ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ដើម្បីរក្សាបាននូវឧត្ដមប្រយោជន៍ជាតិ ខ្មែរត្រូវជំហរឯកភាពជាតិតែមួយលើបញ្ហាអធិបតេយ្យ ចៀសវាងចូលរួមធ្វើសកម្មភាពទាំងឡាយណា ទៅតាមការបញ្ឆេះរបស់អ្នកនយោបាយដែលបង្កប់នូវរបៀបវារៈនយោបាយ

2024-12-23 07:07:51 ថ្ងៃចន្ទ, 23 ធ្នូ 2024 ម៉ោង 02:07 PM
អ្នកមើល 6620
post_detail1

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពី ការអំពាវនាវរបស់ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស ឱ្យពលរដ្ឋខ្មែរចូលរួមធ្វើបាតុកម្មនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥  ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យលើកោះគុជ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការយល់ឃើញថា បញ្ហាអធិបតេយ្យជាតិ គឺជារឿងរបស់ប្រជាពលរដ្ឋទាំងអស់គ្នា គ្រប់និន្នាការ ដែលតែងតែមានការឈឺឆ្អាលចំពោះជោគវាសនាជាតិ។ ទោះជាយ៉ាងណា ការឈឺឆ្អាល ចង់ដឹងចង់ឮ និងចង់ចូលរួមចំណែកដើម្បីផលប្រយោជន៍ជាតិនេះ ពលរដ្ឋម្នាក់ៗបានបង្ហាញចេញជាសកម្មភាពនិងបានចូលរួមទៅក្នុងទិដ្ឋភាពផ្សេងៗគ្នា ដែលជួនកាល អាចនាំផលជះត្រឡប់មកវិញផ្ទុយពីគោលបំណងដើមរបស់ខ្លួនថែមទៀតផង។

សម្រាប់លោកបណ្ឌិត យង់ ពៅ ការប្រកាសរៀបចំបាតុកម្ម គឺជាសិទ្ធិរបស់អ្នករៀបចំនិងអ្នកចូលរួមធ្វើបាតុកម្ម ដោយសិទ្ធិនេះត្រូវជ្រកកោននៅក្រោមច្បាប់នៃប្រទេសដេលខ្លួនកំពុងរស់នៅ ពោលគឺត្រូវគោរពទៅតាមនីតិវិធី និងលិខិតបទដ្ឋានច្បាប់ជាធរមាននៅក្នុងប្រទេសដែលខ្លួនទទួលបានសញ្ជាតិ ឬកំពុងរស់នៅនោះ។ ទោះជាយ៉ាងនេះក្ដី ក្នុងករណីដែលការរៀបចំបាតុកម្មនេះ ប៉ះទង្គិចទៅលើទិដ្ឋភាពច្បាប់ ឬធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសខ្លួនកំពុងស្នាក់អាស្រ័យជាមួយនឹងប្រទេសកម្ពុជា នោះគឺជារឿងមួយផ្សេងទៀត ដែលគេគួរតែពិចារណា។ ហេតុនេះហើយ អ្នករៀបចំតោងត្រូវអនុវត្តទៅតាមច្បាប់នៃប្រទេសដែលខ្លួនកំពុងរស់នៅ

ជាការពិតណាស់ ក្នុងនាមជាជនជាតិខ្មែរ យើងគ្រប់គ្នាត្រូវតែចូលរួមចំណែកនៅក្នុងការថែរក្សា ការពារ និងទាមទារនូវផលប្រយោជន៍សម្រាប់ប្រទេសជាតិខ្លួន ប៉ុន្តែអ្នកនយោបាយនិងប្រជាពលរដ្ឋទាំងអស់ ក៏គប្បីចៀសវាងឱ្យបានផងដែរនូវការសម្ដែងសញ្ចេតនាជាតិនិយមទាំងឡាយណា ដែលអាចត្រូវបានរៀបចំឡើងដើម្បីតែទាញយកប្រយោជន៍នយោបាយសម្រាប់ក្រុមមនុស្សមួយចំនួន ហើយធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់របស់អ្នកចូលរួម ពិសេសប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជាតិកម្ពុជាទាំងមូល ព្រោះការចូលរួមខ្លះរបស់ប្រជាពលរដ្ឋខ្មែរ គឺធ្វើឡើងនៅក្នុងន័យវិជ្ជមាននិងប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ ប៉ុន្តែគេពុំបានដឹងអំពីចេតនារបស់ក្រុមអ្នកកៀងគរ ឬអ្នកនយោបាយទាំងនោះ ដែលបានបង្កប់នូវរបៀបវារៈនយោបាយបម្រើមហិច្ឆតាខ្លួន ឬគ្រាន់តែជាការកេងចំណេញនយោបាយនៅក្រោយការរៀបចំនោះឡើយ។

ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ បានអំពាវនាវដល់អ្នកនយោបាយប្រឆាំង និងពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងធ្វើយុទ្ធនាការផ្សេងៗពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យជាតិជាមួយប្រទេសជាតិខាងនេះ គប្បីត្រូវឈ្វេងយល់អំពីប្រភពឯកសារ និងប្រភពព័ត៌មានឱ្យបានច្បាស់លាស់និងជាក់លាក់ជាមុនសិន។ តួយ៉ាងដូចជា ឯកសារសន្ធិសញ្ញា ឆ្នាំ១៩០៧ និងឯកសារពាក់ព័ន្ធផ្សេងទៀត រួមនឹងឯកសារឬប្រភពទិន្នន័យ/ព័ត៌មាន ដែលក្រុមអ្នកទាមទារបានអះអាងថា ចង់យកធ្វើជាមូលដ្ឋានដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នោះ ត្រូវបានលោកបណ្ឌិត យង់ ពៅ លើកឡើងថា គេត្រូវតែពិនិត្យឱ្យបានជាក់ច្បាស់ អំពីដែនយុត្តាធិការរបស់តុលាការនេះ លទ្ធភាពនៃការប្ដឹងទាមទារដោយឈរលើមូលដ្ឋានទាំងនោះ ព្រមទាំងផលចំណេញ និងការខាតបង់សម្រាប់ប្រទេសកម្ពុជា ដែលអាចកើតឡើងចេញពីការប្ដឹងទាមទារនោះ។ បើតាមលោកបណ្ឌិត ប្រជាពលរដ្ឋនិងសកម្មជនប្រឆាំងមួយចំនួន ហាក់មិនបានគិតពិចារណា និងឈ្វេងយល់ដោយខ្លួនឯងនោះទេ ពោលគឺបានធ្វើការទាមទារ និងបញ្ចេញមតិយោបល់ដោយសារ ជឿតាមការបំផុសបំផុលរបស់អ្នកនយោបាយប្រឆាំង ដែលមានលាក់បង្កប់របៀបវារៈកំណត់ទុកជាមុន។

លោកបណ្ឌិត យង់ ពៅ បានថ្លែងអះអាងថា សម្រាប់ប្រទេសថៃ បានប្រកាសមិនទទួលយកដែនយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួចហើយ នៅក្រោយពីការចាញ់ក្ដីជាមួយកម្ពុជា នៅតុលាការនេះ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ។ លោកបណ្ឌិតបន្តថា សូម្បីតែបណ្ដាប្រទេសមហាអំណាចមួយចំ​នួនក៏ពុំបានគោរពនូវដែនយុត្តាធិការនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នោះដែរ បើទោះបីជាតុលាការនេះចេញសាលក្រមសម្រេចយ៉ាងណាក្ដី ក៏មិនមានឥទ្ធិពលលើប្រទេសទាំងនោះដែរ។ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមថា លោកពុំធ្លាប់បដិសេធនូវការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅក្នុងករណីណាមួយនោះឡើយ។ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា «យើងត្រូវតែឈ្វេងយល់ឱ្យបានច្បាស់លាស់ថា តើការប្ដឹងទៅតុលាការនេះ សមស្របទៅនឹងករណីនេះដែរឬយ៉ាងណា មានមូលដ្ឋានឯកសារ និងថាតើខ្លួនបានសិក្សាផ្លូវច្បាប់ថា តើការប្ដឹងនេះ មានគុណសម្បត្តិ ឬគុណវិបត្តិយ៉ាងដូចម្ដេចខ្លះដល់ប្រទេសកម្ពុជា

ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមថា នៅក្នុងបញ្ហាអធិបតេយ្យនេះ អ្នកនយោបាយនិងពលរដ្ឋខ្មែរ ត្រូវតែតម្កល់ឧត្ដមប្រយោជន៍រួមរបស់ជាតិជាចម្បង ចៀសវាងការធ្វើសកម្មភាពផ្សេងៗ ឬចូលរួមទៅក្នុងចលនាឬបាតុកម្មទាំងឡាយណាដែលរៀបចំឡើង ដើម្បីតែបម្រើផលប្រយោជន៍នយោបាយរ​បស់ក្រុមណាមួយ។ លោកបណ្ឌិតថ្លែងសង្កត់ធ្ងន់ថា «ទោះបីជាអ្នកប្រឆាំងរដ្ឋាភិបាលក្ដី ឬអ្នកគាំទ្រឬនៅក្នុងរដ្ឋាភិបាលក្ដី អ្នកត្រូវចងចាំថា ខ្លួនមានឈាមជ័រជាជាតិខ្មែរ ត្រូវតែបម្រើដល់ប្រយោជន៍ប្រជាជាតិខ្លួន ហើយនៅពេលដែលរឿងនោះប៉ះពាល់ដល់ប្រយោជន៍ជាតិខ្មែរទាំងមូល គួរតែកុំធ្វើដោយលក្ខណៈដោយឡែកឡើយ»។ លោកបណ្ឌិត បានបន្តអំពាវនាវថា ប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានទស្សនៈឯកភាពគ្នានៅក្នុងនាមជាតិសាសន៍តែមួយ នៅក្នុងបញ្ហាអធិបតេយ្យដែនដីរបស់ជាតិ ដើម្បីការពារផលប្រយោជន៍ជាតិនៅចំពោះមុខជាតិសាសន៍ដទៃ។

ជាមួយគ្នានេះ លោកបណ្ឌិតក៏បានថ្លែងលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបានគូសបញ្ជាក់ហើយថា បញ្ហាទាំងឡាយពាក់ព័ន្ធនឹងអធិបតេយ្យភាពលើដែនសមុទ្រ នៅស្ថិតក្នុងដំណាក់កាលចរចានៅឡើយ ពោលគឺកម្ពុជាមិនទាន់មានកិច្ចព្រមព្រៀងឬសន្ធិសញ្ញាកំណត់ដែនសមុទ្រជាមួយនឹងប្រទេសថៃនៅឡើយនោះទេ។ បើតាមលោកបណ្ឌិត សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ គឺជាការកំណត់ព្រំដែនគោករវាងព្រំដែនបារាំង-សៀម ពុំបានកំណត់អំពីការបែងចែកព្រំដែនសមុទ្រនោះឡើយ ហេតុនេះហើយ ព្រំដែនសមុទ្ររបស់កម្ពុជា មិនទាន់បានកំណត់នៅឡើយទេ នៅក្នុងសន្ធិសញ្ញានេះ។ លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា ការបែងចែកព្រំដែនសមុទ្រ ត្រូវមានបែងចែកនិងកំណត់ដោយអនុលោមទៅតាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពី ច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ហេតុនេះហើយ តំបន់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ កម្ពុជា-ថៃ នៅពុំទាន់ជាតំបន់ដែលបែងចែកដាច់ស្រឡះនៅឡើយនោះទេ។

ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ បានអំពាវនាវឱ្យពលរដ្ឋខ្មែរនៅបរទេស ដែលពិតជាសមានចិត្ត និងមនសិកាស្នេហាជាតិ និងឈឺឆ្អាលនឹងបញ្ហាប្រទេសជាតិ ពិសេសបញ្ហាអធិបតេយ្យជាតិ និងមានបំណងចូលរួមក្នុងបាតុកម្មតាមការអំពាវនាវនេះ ត្រូវពិនិត្យពិចារណា និងសម្រេចចិត្តថាចូលរួមឬមិនចូលរួមប្រកបដោយភាពវៃឆ្លាត និងត្រូវឈ្វេងយល់ ត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងចូលទៅក្នុងអន្ទាក់របស់ដៃគូ ដោយហុចដងដាវឱ្យអ្នកដៃគូ ឬភាគីម្ខាងទៀត។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានស្នើសុំឱ្យពលរដ្ឋខ្មែរព្យាយាមសិក្សាស្រាវជ្រាវ ឈ្វេងយល់ និងពិចារណាដោយយោងទៅលើប្រភពឯកសារ និងជំហរលើកឡើងពីគ្រប់ជ្រុង ចៀសវាងការជឿជាក់ទាំងស្រុងទៅតាមការអូសទាញ ឬបំភ័ន្តហេតុការណ៍និងឯកសារ ពីសំណាក់ក្រុមណាមួយ ហើយវាយតម្លៃ និងចូលរួមខុសពីការចង់បានពិតប្រាកដរបស់ខ្លួន នៅក្នុងបញ្ហាឧត្ដមប្រយោជន៍ និងអធិបតេយ្យជាតិកម្ពុជា។ បើតាមលោកបណ្ឌិត យង់ ពៅ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនៅតែបន្តរក្សាសិទ្ធិនៅក្នុងការចរចា និងរក្សាសិទ្ធិនៅក្នុងការទាមទារបែងចែកផលប្រយោជន៍ជាមួយនឹងប្រទេសថៃ គឺជាជំហរការទូតដ៏ត្រឹមត្រូវមួយ នៅក្នុងពេលបច្ចុប្បន្ននេះ។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍បន្ថែមទៀតថា នៅក្នុងរឿងអធិបតេយ្យជាតិជាមួយនឹងប្រទេសជិតខាង គេត្រូវតែមានមូលដ្ឋានអំណះអំណាងយ៉ាងរឹងមាំ និងផ្ទៀតផ្ទាត់ឱ្យបានគ្រប់ជ្រុងជ្រោយទាំងអស់ ទាំងនៅក្នុងទិដ្ឋភាពច្បាប់ ទិដ្ឋភាពប្រវត្តិសាស្ត្រ និងទិដ្ឋភាពនយោបាយនិងទំនាក់ទំនងអន្តរជាតិ។ ការចូលរួមតាមការអំពាវនាវ ដោយមានបំផុសបំផុលស្មារតីជាតិនិយមជ្រុល និងការចូលរួមចលនាឬបាតុកម្មណាមួយទៅតាមអារម្មណ៍ឆាបឆួលនឹងពាក្យថាស្នេហាជាតិ ទៅតាមការបញ្ឆេះរបស់អ្នកនយោបាយដែលបង្កប់នូវរបៀបវារៈនយោបាយ និងផ្ដោតសំខាន់តែទៅលើផលប្រយោជន៍នយោបាយរបស់ខ្លួន មិនបានចូលរួមចំណែកនៅក្នុងថែរក្សា ការពារ និងទាមទារផលប្រយោជន៍ជាតិក្នុងកម្រិតអតិបរមានោះទេ ហើយផ្ទុយមកវិញ ការណ៍នេះក៏នឹងអាចនាំមកនូវការធ្វើឱ្យខូចដល់ផលប្រយោជន៍ជាតិថែមទៀតផង។ ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ បានថ្លែងអំពាវនាវសារជាថ្មីថា នៅពេលបច្ចុប្បន្ននេះ ទាមទារឱ្យអ្នកនយោបាយនិងប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតែមូលមតិគ្នាជាទស្សនៈជាតិខ្មែររួមតែមួយ ត្រិះរិះពិចារណា និងថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងប្រតិកម្ម ឬចូលរួមនៅក្នុងចលនា ឬការទាមទារណាមួយពាក់ព័ន្ធនឹងអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

Still Cambodians Go Abroad for Health Check-Up During the Covid 19? By: Seun Sam

Opinion Before the outbreak of Covid 19 at the end of 2019, there were many Cambodian people going to Thailand, Vietnam, Singapore and other countries in Europe to regularly check up their health....

2020-08-13 09:28:31   ថ្ងៃព្រហស្បតិ៍, 13 សីហា 2020 ម៉ោង 04:28 PM
តើនរណាជាទស្សនវិទូ? ដោយ៖ ប្រែង ពិសិដ្ឋ និង ម៉ិល វាសនា មន្ត្រីវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-08-10 10:07:56   ថ្ងៃចន្ទ, 10 សីហា 2020 ម៉ោង 05:07 PM
«ជំនួបជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ទទួលការអនុញ្ញាតចូលជួបសំណេះសំណាល និងធ្វើបទសម្ភាសដោយផ្ទាល់់ជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្...

2020-08-06 10:41:06   ថ្ងៃព្រហស្បតិ៍, 06 សីហា 2020 ម៉ោង 05:41 PM
តើវប្បធម៌មានតែចំពោះមនុស្សឬ? ដោយ៖ ប្រែង ពិសិដ្ឋ និង ម៉ិល វាសនា មន្ត្រីវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-08-06 07:47:46   ថ្ងៃព្រហស្បតិ៍, 06 សីហា 2020 ម៉ោង 02:47 PM
កិច្ចប្រជំុក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជា អាណត្តិទី១ លេីកទី២

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានបេីកកិច្ចប្រជំុក្រុមប្រឹក្សាភិបាលអាណត្តិទី១ លេីកទី២ ក្រោម...

2020-08-06 03:29:22   ថ្ងៃព្រហស្បតិ៍, 06 សីហា 2020 ម៉ោង 10:29 AM
កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា

នៅព្រឹកនិងរសៀលថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្ស...

2020-08-05 09:33:35   ថ្ងៃពុធ, 05 សីហា 2020 ម៉ោង 04:33 PM

សេចក្តីប្រកាស