Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសជាអធិបតីក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្ដីពី «ការបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាចិនជាយុវជននៅកម្ពុជាប្រចាំឆ្នាំ២០២១» ដែលរៀបចំឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់អំពីតួនាទីសំខាន់៣ ដែលគ្រូបង្រៀនត្រូវប្រកាន់យកគឺ ក្នុងនាមជាអាចារ្យ ជាម្ដាយ និងក្នុងនាមជាមេដឹកនាំ ដើម្បីជំរុញប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាលដល់មនុស្សជំនាន់ក្រោយ។
បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ដើម្បីឱ្យការបណ្ដុះបណ្ដាលមួយមានប្រសិទ្ធភាពខ្ពស់ គ្រូបង្រៀនត្រូវច្របាច់បញ្ចូលតួនាទីសំខាន់ៗទាំង៣គឺ តួនាទីជាអាចារ្យ ជាម្ដាយ និងជាថ្នាក់ដឹកនាំ ដោយមិនអាចផ្ដោតតែទៅលើតួនាទីណាមួយតែឯងបាននោះឡើយ។ ក្នុងនាមជាគ្រូបង្រៀន ចាំបាច់ត្រូវតែដើរតួនាទីជាអាចារ្យ ជាបុគ្គលគម្រូសម្រាប់សិស្ស-និស្សិតយកតម្រាប់តាម ដោយគ្រូបង្រៀនគឺជាអ្នកកាត់តម្រឹមនូវចំណុចអវិជ្ជមាន តាមរយៈការចាក់បញ្ចូលនូវចំណេះដឹង និងតម្រង់ឥរិយាបថប្រកបដោយលក្ខណៈវិជ្ជមានទៅកាន់ពួកគេ។
សម្រាប់តួនាទីក្នុងនាមជាម្ដាយ គ្រូបង្រៀនត្រូវធ្វើការវាយតម្លៃប្រកបដោយសុភវិនិច្ឆ័យទៅលើសមត្ថភាពរបស់អ្នកដែលទទួលការបណ្ដុះបណ្ដាល និងពិចារណាទៅលើហេតុផល និងការវិវត្តនៃការរៀនសូត្រជាក់ស្ដែងរបស់ពួកគេ ចៀសវាងការធ្វើបុរេវិនិច្ឆ័យទៅលើសិស្ស-និស្សិត។
ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍គូសបញ្ជាក់បន្ថែមថា តួនាទីរបស់គ្រូបង្រៀនក្នុងនាមជាមេដឹកនាំ ផ្ដោតសំខាន់លើការប្រើប្រាស់ចិត្តសាស្ត្រអប់រំរបស់ខ្លួន តាមរយៈការជំរុញលើកទឹកចិត្តដល់សិស្ស-និស្សិត ដែលមានសមត្ថភាពខ្សោយជាងគេនៅក្នុងថ្នាក់បង្រៀន និងទាញយកនូវសមិទ្ធការណ៍ដើម្បីបង្ហាញដល់សិស្ស-និស្សិតដទៃទៀត មើលឃើញអំពីលទ្ធផលជាក់ស្ដែងដែលទទួលបានពីកិច្ចខិតខំប្រឹងប្រែង។ បន្ថែមពីនេះ គ្រូបង្រៀនត្រូវផ្ដល់ចក្ខុវិស័យដល់អ្នកដែលទទួលការបណ្ដុះបណ្ដាល អំពីការរៀបចំអនាគត ដោយរំលេចពីភាពចាំបាច់នៃការសិក្សារៀនសូត្រ ដើម្បីបន្សល់នូវកេរដំណែល និងសមិទ្ធផលសម្រាប់មនុស្សជំនាន់ក្រោយ។
ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកទឹកចិត្តដល់សិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលានាថ្ងៃនេះ ឱ្យខិតខំប្រឹងប្រែងក្នុងការសិក្សាស្រាវជ្រាវបន្ថែមទៅទៀត ធ្វើយ៉ាងណាអភិវឌ្ឍចំណេះដឹង និងវិធីសាស្ត្រក្នុងការបង្រៀនសិស្ស-និស្សិតឱ្យដើរទាន់ស្ថានភាពវិវត្តនៃសង្គមនាពេលបច្ចុប្បន្ន ដើម្បីបំពេញបន្ថែមពីលើខ្លឹមសារនៅក្នុងសៀវភៅសិក្សាដែលមានស្រាប់៕
RAC Media | លឹម សុវណ្ណរិទ្ធ
វិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ជាវិទ្យាស្ថានមួយក្នុងចំណោមវិទ្យាស្ថានទាំង០៦ នៃរាជបណ្ឌិត្យសភាកម្ពុជា មានបេសកកម្មស្រាវជ្រាវអំពីបរិស្ថាន និងធនធានធម្មជាតិ កសិកម្ម ធនធានទឹក ក៏ដូចជាវិស័យសុខាភិ...
បើគិតចាប់តាំងពីក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ចាប់សម្រុកការងារក្នុងឧទ្យានដែលមានទីតាំងនៅស្រុកឆែប ខេត្តព្រះវិហារនេះមក គឺមានរយៈពេលប្រមាណជាមួយឆ្នាំប៉ុណ្ណោះដែលទទួលបានការកត់សំ...
របាយការណ៍ដែលបានរៀបចំឡើងដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុង «សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» ប្រារពធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃចន...
ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នាថ្ងៃទី២ នៃសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩។ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា (រូបកណ្តាល) ប្រធា...
ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកបង្ហាញអំពីបច្ចុប្បន្នភាពរបស់វិទ្យាស្ថាន រចនាសម័ន្ធ ចក្ខុវិស័យ និងបេសកម្មរបស់វិទ្យាស្ថាន និងសមិទ្ធផលផ្សេ...