ព័ត៌មាន

ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ វិបត្តិមីយ៉ាន់ម៉ា គួរតែត្រូវបានដោះស្រាយដោយផ្ដោតទៅលើស្ថានភាពនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី

2022-01-14 12:10:44 ថ្ងៃសុក្រ, 14 មករា 2022 ម៉ោង 07:10 PM
អ្នកមើល 8415
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ អញ្ជើញថ្លែងសុន្ទរកថាបិទកម្មវិធីបាឋកថា ស្ដីពី «អាស៊ាន-អូស្ត្រាលី៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ទី១៤ ខែមករា ឆ្នាំ ២០២២នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់អំពីស្ថានភាពវិវត្តនៅប្រទេសមីយ៉ាន់ម៉ាជាប្រទេសសមាជិកអាស៊ាន ដែលកំពុងធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរថា «វិបត្តិមីយ៉ាន់ម៉ា គួរតែត្រូវបានដោះស្រាយដោយផ្ដោតទៅលើស្ថានភាពនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី...»។

នៅក្នុងកម្មវិធីបាឋកថាស្ដីពី «អាស៊ាន-អូស្ត្រាលី៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលឧទ្ទេសនាមដោយឯកឧត្ដមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន ភាគីអូស្ត្រាលីបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុងការសម្របសម្រួល និងកំណត់របៀបវារៈក្នុងជំនួបជាមួយនឹងមហាអំណាច និងបណ្ដាប្រទេសនានាដែលជាដៃគូរបស់ខ្លួនក្នុងកិច្ចប្រជុំកំពូល និងកិច្ចសហប្រតិបត្តិការជាលក្ខណៈតំបន់ និងអន្តរជាតិ។ ឯកឧត្ដមក៏បានថ្លែងគាំទ្រដល់តួនាទីរបស់អាស៊ាន ក្នុងការសម្របសម្រួល និងចូលរួមដោះស្រាយវិបត្តិដែលកំពុងកើតមានឡើងនៅមីយ៉ាន់ម៉ា ពិសេសបានបង្ហាញជំហរគាំទ្រចំពោះការដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ដែលបានធ្វើដំណើរទស្សនកិច្ចផ្ទាល់ទៅកាន់មីយ៉ាន់ម៉ា និងបានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ា ដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងជំរុញ ឱ្យអនុវត្តនូវកិច្ចព្រមព្រៀងទាំង៥ចំណុចដែលអាស៊ានបានដាក់ចេញ។

នៅក្នុងសុន្ទរកថាបិទកម្មវិធីនាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានវាយតម្លៃខ្ពស់ ចំពោះការចែករំលែកចំណេះដឹង និងទស្សនៈយល់ឃើញរបស់ឯកឧត្ដមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន ចំពោះទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និងបានឯកភាពចំពោះការវាយតម្លៃជាវិជ្ជមានរបស់ឯកឧត្ដមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន ចំពោះដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតក៏បានថ្លែងអំណរគុណចំពោះអូស្ត្រាលីដែលមានសមានចិត្ត ក្នុងការជួយដល់ប្រទេស និងប្រជាជនកម្ពុជាដោយស្មោះស្ម័គ្រកន្លងមក និងក្នុងពេលថ្មីៗដែលអូស្ត្រាលីបានផ្ដល់នូវជំនួយជាថវិកា និងវ៉ាក់សាំងដល់កម្ពុជា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជាប្រសាសន៍គូសបញ្ជាក់បន្ថែម សម្រាប់ករណីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានបង្ហាញនូវទស្សនៈផ្ទាល់ខ្លួនថា វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា គួរតែត្រូវបានដោះស្រាយដោយផ្ដោតទៅលើស្ថានភាពនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី ដោយប្រើប្រាស់យន្តការថ្មីដែលមានភាពបត់បែនជាងយន្តការដែលធ្លាប់ប្រើប្រាស់នាពេលកន្លងមក។ ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍ថា «ករណីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា គប្បីត្រូវបានដោះស្រាយដោយដំណោះស្រាយមិនមែនតាមបែបទម្លាប់ប្រពៃណីចាស់នោះឡើយ ហើយការផ្ដោតលើដំណោះស្រាយតាមបែបទម្លាប់ប្រពៃណីអន្តរជាតិខ្លាំងពេក អ្នកដែលរងគ្រោះគឺជាប្រជាជនមីយ៉ាន់ម៉ា »។

ឯកឧត្ដមបណ្ឌិតក៏បានលើកឡើងបន្ថែមទៀតថា ប្រទេសកម្ពុជា គឺជាប្រទេសដែលធ្លាប់រងគ្រោះដោយសារវិបត្តិ នយោបាយ និងសង្គ្រាមផ្ទៃក្នុងរាប់ទសវត្សរ៍ ជាបទពិសោធដែលកម្ពុជាធ្លាប់បានជួបប្រទះ និងធ្លាប់រងការឈឺចាប់ដោយផ្ទាល់ ដូច្នេះហើយ កម្ពុជាបានយល់ជាក់ច្បាស់ចំពោះទុក្ខវេទនា ដែលប្រជាជនមីយ៉ាន់ម៉ាកំពុងជួបប្រទះនាពេលនេះ ដូច្នេះកម្ពុជាក៏ចង់ឱ្យមីយ៉ាន់ម៉ារួចផុតពីវិបត្តិនេះដូចកម្ពុជាដែរ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

កម្ពុជានិងសហរដ្ឋអាម៉េរិក៖ ទំនាក់ទំនងនិងទំនុកចិត្តដែលត្រូវស្តារវិញ, ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ត្រូវបានបង្កើតឡើងនៅខែ កក្កដា ឆ្នាំ១៩៥០។ បើគិតមកដល់ពេលនេះ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានរយៈពេលជាង៧០ឆ្នាំហើយ ប៉ុន្តែទំនាក់ទំនង​នេះ​ហាក់នៅមិនទា...

2021-05-28 13:18:01   ថ្ងៃសុក្រ, 28 ឧសភា 2021 ម៉ោង 08:18 PM
គោលនយោបាយការបរទេសចិន៖ ក្នុងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-25 05:14:24   ថ្ងៃអង្គារ, 25 ឧសភា 2021 ម៉ោង 12:14 PM
តើអ៊ីស្រាអែលជាខ្លាក្នុងព្រៃឬជាខ្លាចូលភូមិ? ដោយ៖ បណ្ឌិត ខែក វីរៈ

...

2021-05-21 01:50:58   ថ្ងៃសុក្រ, 21 ឧសភា 2021 ម៉ោង 08:50 AM
នយោបាយការបរទេសចិនជាមួយថៃ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-20 12:34:40   ថ្ងៃព្រហស្បតិ៍, 20 ឧសភា 2021 ម៉ោង 07:34 PM
ទន្លេមេគង្គ ៖ ទឹក និងក្តីស្រលាញ់ ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-05-18 05:32:53   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:32 PM
ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM

សេចក្តីប្រកាស