ព័ត៌មាន

ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តនយោបាយការបរទេស ពោរពេញដោយភាពស្វាហាប់និងចម្រុះពណ៌ តែនៅមានកិច្ចការជាច្រើនទៀត ដែលកម្ពុជាត្រូវបន្តពង្រីកនិងពង្រឹងបន្ថែមទៀត

2024-12-31 23:35:03 ថ្ងៃអង្គារ, 31 ធ្នូ 2024 ម៉ោង 06:35 AM
អ្នកមើល 6435
post_detail1

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បាន​គូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយការបរទេសប្រកបដោយភាពស្វាហាប់និងចម្រុះពណ៌ស្របនតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ បើតាមលោកបណ្ឌិត នៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរក្សាលំនឹងនយោបាយការបរទេសរបស់ខ្លួនបានល្អ នៅក្នុងទំនាក់ទំនងជាមួយនឹងមហាអំណាចទាំងអស់ ដែលកំពុងតែប្រឈមគ្នា ពោលគឺទាំងសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងសហព័ន្ធរុស្ស៊ី ដែលជាមហាអំណាចឈានមុខនៅលើពិភពលោក និងដែលកំពុងប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរវាងគ្នានឹងគ្នា។ កម្ពុជាបានប្រកាន់យកជំហរឯករាជ្យ និងអព្យាក្រឹត្យនៅចំពោះមុខការប្រកួតប្រជែងនេះ ដោយបន្តមានទំនាក់ទំនងល្អទាំងជាមួយសហរដ្ឋអាម៉េរិក សហព័ន្ធរុស្ស៊ី និងទាំងសាធារណរដ្ឋប្រជាមានិតចិន។

បើតាមលោកបណ្ឌិត យង់ ពៅ ជំហរនយោបាយការបរទេសរបស់កម្ពុជានៅក្នុងឆ្នាំ២០២៤កន្លងទៅនេះ បានជួយឱ្យកម្ពុជារក្សាបាននូវលំនឹងនៃទំនាក់ទំនងជាលក្ខណៈពហុភាគីជាមួយនឹងមហាអំណាច ដោយរក្សាបាននូវអធិបតេយ្យភាព អព្យាក្រឹត្យភាព និងជំហរមិនចូលបក្សសម្ព័ន្ធរបស់ខ្លួន ដែលធ្លាប់តែប្រកាន់ខ្ជាប់ជារៀងដរាបមកនៅក្នុងសម័យព្រះរាជាណាចក្រទីពីរ។ លោកបណ្ឌិតបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា មិនត្រឹមតែរក្សាបាននូវលំនឹងនយោបាយការបរទេសជាមួយមហាអំណាចទាំងបីប៉ុណ្ណោះទេ តែកម្ពុជាថែមទាំងបានរក្សានូវទំនាក់ទំនងល្អជាមួយនឹងមហាអំណាចតំបន់ និងពិភពលោក ក៏ដូចជាបណ្ដាប្រទេសជាដៃគូដទៃទៀតផងដែរ។ ការណ៍នេះស្ដែងឱ្យឃើញតាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជា និងការអញ្ជើញមកបំពេញទស្សនកិច្ចពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗនៃបណ្ដាប្រទេសមហាអំណាច ក៏ដូចជាការចូលចតនៃនាវាចម្បាំងរបស់សហរដ្ឋអាម៉េរិក នៅកំពង់ផែព្រះសីហនុនាពេលថ្មីៗកន្លងទៅនេះផងដែរ ដែលសុទ្ធសឹងជាសញ្ញាណល្អនៅក្នុងដំណើរឆ្ពោះទៅមុខនៃនយោបាយការបរទេសរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី។

ទោះជាយ៉ាងណា សម្រាប់លោកបណ្ឌិត យង់ ពៅ នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែបន្តការរក្សានូវនយោបាយការបរទេសផ្កាចម្រុះពណ៌ ដូចដែលបានអនុវត្តនៅក្នុងឆ្នាំ២០២៤កន្លងទៅ ហើយត្រូវពង្រឹងនិងពង្រីកបន្ថែមនូវទំនាក់ទំនងជាមួយមហាអំណាច ក៏ដូចជាប្រទេសជាដៃគូនានាលើពិភពលោក សម្ដៅឆ្ពោះទៅកាន់ការបើកច្រកទីផ្សារសម្រាប់ទំនិញកម្ពុជា ដែលរួមមានទាំងកសិផល ទំនិញជាកសិឧស្សាហកម្ម និងវាយនភណ្ឌជាដើមបន្ថែមទៀត ក្នុងគោលបំណងបង្កើនភាពស្វាហាប់នៃចរន្តនៃការនាំចេញនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ បើតាមលោកបណ្ឌិត ការធ្វើពិពិធកម្មទីផ្សារផលិតផល គឺជាការបង្កើនឱកាសនៃការនាំចេញកាន់តែប្រសើរឡើង និងជាចំណែកមួយនៃការធានាបាននូវអធិបតេយ្យភាព និងការជំរុញកើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពថែមទៀតផង។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក៏ត្រូវបន្តជំរុញផងដែរនូវគោលការណ៍ «ពង្រឹងមិត្តភាពចាស់ បង្កើនមិត្តភាពថ្មី» នៅក្នុងនយោបាយការបរទេសរបស់ខ្លួន ដើម្បីពង្រីកតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ និងជាការបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូនានាកាន់តែទូលំទូលាយ ក៏ដូចជាបង្កើនជម្រើសនៅក្នុងទំនាក់ទំនងអន្តរជាតិ ចៀសវាងការរងសម្ពាធការទូតពីក្រុមប្រទេសឬប្លុកណាមួយ ដែលកម្ពុជាពឹងផ្អែកខ្លាំង។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា បន្តផ្ដោតការយកចិត្តទុកដាក់ទៅលើការពង្រីកនយោបាយការទូតសេដ្ឋកិច្ចរបស់ខ្លួនប្រកបដោយថាមភាពបន្ថែមទៀត។

បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក៏គួរតែជំរុញសកម្មភាពការទូតវប្បធម៌របស់ខ្លួនផងដែរ ដោយច្បាមឱកាសពង្រីកវិសាលភាពការទូតវប្បធម៌កម្ពុជា ទៅតាមបណ្ដាប្រទេសដែលខ្លួនបានដាក់ស្ថានទូត ដើម្បីជំរុញទំនាក់ទំនងកាន់តែប្រសើរឡើងថែមទៀត។ ការជំរុញសកម្មភាពការទូតនេះ អាចធ្វើឡើងតាមរយៈការពង្រីកការផ្សព្វផ្សាយផលិតផលវប្បធម៌ខ្មែរ, បញ្ជ្រាបការយល់ដឹងអំពីវប្បធម៌ខ្មែរទៅក្រៅប្រទេស តាមគ្រប់រូបភាពនិងលទ្ធភាពដែលខ្លួនអាចធ្វើបានដូចជា តាមរយៈអ្នកការទូតខ្មែរនៅបរទេស ការចូលរួមបង្ហាញអំពីវប្បធម៌ខ្មែរនៅក្នុងឱកាសពិសេសនានា ការរៀបចំកម្មវិធីបុណ្យឯករាជ្យជាតិនៅក្នុងស្ថានទូត ដោយរៀបចំការតាំងពិព័រណ៌វប្បធ​ម៌ខ្មែរ និងផលិតផលខ្មែរដូចជា ក្រមា អង្ករ និងនាំបរទេសឱ្យមកភ្លក្ស ពិសារ និងផ្សព្វផ្សាយបន្តជាដើម។

លើសពីនេះ កម្ពុជាក៏គួរតែជំរុញការទូតសិល្បៈទំនើបបែបសហសម័យដូចជា ការលើកទឹកចិត្តឱ្យអ្នកសិល្បៈរ៉េបសហសម័យ​របស់កម្ពុជា ដែលវិស័យនេះ ហាក់មានការរីកចម្រើនជឿនលឿនគួរឱ្យកត់សម្គាល់ ដើម្បីបង្ហាញនូវអ្វីដែលជារបស់ខ្មែរ និងធ្វើឱ្យគេស្គាល់កម្ពុជានៅក្នុងទិដ្ឋភាពផ្សេងៗ តាមរយៈការថែរក្សាឱ្យបាននូវអ្វីដែលមានលក្ខណៈជាខ្មែរ ព្រមទាំងជំរុញនិងពង្រីកបន្ថែមនូវរូបភាពជាវិជ្ជមានរបស់កម្ពុជានៅលើឆាកអន្តរជាតិ ដូចដែលបណ្ដាប្រទេសមួយចំនួនបានកន្លងទៅដូចគ្នានេះដែរ។ ការជំរុញបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យសិល្បករខ្មែរក្លាយទៅជាទូតសុឆន្ទៈនៃវិស័យវប្បធម៌ ទេសចរណ៍ និងសិល្បៈកម្ពុជា ឱ្យពិភពលោកបានស្គាល់កម្ពុជាបន្ថែមទៀតថា បើទោះបីជាកម្ពុជាទើបតែងើបផុតពីសង្គ្រាម ក៏ប៉ុន្តែសិល្បៈសហសម័យរបស់កម្ពុជា ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

Should Korea seek assistance from ASEAN?

While the Republic of Korea (ROK) is one of the world's wealthiest nations, the Democratic People's Republic of Korea (North Korea) is still a developing nation. The two Koreas share the same language...

2021-12-06 05:15:51   ថ្ងៃចន្ទ, 06 ធ្នូ 2021 ម៉ោង 12:15 PM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់សម្ភារៈអេឡិចត្រូនិចសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:43:18   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:43 PM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់គ្រឿងសង្ហារឹមសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:40:15   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:40 PM
ពិធីប្រគល់-ទទួលសៀវភៅស្តីអំពីប្រទេសចិនជាខេមរភាសារបស់គ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ីជូនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...

2021-11-29 13:57:02   ថ្ងៃចន្ទ, 29 វិច្ឆិកា 2021 ម៉ោង 08:57 PM
សិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការប្រឡង HSK នៅកម្ពុជាប្រចាំឆ្នាំ២០២១

RAC Media 

2021-11-26 03:34:31   ថ្ងៃសុក្រ, 26 វិច្ឆិកា 2021 ម៉ោង 10:34 AM
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ប្រធានបទ៖«ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម»

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)ហើយកិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ត្រូវរៀបចំឆ្នាំ២០២០ ប៉ុន្តែលើកពេលដោយសារជំងឺកូវីដ-១៩)...

2021-11-23 12:01:55   ថ្ងៃអង្គារ, 23 វិច្ឆិកា 2021 ម៉ោង 07:01 PM

សេចក្តីប្រកាស