Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលម៉ោង ២:០០នាទីរសៀល ថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាជួបប្រជុំជាមួយនឹងនាយកដ្ឋានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រនិងឧត្ដមសិក្សា នៃសហព័ន្ធរុស្ស៊ី។ ជំនួបពិភាក្សានាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាការងារ និងពិនិត្យមើលលទ្ធភាពដែលអាចឈានទៅរកការធ្វើកិច្ចសហប្រតិបត្តិការគ្នាលើវិស័យស្រាវជ្រាវ វិទ្យាសាស្ត្រ អប់រំ និងបណ្ដុះបណ្ដាលរវាងស្ថាប័នទាំងពីរ។
ថ្លែងក្នុងឱកាសជំនួបនាឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសម្ដែងការស្វាគមន៍ និងសេចក្ដីសោមន្សក្នុងជំនួបជាមួយនឹងប្រតិភូនាយកដ្ឋានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រនិងឧត្ដមសិក្សា នៃសហព័ន្ធរុស្ស៊ី ព្រមទាំងបានណែនាំអំពីសមាសភាពភាគីរាជបណ្ឌិត្យសភាកម្ពុជា តួនាទី បេសកកម្ម និងសមិទ្ធផលដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាននាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានលើកឡើងនូវគំនិតផ្ដួចផ្ដើមជំរុញឱ្យភាគីរុស្ស៊ីពិចារណាបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសារុស្ស៊ីនៅរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។
លោកស្រី Ksenia Trinchenko បានថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាសម្រាប់ការរៀបចំជំនួបនាឱកាសនេះ។ លោកស្រីបានកោតសរសើរឯកឧត្ដមបណ្ឌិតសភាចារ្យ ដែលនៅតែប្រើប្រាស់និងចងចាំភាសារុស្ស៊ីបានយ៉ាងស្ទាត់ច្បាស់ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតជាច្រើនឆ្នាំកន្លងមកហើយ។ លោកស្រីក៏បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពថ្មីៗ និងស្នាដៃវិទ្យាសាស្ត្រនានា ដែលរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច សម្រេចបាននាពេលកន្លងមកនេះផងដែរ។ លោកស្រីបន្ថែមទៀតថា រុស្ស៊ីនៅតែបន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្ស ហើយរុស្ស៊ីនៅតែមានបំណងចូលរួមចំណែកក្នុងការជំរុញអភិវឌ្ឍធនធានមនុស្សជាមួយកម្ពុជា។
ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់រុស្ស៊ីនៅក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា ដែលកន្លងមកបានបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាច្រើនរូប ដែលក្រោយបញ្ចប់ការសិក្សាចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត ធនធានទាំងនោះ បានវិលត្រឡប់មកបម្រើការងារជូនជាតិមាតុភូមិគ្រប់កម្រិតនិងស្ទើរតែគ្រប់វិស័យ។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានថ្លែងសង្កត់ធ្ងន់អំពីសក្ដានុពលវិស័យវប្បធម៌ ទេសចរណ៍ បរិស្ថាន និងធនធានធម្មជាតិដែលមាននៅក្នុងតំបន់ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ជម្រាបជូនប្រតិភូនាយកដ្ឋានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រនិងឧត្ដមសិក្សា នៃសហព័ន្ធរុស្ស៊ីផងដែរ ដើម្បីភាគីទាំងពីរពិនិត្យមើលលទ្ធភាពនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នានាពេលអនាគតផងដែរ។
ជាចុងបញ្ចប់ លោកស្រី Ksenia Trinchenko បានជម្រាបជូនឯកឧត្ដមបណ្ឌិតសភាចារ្យថា ភាគីរុស្ស៊ីស្នើសូមអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាឱកាសសមស្របណាមួយ ហើយឈានទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទៅលើអនុស្សរណៈយោគយល់គ្នារវាងភាគីទាំងពីរផ្ទាល់តែម្ដង។ បន្ថែមពីនេះ ក្នុងនាមនាយកដ្ឋានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រនិងឧត្ដមសិក្សា នៃសហព័ន្ធរុស្ស៊ី លោកស្រីក៏បានបង្ហាញបំណងអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យ ទៅចូលរួមជាវាគ្មិននៅក្នុងវេទិកាវិទ្យាសាស្ត្រនានានៅក្នុងប្រទេសរុស្ស៊ី ដើម្បីចែករំលែកចំណេះដឹង និងទស្សនៈយល់ឃើញសំខាន់ៗទៅលើប្រធានបទនានា ដូចដែលស្ថាប័នស្រាវជ្រាវរុស្ស៊ីធ្លាប់អញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យនាពេលកន្លងមកផងដែរ៕
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) គឺជាកិច្ចពិភាក្សានៃដំណើរការផ្លូវការមួយ និងកិច្ចសហប្រតិបត្តិការរវាងសមាជិកសហភាពអឺរ៉ុបទាំង៣០ប្រទេស និងអាស៊ីចំនួន២១ប្រទេស ព្រមទាំងលេខាធិការអាស៊ានផងដែរ។ កិច្ចពិភាក្សា ASEM លើ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ដើម្បីជំរុញប្រសិទ្ធភាព និងប្រសិទ្ធផលការងារវិទ្យាសាស្ត្រ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខ...
យោងតាមការសិក្សាស្រាវជ្រាវរបស់គណៈកម្មការទន្លេមេគង្គ នាពេលថ្មីៗនេះ គ្រោះរាំងស្ងួត តែងតែ កើតមានឡើងជាញឹកញាប់ នៅទូទាំងអាងទន្លេមេគង្គ និងមានការកើនឡើងឥតឈប់ឈរក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ផ្នែកខាងលើ...
លោកប្រធានាធិបតី Donald Trump ដែលរដ្ឋបាលរបស់លោកកំពុងស្ថិតនៅក្រោមសម្ពាធ និងទទួលរងនូវការរិះគន់កាន់តែខ្លាំងចំពោះការឆ្លើយតបរបស់ខ្លួនទៅនឹងការរាលដាលមេរោគកូរ៉ូណា បានផ្ទុះឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយធ្វីតធ័រកាលព...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានលើកទឹកចិត្តមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ត្រូវគោរពវិន័យ និងប្រឹងប្រែងបំពេញការងារ ដើម្បីបន្សល់ស្នាដៃ និងកេរ្តិ៍ឈ្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ កាលពីព្រឹកថ្ងៃអង្គារ៍ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នេះ ក្នុងកិច្ចប្រជុំរួមនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចាប់ផ្ដើមពីម៉ោង ៩:០០ នាទីព...