Royal Academy of Cambodia
(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។ តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)
មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ្នាំ១៩៧៥ និងមេរៀនជាច្រើនទៀត បានបង្រៀនយើងថា ប្រទេសនីមួយៗ មិនត្រូវពឹងផ្អែកទៅលើបរទេសជ្រុលពេកទេ មិនថាវិស័យនយោបាយ សន្តិសុខ ឬសេដ្ឋកិច្ចនោះទេ។ គ្មាននរណាជួយយើងទេ បើយើងមិនអាចជួយខ្លួនឯងបាន, មានតែយើងប្រឹងធ្វើឱ្យជាតិយើងខ្លាំងទេ ទើបយើងអាចរក្សាអត្ថិភាពជាតិយើងបាន។
តាមរយៈមេរៀនពីសង្គ្រាមនៅអ៊ុយក្រែននេះ ខ្ញុំយល់ឃើញថា៖
១. សន្តិភាពគឺសំខាន់ជាងអ្វីៗទាំងអស់។ នៅពេលឃើញសោកនាដកម្មនៃសង្គ្រាម ទើបយើងកាន់តែយល់ច្បាស់ពីតម្លៃនៃសន្តិភាព, សង្រ្គាមឬសន្តិភាពចំណុះខ្លាំងលើភាពជាអ្នកដឹកនាំនិងការសម្រេចចិត្តរបស់មេដឹកនាំ។ ដូច្នេះ ត្រូវតែរួមគ្នារក្សាសន្តិភាពឱ្យបាន ហើយសន្តិភាពនោះ ត្រូវតែផ្តល់ម្លប់ និងផ្តល់ភាពសុខុដមរម្យនាដល់មនុស្សគ្រប់គ្នានៅក្នុងសង្គម និងជាគ្រឹះនៃឯកភាព សាមគ្គីភាព និងមោទនភាពជាតិ។ អ្វីដែលខ្មែរត្រូវការបំផុត គឺខ្មែរត្រូវពួតដៃគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យលឿនទៅមុខដោយប្រើប្រាស់បញ្ញាញាណរបស់ខ្មែរគ្រប់គ្នា។
២. បន្តគោលនយោបាយការបរទេសដែលផ្តល់អាទិភាពលើសន្តិភាព ស្ថិរភាព វិបុលភាព និងបរិយាបន្ន ហើយត្រូវគោរពដោយខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះនៃនយោបាយការបរទេសដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មាត្រា៥៣ ដែលកំណត់ថា «ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក»។
៣. កម្ពុជាត្រូវមានទំនាក់ទំនងល្អជាបងប្អូនជាមួយប្រទេសជិតខាង ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ កម្ពុជាមិនអាចយកប្រទេសជិតខាងណាជាសត្រូវនោះទេ ប៉ុន្តែ កម្ពុជាក៏មិនត្រូវស្ថិតក្រោមការបង្គាប់បញ្ជាឬឥទ្ធិពលរបស់ប្រទេសជិតខាងណាមួយនោះដែរ។ កម្ពុជាត្រូវមានទំនាក់ទំនងដោយស្មើមុខនិងស្មើសិទ្ធិជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ដោយគោរពផលប្រយោជន៍គ្នាទៅវិញទៅមក គោរពអធិបតេយ្យនិងបូរណភាពទឹកដីគ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នា។ ប្រទេសណាក៏ដោយដែលឈ្លានពានកម្ពុជា យើងត្រូវឆ្លើយតបតាមភាសារបស់ពួកគេ។
៤. ក្នុងចន្លោះរវាងខ្លានិងក្រពើ និងក្នុងបរិបទនៃការផ្លាស់ប្តូរនៃសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់ ទៅកាន់សណ្តាប់ធ្នាប់មួយដែលអ្នកខ្លាំងរំលោភអ្នកខ្សោយ ថ្វីបើយើងស្រឡាញ់សន្តិភាព តែយើងក៏មិនត្រូវភ្លេចខ្លួនត្រៀមលក្ខណៈសម្រាប់សង្គ្រាមនោះដែរ។
៥. ល្មមដល់ពេលអនុវត្តច្បាប់កាតព្វកិច្ចយោធាហើយ ដើម្បីឱ្យយុវជនយើងស្គាល់ពីយុទ្ធសាស្ត្រសង្គ្រាម ត្រៀមលក្ខណៈដើម្បីជាតិ ជាកម្លាំងស្នូលរបស់ជាតិ ជាខឿនការពារជាតិ, កុំឱ្យយុវជនចេះតែស្នេហាជាតិត្រឹមតែនៅលើហ្វេសប៊ុក។ ទន្ទឹមនឹងនោះ វាជាពេលវេលាមួយដែលកម្ពុជាចាំបាច់ពង្រឹងបន្ថែមទៀតនូវខឿនការពារជាតិរបស់ខ្លួនតាមរយៈការធ្វើទំនើបកម្មយោធា ពង្រឹងសមត្ថភាព វិន័យ សុខភាព និងបណ្ដុះមនសិការស្នេហាជាតិមោះមុតដល់កងកម្លាំងរបស់យើងគ្រប់ផ្នែក បង្កើនថវិកាការពារជាតិ និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសន្តិសុខ។
ត្រូវចងចាំថា បើជាតិយើងខ្សោយ យើងមិនអាចទៅសំពះសុំសន្តិភាពពីនរណាបានទេ។ បើជាតិយើងខ្សោយ កុំនិយាយពីឯករាជ្យនិងអព្យាក្រឹត្យ សូម្បីតែយើងសុំរស់នៅដោយស្ងប់សុខដោយមិនទៅរំខានជាតិសាសន៍ណា ក៏មិនប្រាកដថា គេឱ្យជាតិយើងបានសុខនោះដែរ។ ដូច្នេះ មានតែយើងខិតខំប្រឹងប្រែងធ្វើឱ្យជាតិខ្លាំងនោះទេ ទើបជាតិយើងអាចគេចផុតពីការប្រមាថពីជាតិសាសន៍ដទៃបាន។ យើងត្រូវតែខិតខំប្រឹងប្រែងឱ្យខ្លាំង ដើម្បីអត្ថិភាព វឌ្ឍនភាព និងវិបុលភាពជាតិយើងទាំងបច្ចុប្បន្ននិងទៅអនាគត៕
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃពុធ ១២ រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវច្ឆិកា ឆ្នាំ២០២៤ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាភ្នំពេញលើកទី...
ជានិច្ចកាល ក្នុងជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជា ទាំងនៅកម្ពុជានិងនៅប្រទេសវៀតណាម មេដឹកនាំវៀតណាមគ្រប់លំដាប់ថ្នាក់ តែងតែបានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យបន្តការយកចិត្តទុកដាក់ ក៏ដូចជាបង្កភាពងាយស្រួលដល់...
ស្ថានការណ៍សង្គ្រាម និងការប្រជែងនយោបាយនៅលើពិភពលោកបច្ចុប្បន្ន បាននាំពិភពលោកឆ្ពោះទៅរកស្ថានភាពហានិភ័យនៃសង្គ្រាមធំៗជាច្រើន ដែលបង្កភាពស្រពិចស្រពិលនៃសណ្ដាប់ធ្នាប់ និងសន្តិភាពពិភពលោក។ សង្គ្រាមនៅអ៊ុយក្រែន និងម...
នៅក្នុងរយៈពេលចុងក្រោយនេះ ប្រធានបទដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃរួមទាំងករណីកោះគុត ត្រូវបានមជ្ឈដ្ឋាននយោបាយនៃប្រទេសទាំងពីរ លើកយកមកជជែកវែកញែក និងទាមទារទៅកាន់រដ្ឋាភិបាលនៅក្នុងទិដ្ឋភាពផ្សេងគ្នារៀងៗខ្លួន។...
បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចផ្អាកការផ្ដល់អាជ្ញាបណ្ណថ្មីទៅដល់ក្រុមហ៊ុនដែលមានបំណងផលិតស្រាបៀរផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមបានលើកឡើងថា កម្ពុជាគួរតែដល់ពេលដែលកម្ពុជាត្រូវច...