, 17 មេសា 2025 ម៉ោង 11:19 AM
មិត្តភាពដែកថែបកម្ពុជា-ចិនក្នុងយុគសម័យថ្មី : ដំណើររួមគ្នាឆ្ពោះទៅរកវិបុលភាពនិងការអភិវឌ្ឍ

         លោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​មកកាន់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃថ្ងៃទី១៨ ខែមេសា ឆ្នាំ​២០២៥...

2025-04-17 03:12:53   ថ្ងៃព្រហស្បតិ៍, 17 មេសា 2025 ម៉ោង 10:12 AM
បណ្ឌិត យង់ ពៅ៖ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង គឺជាការរៀបចំផ្គូរផ្គងដោយក្រុមពិធីការប្រទេស៤ មិនមានការទាញភ្ជាប់ទិដ្ឋភាពប្រវត្តិសាស្ត្រនោះទេ

          ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិននៅកម្ពុជា ចំថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ដែលមានមតិមួយចំនួនបានទាញភ្ជាប់ដំណើរទស្សនកិច្ចនេះ...

2025-04-15 02:09:54   ថ្ងៃអង្គារ, 15 មេសា 2025 ម៉ោង 09:09 AM
តើការប្រកាសអត្រាពន្ធគយថ្មីរបស់សហរដ្ឋអាម៉េរិក មានអត្ថន័យយ៉ាងដូចម្ដេចចំពោះប្រទេសកម្ពុជា?

ដោយ៖ លឹម សុវណ្ណរិទ្ធនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា) រដ្ឋាភិបាល​សហរដ្ឋអាម៉េរិក​បាន​ប្រកាស​ពី​អត្រា​ពន្ធគយសម្រាប់ការនាំចូលទំនិញពីដៃគូពាណិជ្ជកម្មរបស់​ខ្លួន​ នៅជុំវិញ​ពិភពលោក រួម​ទាំង​ប្រទេសកម្...

2025-04-07 11:02:08   ថ្ងៃចន្ទ, 07 មេសា 2025 ម៉ោង 06:02 PM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្ស...

2025-04-04 05:53:17   ថ្ងៃសុក្រ, 04 មេសា 2025 ម៉ោង 12:53 PM

សេចក្តីប្រកាស