ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ខួបលើកទី១១៣ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»

2024-03-06 07:22:13 ថ្ងៃពុធ, 06 មីនា 2024 ម៉ោង 02:22 PM
អ្នកមើល 13744
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ១១ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ខួបលើកទី១១៣ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា។

ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ខួបលើកទី១១៣ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍គូសបញ្ជាក់ថា ស្ត្រីពិតជាបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញវឌ្ឍនភាពសង្គមជាតិ និងស្ថាប័ន។ ឯកឧត្ដមបណ្ឌិត្យសភាចារ្យប្រធាន បានគូសបញ្ជាក់ពីតួនាទីដ៏មានសារៈសំខាន់ទាំង៧ចំណុចរបស់ស្ត្រីគឺ៖

១.ស្ត្រីគឺជាមិត្តដ៏ល្អ ទាំងជាមិត្តរួមការងារ ជាមិត្តនៅក្នុងជីវិតរស់នៅ និងមិត្តនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការធំៗទាំងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ

២. ស្ត្រីគឺជាភរិយាដ៏ល្អ ដែលឈរនៅពីក្រោយខ្នងបុរស ជួយជ្រោមជ្រែងបុរសជាប្ដីនៅគ្រប់កាលៈទេសៈនៃការរស់នៅ

៣. ស្ត្រីគឺជាមេផ្ទះដ៏អស្ចារ្យ គេអាចពិនិត្យមើលកាយវិការរបស់ស្ត្រី ដើម្បីដឹងថាផ្ទះនោះពោរពេញដោយភាពអស្ចារ្យមួយសម្រាប់ក្រុមគ្រួសារ ពិសេសសម្រាប់បុរស ពិតជាមិនអាចខ្វះស្ត្រីបានឡើយនៅក្នុងការរស់នៅ។

៤. ស្ត្រីគឺជាម្ដាយដ៏អស្ចារ្យ ដែលហ៊ានលះបង់និងធ្វើអ្វីៗទាំងអស់សម្រាប់កូនប្រុសស្រីរបស់ខ្លួន។

៥. ស្ត្រីដែលពោរពេញទៅដោយចំណេះដឹង គឺជាវិចិត្រករឆ្លាក់មនុស្សជំនាន់ក្រោយយ៉ាងប៉ិនប្រសប់ ចាប់តាំងពីក្មេងនៅក្នុងផ្ទៃម្ដាយមកម្ល៉េះ។

៦. ការផ្ដល់ឱកាសឱ្យស្ត្រីទទួលបានការអប់រំ គឺជាការកសាងមូលដ្ឋានសំខាន់ក្នុងការជំរុញអភិវឌ្ឍប្រទេសជាតិ ព្រោះស្ត្រីដែលមានចំណេះដឹង អាចបង្រៀន ទូន្មានកូនឱ្យក្លាយទៅជាធនធានមនុស្សឍ ដែលនឹងរួមចំណែកយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍសង្គម។

៧. មានរឿងជាច្រើនណាស់ដែលស្ត្រីអាចធ្វើបាន តែមនុស្សប្រុសមិនអាចធ្វើបាន

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់បន្ថែមថា នៅក្នុងដំណើរវិវត្តសង្គម និងវប្បធម៌របស់ប្រជាជាតិខ្មែរ ស្ត្រីបានផ្សារភ្ជាប់ឥតដាច់ឡើយនៅក្នុងប្រវត្តិសាស្ត្រខ្មែរ និងបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការវិវឌ្ឍនៃសង្គមជាតិ រាប់ចាប់តាំងពីការប្រកាន់យកលទ្ធិមាតាធិបតេយ្យ ការចូលរួមនៅក្នុងជីវភាពសង្គម សេដ្ឋកិច្ច ការអប់រំ និងជំនឿសាសនាជាដើម។

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានសង្កត់ធ្ងន់អំពីតម្លៃស្ត្រីនៅលើសកលលោកយ៉ាងដូច្នេះថា «នៅលើពិភពលោកនេះ គ្មានព្រះឯណា គ្មានស្ដេចឯណា ឬវីរៈបុរសណាម្នាក់ដែលមិនកើតពីស្ត្រីនោះឡើយ។ ហេតុនេះហើយ ស្ត្រីគឺជាចំណែកមិនអាចខ្វះបាននៅក្នុងពិភពលោក ដែលគេត្រូវតែគោរពនិងផ្ដល់តម្លៃគ្រប់ពេលវេលាទាំងអស់»។

គួរបញ្ជាក់ផងដែរថា មន្ត្រីនិងបុគ្គលិកជានារីដែលបម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជានាពេលបច្ចុប្បន្នសរុបមានចំនួន១៤៩រូប ស្មើនឹង ៤០,៦០%នៃចំនួនមន្ត្រីនិងបុគ្គលិកនៃរាជបណ្ឌិត្យសភាកម្ពុជាសរុប ៣៦៧នាក់ ដែលក្នុងនោះ មន្ត្រីក្របខណ្ឌសរុបចំនួន ៣៩រូប មន្ត្រីជាប់កិច្ចសន្យាចំនួន ១រូប និងមន្ត្រីក្រៅក្របខ័ណ្ឌ ៦៤រូប និងមន្ត្រីជាស្ត្រីជាគ្រូបង្រៀនភាសាចិន៤៥រូប៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

បណ្ឌិតសភាចារ្យ សុខ ទូច៖ ជ្រើសរើសមុខជំនាញតាមទេពកោសល្យ ទើបមនុស្សអាចបញ្ចេញសក្ដានុពលរបស់ខ្លួន និងធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនបាន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា» នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ស...

2024-11-11 07:21:01   ថ្ងៃចន្ទ, 11 វិច្ឆិកា 2024 ម៉ោង 02:21 PM
បណ្ឌិត យង់ ពៅ៖ នៅក្នុងទំនាក់ទំនងជាមួយនឹងមហាអំណាច កម្ពុជាត្រូវត្រៀមខ្លួនឱ្យបានរួចរាល់គ្រប់ទិដ្ឋភាព និងព្យាយាមស្វែងយល់ពីឥរិយាបថរបស់មហាអំណាច

          ក្រោយការប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលបង្ហាញថា លោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាថ្មីក្លាយជាប្រធានាធិបតីសហរដ្ឋអាម៉េរិក ថ្នាក់ដឹកនាំកម្ពុជាបា...

2024-11-08 13:42:36   ថ្ងៃសុក្រ, 08 វិច្ឆិកា 2024 ម៉ោង 08:42 PM
មិនគួរយកបញ្ហានិទ្ទេសកំណត់ព្រំដែននៃការគិតអំពីដំណើរឆ្ពោះទៅមុខនោះទេ

ក្រោយការប្រកាសលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បច្ចុប្បន្ន នៅមានឪពុកម្ដាយមួយចំនួន តែងប្រៀបធៀបលទ្ធផលសិក្សារបស់កូនខ្លួនជាមួយសិស្សដទៃ ដែលករណីនេះ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍កូន បង្កឱ្យមានសម្ពាធ ឬភា...

2024-11-08 07:01:36   ថ្ងៃសុក្រ, 08 វិច្ឆិកា 2024 ម៉ោង 02:01 PM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំសន្និសីទអន្តរជាតិ ស្ដីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា : កម្ពុជានៅក្នុងសម័យអាណានិគមបារាំង»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧ កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសន្និសីទអន្តរជាតិ ស្ដីពី «ប្រវត្តិសាស្ត្រ...

2024-11-07 06:28:34   ថ្ងៃព្រហស្បតិ៍, 07 វិច្ឆិកា 2024 ម៉ោង 01:28 PM
បណ្ឌិត យង់ ពៅ៖ ការវិលមកកាន់តំណែងជាថ្មីរបស់លោក ដូណាល់ ត្រាំ នឹងនាំមកនូវការផ្លាស់ប្ដូរដ៏ធំជាថ្មីទៀតចំពោះសណ្ដាប់ធ្នាប់ និងភូមិសាស្ត្រនយោបាយពិភពលោក

          នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតី​សហ​រដ្ឋអាម៉េរិក ដែលបេក្ខជនលេចធ្លោមកពីគណបក្សធំៗទាំងពីរគឺ លោក ដូណាល់ ត្រាំ បេក្ខភាពប្រធានាធិបតីគណប...

2024-11-06 10:35:12   ថ្ងៃពុធ, 06 វិច្ឆិកា 2024 ម៉ោង 05:35 PM
ឯកឧត្តមបណ្ឌិត យង់ ពៅ ទទួលជួបជាមួយលោក ឆៃ យ៉ុងឈីង ប្រធានក្រុមហ៊ុន ហង់ចូវ ម៉ូហ្កង់ តិចណូឡូជី (Hangzhou Mogong Technology Co., Ltd.)

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ​នៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជំនួបជាមួយលោក ឆៃ យ៉ុងឈីង ប្រធានក្រុមហ៊ុន ហង់ចូវ ម៉ូហ្កង់ តិចណូឡូជី (Ha...

2024-11-05 10:12:30   ថ្ងៃអង្គារ, 05 វិច្ឆិកា 2024 ម៉ោង 05:12 PM

សេចក្តីប្រកាស