ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ អ្នកនយោបាយ និងសកម្មជននយោបាយប្រទេសកម្ពុជានិងថៃ គួរប្រយ័ត្នប្រយែងក្នុងទាញសេចក្តីសន្និដ្ឋាន លើករណីឃាតកម្មលើលោក លឹម គីមយ៉ា

2025-01-10 07:17:39 ថ្ងៃសុក្រ, 10 មករា 2025 ម៉ោង 02:17 PM
អ្នកមើល 6860
post_detail1

ឆ្លើយតបទៅនឹងសំណួររប​ស់អ្នកសារព័ត៌មាន អំពីករណីឃាតកម្មលើលោក លឹម គីមយ៉ា អតីតអ្នកតំណាងរាស្ត្រអតីតគណបក្សប្រឆាំងកម្ពុជា នៅក្នុងប្រទេសថៃនាពេលថ្មីៗមកនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា អ្នកនយោបាយ និងសកម្មជននយោបាយនៃប្រទេសទាំងពីរ គួរតែជៀសវាងការប្រញាប់ប្រញាល់បកស្រាយករណីនេះឱ្យហួសពីអង្គហេតុនិងអង្គច្បាប់ នៃរដ្ឋអធិបតេយ្យទាំងពីរដែលអាចនាំទៅដល់ការភ័ន្តច្រឡំស្ថានការណ៍នយោបាយ និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងថៃ ក្នុងពេលបច្ចុប្បន្ននោះឡើយ។ បើតាមលោកបណ្ឌិត ការបកស្រាយនៅក្នុងជ្រុងណាមួយលើសពីអង្គហេតុនិងអង្គច្បាប់នៃករណីនេះ ក៏អាចនាំទៅដល់ការបំភ័ន្តស្នាមរបួសនៃទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ ហើយមហាជននៃប្រទេសទាំងសងខាង គួរតែទុកលទ្ធភាពដល់អាជ្ញាធរនៃប្រទេសទាំងពីរ ដំណើរការនីតិវិធីស៊ើបអង្កេតទៅលើករណីឃាតកម្មនេះ។

លោកបណ្ឌិត យង់ ពៅ ក៏បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញនៃប្រទេសទាំងពីរ ផ្ដល់កិច្ចសហការល្អនឹងគ្នាដើម្បី ស៊ើបអង្កេតលើករណីនេះឱ្យបានហ្មត់ចត់ ទៅតាមនីតិវិធីច្បាប់នៃប្រទេសទាំងពីរ ប្រកបដោយវិជ្ជាជីវៈ នៅក្នុងដែនអធិបតេយ្យរៀងខ្លួន ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ផ្ដល់ភាពជឿជាក់ទៅដល់ក្រុមគ្រួសារជនរងគ្រោះ អ្នកនយោបាយ និងបកស្រាយទៅកាន់មហាជន និងប្រជាជាតិទាំងពីរ ក្នុងគោលបំណងកសាងភាពកក់ក្ដៅក្នុងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ កម្ពុជា-ថៃ។

ជាមួយគ្នា លោកបណ្ឌិត ក៏បានលើកឡើងផងដែរថា ក្នុងនាមលោកបណ្ឌិតជាពលរដ្ឋខ្មែរ លោកយល់ថា អាជ្ញាធរកម្ពុជា ក្នុងនាមជាអាណាព្យាបាលរបស់ពលរដ្ឋរងគ្រោះ ក៏គួរតែបង្ហាញសមានចិត្តចំពោះករណីឃាតកម្មលើជនរងគ្រោះជាពលរដ្ឋខ្មែររូបនេះ និងចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារជនរងគ្រោះផងដែរ បើទោះបីជាមាននិន្នាការនិងពណ៌សម្បុរនយោបាយផ្សេងគ្នាឬដូចគ្នាយ៉ាងណាក៏ដោយ ក៏គួរតែមានការសម្ដែងសមានចិត្តចូលរួមរំលែកទុក្ខ ដែលជាការបញ្ជាក់អំពីគុណតម្លៃនៃប្រជាជាតិខ្មែរ ការយកចិត្តទុកដាក់ទៅលើជនរួមជាតិខ្លួន ដើម្បីបង្ហាញភាពកក់ក្ដៅចំពោះគ្រប់ពលរដ្ឋខ្មែរដែលស្នាក់នៅ ធ្វើដំណើរ ឬកំពុងមានវត្តមាននៅបរទេសទាំងអស់ថា ទោះបីជាមាននិន្នាការខុសគ្នា ឬមានពណ៌សម្បុរនយោបាយខុសគ្នាយ៉ាងណាក្ដី ក៏យើងនៅតែមានឈាមជ័រ និងបេះដូងជាប្រជាជាតិខ្មែរតែមួយដែរ។

ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ បានបង្ហាញនូវជំនឿជាក់ថា មេដឹកនាំនៃប្រទេសទាំងពីរ ដែលសុទ្ធសឹងជាអ្នកបន្តវេនជំនាន់ក្រោយនៃមេដឹកនាំនយោបាយ ដែលមានបទពិសោធន៍យូរអង្វែងនៅក្នុងការដឹកនាំប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការល្អ ទាំងរវាងប្រទេស និងរវាងគ្រួសារនៃថ្នាក់ដឹកនាំ ករណីនេះនឹងមិននាំមកនូវផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់ទំនាក់ទំនង ឬបង្កអរិភាពរវាងគ្នានឹងគ្នា សម្រាប់ប្រទេសទាំងពីរ កម្ពុជា-ថៃ នោះឡើយ។ លោកបណ្ឌិតបានបន្ថែមថា អ្នកនយោបាយគួរតែមានបទពិសោធន៍នៅក្នុងការថែរក្សាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជាតិទាំងពីរ ចៀសវាងការបណ្ដែតបណ្ដោយឱ្យករណីនេះក្លាយទៅជាបញ្ហាប្រឈមរវាងប្រទេសជិតខាងទាំងពីរ។ សម្រាប់លោកបណ្ឌិត កម្ពុជា-ថៃ មិនត្រឹមតែត្រូវថែរក្សាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាប៉ុណ្ណោះទេ តែប្រទេសទាំងពីរ ក៏ត្រូវតែផ្ដល់ភាពកក់ក្ដៅផ្នែកផ្លូវច្បាប់ដល់ភាគីរងគ្រោះ រួមទាំងប្រជាជននៃប្រទេសទាំងពីរផងដែរ។

បន្ថែមពីលើនេះ លោកបណ្ឌិត យង់ ពៅ ក៏បានធ្វើការទាញចំណាប់អារម្មណ៍ផងដែរថា ករណីឃាតកម្មនេះ កើតឡើងទៅលើអ្នកនយោបាយដែលជាអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សធ្លាប់មានសម្លេងនៅក្នុងប្រទេសកម្ពុជា ដែលតិចឬច្រើន ពិតជាមានការចូលរួមមតិផ្សេងៗនៅក្នុងការរិះគន់លើករណីមួយចំនួនដែលមជ្ឈដ្ឋាននយោបាយអាចធ្វើការកត់សម្គាល់បានផងដែរ ដូច្នេះហើយ ចង់ឬមិនចង់ ប្រជាពលរដ្ឋកម្ពុជា និងអ្នកដទៃផ្សេងទៀត ដែលអាចទាញប្រយោជន៍ពីករណីនេះ គឺពិតជាអាចកេងចំណេញនយោបាយនៅក្នុងករណីនេះដោយចៀសពុំរួចឡើយ។ បើទោះបីជាយ៉ាងនេះក្ដី លោកបណ្ឌិត បានអំពាវនាវជាថ្មីថា គេមិនត្រូវប្រញាប់ប្រញាល់ធ្វើការសន្និដ្ឋានឱ្យហួសពីមូលដ្ឋានអង្គហេតុនៃសំណុំរឿង និងអង្គច្បាប់ដែលមានជាធរមាននៅក្នុងប្រទេសទាំងពីរ ព្រោះនៅក្នុងករណីខ្លះ បើទោះបីជាយើងបានមើលឃើញនៅក្នុងខ្សែអាត់វីដេអូ ឬទទួលបានតាមសារព័ត៌មានដែលមាននិន្នាការលម្អៀងមួយចំនួន ដែលវាយតម្លៃដោយគ្មានការស៊ើបអង្កេតជាក់លាក់ក្ដី គ្រាន់តែជាជ្រុងមួយនៃហេតុការណ៍តែប៉ុណ្ណោះ គេមិនអាចយកការយល់ឃើញទាំងនេះ ទៅធ្វើការអត្ថាធិប្បាយ និងទាញចូលទៅក្នុងទិដ្ឋភាពនយោបាយ ឬជាការដុតរោល និងបំភ័ន្តសាធារណៈមតិនៃប្រទេសទាំងពីរនោះទេ។

លោកបណ្ឌិត យង់ ពៅ សំណូមពរដល់អ្នកនយោបាយ និងអ្នកវិភាគមួយចំនួន សូមកុំទាន់ប្រញាប់ប្រញាល់ធ្វើបុរេវិនិច្ឆ័យ ឬសន្និដ្ឋានឱ្យជ្រុលលើសពីការពិតទៅលើករណីឃាតកម្មនេះ ដែលអាចរុញច្រានដល់មានការភ័ន្តច្រឡំក្នុងទិដ្ឋភាពនយោបាយ និងអាចឈានទៅជាការដុតរោលឱ្យមានការរើសអើងនិន្នាការ ឬជាតិសាសន៍ ឬចោទប្រកាន់ដោយគ្មានមូលដ្ឋានទៅលើភាគីណាមួយឡើយ។ លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់បន្ថែមថា ករណីនេះ មហាជននៃប្រទេសទាំងពីរ ក៏គួរតែរង់ចាំឱ្យមានការស៊ើបអង្កេតជាផ្លូវការ ប្រកបដោយវិជ្ជាជីវៈ ស្របទៅតាមនីតិវិធីច្បាប់ ចៀសវាងការប្រតិកម្មទៅតាមការយល់ឃើញ ឬការប៉ាន់ស្មាននៅក្នុងជ្រុងណាមួយផងដែរ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

សសរស្តម្ភនៅវត្តប្រាសាទព្រះធាតុ ដោយ៖ ប្រែង ពិសិដ្ឋ និង ម៉ិល វាសនា, វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2021-01-12 08:01:08   ថ្ងៃអង្គារ, 12 មករា 2021 ម៉ោង 03:01 PM
«ព្រៃឈើធម្មជាតិនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប បន្តរងការកាប់បំផ្លាញ»

(ខេត្តព្រះវិហារ)៖ ព្រៃឈើធម្មជាតិនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប បន្តរងការកាប់បំផ្លាញ ទោះបីជាក្រុមការងារអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យានខិតខំប្រឹងប្រែងចុះអប់រំណែនាំ និងហ...

2021-01-03 06:43:08   ថ្ងៃអាទិត្យ, 03 មករា 2021 ម៉ោង 01:43 PM
តំណក់ប្រេងលើកដំបូង៖ ជា «បណ្ដាសា» ឬជា «ពរជ័យ»

នៅពេលដែលកម្ពុជា បានចាប់ផ្ដើមលើកយកបញ្ហាអណ្ដូងប្រេងកាតនៅក្នុងឈូងសមុទ្រខ្មែរ និងការវិនិយោគការខួងនិងចម្រាញ់ប្រេងកាត មានទស្សនៈយល់ឃើញជាច្រើន ពីសាធារណជន ថាតើកំណប់ប្រេងកាតរបស់កម្ពុជា ជាពរជ័យ ឬជាបណ្ដាសា? ...

2021-01-02 00:58:31   ថ្ងៃសៅរ៍, 02 មករា 2021 ម៉ោង 07:58 AM
ហេតុអ្វីដាក់សម្ពាធលើកម្ពុជា? ដោយ៖ បណ្ឌិត ស៊ឺន សម

«នៅក្នុងឆ្នាំ២០២១នេះ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកគ្រោងនឹងផ្តល់ជំនួយដល់ប្រទេសកម្ពុជាប្រមាណ៨៥លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីជួយដល់ការអភិវឌ្ឍផ្សេងៗនៅក្នុងប្រទេស។ កម្ពុជាអាចទទួលបានជំនួយប្រមាណជាង៨៥លានដុល្លារសហ...

2021-01-01 04:31:38   ថ្ងៃសុក្រ, 01 មករា 2021 ម៉ោង 11:31 AM
តើប្រទេសស៊ុយអែតសម្រេចចិត្តដកស្ថានទូតចេញពីកម្ពុជាព្រោះតែបញ្ហាសិទ្ធិមនុស្សឬ? ដោយ៖ បណ្ឌិត ស៊ឺន សម

ស្ថានទូតនៃប្រទេសស៊ុយអែតប្រចាំប្រទេសកម្ពុជា បានផ្សាយបន្តនូវសេចក្តីសម្រេចរបស់ក្រសួងការបរទេស​ស៊ុយអែត​ស្តីពីការសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់បេសកកម្មរបស់ស្ថានទូតស៊ុយអែតក្នុងប្រទេស​កម្ពុជានៅចុងឆ...

2020-12-31 07:56:50   ថ្ងៃព្រហស្បតិ៍, 31 ធ្នូ 2020 ម៉ោង 02:56 PM
«ឯកឧត្តមបណ្ឌិត យង់ ពៅ ជំរុញឱ្យមន្ត្រីទាំងអស់ចូលរួមផ្សព្វផ្សាយសមិទ្ធផលវិទ្យាសាស្ត្ររបស់រាជបណ្ឌិត្យសភាកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានជំរុញឱ្យមន្ត្រីទាំងអស់ចូលរួមផ្សព្វផ្សាយព័ត៌មាន និងសមិទ្ធផលវិទ្យាសាស្រ្តទាំងអស់ដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាន ដើម...

2020-12-31 07:00:45   ថ្ងៃព្រហស្បតិ៍, 31 ធ្នូ 2020 ម៉ោង 02:00 PM

សេចក្តីប្រកាស