ព័ត៌មាន

ជំហរអាស៊ានក្នុងស្ថានការណ៍នយោបាយមីយ៉ាន់ម៉ា ដោយ៖ ចាន់ វណ្ឌី លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិត្យសភាចារ្យ

2021-02-15 04:38:47 ថ្ងៃចន្ទ, 15 កុម្ភៈ 2021 ម៉ោង 11:38 AM
អ្នកមើល 9028
post_detail

នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ យោធាមីយ៉ាន់ម៉ា បានចាប់ឃុំខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុង សាន ស៊ូជី និងប្រធានាធិបតី ព្រមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើននាក់។ យ៉ាងណាមិញ មុនរដ្ឋប្រហារនេះកើតឡើង អគ្គមេបញ្ជាការយោ ធាមីយ៉ាន់ម៉ា ធ្លាប់ព្រលយចេញសារព្រមានចំពោះហេតុការណ៍នេះរួចមកហើយ កាលពីសប្តាហ៍មុន ដោយលោកឧត្តមសេនីយ៍ Min Aung Hlaing អគ្គមេបញ្ជាការ ត្រូវបានគេដឹងថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោកបានប្រាប់ទៅកងទ័ពថា យោធានឹងក្តោបក្តាប់អំណាចវិញ ប្រសិនបើរឿងក្លែងបន្លំនៃការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ មិនត្រូវបានបញ្ជាក់ច្បាស់លាស់ទេនោះ។ ក្រោយការចាប់ឃុំខ្លួនទីប្រឹក្សារដ្ឋ លោកស្រី អ៊ុង សាន ស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា យោធាបានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ហើយថាអំណាចទាំងអស់ ត្រូវប្រគល់ទៅឱ្យអគ្គមេបញ្ជាការ។ យោធាអាចនឹងគ្រប់គ្រងប្រទេសរយៈពេលមួយឆ្នាំ។

នៅព្រឹកព្រលឹមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រថក្រោះរថពាស់ដែកបានចល័តពាសពេញទីក្រុងរ៉ង់ហ្គូន និងរដ្ឋធានី ណៃពីដោ ហើយកងយោធាបានធ្វើការដាក់ពង្រាយកម្លាំងគ្រប់ទិសទីក្នុងទីក្រុង ដើម្បីបិទផ្លូវ និងបិទការធ្វើចរាចរណ៍ ស្របពេលនោះដែរ របបយោធាថ្មី កំពុងចាត់វិធានការរឹតត្បិតលើប្រព័ន្ធអ៊ីនធើណិត តាមរយៈការបិទខ្ទប់បណ្ដាញទំនាក់ទំនងសង្គមនានា ដូចជា Facebook, Twitter និង Instagram ដោយសំអាងលើហេតុផលរក្សាស្ថិរភាពជាតិ។ ទីប្រឹក្សារដ្ឋគឺ លោកស្រី អ៊ុង សានស៊ូជី និងសមាជិករបស់គណបក្ស សម្ព័ន្ធជាតិដើម្បីប្រធិបតេយ្យ (NLD) ផ្សេងទៀតត្រូវបានគេឃុំខ្លួន ខណៈអំណាចទាំងអស់ត្រូវបានផ្ទេរទៅឱ្យមេដឹកនាំយោធា។

ភ្លាមៗនោះ សហគមអន្តរជាតិជាច្រើនមានការព្រួយបារម្មពីស្ថានការនយោបាយនៅប្រទេសមីយ៉ាន់ម៉ា និងបានធ្វើការថ្កោលទោសចំពោះរដ្ឋប្រហារនេះ ព្រមទាំងទាមទារឱ្យមានការដោះលែងលោកស្រី អ៊ុង សានស៊ូជី និងអ្នកនយោបាយជាច្រើននាក់ទៀតផងដែរ។ ជាក់ស្តែង លោក អាន់តូនីញ៉ូ ហ្គូទែរែស អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) បាន គូសបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋប្រហារគឺជាទង្វើដែលមិនអាចទទួលយកបានជាដាច់ខាត នៅក្នុងពិភពលោកសម័យទំនើបនេះ ហើយខ្ញុំប្រឆាំង និងថ្កោលទោសរដ្ឋប្រហារ»។ បន្ថែមពីនេះ ប្រមុខ UN រូបនេះ បន្តទៀតថា ការប្រកាសប្រមូលក្តោបក្តាប់អំណាចទាំងស្រុង ពីសំណាក់ក្រុមយោធា នឹងបំផ្លាញដល់ការធ្វើកំណែទម្រង់ ប្រជាធិបតេយ្យ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្រៅពីប្រមុខ UN នៅមានលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានសរសេរលើទំព័រ Twitter របស់លោកថា តាងនាមឱ្យសហភាពអឺរ៉ុប លោកសូមថ្កោលទោស យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះការធ្វើរដ្ឋប្រហារ ព្រមទាំងការចាប់ខ្លួនលោកស្រីអ៊ុងសាន ស៊ូជី និងអ្នកនយោបាយផ្សេងទៀត។ លោកបន្តថា លទ្ធផលនៃការបោះឆ្នោតបែបប្រជាធិបតេយ្យ ត្រូវតែទទួលបានការគោរពទទួលយក។

ដោយឡែក លោក Josep Borrell ប្រមុខការទូតសហភាពអឺរ៉ុប បានលើកឡើងថា ប្រជាជនភូមាត្រូវការលទ្ធិប្រជាធិបតេយ្យ ហើយសហភាពអឺរ៉ុប នឹងនៅជាមួយប្រជាជនភូមាជានិច្ច។

ចំពោះលោក បូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេស ក៏បានសរសេរលើបណ្តាញ Twitter របស់ខ្លួនដែរថា លោកថ្កោលទោស រដ្ឋប្រហារយោធារបស់កងទ័ពភូមា និងថ្កោលទោសចំពោះការចាប់ឃុំខ្លួនលោកស្រីអ៊ុងសាន ស៊ូជី ព្រមទាំងអ្នកទោសនយោបាយឯទៀត។ ជាមួយគ្នានោះ លោក Gabriel Attal អ្នកនាំពាក្យរដ្ឋាភិបាលបារាំង បានថ្លែងនៅតាមវិទ្យុ នៅព្រឹកថ្ងៃទី១កុម្ភៈ នេះថា រដ្ឋាភិបាលបារាំង សូមអំពាវនាវឱ្យកងទ័ពភូមា ត្រូវដោះលែងមនុស្សទាំងអស់ ហើយទទួលស្គាល់លទ្ធផលបោះឆ្នោត ដែលប្រជាជនភូមាបានសម្រេចចិត្ត។ លោកបានអះអាងថា រដ្ឋាភិបាលបារាំង កំពុងពិភាក្សា ជាមួយដៃគូ និងស្ថាប័នអន្តរជាតិឯទៀត ដើម្បីរកយន្តការអន្តរជាតិ ជួយស្រោចស្រង់លទ្ធិប្រជាធិបតេយ្យភូមា។

ចេញពីអឺរ៉ុប នៅឯសហរដ្ឋអាម៉េរិកឯកនោះ លោកប្រធានាធិបតីថ្មីសហរដ្ឋអាម៉េរិក លោក ចូ បៃដិន អំពាវនាវដល់ឧត្តមសេនីយ៍មីយ៉ាន់ម៉ាឱ្យ “លះបង់អំណាច” ហើយទាមទារឱ្យពួកគេដោះលែងមេដឹកនាំស៊ីវិលដែលត្រូវបានឃុំខ្លួនហើយរដ្ឋបាលរបស់លោកក៏កំពុងពិចារណាលើទណ្ឌកម្ម។ ចំណែកអ្នកនាំពាក្យសេតវិមានអាម៉េរិក លោក Jen Psaki បានបញ្ជាក់ថា សហរដ្ឋអាម៉េរិកប្រឆាំងចំពោះការកែប្រែលទ្ធផលបោះឆ្នោត ដែលប្រជាជនភូមាបានសម្រេចដោយសេរី កាលពីថ្ងៃទី៨វិច្ឆិកាកន្លងមក។ លោកថា សហរដ្ឋអាមេរិក នឹងចាត់វិធានការ ទៅលើក្រុមមនុស្ស ដែលដឹកនាំការធ្វើរដ្ឋប្រហារនេះ។

បើក្រឡែកមកទ្វីបអាស៊ីវិញម្តង ឃើញថាអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin មិនបានថ្លែងថ្កោលទោសឱ្យចំៗ ទៅលើការធ្វើរដ្ឋប្រហារយោធានេះទេ ដោយលោកលើកឡើងថា ចិនកំពុងតែសង្កេតតាមដាន ដើម្បីស្វែងយល់ស្ថានការណ៍នយោបាយ នៅភូមាឱ្យបានច្បាស់។ លោកបន្ថែមថា រដ្ឋាភិបាលចិន អំពាវនាវឱ្យគ្រប់ភាគីនយោបាយភូមា ត្រូវស្វែងរកដំណោះស្រាយ ដោយឈរលើក្របខណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ ក្រៅពីនោះ រដ្ឋាភិបាលជប៉ុន សិង្ហបុរី ឥណ្ឌា និងអូស្ត្រាលីជាដើម សុទ្ធតែបានសម្តែងការព្រួយបារម្ភ អំពីការរលត់រលាយ នូវការរីកចំរើនបង្គួរ នៃលទ្ធិប្រជាធិបតេយ្យនៅភូមា។ មេដឹកនាំប្រទេសឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីស្នើឱ្យមានកិច្ចប្រជុំពិសេសមួយនៃរដ្ឋមន្ត្រីការបរទេសរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ស្របពេលនេះ ប្រទេសព្រុយណេ ដែលឆ្នាំនេះ (២០២១) ជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានអំពាវ នាវទៅកាន់ប្រទេសភូមា អោយបើកកិច្ចសន្ទនា ការផ្សះផ្សាជាតិ និងវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ។ តាមរយៈសេចក្តីថ្លែងការណ៍មួយ គឺប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានលើកឡើងថា «យើងសូមទទូចម្តងទៀតថា ស្ថិរភាពនយោបាយនៅក្នុងរដ្ឋជាសមាជិកអាស៊ាន គឺជាការចាំបាច់បំផុត ដើម្បីសម្រេចបាននូវសហគមន៍មួយ ដែលប្រកបដោយសន្តិភាព ស្ថិរភាពនិងវិបុលភាព»។

ជាមួយនឹងការធ្វើរដ្ឋប្រហារនេះ អាស៊ានក្នុងនាមជាអង្គការតំបន់គួរមានការចូលរួមចំណែកត្រូវធ្វើយ៉ាងណាឱ្យបណ្តាប្រទេសនានាក្នុងតំបន់មានភាពកក់ក្តៅ និងមានការរួមរស់ជាមួយគា្នប្រកបដោយភាពសុខដុមក្នុងរង្វង់ក្របខណ្ឌអាស៊ាន ក៏ដូចជាក្នុងក្របខណ្ឌតំបន់ និងពិភពលោក។

តាមពិតទៅ អាស៊ានមានគោលការណ៍សំខាន់ៗរបស់ខ្លួនដូចជា៖

• គោរពគ្នាទៅវិញទៅមកនូវ ឯករាជ្យ អធិបតេយ្យភាព សមភាព បូរណភាពដែនដី និងអត្តសញ្ញាណរបស់ប្រជាជាតិទាំងអស់ ។

• សិទ្ធិរបស់ប្រទេសនីមួយៗ ក្នុងការកគ្រប់គ្រងអត្ថិភាពជាតិរបស់ខ្លួនដោយគ្មានការជ្រៀតជ្រែកវិទ្ធង្សនា ឬបង្ខិតបង្ខំពីខាងក្រៅ ។

• មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងប្ររទេសណាមួយ

• ដោះស្រាយទំនាស់ឬវិវាទដោយមធ្យោបាយសន្តិភាព

• លះបង់ការគំរាមគំហែងឬ ប្រើប្រាស់កម្លាំង

• ធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពរវាងគ្នានឹងគ្នា ។

គោលការណ៍នេះបង្កើតនៅថ្ងៃទី ២៤ កុម្ភៈ ១៩៧៦ នាកិច្ចប្រជុំកំពូលនៅប្រទេសឥណ្ឌូនេស៊ី គោលការណ៍ទាំងនេះក៏មានចែងក្នុង មាត្រា២នៃធម្មនុញ្ញអាស៊ានផងដែរ។

តាមរយៈគោលការណ៍របស់អាស៊ាននេះហើយ ដែលធ្វើឱ្យអាស៊ានទាំងមូលមិនអាចធ្វើអ្វីបានក្រៅពីអំពាវនាវដល់ប្រទេសដែលមានបញ្ហាធ្វើការដោះស្រាយ និងសម្របខ្លួនតាមយន្តការនានាដែលខ្លួនបានព្រមព្រៀងក្នុងក្របខណ្ឌអាស៊ាន។ ករណីដូចប្រទេសមីយ៉ាន់ម៉ានាពេលនេះ គឺជារឿងផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ម្ល៉ោះហើយប្រទេសមីយ៉ាន់ម៉ាខ្លួនឯងគួរធ្វើការផ្សះផ្សារ និងបង្រួមបង្រួមជាតិដោយខ្លួនឯងជាមុនសិន។ តែយ៉ាងណាក្តី អាស៊ាននៅតែធ្វើការតាម ដាន និងឃ្លាំមើលជានិច្ចនូវស្ថានការណ៍នយោបាយរបស់មីយ៉ាន់ម៉ា ដោយតម្រូវឱ្យប្រទសនេះធ្វើការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

ម្តងហើយម្តងទៀត អាស៊ាន បានជំរុញឱ្យមីយ៉ាន់ម៉ាចាត់វិធានការអត់ធ្មត់ និងស្វែងរកដំណោះស្រាយនយោបាយតាម រយៈការផ្សាការផ្សះផ្សារជាតិ និងដំណើរការលទ្ធិប្រជាធិបតេយ្យជំនួសដោយការព្យួរសមាជិកភាពរបស់ប្រទេសនេះ ឬដកប្រទេសមីយ៉ាន់ម៉ាចេញពីអាស៊ានតែម្តង។ ជាក់ស្តែងកាលពីឆ្នាំ២០១១ កន្លងទៅ ប្រទេសមីយ៉ាន់ម៉ា បានអនុញ្ញាតឱ្យមានសេរីភាពក្នុងការបញ្ចេញមតិកាន់តែច្រើនជាងមុន ដោយគេឃើញថា សង្គមស៊ីវិល ក្នុងប្រទេសនេះមានការអនុញ្ញាតឱ្យមានការបញ្ចេញមតិច្រើនជាងមុន។ ចំណុចនេះហើយដែលអាស៊ានមើលឃើញនិងផ្តល់ឱកាសសម្រាប់ប្រទេសភូមាក្នុងការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០១៣ ដោយនៅពេលនោះ អាស៊ានរំពឹងថាការធ្វើកំណែទម្រង់នយោបាយ ក៏ដូចជាការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅប្រទេសនេះ នឹងមានវឌ្ឍនភាព។ តែមិនយូរប៉ុន្មាន ប្រទេសមីយ៉ាន់ម៉ា នៅតែធ្លាក់ក្នុងស្ថានការណ៍មិនមានស្ថិរភាពខាងនយោបាយ និងមិនមានការគោរពសិទ្ធិមនុស្សដូចអ្វីដែលអាស៊ានបានកំណត់។

ដូច្នេះគេអាចនិយាយបានថា ស្ថានការណ៍បច្ចុប្បន្នរបស់មីយ៉ាន់ម៉ា ដែលបានប្រកាសធ្វើរដ្ឋប្រហារប្រឆាំងនឹងលោកស្រីអ៊ុង សានស៊ូជី ដោយរបបយោធានោះ គឺជាការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក្នុងតំបន់អាស៊ាន។ ម្យ៉ាងទៀត ការខកខានជំរុញការថែរក្សាប្រជាធិតេយ្យនេះ ជាការណ៍ដែលមិនអាចធ្វើឱ្យអាស៊ានមានការសហប្រតិបត្តិការស៊ីជ្រមៅជាមួយរដ្ឋសមាជិក ហើយមិនអាចក្លាយជាអង្គការតំបន់ដែលខ្លាំងដូចអង្គការតំបន់ដទៃ។ 

RAC Media

អត្ថបទទាក់ទង

ចលនាជាតិតស៊ូ របស់លោក សម រង្ស៊ី គ្រាន់តែជារូបថតនយោបាយ ដើម្បីបន្លឺសម្លេងរបស់ខ្លួន និងបញ្ជាក់ពីការមិនយល់ទាល់តែសោះអំពីស្ថានភាពពិតអំពីកម្ពុជា និងនិន្នាការសកលលោក

          ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការបង្កើតចលនាដែលលោក សម រង្ស៊ី អះអាងថាជា ចលនាជាតិតស៊ូ នោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានគូសបញ្ជាក់ថា...

2025-03-28 09:34:19   ថ្ងៃសុក្រ, 28 មីនា 2025 ម៉ោង 04:34 PM
រាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលា ស្ដីពី «ការអភិរក្សជីវៈចម្រុះនិងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព ក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងខេត្តកោះកុង»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិ...

2025-03-27 07:43:56   ថ្ងៃព្រហស្បតិ៍, 27 មីនា 2025 ម៉ោង 02:43 PM
បណ្ឌិត គិន ភា៖ វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន ដើរតួនាទីជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការផ្នែកបញ្ញាញាណ និងជំរុញកិច្ចសន្ទនារវាងបញ្ញវន្ត អ្នករៀបចំគោលនយោបាយ និងអ្នកដឹកនាំគំនិតនៃប្រទេសទាំងពីរ

    (រាជបណ្ឌិត្យសភាកម្ពុជា)៖ នាឱកាសថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងកម្មវិធីបើកវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ ស្ដីពី«ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ: ទំព័រថ្មី...

2025-03-26 13:40:46   ថ្ងៃពុធ, 26 មីនា 2025 ម៉ោង 08:40 PM
វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ បានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងធាតុចូលដែលមានអត្ថន័យស្ថាបនា ទទួលបានពីកិច្ចពិភាក្សាស៊ីជម្រៅប្រកបលក្ខណៈវិទ្យាសាស្ត្រ

វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ ស្ដីពី«ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ: ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី» ដែលបានចាប់ផ្ដើមកាលពីថ្ងៃ...

2025-03-25 15:14:47   ថ្ងៃអង្គារ, 25 មីនា 2025 ម៉ោង 10:14 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអណ្ដូងពោធិ៍ អញ្ជើញប្រគល់ឯកសណ្ឋានជូនប្រជាការពារ និងឧបករណ៍ប្រើប្រាស់ជូនដល់រដ្ឋបាលឃុំអណ្ដូងពោធិ៍

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអណ្ដូងពោធិ៍ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ...

2025-03-23 04:03:28   ថ្ងៃអាទិត្យ, 23 មីនា 2025 ម៉ោង 11:03 AM
បណ្ឌិត យង់ ពៅ៖ កម្ពុជាមានភាពចាំបាច់នៅក្នុងការពង្រឹងសមត្ថភាពយោធាជើងទឹក ដើម្បីល្បាតនិងការពារដែនសមុទ្រក្នុងអធិបតេយ្យភាពរបស់ខ្លួន ស្របរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ

          ក្រោយបើកការដ្ឋានសាងសង់បានជិត៣ឆ្នាំ កម្ពុជាគ្រោងនឹងសម្ពោធ​ដាក់ឱ្យប្រើប្រាស់មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹករបស់ខ្លួនក្នុងជំហានទី១ នៅដើមខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។ ក្នុងឱកា...

2025-03-20 03:41:09   ថ្ងៃព្រហស្បតិ៍, 20 មីនា 2025 ម៉ោង 10:41 AM

សេចក្តីប្រកាស