Royal Academy of Cambodia
ឆ្លើយតបទៅនឹងនិន្នាការផ្ដល់តម្លៃចំពោះការសិក្សា ដោយផ្ដោតតែទៅលើឱកាសនិងលទ្ធភាពស្វែងប្រាក់ចំណូលនោះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនិងនយោបាយបានគូសបញ្ជាក់ថា គុណតម្លៃនៃការអប់រំ មិនមែនដើម្បីតែទទួលបានប្រាក់ចំណូលច្រើនតែមួយមុខនោះទេ។ បើតាមលោកបណ្ឌិត នៅក្នុងវិស័យអប់រំ មាន៣ចំណុចសំខាន់ដែលជាគុណតម្លៃ នៃការអប់រំសម្រាប់មនុស្សទូទៅគឺ៖
ទី១- អប់រំដើម្បីគុណតម្លៃជីវិត៖
អ្នកទទួលបានការសិក្សាជ្រៅជ្រះក៏ដោយ ឬមិនបានជ្រៅជ្រះក៏ដោយ ត្រូវទទួលស្គាល់ថា ការអប់រំគឺដើម្បីយល់ពីគុណតម្លៃជីវិតខ្លួន។ មានន័យថា ជីវិតខ្លួនរស់នៅលើផែនដីមិនមែនរស់ដើម្បីខ្លួនឯងតែម្នាក់នោះទេ គឺត្រូវតែមានទំនួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សង្គម មនសិកាជាតិ និងជាពលរដ្ឋល្អរបស់សង្គម។ នេះជាគុណតម្លៃជីវិតដែលទទួលបានពីការអប់រំដ៏មានតម្លៃ។
២- ការអប់រំដើម្បីបង្កើតពន្លឺជីវិត៖
នៅពេលមនុស្សទទួលបានការអប់រំលើជំនាញ ចំណេះវិទ្យាសាស្រ្តទៅតាមទេព្យកោសល្យរបស់ខ្លួនហើយ គេនឹងមានពន្លឺជីវិត ទោះជាគេទៅកន្លែងងងឹត ក៏គេអាចបង្កើតពន្លឺបាន បើទោះជាគេទៅកន្លែងដែលលំបាកបំផុត ក៏គេអាចបង្កើតការងារ មុខរបរ រកស៊ីទទួលទានបាន បើទោះជាស្រុកទេសជួបការលំបាកក៏គេអាចជួយស្រុកទេស សង្គមបាន។
លោកបណ្ឌិត យង់ ពៅ គូសបញ្ជាក់បន្ថែមទៀតថា អ្នកមានចំណេះដឹងពិតប្រាកដមិនខ្វល់ថា អ្នកណាឱ្យពន្លឺ ឬឱ្យឱកាសគេនោះទេ គេអាចបង្កើតពន្លឺដោយខ្លួនឯង សម្រាប់ខ្លួនឯងផ្ទាល់ និងសង្គមជាតិ។ នៅពេលប្រទេសជាតិនីមួយមានពលរដ្ឋទទួលបានការអប់រំល្អ គេអាចបង្កើតពន្លឺបានគ្រប់គ្នាពេលនោះជាតិនឹងភ្លឺចែងចាំង ។ ឧទាហរណ៍ ប្រទេសសិង្ហបុរី ជាប្រទេសតូចមួយ ប៉ុន្តែប្រជាជនទទួលបានការអប់រំខ្លាំង នាំឱ្យប្រទេសគេល្បីរន្ទឺ មានពន្លឺចែងចាំងពាសពេញសកលលោក។ លោកបណ្ឌិតបន្តថា ប្រទេសជប៉ុន ជាប្រទេសដែលរងគ្រោះដោយសារសង្គ្រាមលោកខ្ទេចខ្ទាំ មានសណ្ឋានដីលំបាក ប្រឈមនឹងគ្រោះធម្មជាតិដូចជាការរញ្ជួយដីជាប្រចាំ ប៉ុន្តែដោយសារការអប់រំល្អ ប្រទេសគេក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ មុនប្រទេសចិន នេះជាអ្វីដែលទទួលបានពីការអប់រំប្រជាជន ដែលបង្កើតបានជាពន្លឺជីវិត ពន្លឺដើម្បីជាតិ។
ទី៣- ការអប់រំដើម្បីភាពជាមនុស្សពេញលេញ៖
បើតាមលោកបណ្ឌិត យង់ ពៅ មនុស្សខុសពីសត្វត្រង់បញ្ញា ភាសា កាយវិការ ប៉ុន្តែបើមនុស្សគ្មានការអប់រំ តើបញ្ញាមនុស្សលើសពីសត្វកម្រិតណា? ភាសារីកចម្រើនកម្រិតណា? ដើម្បីទទួលបានភាពជាមនុស្សពេញលេញ ចាំបាច់ត្រូវមានការអប់រំល្អ ធ្វើឱ្យបញ្ញាជ្រៅជ្រះ ភាសាតាមចំណេះដឹង និងមានមនសិកាជាតិ ទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ។
ក្នុងន័យនេះ លោកបណ្ឌិត យង់ ពៅ បានសំណូមពរ៣ចំណុចដូចខាងក្រោម
១- ពលរដ្ឋខ្មែរយើងទូទៅ ងាកមកធ្វើបុណ្យនឹងវិស័យអប់រំឱ្យបានច្រើន
២- អភិជន សេដ្ឋី ឧកញ៉ា...បង្កើនការងារមនុស្សធម៌លើវិស័យអប់រំកុមារតូច
៣- រាជរដ្ឋាភិបាល ត្រូវខិតខំបន្ថែមទៀតលើកំណែទម្រង់វិស័យអប់រំ កុមារតូច។
មនុស្សក្នុងលោកយើងនេះតែងតែមានជំនឿលើអ្វីៗជាច្រើន តាមការយល់ឃើញរបស់ពួកគេ។ ជនជាតិខ្លះមានជំនឿលើកធម្មជាតិដូចជា បឹងបួ ទន្លេ ព្រៃភ្នំ ដើមឈើធំៗ ឬអព្ហូតហេតុផ្សេងៗ ដែលជារឿង អច្ឆរិយៈ។ ពួកគេនាំគ្នាគោរពបន់ស្រន់ដោយជ...
អាណាចក្រចេនឡាចាត់ទុកជារដ្ឋ ដំបូងៗមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ អាណាចក្រ ឬ រដ្ឋសំខាន់ៗ និងដំបូងបង្អស់ក្នុងដែនដីអាស៊ីអាគ្នេយ៍មានដូចជារដ្ឋហ្វូណន រដ្ឋចេនឡា និង រដ្ឋអង្គរ (អាណាចក្រអង្គរ ឬ ចក្រភពអង្គរ) ។...
កាលពីវេលាម៉ោង១២:៣៣ នាទី រំលងអធ្រាត្រថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខនៃគណបក្សប្រជាជនកម្ពុជា បានបង្ហោះឃ្លីបវីដេអូមួយប្រវែង ៨នាទីនិង២៨វិនាទី...
កាលដែលពួកយើងជាមនុស្សមានរបៀបរៀបរយ ត្រឹមត្រូវ ធ្វើអ្វីច្បាស់លាស់ មានវិន័យ វាមិនមែនជារឿងងាយនោះទេ ហើយបើសិនជាពួកយើងមិនទម្លាប់រឿងនឹងទៀត វាកាន់តែពិបាក។ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ យ៉ាងណាមិញ ជីវិតនៅ...