ព័ត៌មាន

«ថ្ងៃនេះ ជាខួប ២៧ឆ្នាំ នៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»

2018-10-23 05:58:18 ថ្ងៃអង្គារ, 23 តុលា 2018 ម៉ោង 12:58 PM
អ្នកមើល 9711
post_detail

ភ្នំពេញ៖ គិតមកដល់ថ្ងៃនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល២៧ឆ្នាំទៅហើយ (២៣ តុលា ១៩៩១-២៣ តុលា ២០១៨) ដែលដំណោះស្រាយលើបញ្ហានយោបាយនិងការកសាងសន្តិភាពនៅកម្ពុជា ត្រូវបានបង្កើតឡើងតាមរយៈការអង្គុយតុចរចាគ្នា ហើយគេមិនអាចបំភ្លេចបាននោះទេថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ជាសមិទ្ធផល ដែលផ្ដើមចេញពីការចរចានយោបាយរវាងឥស្សរជនខ្មែរទាំងពីររូបគឺ សម្ដេចនរោត្ដមសីហនុ(ព្រះបរ មរតនកោដ្ឋ) ដែលជាប្រមុខនៃក្រុមខ្មែរត្រីភាគី និងសម្ដេចតេជោ ហ៊ុន សែន(កាលណោះជាសមមិត្ត ហ៊ុន សែន) ដែល តំណាងឱ្យរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា(ដែលក្រោយមកបានដូរឈ្មោះជារដ្ឋកម្ពុជានៅថ្ងៃទី០១ ខែឧសភាឆ្នាំ១៩៨៩)។

មុននឹងឈានទៅដល់សន្និសីទអន្តរជាតិទីក្រុងប៉ារីសជំនួបរវាងឥស្សរជននយោបាយទាំងពីរបានប្រព្រឹត្តិទៅរហូតដល់ ទៅ៥លើក ដោយលើកទី១ ទី២និងទី៣ គឺនៅទីក្រុង Fère-en-Tardenois ប្រទេសបារាំង លើកទី៤នៅទីក្រុង សែនសាំងខ្លូដ ប្រទេសបារាំងនិងលើកទី៥នៅផ្ទះនាយករដ្ឋមន្ត្រីថៃ ឆាធីឆៃ នៅទីក្រុងបាងកកប្រទេសថៃ។ សន្និសីទអន្តរ ជាតិ ទីក្រុងប៉ារីសនាសម័យប្រជុំលើកទី១ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៩៩១ ប្រទេសដែលជាភាគីចូលរួមក្នុងសន្និសីទអន្តរជាតិទីក្រុងប៉ារីសមានចំនួន១៨ប្រទេសគឺ៖ បារាំង និងឥណ្ឌូនេស៊ី ដែលជាសហប្រធាន និង អូស្ត្រាលី កាណាដា ឥណ្ឌា ជប៉ុន ចិន អង់គ្លេស សហរដ្ឋអាមេរិក អតីតសាធារណរដ្ឋសហព័ន្ធសង្គមនិយមសូវៀត យូហ្គោស្លាវី និងបណ្ដាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ប្រ៊ុយណេ ឡាវ ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន ថៃ និងវៀតណាម) រួមទាំងអគ្គលេខាធិការអ.ស.ប មួយរូប។

នាសម័យប្រជុំលើកទី២ នៃសន្និសីទអន្តរជាតិទីក្រុងប៉ារីស ដែលប្រព្រឹត្តិទៅចាប់ពី ថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ហើយទីបំផុតទៅ សន្និសីទអន្តរជាតិទីក្រុងប៉ារីសបានសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសដែលត្រូវបានចុះហត្ថលេខាដោយប្រទេសហត្ថលេខីទាំង១៨។ ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមានប្រទេសនិងប្រជាជនកម្ពុជាបានស្គាល់នូវការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្សជាលើកដំបូងក្រោយសង្គ្រាមស៊ីវិលជាង៣ ទសវត្សរ៍ ដែលការបោះឆ្នោតបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ដោយ គណបក្សដែលបានចូលរួមការបោះឆ្នោតមានចំនួន២០គណបក្ស។

គួរបញ្ជាក់ផងដែរថា ក្រោយការបោះឆ្នោតរួច អត្ថន័យសំខាន់ៗនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា សម័យរាជាណាចក្រទី២ ហើយអនុវត្តរហូតមកដល់ពេលបច្ចុប្បន្ន។ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនអាចនាំមកនូវសន្តិភាពពេញប្រទេសនោះទេ ព្រោះខ្មែរក្រហមដែលមិនចូលរួមបោះឆ្នោត បានបន្តការតស៊ូរបស់ខ្លួននៅព្រំដែនថៃ ហើយក្រោយមក តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្ដេច ហ៊ុន សែន ទើបរាជរដ្ឋាភិបាលកម្ពុជាបានធ្វើសមាហរណកម្មកម្លាំងដែលនៅសេសសល់របស់ខ្មែរក្រហម ឱ្យចូលមករួមរស់ដោយភាតរភាពក្នុងសង្គមជាតិ ហើយកម្ពុជាបានទទួលសន្តិភាពពេញលេញ និងបញ្ចប់ការគ្រប់គ្រងទឹកដីតាមរបៀបស្បែកខ្លានៅឆ្នាំ២០០០៕

RAC Media | លឹម សុវណ្ណរិទ្ធ









អត្ថបទទាក់ទង

កម្ពុជានិងសហរដ្ឋអាម៉េរិក៖ ទំនាក់ទំនងនិងទំនុកចិត្តដែលត្រូវស្តារវិញ, ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ត្រូវបានបង្កើតឡើងនៅខែ កក្កដា ឆ្នាំ១៩៥០។ បើគិតមកដល់ពេលនេះ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានរយៈពេលជាង៧០ឆ្នាំហើយ ប៉ុន្តែទំនាក់ទំនង​នេះ​ហាក់នៅមិនទា...

2021-05-28 13:18:01   ថ្ងៃសុក្រ, 28 ឧសភា 2021 ម៉ោង 08:18 PM
គោលនយោបាយការបរទេសចិន៖ ក្នុងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-25 05:14:24   ថ្ងៃអង្គារ, 25 ឧសភា 2021 ម៉ោង 12:14 PM
តើអ៊ីស្រាអែលជាខ្លាក្នុងព្រៃឬជាខ្លាចូលភូមិ? ដោយ៖ បណ្ឌិត ខែក វីរៈ

...

2021-05-21 01:50:58   ថ្ងៃសុក្រ, 21 ឧសភា 2021 ម៉ោង 08:50 AM
នយោបាយការបរទេសចិនជាមួយថៃ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-20 12:34:40   ថ្ងៃព្រហស្បតិ៍, 20 ឧសភា 2021 ម៉ោង 07:34 PM
ទន្លេមេគង្គ ៖ ទឹក និងក្តីស្រលាញ់ ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-05-18 05:32:53   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:32 PM
ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM

សេចក្តីប្រកាស