Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាសមាជិកក្រុមស្រាវជ្រាវព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា «ខ្ញុំពិតជារកនឹកមិនឃើញថា ខេត្តទាំង៤របស់កម្ពុជា អាចនឹងបាត់បង់ទៅវៀតណាមដោយរបៀបណានោះទេ»។
ជាការឆ្លើយតបទៅនឹងសំណួរអំពីលទ្ធភាពដែលកម្ពុជាអាចនឹងបាត់បង់ខេត្តទាំង៤ ដែលដាក់បញ្ចូលនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ឯកឧត្ដមពិតជារកមិនឃើញថា ខេត្តទាំង៤អាចបាត់ដោយរបៀបណានោះទេ ហើយកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម គឺជាកិច្ចសហប្រតិបត្តិការរវាងរដ្ឋជាភាគី មិនមែនជាការដាក់ទុនរួមគ្នាដូចការបំផុសនោះទេ ហើយការអភិវឌ្ឍខេត្តនិងតំបន់នានារបស់ខ្លួន គឺអាស្រ័យទៅលើរដ្ឋាភិបាលនៃប្រទេសនីមួយៗដែលមានអធិបតេយ្យភាពរៀងៗខ្លួន។
ឯកឧត្ដមបណ្ឌិតបានពន្យល់បន្តទៀតថា ការអភិវឌ្ឍខេត្តនីមួយៗយ៉ាងដូចម្ដេចគឺជាដែនសមត្ថកិច្ចរបស់រដ្ឋសាមី ហើយការលើកឡើងដែលថា កម្ពុជាមិនមានផលចំណេញនៅក្នុងការដាក់ខេត្តទាំង៤ នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ដោយសារតែពលរដ្ឋវៀតណាមមានចំនួនច្រើនជាងកម្ពុជានោះ ពុំមែនជាលក្ខណៈវិនិច្ឆ័យសមស្របនោះទេ ព្រោះចំនួនប្រជាជននៃប្រទេសមួយ មិនមែនជាមូលដ្ឋានសំខាន់តែមួយគត់នៅក្នុងការអភិវឌ្ឍប្រទេសនោះទេ ដោយឯកឧត្ដមបណ្ឌិតបានលើកឡើងពីករណីការអភិវឌ្ឍរបស់ប្រទេសសិង្ហបុរី ដែលស្ថិតនៅចន្លោះប្រទេសធំៗដែលប្រជាជនច្រើន ប៉ុន្តែសិង្ហបុរីបានបន្តការអភិវឌ្ឍដោយដើរនៅលើមាគ៌ារបស់ខ្លួន។
ឯកឧត្ដមបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ថា ការរៀបចំបោះបង្គោលព្រំដែនពិតជាមានសារៈសំខាន់ណាស់នៅក្នុងការអភិវឌ្ឍប្រទេស និងការពារបូរណភាពទឹកដីរបស់ជាតិសាសន៍មួយ ហើយលិខិតបទដ្ឋានគតិយុត្តិដែលប្រើប្រាស់នៅក្នុងការបោះបង្គោលព្រំដែនកម្ពុជាជាមួយនឹងប្រទេសជិតខាងគឺជាក្របខ័ណ្ឌគតិយុត្តិដែលបន្សល់ដោយអាណានិគមបារាំង ជាមួយនឹងកិច្ចព្រមព្រៀងដែលទទួលយល់ព្រមដោយប្រទេសគូភាគីនីមួយៗ ពិសេសគឺផែនទីរដ្ឋបាលដែលបន្សល់ដោយអាណានិគមបារាំង ហើយការបោះបង្គោលព្រំដែនគឺយោងទៅលើបង្គោលចាស់ដែលមាន និងបោះញឹកនៅតំបន់ដែលមានភូមិសាស្ត្រស្មុគស្មាញ។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា ការអភិវឌ្ឍតំបន់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង គឺជាយុទ្ធសាស្ត្រការពារព្រំដែនដ៏ល្អមួយសម្រាប់កម្ពុជា ដែលយើងមិនត្រូវទុកព្រំដែនឱ្យរងារនោះទេ ដែលរាជរដ្ឋាភិបាលត្រូវតែអភិវឌ្ឍនៅគ្រប់កម្រិតការអភិវឌ្ឍទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា «ដើម្បីថែរក្សាព្រំដែនឱ្យបាន គេមិនអាចទុកតំបន់ព្រំដែនចោល ដោយមិនធ្វើការអភិវឌ្ឍនោះទេ»៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
សីតុណ្ហភាពមធ្យមនៅលើភពផែនដី នៅក្នុងពេលបច្ចុប្បន្ននេះ កំពុងតែមានការកើនឡើងខ្លាំង និងលឿនជាងអ្វីដែលមនុស្សធ្លាប់បានសង្កេតតាមលក្ខណៈធម្មជាតិ បើធៀបទៅនឹង កាលពីពេលមុនៗ។ ក្រុមអ្នកវិទ្យាសាស្រ្តរបស់អង្គការ សហប្រជាជ...
ក្រោយការបោះឆ្នោតជាសកលជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី២ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ វិបត្តិនយោបាយផ្ទៃក្នុងមួយបានកើតឡើង។ ដើម្បីដោះស្រាយវិបត្តិនេះ កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សនយោបាយទ...
បច្ឆានវនិយម ឬសម័យក្រោយទំនើបនិយម ដែលជាទស្សនវិជ្ជាទំនើបឈានមុខគេនោះ អះអាងថា សម័យកាលប្រវត្ដិសាស្ដ្រ ទំនើប បានបញ្ចប់ទៅហើយ ហើយយើងកំពុង រស់នៅក្នុងសករាជក្រោយសម័យទំនើប។ បច្ឆានវនិយម ឬសម័យក្រោយទំនើបនិយម ក្នុងបស...
(រាជធានីភ្នំពេញ)៖ នៅព្រឹកព្រហស្បតិ៍ ៩ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ តាមការណែនាំពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប...
នៅក្នុងជំនាញវិជ្ជាជីវៈជាអ្នកបណ្ដុះបណ្ដាលនិងអប់រំ គ្រូបានបង្រៀនសិស្សទាំងឡាយក្នុងសង្គម ដោយមានសិស្សខ្លះបានរៀនចប់ និងបានវិវត្តខ្លួនទៅជាមនុស្សល្អៗភាគច្រើនជាងមនុស្សមិនល្អ ខណៈដែលអ្នកខ្លះកំពុងដឹកនាំសង្គម អ្នក...
នៅថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីព្រឹក នៅសាលទន្លេសាបនៃអគារខេមរវិទូ វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភ...