ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ មនសិកាស្នេហាជាតិ ជាតិនិយម និងការឯកភាពជាតិ គឺជាមូលដ្ឋានសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសជាតិ

2024-09-04 14:04:44 ថ្ងៃពុធ, 04 កញ្ញា 2024 ម៉ោង 09:04 PM
អ្នកមើល 8614
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសថ្លែងសុន្ទរកថាបិទវេទិកាទំនាក់ទំនងអន្តរជាតិលើកទី ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរ និងតួនាទីរបស់មហាអំណាចសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសាកល» នៅព្រឹកថ្ងៃពុធ ២ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍លើកឡើងថា «មនសិកាស្នេហាជាតិ ជាតិនិយម និងការឯកភាពជាតិ គឺជាមូលដ្ឋានសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសជាតិ»

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់យ៉ាងដូច្នេះ ដោយបានភ្ជាប់ជាមួយឧទាហរណ៍ជាបទពិសោធ នៃការអភិវឌ្ឍរបស់ប្រទេសរីកចម្រើននៅក្នុងតំបន់ ដូចជា ជប៉ុន និងកូរ៉េខាងត្បូង ដែលប្រជាពលរដ្ឋនៃប្រទេសទាំងពីរ បានចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិដោយឈរនៅលើមូលដ្ឋានមនសិកាស្នេហាជាតិ និងជាតិនិយមពិតប្រាកដ។

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិតសភាកម្ពុជា បានបន្តទៀតថា មនសិកាស្នេហាជាតិ និងស្មារតីជាតិនិយមពិតប្រាកដរបស់ប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីអភិវឌ្ឍមាតុភូមិរបស់ខ្លួន ព្រោះមានតែឯកភាពជាតិតែប៉ុណ្ណោះដែលយើងអាចកសាងប្រទេសជាតិមួយនេះឱ្យរីកចម្រើនដូចបណ្ដាប្រទេសនានានៅក្នុងតំបន់។

មិនត្រឹមតែលើកឡើងអំពី មនសិកាស្នេហាជាតិ និងស្មារតីជាតិនិយម ពីសំណាក់ប្រជាពលរដ្ឋប៉ុណ្ណោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានលើកឡើងផងដែរថា អ្នកនយោបាយគ្រប់និន្នាការ ត្រូវមានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍប្រទេសជាតិ ដោយមនសិកាស្នេហាជាតិ និងស្មារតីជាតិនិយមពិតប្រាកដ ចៀសវាងការប្រើប្រាស់ត្រឹមតែពាក្យខាងលើ ដើម្បីទាក់ទាញការចូលរួមនិងគាំទ្រពីប្រជាពលរដ្ឋ។ ក្នុងន័យនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានស្នើសុំឱ្យរដ្ឋសភាជាតិកម្ពុជា ផ្ដួចផ្ដើមគំនិតរៀបចំច្បាប់ហាមឃាត់ចំពោះអ្នកដែលមានសញ្ជាតិពីរ មិនឱ្យធ្វើនយោបាយ ដើម្បីចូលរួមចំណែកជំរុញមនសិកាជាតិ និងស្មារតីស្នេហាជាតិពិតប្រាកដរបស់អ្នកនយោបាយខ្មែរ។

«ខ្មែរត្រូវតែមានមោទកភាពជាតិ មិនមែនកូនចេះភាសាបរទេស ហើយមោទកភាពនោះទេ តើពេលណាដែលខ្មែរត្រូវមានមោទកភាពចំពោះអ្វីដែលប្រទេសជាតិខ្លួនមាន? តើនៅពេលណាដែលខ្មែរមានមោទកភាពនៅពេលដែលបានកាន់ផលិតផលរបស់ខ្លួន?» នេះគឺជាប្រសាសន៍លើកឡើងបន្ថែមរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងសង្កត់ធ្ងន់បន្ថែមទៀតផងដែរថា ដើម្បីជំរុញស្មារតីស្នេហាជាតិពិតប្រាកដ គេត្រូវតែគាំទ្រផលិតផលខ្មែរ ទិញផលិតផលខ្មែរ និងជំរុញការដាំដុះនិងផលិតផលិតផលនៅក្នុងស្រុក ពុំមែនត្រឹមតែស្នេហាជាតិតែនៅលើបបូរមាត់ប៉ុណ្ណោះទេ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ត្រូវបានតែងតាំងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាជាថ្មី ឋានៈស្មើរដ្ឋមន្ត្រី»

(រាជធានីភ្នំពេញ)៖ ដោយបានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្...

2020-01-21 08:56:46   ថ្ងៃអង្គារ, 21 មករា 2020 ម៉ោង 03:56 PM
«អាហារូបករណ៍សិក្សាជាន់ខ្ពស់អន្តរជាតិ សម្រាប់ឆ្នាំ២០២០-២០២១ នៅសាធារណរដ្ឋកូរ៉េ»

2020-01-21 02:51:34   ថ្ងៃអង្គារ, 21 មករា 2020 ម៉ោង 09:51 AM
«បញ្ញវន្តដែលមានសមត្ថភាពពិតប្រាកដគឺជាធនធានចម្បង ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាដែលមានការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុកពីរាជបណ្ឌិត្យសភាកម្ពុជា នៅវេលា ម៉ោង៦ល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ...

2020-01-20 14:49:21   ថ្ងៃចន្ទ, 20 មករា 2020 ម៉ោង 09:49 PM
ស្រះដំរី នៃដែនដី «មហេន្ទ្របរព័ត» ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២..

(ភ្នំគូលេន)៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានបន្តដឹកនាំក្រុមការងារស្រាវជ្រាវនៅស្រះដំរី នៅមហេន្ទ្របរព័ត (ភ្នំគូលេន ) ដើម្បីសិក្សាស្វែងយល់អំពី...

2020-01-18 05:03:33   ថ្ងៃសៅរ៍, 18 មករា 2020 ម៉ោង 12:03 PM
«វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន»

ភ្នំពេញ៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះ នៅវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែ...

2020-01-16 13:02:54   ថ្ងៃព្រហស្បតិ៍, 16 មករា 2020 ម៉ោង 08:02 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបពិភាក្សាការងារជាមួយនឹងមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងមន្ត្រីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមការងារ បានទទួលជួបពិភាក្សាការ...

2020-01-16 10:36:59   ថ្ងៃព្រហស្បតិ៍, 16 មករា 2020 ម៉ោង 05:36 PM

សេចក្តីប្រកាស