ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ថៃកំពុងយកបញ្ហានយោបាយខ្លួនឯង មកផ្លោងដាក់បន្ទុកលើកម្ពុជា

2025-03-03 07:44:16 ថ្ងៃចន្ទ, 03 មីនា 2025 ម៉ោង 02:44 PM
អ្នកមើល 3674
post_detail1

          ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីបញ្ហាទំនាក់ទំនងកម្ពុជា-ថៃ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា នៅក្នុងពេលនេះ ថៃដែលកំពុងមានបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួន បានយកបញ្ហានយោបាយរបស់ខ្លួន មកផ្លោងដាក់បន្ទុកលើកម្ពុជាដែលជាប្រទេសជិតខាង។ លោកបណ្ឌិត បានមានប្រសាសន៍ថា ការលើកឡើងអំពីការសាងសង់របងព្រំដែនកម្ពុជា-ថៃ ពីសំណាក់ភាគីថៃនេះ គឺគ្រាន់តែជាសារនយោបាយរបស់អ្នកនយោបាយថៃ ដើម្បីរំលត់បញ្ហាផ្ទៃក្នុងរបស់ខ្លួនប៉ុណ្ណោះ។ ទោះជាយ៉ាងណា បើតាមលោកបណ្ឌិត យង់ ពៅ បើទោះជានៅក្នុងករណីដែលបំណងលើកដោយភាគីថៃនេះអាចសម្រេចបានក៏ដោយក្ដី របងព្រំដែន អាចឃាត់បានតែមនុស្សសាមញ្ញប៉ុណ្ណោះ ប៉ុន្តែសម្រាប់បទល្មើសនៅតាមព្រំដែនដូចជា ការជួញដូរខុសច្បាប់ ល្បែងអនឡាញ ឬការឆបោកតាមអនឡាញគ្មានរបងនោះទេ។ អ្វីដែលជារឿងត្រូវយកចិត្តទុកដាក់​ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសតាមព្រំដែននោះគឺ ការពង្រឹងការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសជិតខាងទាំងពីរ។

          លោកបណ្ឌិតបានបន្ថែមទៀតថា ការលើកឡើងនូវលទ្ធភាពនៃការកសាងរបងព្រំដែនរវាងកម្ពុជា-ថៃ ពុំមានគុណតម្លៃគ្រប់គ្រាន់នៅក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែននោះទេ។ ជាមួយគ្នានេះ ការលើកឡើងនេះ គ្រាន់តែជាសារនយោបាយដែលភាគីថៃ​បានផ្លោងបញ្ហាផ្ទៃក្នុងរបស់ខ្លួនមកកាន់ព្រំដែនកម្ពុជា-ថៃតែប៉ុណ្ណោះ ពោលគឺជាការដាក់បន្ទុកមកលើប្រទេសកម្ពុជា ខណៈដែលការឆបោកនេះបានកើតឡើងនៅក្នុងប្រទេសថៃខ្លួន​ឯងផ្ទាល់ ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបណ្ដាលមកពីការអនុវត្តច្បាប់នៅក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែថៃបែរជាចង្អុលមកកាន់កម្ពុជាថាជាដើមហេតុដែលនាំទៅដល់ការឆបោក​តាមអនឡាញនៅក្នុងប្រទេសថៃទៅវិញ។ នេះមានន័យថា ការលើកឡើងអំពីការសាងសង់របង​ព្រំដែនជាមួយនឹងកម្ពុជា គឺគ្រាន់តែជានយោបាយប្រជាភិថុតិរបស់ថៃ ដើម្បីបង្វែរចំណាប់អារម្មណ៍ និងដោះបន្ទុករបស់អាជ្ញាធរថៃតែប៉ុណ្ណោះ ខណៈសង្គមនយោបាយថៃកំពុងតែរំជើបរំជួល ដោយនេះបានក្លាយទៅជាទម្លាប់របស់អ្នកនយោបាយថៃទៅហើយ ដែលជានិច្ចកាល នៅពេលមានបញ្ហាផ្ទៃក្នុង អ្នកនយោបាយថៃមួយចំនួនតែងតែយកបញ្ហាជាតិនិយម​មកដាក់បន្ទុកប្រទេសជិតខាង ពិសេសកម្ពុជា ដើម្បីបង្វែរស្ថានការណ៍ផ្ទៃក្នុងប្រទេស។

          លោកបណ្ឌិត យង់ ពៅ បានបន្តថា សារនយោបាយដែលអះអាងពីបំណងក្នុងការកសាង​របងព្រំដែនប្រវែង៥៥គីឡូម៉ែត្រជាមួយនឹងប្រទេសកម្ពុជានេះ គឺគ្រាន់តែជាសារនយោបាយដែលលើកឡើងពីសំណាក់ភាគីថៃតែប៉ុណ្ណោះ ព្រោះការកសាងរបងព្រំដែនជាមួយប្រទេសជិតខាង ទាមទារឱ្យមានការព្រមព្រៀង ឯកភាព និងស្រុះស្រួលគ្នារវាងប្រទេសជាគូភាគីមានព្រំដែនជាប់គ្នាជាមុនសិន។ យោងតាមច្បាប់អន្តរជាតិ ប្រសិនបើប្រជាជាតិនីមួយៗមានបំណងផ្លាស់ប្ដូរស្ថានការណ៍ណាមួយនៅតាមបណ្ដោយព្រំដែន ត្រូវតែមានការជូនដំណឹង មានការចរចា ក៏ដូចជាមានការឯកភាពជាមួយគ្នាជាមុន ទើបអាចអនុវត្តទៅបាន។ គេមិនអាចធ្វើអ្វីបានទៅតាមចិត្តចង់នៅតាមបណ្ដោយព្រំដែនជាមួយប្រទេសជិតខាងនោះឡើយ ព្រោះព្រំដែនរវាងរដ្ឋនឹងរដ្ឋ គឺជាតំបន់ដែលមានការបែងចែកតាមច្បាប់អន្តរជាតិ ដោយប្រទេសនីមួយៗមានអធិបតេយ្យរបស់ខ្លួនពេញលេញ ហើយពិភពលោកបច្ចុប្បន្ន មិនមែនស្ថិតនៅក្នុងសម័យកាលសង្គ្រាមលោក ឬក្នុងសម័យបុព្វកាល ដែលគ្មានច្បាប់អន្តរជាតិនិងស្ថិតក្នុងស្ថានភាពដែលគ្មានសណ្ដាប់ធ្នាប់ត្រឹមត្រូវនោះទេ ពោលគឺប្រទេសនីមួយៗត្រូវតែគោរពអធិបតេយ្យរបស់ប្រទេសផងគ្នា។ នៅក្នុងសម័យកាលសង្គ្រាមឬសម័យបុព្វកាល ប្រទេសធំ ឬមហាអំណាច តែងតែប្រើប្រាស់កម្លាំងទ័ពឬសព្វាវុធ ដើម្បី​វាតទីវាយដណ្ដើម ពង្រីកទឹកដី ឬចាត់ចែងជោគវាសនាប្រទេសដទៃស្រេចតាមការចង់បានរបស់ខ្លួន ប៉ុន្តែក្នុងសម័យកាលទំនើបបច្ចុប្បន្ន ពិភពលោកគឺជាសហគមន៍ប្រទេសដែលមាន​សណ្ដាប់ធ្នាប់ ច្បាប់អន្តរជាតិ និងយកក្របខ័ណ្ឌគតិយុត្តិសកលជាចម្បង ហើយក្នុងនាមជា​រដ្ឋស៊ីវិល័យ ប្រទេសនីមួយៗត្រូវតែអនុវត្តនៅទំនាក់ទំនងអន្តរជាតិដោយអនុលោមទៅតាមច្បាប់ត្រឹមត្រូវ ពិសេសអធិបតេយ្យនៃប្រទេសដទៃ ប្រទេសនីមួយៗមិនអាចសម្រេចចិត្តធ្វើអ្វី​ជាឯកតោភាគីបានឡើយ ត្រូវតែមានការចរចា និងព្រមព្រៀងគ្នាជាលាយលក្ខណ៍អក្សរ​ត្រឹមត្រូវ និងច្បាស់លាស់ ពិសេសចំពោះបញ្ហាទឹកដីដែលនៅជាប់ព្រំដែនគ្នា។

          សម្រាប់ប្រទេសកម្ពុជា ការកសាងរបងព្រំដែនជាមួយប្រទេសជិតខាង មិនមែនជាកិច្ចការចាំបាច់ និងដែលត្រូវធ្វើជាដាច់ខាតនោះទេ ព្រោះរបងព្រំដែនមិនមែនជាឧបសគ្គចម្បងសម្រាប់បទល្មើស និងអ្នកប្រព្រឹត្តបទល្មើសនៅតាមតំបន់ព្រំដែននោះទេ។ បន្ថែមពីនេះ បទល្មើសតាមប្រព័ន្ធអនឡាញ គ្មានព្រំដែនបិទជិតនោះទេ កុំថាឡើយត្រឹមតែរបងព្រំដែននោះ។ សម្រាប់កម្ពុជាឬថៃក្ដី ការអនុវត្តច្បាប់ផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិជិតស្និទ្ធជាមួយប្រទេសជិតខាងដើម្បីបង្ក្រាបបទល្មើសឆ្លងដែន ទើបជាចំណុចដែលរដ្ឋាភិបាលគួរផ្ដោតការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត។ លើសពីនេះ គួរតែដល់ពេលហើយដែលអ្នកនយោបាយថៃមួយចំនួន ត្រូវឈប់បង្វែរបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួនមកកាន់បញ្ហានៅតាមព្រំដែនជាមួយប្រទេសកម្ពុជា ព្រោះវាមិនបាននាំមកនូវផលចំណេញសម្រាប់ប្រទេសនិងប្រជាជនទាំងពីរនោះឡើយ ពោលប្រជាជាតិទាំងពីរគួរតែខិតខំប្រឹងប្រែងបន្តកសាងទំនាក់ទំនងល្អ និងជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នា ដើម្បីធានាបាននូវផលប្រយោជន៍សម្រាប់ជាតិនិងប្រជាជន ក៏ដូចជាជំរុញតំបន់ព្រំដែនឱ្យក្លាយទៅជាតំបន់ប្រកបដោយសន្តិសុខ សន្តិភាព និងកិច្ចសហប្រតិបត្តិការដែលហុចផ្លែផ្កាឱ្យគ្នាទៅវិញទៅមក៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំឆ្នាំ២០២០

នាព្រឹកថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុ...

2020-12-16 08:37:02   ថ្ងៃពុធ, 16 ធ្នូ 2020 ម៉ោង 03:37 PM
តម្លៃអច្ចន្តបរមាក្នុងសំណុំទិន្នន័យមួយអថេរ Outliers in Univariate Data ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, រាជបណ្ឌិត្យសភាកម្ពុជា

2020-12-15 04:56:19   ថ្ងៃអង្គារ, 15 ធ្នូ 2020 ម៉ោង 11:56 AM
ប្រព័ន្ធធារាសាស្ត្រនៅតំបន់ភាគខាងកើតបន្ទាយលង្វែក ក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយ៖ ផុន កសិកា, ឡេង វិទូ, តាកេត ស័កដា និង សួ ប៉ុណ្ណារ៉ាត់

RAC Media

2020-12-12 04:10:09   ថ្ងៃសៅរ៍, 12 ធ្នូ 2020 ម៉ោង 11:10 AM
បឹងពិតត្រង់ និង កំណាត់ដើមឈើរយឆ្នាំ ដោយ៖ អ្នកស្រី ម៉ិល វាសនា មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-12-09 07:22:36   ថ្ងៃពុធ, 09 ធ្នូ 2020 ម៉ោង 02:22 PM
ព្រះលោកេសូរប្រែកាយជាព្រះនរាយណ៍ ដោយ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

2020-12-02 04:01:39   ថ្ងៃពុធ, 02 ធ្នូ 2020 ម៉ោង 11:01 AM
យុទ្ធសាស្រ្តសេដ្ឋកិច្ចចិននៅក្នុងសម័យកូវីដ-១៩ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2020-11-30 03:28:38   ថ្ងៃចន្ទ, 30 វិច្ឆិកា 2020 ម៉ោង 10:28 AM

សេចក្តីប្រកាស