Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាសមាជិកក្រុមស្រាវជ្រាវព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា «ខ្ញុំពិតជារកនឹកមិនឃើញថា ខេត្តទាំង៤របស់កម្ពុជា អាចនឹងបាត់បង់ទៅវៀតណាមដោយរបៀបណានោះទេ»។
ជាការឆ្លើយតបទៅនឹងសំណួរអំពីលទ្ធភាពដែលកម្ពុជាអាចនឹងបាត់បង់ខេត្តទាំង៤ ដែលដាក់បញ្ចូលនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ឯកឧត្ដមពិតជារកមិនឃើញថា ខេត្តទាំង៤អាចបាត់ដោយរបៀបណានោះទេ ហើយកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម គឺជាកិច្ចសហប្រតិបត្តិការរវាងរដ្ឋជាភាគី មិនមែនជាការដាក់ទុនរួមគ្នាដូចការបំផុសនោះទេ ហើយការអភិវឌ្ឍខេត្តនិងតំបន់នានារបស់ខ្លួន គឺអាស្រ័យទៅលើរដ្ឋាភិបាលនៃប្រទេសនីមួយៗដែលមានអធិបតេយ្យភាពរៀងៗខ្លួន។
ឯកឧត្ដមបណ្ឌិតបានពន្យល់បន្តទៀតថា ការអភិវឌ្ឍខេត្តនីមួយៗយ៉ាងដូចម្ដេចគឺជាដែនសមត្ថកិច្ចរបស់រដ្ឋសាមី ហើយការលើកឡើងដែលថា កម្ពុជាមិនមានផលចំណេញនៅក្នុងការដាក់ខេត្តទាំង៤ នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ដោយសារតែពលរដ្ឋវៀតណាមមានចំនួនច្រើនជាងកម្ពុជានោះ ពុំមែនជាលក្ខណៈវិនិច្ឆ័យសមស្របនោះទេ ព្រោះចំនួនប្រជាជននៃប្រទេសមួយ មិនមែនជាមូលដ្ឋានសំខាន់តែមួយគត់នៅក្នុងការអភិវឌ្ឍប្រទេសនោះទេ ដោយឯកឧត្ដមបណ្ឌិតបានលើកឡើងពីករណីការអភិវឌ្ឍរបស់ប្រទេសសិង្ហបុរី ដែលស្ថិតនៅចន្លោះប្រទេសធំៗដែលប្រជាជនច្រើន ប៉ុន្តែសិង្ហបុរីបានបន្តការអភិវឌ្ឍដោយដើរនៅលើមាគ៌ារបស់ខ្លួន។
ឯកឧត្ដមបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ថា ការរៀបចំបោះបង្គោលព្រំដែនពិតជាមានសារៈសំខាន់ណាស់នៅក្នុងការអភិវឌ្ឍប្រទេស និងការពារបូរណភាពទឹកដីរបស់ជាតិសាសន៍មួយ ហើយលិខិតបទដ្ឋានគតិយុត្តិដែលប្រើប្រាស់នៅក្នុងការបោះបង្គោលព្រំដែនកម្ពុជាជាមួយនឹងប្រទេសជិតខាងគឺជាក្របខ័ណ្ឌគតិយុត្តិដែលបន្សល់ដោយអាណានិគមបារាំង ជាមួយនឹងកិច្ចព្រមព្រៀងដែលទទួលយល់ព្រមដោយប្រទេសគូភាគីនីមួយៗ ពិសេសគឺផែនទីរដ្ឋបាលដែលបន្សល់ដោយអាណានិគមបារាំង ហើយការបោះបង្គោលព្រំដែនគឺយោងទៅលើបង្គោលចាស់ដែលមាន និងបោះញឹកនៅតំបន់ដែលមានភូមិសាស្ត្រស្មុគស្មាញ។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា ការអភិវឌ្ឍតំបន់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង គឺជាយុទ្ធសាស្ត្រការពារព្រំដែនដ៏ល្អមួយសម្រាប់កម្ពុជា ដែលយើងមិនត្រូវទុកព្រំដែនឱ្យរងារនោះទេ ដែលរាជរដ្ឋាភិបាលត្រូវតែអភិវឌ្ឍនៅគ្រប់កម្រិតការអភិវឌ្ឍទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា «ដើម្បីថែរក្សាព្រំដែនឱ្យបាន គេមិនអាចទុកតំបន់ព្រំដែនចោល ដោយមិនធ្វើការអភិវឌ្ឍនោះទេ»៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អគ្គលេខាធិការដ្ឋាន ជាអង្គភាពផ្ដល់សេវាកម្មជួរមុខរបស់រាជបណ្ឌិត្យសភាកម្ពុជា មន្ត្រីទាំងអស់ត្រូវតែបំពេញការងារប្រកបដោយទំនួលខុសត្រូវ និងគោរពបទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់&ra...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ធ្វើបទបង្ហាញអំពីស្នាដៃស្រាវជ្រាវស្ដីពី «សម្លៀកបំពាក់...
នៅក្នុងឱកាសឡើងកាន់តំណែងប្រធានាធិបតីសហរដ្ឋអាម៉េរិកជាថ្មីរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្ត្រនយោបាយ បានក...
ស្របពេលដែលកម្ដៅនយោបាយនៅក្នុងប្រទេសកម្ពុជា ហាក់មិនថមថយ ដោយសារតែអ្នកនយោបាយមាននិន្នាការប្រឆាំងនៅបរទេស បានបន្តដុតរោល និងញុះញង់ឱ្យមានការបែកបាក់ជាតិក្នុងចំណោមស្រទាប់ប្រជាពលរដ្ឋខ្មែរ តាមរយៈការទាញព្រឹត្តិការណ...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីប្រតិកម្មរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ចំពោះលោក សម រង្ស៊ី ដែលព្យាយាមញុះញង់ពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត យង់ ពៅ អ្ន...
ឆ្លើយតបទៅនឹងការចោទសួរពីអ្នកសារព័ត៌មាន ជុំវិញករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងទស្សនៈចំពោះប្រសាសន៍លើកឡើងរបស់សម្ដេចតេជោអំពីករណីនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត...