ព័ត៌មាន

ឯកអគ្គរាជទូតអង់គ្លេសកោតសរសើរនិងគូសបញ្ជាក់អំពីទស្សនៈស្របគ្នានឹងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក្នុងការជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដើម្បីបរិស្ថានកាន់តែប្រសើរ

2021-02-22 10:13:20 ថ្ងៃចន្ទ, 22 កុម្ភៈ 2021 ម៉ោង 05:13 PM
អ្នកមើល 11041
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញចូលជួប និងពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការផ្ដោតចំណាប់អារម្មណ៍ទៅលើដបទឹកបរិស្ថានដែលរាជបណ្ឌិត្យសភាកម្ពុជាបានប្រើប្រាស់ នៅក្នុងឱកាសជំនួបពិភាក្សាការងារនាព្រឹកនេះ។

ដោយគូសបញ្ជាក់អំពីបញ្ហាបរិស្ថានដែលរដ្ឋាភិបាលអង់គ្លេសបាននិងកំពុងយកចិត្តទុកដាក់ លោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានជម្រាបបញ្ជាក់ជូនឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អំពីកម្មវិធីដែលរដ្ឋាភិបាលអង់គ្លេសកំពុងអនុវត្ត និងធ្វើការជំរុញការចូលរួមការពារបរិស្ថាន និងបានលើកឡើងភ្ជាប់ទៅនឹងការចាប់អារម្មណ៍របស់លោកជំទាវ ចំពោះការប្រើប្រាស់ដបទឹកបរិស្ថាន ដែលថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រើប្រាស់នៅក្នុងជំនួបពិភាក្សាការងារនាពេលនេះ។

លោកជំទាវឯកអគ្គរាជទូតបានមានប្រសាសន៍បន្ថែមទៀតថា ចាប់ពីតាំងពីលោកជំទាវបានអញ្ជើញចូលរួមនៅក្នុងពិធីសំខាន់ និងមានលក្ខណៈផ្លូវការនៅកម្ពុជារហូតមកដល់បច្ចុប្បន្ន នេះគឺជាលើកទីមួយហើយ ដែលលោកជំទាវបានប្រទះឃើញនូវការទទួលស្វាគមន៍ភ្ញៀវជាលក្ខណៈផ្លូវការ មានរៀបចំដបទឹកដែលមិនផលិតអំពីប្លាស្ទិក ដែលការរៀបចំបែបនេះ ពិតជាស្របគ្នាទៅនឹងទស្សនៈយល់ឃើញនិងចំណង់ចំណូលចិត្តរបស់លោកជំទាវ ទៅលើការជំរុញការកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន និងបានកោតសរសើរចំពោះការរៀបចំប្រកបដោយការយកចិត្តទុកដាក់ចំពោះបរិស្ថានបែបនេះ។

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្ដែងនូវក្ដីសោមនស្ស និងបានថ្លែងអំណរគុណចំពោះការកោតសរ សើររបស់លោកជំទាវឯកអគ្គរាជទូត ព្រមទាំងបានគូសបញ្ជាក់ជូនលោកជំទាវថា ដោយពិនិត្យឃើញនូវផលប៉ះពាល់ រយៈពេលវែងទៅលើបរិស្ថាន ដែលបង្កដោយកាកសំណល់ប្លាស្ទិក ក្នុងនាមឯកឧត្ដមបណ្ឌិតសភាចារ្យជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបានកំណត់គោលការណ៍អនុវត្តជាកំហិតនៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា ដោយតម្រូវឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវចៀសវាងឱ្យបាននូវការប្រើប្រាស់ ដបប្លាស្ទិក ឬការវេចខ្ចប់សម្ភារ និងអាហារទាំងឡាយណាដែលប្រើប្រាស់ថង់ប្លាស្ទិក បើទោះបីជានៅក្នុងពិធីផ្លូវការទទួលគណៈប្រតិភូជាតិ និងអន្តរជាតិក្ដី។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្តថា ការជំរុញកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា គឺជាការចាប់ផ្ដើមតាមរយៈការចូលរួមពីបុគ្គលម្នាក់ៗនៅក្នុងស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ ដែលជាទីបណ្ដុំបញ្ញវន្ត នៅក្នុងការថែរក្សា ការពារបរិស្ថាន តាមរយៈការកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន ដែលនេះជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗ ហើយវាក៏ជាសារមួយទៅកាន់សាធារណជនទូទៅ ឱ្យងាកមកចាប់អារម្មណ៍ទៅលើការថែរក្សាបរិស្ថានឱ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកជំទាវឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានឯកភាពគ្នាទៅលើភាពចាំបាច់នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាទៅលើវិស័យមួយចំនួន ដែលក្នុងនោះ បញ្ហាបរិស្ថានក៏ត្រូវបានភាគីទាំងពីរលើកយកមកកំណត់ជាចំណុចសំខាន់មួយ នៅក្នុងកិច្ចសហប្រតិបត្តិការរួមគ្នានៅពេលខាងមុខផងដែរ៕

RAC Media

អត្ថបទទាក់ទង

ការជីកប្រឡាយជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប

នៅថ្ងៃអាទិត្យ ១២ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា...

2024-05-05 06:38:43   ថ្ងៃអាទិត្យ, 05 ឧសភា 2024 ម៉ោង 01:38 PM
បណ្ឌិត គិន ភា : បើមិនជួយខ្មែរ កុំបំផ្លាញខ្មែរបម្រើបរទេស!

ប្រតិកម្មម្ដងហើយម្ដងទៀតរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ គឺផ្ទុយទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិនិងបេះដូងដ៏ពុះកញ្ជ្រោលរបស់ប្រជាជនខ្មែរទូទាំងប្រទេសនិងប្រជាជនខ្មែរដ៏ច្...

2024-05-04 03:39:28   ថ្ងៃសៅរ៍, 04 ឧសភា 2024 ម៉ោង 10:39 AM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានថៃ អំពីទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ថៃ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថៃ Thai Public Broadcasting Service (Thai PBS...

2024-05-02 10:16:36   ថ្ងៃព្រហស្បតិ៍, 02 ឧសភា 2024 ម៉ោង 05:16 PM
ការរំពឹងទុកចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកូរ៉េខាងត្បូង

សម្តេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយនឹងជាប្រធានព្រឹទ្ធសភាកម្ពុជានាពេលបច្ចុប្បន្ន គឺជាថា្នក់ដឹកនាំកម្ពុជាមួយរូបដែលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងព...

2024-05-02 03:51:18   ថ្ងៃព្រហស្បតិ៍, 02 ឧសភា 2024 ម៉ោង 10:51 AM
ហេតុអ្វីបានជាអ្នកនយោបាយមួយចំនួន ក្លាយខ្លួនទៅជាអ្នកប្រឆាំងផលប្រយោជន៍ជាតិមាតុភូមិរបស់ខ្លួន? ដោយ៖ លឹម សុវណ្ណារិទ្ធ

​នៅក្នុងសង្វៀននយោបាយ គេតែងតែឃើញតួអង្គនយោបាយនីមួយៗ​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ យុទ្ធវិធី ក៏ដូចជាដើរតួនាទីគ្រប់រូបភាព និងនៅគ្រប់ទិដ្ឋភាព ធ្វើយ៉ាងណាដើម្បី​មានប្រៀបលើដៃគូប្រជែង និងដើម្បីទទួលបានប្រជាប្រិយភាពព...

2024-05-01 02:13:27   ថ្ងៃពុធ, 01 ឧសភា 2024 ម៉ោង 09:13 AM
បណ្ឌិតសភាចារ្យ សុខ ទូច៖ ត្រូវបំផុសស្មារតីជួយប្រទេសជាតិ ស្រលាញ់ជាតិ ការពារជាតិ ដើម្បីផលប្រយោជន៍ជាតិ នោះទើបយើងទទួលបានប្រទេសជាតិមួយដ៏ខ្លាំង

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា» នៅព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០...

2024-04-30 09:05:31   ថ្ងៃអង្គារ, 30 មេសា 2024 ម៉ោង 04:05 PM

សេចក្តីប្រកាស