ព័ត៌មាន

របបកម្ពុជាប្រជាធិបតេយ្យ៖ ការដឹកនាំសង្គមដែលយកបញ្ញវន្តជាសត្រូវ ធ្វើឱ្យរបបនេះទន់ខ្សោយនិងដួលរលំយ៉ាងឆាប់រហ័ស

2024-11-12 04:14:47 ថ្ងៃអង្គារ, 12 វិច្ឆិកា 2024 ម៉ោង 11:14 AM
អ្នកមើល 7924
post_detail1

ដោយ៖ បណ្ឌិត យង់ ពៅ

នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីការ «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា មានការលើកឡើងជាសំណួរដោយអ្នកចូលរួមអំពី សារៈសំខាន់នៃការអភិវឌ្ឍនៃការអភិវឌ្ឍសង្គមជាតិត្រូវការអ្នកមានចំណេះដឹងច្រើន ប៉ុន្តែនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានអ្នកចេះដឹងនៅក្នុងនោះដែរ បែរជាដឹកនាំកម្ពុជាឆ្ពោះទៅរកអន្តរាយទៅវិញ។ ការលើកឡើងអំពីចម្ងល់នេះ គេហាក់ដូចជាមិនបានសិក្សាឱ្យបានជាក់ច្បាស់អំពីស្ថានភាពនៃការដឹកនាំនៃរបបនោះឡើយ។

មេដឹកនាំកំពូលនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលជាអ្នកមានសិទ្ធិអំណាចសម្រេចចិត្តគឺ ប៉ុល ពត គឺជាមនុស្សដែលពុំបានទទួលការសិក្សាទូលំទូលាយនោះឡើយ ពោល ប៉ុល ពត បានចូលរៀនត្រឹមតែកម្រិតកម្មករជំនាញតែប៉ុណ្ណោះ។ នៅក្នុងបទសម្ភាសន៍ ជាមួយនឹងអ្នកសារព័ត៌មានជនជាតិអាម៉េរិកឈ្មោះ Nate Thayer ដែលជាអ្នកបានសម្ភាសន៍ ប៉ុល ពត ផ្ទាល់តែម្នាក់គត់ មុន ប៉ុល ពត ស្លាប់ ប៉ុល ពត បានសារភាពថាខ្លួនមិនបានរៀនចេះដឹងអ្វីនោះទេ ដោយ ប៉ុល ពត រៀននៅប្រទេសបារាំង គ្មានលុយកាក់អ្វីនោះឡើយ ហើយមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យរូបនេះ នឹកស្រមៃឃើញតែវណ្ណៈអធននៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ ប៉ុល ពត បានមើលតែសៀវភៅក្រហម ជាសៀវភៅកុម្មុយនីស្តតែមួយគត់ដែល ប៉ុល ពត បានអាន នៅស្ទឹងសែន ទីក្រុងប៉ារីស ប្រទេសបារាំង។

ជាសក្ខីភាពផ្ទាល់ដែលបញ្ជាក់ថា របបប្រល័យមនុស្សជាតិនេះ បានចាត់ទុកបញ្ញវន្តជាសត្រូវនោះគឺ ក្រោយការឡើងកាន់អំណាច ប៉ុល ពត បានធ្វើការអំពាវនាវឱ្យបញ្ញវន្តខ្មែរ ដែលនៅបរទេសទាំងអស់ ចូលមកកម្ពុជាដើម្បីកសាងប្រទេសជាតិជាមួយនឹងខ្លួន ប៉ុន្តែផ្ទុយទៅវិញ មេដឹកនាំដ៏ឃោរឃៅរូបនេះ បានយកបញ្ញវន្តដែលវិលត្រឡប់ទៅមាតុភូមិកំណើត ដើម្បីចូលរួមកសាងប្រទេសជាតិឡើងវិញនោះ ទៅសម្លាប់ចោលទាំងអស់ ដែលនេះបានបញ្ជាក់អំពីកំហឹងនិងការគុំគួនវណ្ណៈរបស់ ប៉ុល ពត ចំពោះបញ្ញវន្តនិងអ្នកមានចំណេះដឹងជាទូទៅ។

បន្ថែមពីនេះ របបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយ ប៉ុល ពត ថែមទាំងបានចាត់ទុកជនទាំងឡាយណាដែលឃើញមានពាក់វែនតា ឬត្រូវបានស៊ើបដឹងថាជាគ្រួសារ សាច់ញាតិរបស់កងទ័ព នគរបាល គ្រូបង្រៀន និងមន្ត្រីរដ្ឋការសម័យមុន ត្រូវបានកម្លាំងនៃរបបនេះនាំយកទៅសម្លាប់ចោលទាំងអស់ ដោយពួកគេបានអះអាងថា ជីកស្មៅ ត្រូវជីកទាំងឫស ចៀសវាងបន្សល់ដានទៅដល់ថ្ងៃក្រោយ។ ទាំងនេះសបញ្ជាក់ឱ្យឃើញថា មេដឹកនាំនៃរបបនេះ បានសម្លាប់អ្នកប្រាជ្ញ បញ្ញវន្តខ្មែរដែលស្ថិតនៅក្នុងប្រទេសចោលស្ទើតែទាំងអស់ ឱ្យតែខ្លួនរកឃើញថាជាមនុស្សមានចំណេះដឹង។ ត្រង់នេះ ប៉ុល ពត ហាក់មានការព្រួយបារម្ភចំពោះអ្នកចេះដឹង ដែលអាចនឹងងើបឡើងលេចធ្លោជាងខ្លួនទាំងនៅក្នុងជួរអ្នកដឹកនាំឬកម្មាភិបាលកណ្ដាល ក៏ដូចជាលទ្ធភាពនៃការជំរុញចរន្តប្រឆាំងនឹងខ្លួនពីមូលដ្ឋាននានានៅតាមតំបន់និងភូមិភាគ។

ការដឹកនាំប្រទេសដោយយកការកាប់សម្លាប់ជាតិសាសន៍ឯង ពិសេសផ្ដោតទៅលើការកាប់សម្លាប់អ្នកចេះដឹងដែលនៅសេសសល់ពីសង្គ្រាម គឺជានយោបាយដឹកនាំជាតិដ៏ល្ងង់ខ្លៅមួយ ដែលក្រុមជនកុម្មយនីស្តខ្មែរទាំងនេះ ពិសេស ប៉ុល ពត បានសាងនូវវិនាសកម្មដ៏ធ្ងន់ធ្ងរសម្រាប់ជាតិមាតុភូមិ។ ជាលទ្ធផល ប្រទេសកម្ពុជា​នៅក្រោមការដឹកនាំរបស់ ប៉ុល ពត បានឈានទៅរកភាពទន់ខ្សោយជាទីបំផុត ទាំងក្នុងដំណើរការអភិវឌ្ឍប្រទេស ក៏ដូចជាការកសាងកម្លាំងដើម្បីការពារជាតិ ក៏ព្រោះតែភាពសង្ស័យ និងការភ័យខ្លាចចំពោះអ្នកមានចំណេះដឹង មិនអាចប្រមូលយកអ្នកមានចំណេះដឹងឱ្យចូលរួមជំរុញការអភិវឌ្ឍជាតិ និងពង្រឹងការដឹកនាំរដ្ឋរបស់ខ្លួន។

ជារួម សង្គមជាតិដែលដឹកនាំដោយសម្បូរធនធានមនុស្ស និងមានការចូលរួមពីបញ្ញវន្ត និងអ្នកមានចំណេះដឹងនៅក្នុងវិស័យឬជំនាញផ្សេងៗគ្នា នឹងឈានឆ្ពោះទៅកាន់ការរីកចម្រើន បើទោះបីជាមានការយល់ឃើញខុសៗគ្នាទៅតាមជ្រុងផ្សេងៗក្ដី ក៏តាមរយៈរបកគំហើញនៃបញ្ញវន្ត និងអ្នកប្រាជ្ញនានា សង្គមជាតិនោះនឹងមានវឌ្ឍនភាពជឿនលឿនឆ្ពោះទៅមុខជានិច្ច៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ហេតុអ្វីបានជាគេតែងតែព្យាយាមវាយប្រហារលើទំនាក់ទំនងកម្ពុជា-ចិន?

ដោយ៖ លឹម សុវណ្ណរិទ្ធ           ទំនាក់ទំនងកម្ពុជានិងចិន ដែលបានតភ្ជាប់នៅក្នុងប្រវត្តិសាស្ត្រជាង២ពាន់ឆ្នាំមុន និងបានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១...

2025-01-09 13:19:55   ថ្ងៃព្រហស្បតិ៍, 09 មករា 2025 ម៉ោង 08:19 PM
បណ្ឌិត យង់ ពៅ៖ គុណតម្លៃនៃការអប់រំ មិនមែនដើម្បីតែទទួលបានប្រាក់ចំណូលច្រើនតែមួយមុខនោះទេ

ឆ្លើយតបទៅនឹងនិន្នាការផ្ដល់តម្លៃចំពោះការសិក្សា ដោយផ្ដោតតែទៅលើឱកាសនិងលទ្ធភាពស្វែងប្រាក់ចំណូលនោះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនិងនយោបាយបានគូសបញ្ជាក់ថា គុណតម្លៃនៃការអប់រំ មិនមែនដើម្បីតែទទួលបានប្រាក់ចំណូ...

2025-01-06 06:43:23   ថ្ងៃចន្ទ, 06 មករា 2025 ម៉ោង 01:43 PM
បណ្ឌិត យង់ ពៅ៖ ជ័យជម្នះ ៧មករា ជាសច្ចភាពប្រវត្តិសាស្ត្រកម្ពុជាពិត ដែលជាមេរៀនសម្រាប់ខ្មែរ ត្រូវតែបញ្ចៀសការវិលត្រឡប់នៃបដិវត្តន៍កាប់សម្លាប់ជាតិសាសន៍ខ្មែរ

          លោកបណ្ឌិត យង់ ពៅ បានថ្លែងអះអាងថា ៤៦ឆ្នាំក្រោយជ័យជម្នះលើរបបកម្ពុជាប្រជាធិបតេយ្យ ព្រឹត្តិការណ៍ ៧មករា នៅតែមានតម្លៃជាសច្ចភាពប្រវត្តិសាស្ត្រមិនអាចប្រកែកបានសម្រាប់ប្រជាជាត...

2025-01-03 08:28:10   ថ្ងៃសុក្រ, 03 មករា 2025 ម៉ោង 03:28 PM
ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តនយោបាយការបរទេស ពោរពេញដោយភាពស្វាហាប់និងចម្រុះពណ៌ តែនៅមានកិច្ចការជាច្រើនទៀត ដែលកម្ពុជាត្រូវបន្តពង្រីកនិងពង្រឹងបន្ថែមទៀត

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បាន​គូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយការបរទេសប្រកបដោយភាព...

2024-12-31 23:35:03   ថ្ងៃអង្គារ, 31 ធ្នូ 2024 ម៉ោង 06:35 AM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីអគ្គលេខាធិការដ្ឋាននិងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បំពេញទស្សនកិច្ចសិក្សាតំបន់ព្រំដែននៅភូមិភាគឦសាន ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី

ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីអគ្គលេខាធិការដ្ឋាននិងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បំពេញទស្សនកិច្ចសិក្សាតំបន់ព្រំដែននៅភូមិភាគឦសាន ក្នុង...

2024-12-31 02:55:41   ថ្ងៃអង្គារ, 31 ធ្នូ 2024 ម៉ោង 09:55 AM
បណ្ឌិត យង់ ពៅ៖ ដើម្បីធានាស្ថិរភាពនយោបាយនិងសង្គម ច្បាប់ត្រូវតែធានាឱ្យបាននូវយុត្តិធម៌សង្គម ហើយមនុស្សទាំងអស់ត្រូវទទួលបានសមធម៌នៅចំពោះមុខច្បាប់

ជាស្មារតីទទួលខុសត្រូវក្នុងនាមជាពលរដ្ឋនៃប្រទេសជាតិមួយ មនុស្សទាំងអស់នៅក្នុងសង្គម ត្រូវតែគោរពនិងអនុវត្តទៅតាមច្បាប់ដែលមានជាធរមាននៅក្នុងសង្គមជាតិរបស់ខ្លួន។ នៅពេលដែលមានការប្រព្រឹត្តបទល្មើស ត្រូវតែមានការបង្ក...

2024-12-24 10:34:55   ថ្ងៃអង្គារ, 24 ធ្នូ 2024 ម៉ោង 05:34 PM

សេចក្តីប្រកាស