Royal Academy of Cambodia
ដោយ៖ លឹម សុវណ្ណរិទ្ធ
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សភាអឺរ៉ុប បានចេញសេចក្ដីសម្រេចដោយជំរុញឱ្យគណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុប ពិនិត្យសើរើឡើងវិញការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» (EBA) ដែលនៅសល់ចំនួន៨០% សម្រាប់ប្រទេសកម្ពុជា និងជំរុញឱ្យដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលសភាអឺរ៉ុបអះអាងថាពាក់ព័ន្ធនឹងអ្វីដែលខ្លួនយល់ថាជាការរឹតត្បិតផ្នែកនយោបាយ។ សេចក្ដីសម្រេចនេះ ធ្វើឡើងក្រោយកម្ពុជាចាត់វិធានការទៅតាមនីតិវិធីច្បាប់ទៅលើអង្គការសង់ត្រាល់ ដោយការអនុវត្តច្បាប់ជាធរមានរបស់កម្ពុជាខាងលើនេះ ត្រូវបានសភាអឺរ៉ុបយល់ថា ជាការចាត់វិធានការដែលមានចរិតនយោបាយ និងបានជំរុញឱ្យរាជរដ្ឋាភិបាលបញ្ឈប់ការធ្វើសវនកម្មលើអង្គការសមធម៌កម្ពុជា និងអង្គការចលនាមាតាធម្មជាតិថែមទៀតផង។ ការចាត់វិធានការនេះ សភាអឺរ៉ុបហាក់បង្ហាញថា ខ្លួនការពារបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិរបស់អង្គការទាំងនេះ ពីការអនុវត្តវិធានការច្បាប់ជាធរមានរបស់កម្ពុជា ដែលប្រៀបបីដូចជាបង្ហាញថា អង្គការទាំងនេះ មានសិទ្ធិពិសេសលើសពីអង្គការនិងសមាគមដទៃជាង៦ពាន់អង្គការសមាគមផ្សេងទៀត និងលើសពីតំណាងការទូតនៃបណ្ដាប្រទេសផ្សេងៗថែមទៀតផង។
ជាការពិតណាស់ បើគេពិនិត្យមើលច្បាប់អន្តរជាតិ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបទដ្ឋានអន្តរជាតិពាក់ព័ន្ធនឹងទំនាក់ទំនងអន្តរជាតិនានា គេពិតជាមិនអាចរកឃើញនៅត្រង់មាត្រាណា ដែលបានកំណត់ថាអង្គការទាំងនេះមានសិទ្ធិពិសេសយ៉ាងដូចម្ដេចណាស់ ព្រោះអង្គការទាំងនេះពុំមែនជាតំណាងប្រទេសឬរដ្ឋអធិបតេយ្យណាមួយ ដែលមានបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិការទូត ដូចស្ថានទូតប្រទេសនានាដែលបានតាំងទូតនៅកម្ពុជានោះដែរ។ បើដូច្នេះ តើហេតុអ្វីបានជាសភាអឺរ៉ុបបានចេញសេចក្ដីសម្រេចការពារអង្គការទាំងនេះ ពីការអនុវត្តច្បាប់ជាធរមានរបស់កម្ពុជា ខណៈដែលសូម្បីតែភ្នាក់ងារទូតនៃបណ្ដាប្រទេសឬរដ្ឋនានា ដែលដាក់ទូតនៅក្នុងប្រទេសមួយ ក៏ត្រូវតែគោរពនិងអនុវត្តច្បាប់នៃប្រទេសម្ចាស់ផ្ទះផងដែរនោះ?
នៅក្នុងអនុសញ្ញាទីក្រុង វីយ៉ែន ឆ្នាំ១៩៦១ ស្ដីពីទំនាក់ទំនងការទូត ប្រការ៤១ ត្រង់កថាខណ្ឌទី១ បានចែងអំពីភាពចាំបាច់ដែលភ្នាក់ងារការទូតដែលមានបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ ក៏ត្រូវមានករណីយកិច្ចគោរពច្បាប់ និងបទបញ្ញត្តិរបស់រដ្ឋម្ចាស់ផ្ទះផងដែរ។ បន្ថែមពីនេះ ភ្នាក់ងារការទូតក៏មានកាតព្វកិច្ចមិនត្រូវជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋម្ចាស់ផ្ទះផងដែរ។
នៅពេលដែលគេនិយាយអំពីប្រជាធិបតេ្យ សេរីភាព និងសិទ្ធិមនុស្ស ពិតប្រាកដណាស់គ្រប់គ្នានឹងអាចឆ្លើយបានដូចៗគ្នាថា មិនមាននរណាម្នាក់ដែលអាចអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនដោយរំលោភបំពានលើសិទ្ធិអ្នកដទៃបាននោះឡើយ។ ដូច្នេះ ការគោរពនិងអនុវត្តច្បាប់ដែលជាពិដានសម្រាប់ការធានានូវសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថិរភាពនៃសង្គមគឺពិតជាមូលដ្ឋានដ៏សំខាន់នៅក្នុងការការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៃប្រទេសអធិបតេយ្យមួយ។ ការធានាសិទ្ធិជាសមូហភាព ទើបជាការគោរពសិទ្ធិពេញលេញរបស់មនុស្សទាំងអស់នៅក្នុងសង្គម។
ម្យ៉ាងវិញទៀត នៅក្នុងទិដ្ឋភាពអធិបតេយ្យរដ្ឋ កម្ពុជាមានរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានា ដែលរាជរដ្ឋាភិបាលនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្ត និងថែរក្សាការពារសណ្ដាប់ធ្នាប់ សន្តិសុខ ស្ថិរភាព និងសន្តិភាព។ ប្រសិនបើអឺរ៉ុបសម្រេចដាក់សម្ពាធឬទណ្ឌកម្មណាមួយលើកម្ពុជា ដោយសារករណីខាងលើនេះ នឹងធ្វើឱ្យមានការចោទជាចម្ងល់អំពី ការលូកដៃទៅក្នុងដំណើរការយុត្តិធម៌របស់រដ្ឋឯករាជ្យនិងអធិបតេយ្យមួយ។ គេត្រូវចងចាំថា នីតិរដ្ឋគឺជាចំណែកដ៏សំខាន់មួយនៃសង្គមប្រជាធិបតេយ្យ ហើយការរារាំងឬអន្តរាគមន៍ទៅលើរដ្ឋឯករាជ្យមួយមិនឱ្យអនុវត្តនូវច្បាប់ដែលមានជាធរមានរបស់ខ្លួន គឺជាការរំលោភបំពានអធិបតេយ្យនិងជ្រៀតជ្រែកកិច្ចការផ្ទៃនៃរដ្ឋមួយ ដែលផ្ទុយពីគោលការណ៍ច្បាប់និងបទដ្ឋានទំនាក់ទំនងអន្តរជាតិ។ ការអនុវត្តប្រជាធិបតេយ្យនៅក្នុងរដ្ឋមួយ មិនមានន័យថា ទាល់តែប្រព្រឹត្តទៅស្របតាមទស្សនៈយល់ឃើញរបស់មហាអំណាចបស្ចិមប្រទេស ឬក្រុមប្រទេស ឬសហគមន៍ណាមួយលើពិភពលោកឡើយ។ ត្រង់ចំណុចនេះ សហភាពអឺរ៉ុបគួរតែពិនិត្យមើលនូវធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាទីក្រុង វីយ៉ែន ឆ្នាំ១៩៦១ ស្ដីពីទំនាក់ទំនងការទូត ដើម្បីចៀសវាងនូវការធ្វើសេចក្ដីសម្រេចចិត្តណាមួយដែលប្រាសចាកនឹងបទដ្ឋាននៅក្នុងទំនាក់ទំនងអន្តរជាតិ ព្រោះការផ្ដល់តម្លៃទៅដល់ច្បាប់អន្តរជាតិនិងគោលការណ៍អន្តរជាតិម្ដងហើយម្ដងទៀតរបស់មហាអំណាច នឹងនាំមកនូវភាពគ្មានសណ្ដាប់ធ្នាប់កាន់តែខ្លាំងបន្ថែមទៀតនៅក្នុងពិភពលោក បន្ថែមពីលើកំហុសដែលមហាអំណាចធ្លាប់បានប្រព្រឹត្តនៅតាមបណ្ដាប្រទេសនានាលើពិភពលោក រាប់ទាំងករណីនៅក្នុងប្រទេសកម្ពុជាក្នុងអតីតកាលផងដែរ។
ពិតប្រាកដណាស់ សមាជិកអង្គការសង្គមស៊ីវិលទាំងឡាយមិនមានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ រួចផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមានរបស់កម្ពុជានោះឡើយ ហើយរាជរដ្ឋាភិបាលក៏គួរតែចាត់វិធានការឱ្យបានសមស្របឆ្លើយតបទៅនឹងសកម្មភាព ឬដំណើរការរបស់អង្គការសមាគម និងភ្នាក់ងារអង្គការអន្តរជាតិទាំងឡាយនៅកម្ពុជា ព្រមទាំងត្រូវពិនិត្យថ្លឹងថ្លែងបន្ថែមទៀតរវាងការពង្រឹងនីតិរដ្ឋ និងការអនុវត្តសិទ្ធិមនុស្ស ព្រោះនីតិរដ្ឋគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជាស្ថិរភាពនយោបាយ ដើម្បីសម្រេចបាននូវវឌ្ឍនភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងការការពារសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ៕
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នេះ នៅបន្ទប់សោតទស្សន៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំរួមមួយរវាងប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្...
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍ដែលបានផ្សាយផ្ទាល់នៅលើទំព័រ Facebook ផ្លូវការរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ នៅល្ងាចថ្ងៃទី៣ ខែធ្នូ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកទឹកចិត្តមន្ត្រីរាជការទាំងអស់ចំណុះរាជបណ្ឌិត្យសភាកម្ពុជាឱ្យចូលរួមផ្តួចផ្តើមគំនិតការងារថ្មីៗលើការសិក្សា និងការស្រា...
ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹង...
ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹង...
ភ្នំពេញ៖ «ស្ថាបត្យកម្ម និងសំណង់ប្រាសាទបុរាណខ្មែរសម័យអង្គរ មានប្រាសាទពីរបែប...» នេះជាការលើកឡើងរបស់លោក រ៉េត សាមុត មគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាបអង្គរ នៅក្នុងសិក្ខាសាលា ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថ...