ព័ត៌មាន

ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ វិបត្តិមីយ៉ាន់ម៉ា គួរតែត្រូវបានដោះស្រាយដោយផ្ដោតទៅលើស្ថានភាពនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី

2022-01-14 12:10:44 ថ្ងៃសុក្រ, 14 មករា 2022 ម៉ោង 07:10 PM
អ្នកមើល 7895
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ អញ្ជើញថ្លែងសុន្ទរកថាបិទកម្មវិធីបាឋកថា ស្ដីពី «អាស៊ាន-អូស្ត្រាលី៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ទី១៤ ខែមករា ឆ្នាំ ២០២២នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់អំពីស្ថានភាពវិវត្តនៅប្រទេសមីយ៉ាន់ម៉ាជាប្រទេសសមាជិកអាស៊ាន ដែលកំពុងធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរថា «វិបត្តិមីយ៉ាន់ម៉ា គួរតែត្រូវបានដោះស្រាយដោយផ្ដោតទៅលើស្ថានភាពនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី...»។

នៅក្នុងកម្មវិធីបាឋកថាស្ដីពី «អាស៊ាន-អូស្ត្រាលី៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលឧទ្ទេសនាមដោយឯកឧត្ដមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន ភាគីអូស្ត្រាលីបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុងការសម្របសម្រួល និងកំណត់របៀបវារៈក្នុងជំនួបជាមួយនឹងមហាអំណាច និងបណ្ដាប្រទេសនានាដែលជាដៃគូរបស់ខ្លួនក្នុងកិច្ចប្រជុំកំពូល និងកិច្ចសហប្រតិបត្តិការជាលក្ខណៈតំបន់ និងអន្តរជាតិ។ ឯកឧត្ដមក៏បានថ្លែងគាំទ្រដល់តួនាទីរបស់អាស៊ាន ក្នុងការសម្របសម្រួល និងចូលរួមដោះស្រាយវិបត្តិដែលកំពុងកើតមានឡើងនៅមីយ៉ាន់ម៉ា ពិសេសបានបង្ហាញជំហរគាំទ្រចំពោះការដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ដែលបានធ្វើដំណើរទស្សនកិច្ចផ្ទាល់ទៅកាន់មីយ៉ាន់ម៉ា និងបានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ា ដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងជំរុញ ឱ្យអនុវត្តនូវកិច្ចព្រមព្រៀងទាំង៥ចំណុចដែលអាស៊ានបានដាក់ចេញ។

នៅក្នុងសុន្ទរកថាបិទកម្មវិធីនាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានវាយតម្លៃខ្ពស់ ចំពោះការចែករំលែកចំណេះដឹង និងទស្សនៈយល់ឃើញរបស់ឯកឧត្ដមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន ចំពោះទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និងបានឯកភាពចំពោះការវាយតម្លៃជាវិជ្ជមានរបស់ឯកឧត្ដមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន ចំពោះដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតក៏បានថ្លែងអំណរគុណចំពោះអូស្ត្រាលីដែលមានសមានចិត្ត ក្នុងការជួយដល់ប្រទេស និងប្រជាជនកម្ពុជាដោយស្មោះស្ម័គ្រកន្លងមក និងក្នុងពេលថ្មីៗដែលអូស្ត្រាលីបានផ្ដល់នូវជំនួយជាថវិកា និងវ៉ាក់សាំងដល់កម្ពុជា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជាប្រសាសន៍គូសបញ្ជាក់បន្ថែម សម្រាប់ករណីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានបង្ហាញនូវទស្សនៈផ្ទាល់ខ្លួនថា វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា គួរតែត្រូវបានដោះស្រាយដោយផ្ដោតទៅលើស្ថានភាពនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី ដោយប្រើប្រាស់យន្តការថ្មីដែលមានភាពបត់បែនជាងយន្តការដែលធ្លាប់ប្រើប្រាស់នាពេលកន្លងមក។ ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍ថា «ករណីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា គប្បីត្រូវបានដោះស្រាយដោយដំណោះស្រាយមិនមែនតាមបែបទម្លាប់ប្រពៃណីចាស់នោះឡើយ ហើយការផ្ដោតលើដំណោះស្រាយតាមបែបទម្លាប់ប្រពៃណីអន្តរជាតិខ្លាំងពេក អ្នកដែលរងគ្រោះគឺជាប្រជាជនមីយ៉ាន់ម៉ា »។

ឯកឧត្ដមបណ្ឌិតក៏បានលើកឡើងបន្ថែមទៀតថា ប្រទេសកម្ពុជា គឺជាប្រទេសដែលធ្លាប់រងគ្រោះដោយសារវិបត្តិ នយោបាយ និងសង្គ្រាមផ្ទៃក្នុងរាប់ទសវត្សរ៍ ជាបទពិសោធដែលកម្ពុជាធ្លាប់បានជួបប្រទះ និងធ្លាប់រងការឈឺចាប់ដោយផ្ទាល់ ដូច្នេះហើយ កម្ពុជាបានយល់ជាក់ច្បាស់ចំពោះទុក្ខវេទនា ដែលប្រជាជនមីយ៉ាន់ម៉ាកំពុងជួបប្រទះនាពេលនេះ ដូច្នេះកម្ពុជាក៏ចង់ឱ្យមីយ៉ាន់ម៉ារួចផុតពីវិបត្តិនេះដូចកម្ពុជាដែរ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ បានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងធាតុចូលដែលមានអត្ថន័យស្ថាបនា ទទួលបានពីកិច្ចពិភាក្សាស៊ីជម្រៅប្រកបលក្ខណៈវិទ្យាសាស្ត្រ

វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ ស្ដីពី«ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ: ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី» ដែលបានចាប់ផ្ដើមកាលពីថ្ងៃ...

2025-03-25 15:14:47   ថ្ងៃអង្គារ, 25 មីនា 2025 ម៉ោង 10:14 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអណ្ដូងពោធិ៍ អញ្ជើញប្រគល់ឯកសណ្ឋានជូនប្រជាការពារ និងឧបករណ៍ប្រើប្រាស់ជូនដល់រដ្ឋបាលឃុំអណ្ដូងពោធិ៍

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអណ្ដូងពោធិ៍ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ...

2025-03-23 04:03:28   ថ្ងៃអាទិត្យ, 23 មីនា 2025 ម៉ោង 11:03 AM
បណ្ឌិត យង់ ពៅ៖ កម្ពុជាមានភាពចាំបាច់នៅក្នុងការពង្រឹងសមត្ថភាពយោធាជើងទឹក ដើម្បីល្បាតនិងការពារដែនសមុទ្រក្នុងអធិបតេយ្យភាពរបស់ខ្លួន ស្របរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ

          ក្រោយបើកការដ្ឋានសាងសង់បានជិត៣ឆ្នាំ កម្ពុជាគ្រោងនឹងសម្ពោធ​ដាក់ឱ្យប្រើប្រាស់មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹករបស់ខ្លួនក្នុងជំហានទី១ នៅដើមខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។ ក្នុងឱកា...

2025-03-20 03:41:09   ថ្ងៃព្រហស្បតិ៍, 20 មីនា 2025 ម៉ោង 10:41 AM
បណ្ឌិត យង់ ពៅ៖ ព្រឹត្តិការណ៍ ១៨ មីនា បាននាំកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដែលអ្នកនយោបាយខ្មែរគួរតែរៀនសូត្រនិងបញ្ចៀសឱ្យផុតពីការរងគ្រោះដោយសារការប្រកួតប្រជែងរបស់មហាអំណាច

          ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានលើកឡើងថា គិតមកដល់ពេលនេះ ព្រឹត្តិការណ៍ទម្លាក់សម្ដេចព្រះនរោត្ដមសីហនុពីតំណែងប្រមុខរដ...

2025-03-18 09:30:12   ថ្ងៃអង្គារ, 18 មីនា 2025 ម៉ោង 04:30 PM
បណ្ឌិត យង់ ពៅ៖ រឿងចរាចរណ៍ត្រូវដោះស្រាយដោយឈ្វេងយល់ឱ្យដល់ឫសគល់នៃបញ្ហា

          ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីបញ្ហាចរាចរណ៍ និងការរិះគន់ពីសាធារណជនចំពោះការរៀបចំចរាចរណ៍នោះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហាសង្គមនិងនយោបាយ បានលើកឡើងថា ប្រជាពលរ...

2025-03-11 08:14:39   ថ្ងៃអង្គារ, 11 មីនា 2025 ម៉ោង 03:14 PM
មូលន័យសង្ខេបនិងរូបភាពនៃសៀវភៅ «ម៉ូតសក់ក្នុងសិល្បៈខ្មែរ សម័យមុនអង្គរនិងសម័យអង្គរ» ដោយ៖ លោក ប្រែង ពិសិដ្ឋ និងលោកស្រី ម៉ិល វាសនា

តាមរយៈស្នាដៃសិល្បៈខ្មែរ ជាពិសេសចម្លាក់ដែលបានបន្សល់ទុកដោយបុព្វបុរសខ្មែរ យើងអាចសិក្សាបាននូវម៉ូតសក់​ទាំងឡាយនៅក្នុងសង្គមខ្មែរបុរាណ ជាពិសេសនៅសម័យអង្គរដែលមានអរិយធម៌ដ៏រុងរឿងបំផុតនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា...

2025-03-11 06:38:09   ថ្ងៃអង្គារ, 11 មីនា 2025 ម៉ោង 01:38 PM

សេចក្តីប្រកាស