ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវតែបោសសម្អាតអំពើពុករលួយ ដើម្បីជំរុញប្រសិទ្ធភាពរដ្ឋបាលសាធារណៈ

2024-12-02 02:22:34 ថ្ងៃចន្ទ, 02 ធ្នូ 2024 ម៉ោង 09:22 AM
អ្នកមើល 6576
post_detail1

ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួន ស្ត្រី២នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធយកលុយ ៣០០ ០០០ដុល្លារ ទៅឱ្យបុគ្គលឈ្មោះ មួង ឃីម និងបុគ្គលឈ្មោះ លី សាម៉េត ដើម្បីរត់ការឱ្យកូនប្រុសធ្វើជាមន្ត្រីគយ នៅខេត្តបាត់ដំបង។ នេះជាការបំបែកសំណុំរឿងពុករលួយ និងឆបោកដ៍ធំមួយនៅឆ្នាំ២០២៤នេះ ដែលមានយ៉ាងហោចណាស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងឧកញ៉ា រួមទាំងពលរដ្ឋសរុបប្រមាណ ១០នាក់ ជាប់ពាក់ព័ន្ធនឹងករណីប៉ុនប៉ងក្នុងបទសូកប៉ាន់ ដើម្បីទទួលបានឋានៈនិងតំណែងធំ ឬធ្វើការនៅកន្លែង «ខ្លាញ់» ក្នុងស្ថាប័នរដ្ឋ។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងថា ចំណាត់ការរបស់តុលាការនិងអាជ្ញាធរពាក់ព័ន្ធនេះ គឺជារឿងដែលគួរឱ្យកត់សម្គាល់មួយ នៅក្នុងការជំរុញនីតិរដ្ឋតាមរយៈការពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ពោលគឺទាំងអ្នកសូកប៉ាន់ និងអ្នកទទួលសំណូក ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដែលមានជាធរមាន ពិសេសច្បាប់ ស្ដីពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ការពង្រឹងការអនុវត្តច្បាប់ពិតជាមានសារៈសំខាន់ណាស់ ពោលគឺដើម្បីធានានូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនៅក្នុងសង្គមជាតិ ហើយការមានតែការគ្រប់គ្រងរដ្ឋតាមបែបនីតិរដ្ឋទេ ដែលអាចនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍ និងសុដុមនីយកម្មបានយ៉ាងពេញលេញ។

ជាមួយគ្នានេះដែរ បើតាមលោកបណ្ឌិត យង់ ពៅ ការពង្រឹងការអនុវត្តច្បាប់ មិនមែនជាកិច្ចការងារដែលត្រូវធ្វើតែនៅក្នុងករណីណាមួយ ឬត្រឹមតែមួយរយៈពេល ដែលមានការប្រតិកម្មពីសំណាក់មហាជន ឬថ្នាក់ដឹកនាំប៉ុណ្ណោះទេ។ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តអនុវត្តតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងសមធម៌ដោយមិនចំពោះ ពោលគឺច្បាប់ជាម៉ែត្រវាស់ដែលមានពិដានតែមួយ ហើយធានាបាននូវយុត្តិធម៌នៅក្នុងសង្គម។

លោកបណ្ឌិតបន្តថា ការអនុវត្តច្បាប់ខាងលើនេះ ក៏ជាចំណែកមួយនៅក្នុងការចូលរួមជំរុញ និងធានាបាននូវដំណើរការរដ្ឋបាលសាធារណៈរបស់សង្គម ប្រកបដោយភាពស្អាតស្អំ និងរឹងមាំផងដែរ ព្រោះប្រសិនបើឋានៈនិងតំណែងរបស់ថ្នាក់ដឹកនាំអង្គភាពឬដែនដី ឬមន្ត្រីដែលទទួលខុសត្រូវលើតួនាទីឬតំណែងមុខងារសាធារណៈនោះ ទទួលបានមកពីអំពើមិនសុចរិត ឬដោយចេតនាទុច្ចរឹត ច្បាស់ណាស់ដែលថា បុគ្គលនោះពិតជាមិនអាចបំពេញការងារប្រកបដោយមនសិកា និងដោយភាពស្អាតស្អំនោះឡើយ។ ត្រង់ចំណុចនេះមានន័យថា ការយកមាសប្រាក់ដើម្បីទទួលបានឋានៈ តំណែង តួនាទីណាមួយនៅក្នុងមុខងារសាធារណៈនោះ បុគ្គលដែលជាអ្នកសូកប៉ាន់ ពិតជាបានគិតគូរទុកជាមុនថា ខ្លួននឹងទទួលបានលាភសក្ការៈ ឬផលប្រយោជន៍ដែលមិនត្រឹមត្រូវតាមផ្លូវច្បាប់នានា ពីការទទួលបានឋានៈ តំណែង តួនាទីណាមួយនៅក្នុងមុខងារសាធារណៈជាក់ជាមិនខាន។

បន្ថែមពីលើនេះ ការចាត់វិធានការផ្លូវច្បាប់ទៅលើបុគ្គលជាអ្នកសូកប៉ាន់ និងអ្នកទទួលសំណូកនាពេលនេះ នឹងក្លាយជារូបភាពដ៏ប្រសើរមួយនៅក្នុងការ​ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ តាមរយៈការផ្ដល់មេរៀន និងបទពិសោធន៍ទៅដល់អ្នកដែលមានបំណងចង់សូកប៉ាន់ ឬទទួលសំណូកទាំងឡាយ ឱ្យមានការខ្លាចក្រែងរអែងនឹងច្បាប់ដែលមានជាធរមាន។  សម្រាប់លោកបណ្ឌិត យង់ ពៅ វិធានការដ៏មុតមាំនាពេលនេះ គឺជាការជំរុញលើកទឹកចិត្តទៅដល់យុវជនជំនាន់ក្រោយដែលខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព ដើម្បីចូលបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ និងជាការធានាបានថា អ្នកបន្តវេននៅក្នុងតំណែងមុខងារសាធារណៈ នឹងពិតជាធនធានមនុស្សដែលប្រកបដោយថាមភាព សមត្ថភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមតម្រូវការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនជឿនលឿនទៅមុខ។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀតផងដែរថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដែលសកម្ម ច្បាស់លាស់ និងគ្មានការយោគយល់ឬលើកលែង គឺជាការរួមចំណែកមួយដ៏សំខាន់ ដើម្បីឈានឆ្ពោះទៅកសាងសមត្ថភាពជាតិខ្លាំងពូកែ តាមរយៈការផ្ដល់ឱកាសដល់អ្នកសមត្ថភាព អាចចូលរួមកសាងនិងបម្រើសង្គមជាតិ ដោយផ្តោតជាសំខាន់ទៅលើសមត្ថភាពពិតប្រាកដរបស់ខ្លួន ពុំមែនអាស្រ័យនៅលើប្រាក់កាសដែលខ្លួនមានដើម្បីសូកប៉ាន់យកឋានៈ តួនាទី ឬមុខតំណែង ឬអាស្រ័យដោយមានខ្សែរយៈឬបក្ខពួកជាអ្នកមានអំណាច ឬជាអ្នកនយោបាយជាន់ខ្ពស់នោះឡើយ។

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ការផ្ញើសារផ្តល់កម្ចីឥណទានតាមប្រព័ន្ធទូរស័ព្ទ»

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះយើងបានសង្កេតឃើញថា មានការជជែកគ្នាស្តីអំពីការទទួលសេវាប្រាក់កម្ចីតាមរយៈការទទួលបានសារចូលនៅក្នុងទូរស័ព្ទដៃ។​ ការផ្តល់ប្រាក់កម្ចីនេះ មិនមានតម្រូវការនៅក្នុងការរបស់បញ្ចាំមានលក្...

2018-10-03 08:29:19   ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 03:29 PM
«IMF ៖ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៧,២៥ ភាគរយនៅឆ្នាំនេះ»

ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ ចុះផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)កំណើនសេដ្ឋកិច្ចកម្ពុជានឹងស្ថិតនៅ ៧,២៥% នៅឆ្នាំ២០១៨នេះ និង ៧...

2018-10-03 03:31:36   ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 10:31 AM
«កម្ពុជាប្រកាសផ្តល់ជំនួយមនុស្សធម៌២០ម៉ឺនដុល្លារដល់រដ្ឋាភិបាលឥណ្ឌូនេស៊ី សម្រាប់ជួយជនរងគ្រោះក្នុងគ្រោះរញ្ជូយដី និងរលកស៊ូណាមិ»

ថ្ងៃអង្គារ​ ទី២ ខែតុលា ឆ្នាំ២០១៨(ភ្នំពេញ)៖ដើម្បីបង្ហាញនូវសាមគ្គីភាពជាមួយរាជរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ក្នុងគ្រាលំបាកនេះ រាជដ្ឋា ភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានសម្រេចចូ...

2018-10-02 13:40:39   ថ្ងៃអង្គារ, 02 តុលា 2018 ម៉ោង 08:40 PM
«ការផ្តល់កិត្តិយសនិងផ្តល់តម្លៃដល់កម្ពុជាក្នុងនាមជាបងប្អូនល្អ»

ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨នៅថ្ងៃទី៣០ ខែកញ្ញា មេដឹកនាំបក្សនិងរដ្ឋរបស់ចិន បានប្រារព្ធពិធីខួបទី៦៩ឆ្នាំ ដែលមានភ្ញៀវចូលរួមប្រជុំ ១២០០នាក់ ក្នុងនោះមាន ព្រះបាទនរោត្តម សីហនុ បានយាងចូលរួមដែរ។ចិនបានប្រកាសថ...

2018-10-02 09:55:22   ថ្ងៃអង្គារ, 02 តុលា 2018 ម៉ោង 04:55 PM
«ពិធីយាងរូបសំណាកព្រះបាទជ័យវរ្ម័នទី៧គង់នៅលើអសនៈក្នុងបរិវេណនៃរាជបណ្ឌិត្យសភាកម្ពុជា...»

ថ្ងៃអង្គារ ទី២ តុលា ឆ្នាំ២០១៨រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ដែលបានឆ្លាក់ពីថ្មភក់កំពស់១,២ម៉ែត្រនិងទទឹង១,២ម៉ែត្រ ត្រូវបានថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជារៀបចំជាអសនៈមួយកន្លែងនៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្...

2018-10-02 08:50:58   ថ្ងៃអង្គារ, 02 តុលា 2018 ម៉ោង 03:50 PM
«ព្រះ​មហាក្សត្រនៃព្រះរាជាណាកច្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យស្ដេច​យាង​ចូល​រួម​ពិធី​លៀង​សាយភោជ​ នា​វិមាន​សភា​ប្រជាជន​ចិន​ តបតាមសេចក្តីក្រាប​បង្គំ​ទូល​ថ្វាយ​សូមយាង​របស់​ ឯកឧត្តម​ សុី​ ជីន​ភីង​ ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន...»

កាលពីវេលាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ព្រះ​ករុណា​ជាអម្ចាស់ជីវិតលើត្បូង ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម ​សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះ​អ...

2018-10-02 04:24:21   ថ្ងៃអង្គារ, 02 តុលា 2018 ម៉ោង 11:24 AM

សេចក្តីប្រកាស