Royal Academy of Cambodia
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីបញ្ហាទំនាក់ទំនងកម្ពុជា-ថៃ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា នៅក្នុងពេលនេះ ថៃដែលកំពុងមានបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួន បានយកបញ្ហានយោបាយរបស់ខ្លួន មកផ្លោងដាក់បន្ទុកលើកម្ពុជាដែលជាប្រទេសជិតខាង។ លោកបណ្ឌិត បានមានប្រសាសន៍ថា ការលើកឡើងអំពីការសាងសង់របងព្រំដែនកម្ពុជា-ថៃ ពីសំណាក់ភាគីថៃនេះ គឺគ្រាន់តែជាសារនយោបាយរបស់អ្នកនយោបាយថៃ ដើម្បីរំលត់បញ្ហាផ្ទៃក្នុងរបស់ខ្លួនប៉ុណ្ណោះ។ ទោះជាយ៉ាងណា បើតាមលោកបណ្ឌិត យង់ ពៅ បើទោះជានៅក្នុងករណីដែលបំណងលើកដោយភាគីថៃនេះអាចសម្រេចបានក៏ដោយក្ដី របងព្រំដែន អាចឃាត់បានតែមនុស្សសាមញ្ញប៉ុណ្ណោះ ប៉ុន្តែសម្រាប់បទល្មើសនៅតាមព្រំដែនដូចជា ការជួញដូរខុសច្បាប់ ល្បែងអនឡាញ ឬការឆបោកតាមអនឡាញគ្មានរបងនោះទេ។ អ្វីដែលជារឿងត្រូវយកចិត្តទុកដាក់ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសតាមព្រំដែននោះគឺ ការពង្រឹងការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសជិតខាងទាំងពីរ។
លោកបណ្ឌិតបានបន្ថែមទៀតថា ការលើកឡើងនូវលទ្ធភាពនៃការកសាងរបងព្រំដែនរវាងកម្ពុជា-ថៃ ពុំមានគុណតម្លៃគ្រប់គ្រាន់នៅក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែននោះទេ។ ជាមួយគ្នានេះ ការលើកឡើងនេះ គ្រាន់តែជាសារនយោបាយដែលភាគីថៃបានផ្លោងបញ្ហាផ្ទៃក្នុងរបស់ខ្លួនមកកាន់ព្រំដែនកម្ពុជា-ថៃតែប៉ុណ្ណោះ ពោលគឺជាការដាក់បន្ទុកមកលើប្រទេសកម្ពុជា ខណៈដែលការឆបោកនេះបានកើតឡើងនៅក្នុងប្រទេសថៃខ្លួនឯងផ្ទាល់ ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបណ្ដាលមកពីការអនុវត្តច្បាប់នៅក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែថៃបែរជាចង្អុលមកកាន់កម្ពុជាថាជាដើមហេតុដែលនាំទៅដល់ការឆបោកតាមអនឡាញនៅក្នុងប្រទេសថៃទៅវិញ។ នេះមានន័យថា ការលើកឡើងអំពីការសាងសង់របងព្រំដែនជាមួយនឹងកម្ពុជា គឺគ្រាន់តែជានយោបាយប្រជាភិថុតិរបស់ថៃ ដើម្បីបង្វែរចំណាប់អារម្មណ៍ និងដោះបន្ទុករបស់អាជ្ញាធរថៃតែប៉ុណ្ណោះ ខណៈសង្គមនយោបាយថៃកំពុងតែរំជើបរំជួល ដោយនេះបានក្លាយទៅជាទម្លាប់របស់អ្នកនយោបាយថៃទៅហើយ ដែលជានិច្ចកាល នៅពេលមានបញ្ហាផ្ទៃក្នុង អ្នកនយោបាយថៃមួយចំនួនតែងតែយកបញ្ហាជាតិនិយមមកដាក់បន្ទុកប្រទេសជិតខាង ពិសេសកម្ពុជា ដើម្បីបង្វែរស្ថានការណ៍ផ្ទៃក្នុងប្រទេស។
លោកបណ្ឌិត យង់ ពៅ បានបន្តថា សារនយោបាយដែលអះអាងពីបំណងក្នុងការកសាងរបងព្រំដែនប្រវែង៥៥គីឡូម៉ែត្រជាមួយនឹងប្រទេសកម្ពុជានេះ គឺគ្រាន់តែជាសារនយោបាយដែលលើកឡើងពីសំណាក់ភាគីថៃតែប៉ុណ្ណោះ ព្រោះការកសាងរបងព្រំដែនជាមួយប្រទេសជិតខាង ទាមទារឱ្យមានការព្រមព្រៀង ឯកភាព និងស្រុះស្រួលគ្នារវាងប្រទេសជាគូភាគីមានព្រំដែនជាប់គ្នាជាមុនសិន។ យោងតាមច្បាប់អន្តរជាតិ ប្រសិនបើប្រជាជាតិនីមួយៗមានបំណងផ្លាស់ប្ដូរស្ថានការណ៍ណាមួយនៅតាមបណ្ដោយព្រំដែន ត្រូវតែមានការជូនដំណឹង មានការចរចា ក៏ដូចជាមានការឯកភាពជាមួយគ្នាជាមុន ទើបអាចអនុវត្តទៅបាន។ គេមិនអាចធ្វើអ្វីបានទៅតាមចិត្តចង់នៅតាមបណ្ដោយព្រំដែនជាមួយប្រទេសជិតខាងនោះឡើយ ព្រោះព្រំដែនរវាងរដ្ឋនឹងរដ្ឋ គឺជាតំបន់ដែលមានការបែងចែកតាមច្បាប់អន្តរជាតិ ដោយប្រទេសនីមួយៗមានអធិបតេយ្យរបស់ខ្លួនពេញលេញ ហើយពិភពលោកបច្ចុប្បន្ន មិនមែនស្ថិតនៅក្នុងសម័យកាលសង្គ្រាមលោក ឬក្នុងសម័យបុព្វកាល ដែលគ្មានច្បាប់អន្តរជាតិនិងស្ថិតក្នុងស្ថានភាពដែលគ្មានសណ្ដាប់ធ្នាប់ត្រឹមត្រូវនោះទេ ពោលគឺប្រទេសនីមួយៗត្រូវតែគោរពអធិបតេយ្យរបស់ប្រទេសផងគ្នា។ នៅក្នុងសម័យកាលសង្គ្រាមឬសម័យបុព្វកាល ប្រទេសធំ ឬមហាអំណាច តែងតែប្រើប្រាស់កម្លាំងទ័ពឬសព្វាវុធ ដើម្បីវាតទីវាយដណ្ដើម ពង្រីកទឹកដី ឬចាត់ចែងជោគវាសនាប្រទេសដទៃស្រេចតាមការចង់បានរបស់ខ្លួន ប៉ុន្តែក្នុងសម័យកាលទំនើបបច្ចុប្បន្ន ពិភពលោកគឺជាសហគមន៍ប្រទេសដែលមានសណ្ដាប់ធ្នាប់ ច្បាប់អន្តរជាតិ និងយកក្របខ័ណ្ឌគតិយុត្តិសកលជាចម្បង ហើយក្នុងនាមជារដ្ឋស៊ីវិល័យ ប្រទេសនីមួយៗត្រូវតែអនុវត្តនៅទំនាក់ទំនងអន្តរជាតិដោយអនុលោមទៅតាមច្បាប់ត្រឹមត្រូវ ពិសេសអធិបតេយ្យនៃប្រទេសដទៃ ប្រទេសនីមួយៗមិនអាចសម្រេចចិត្តធ្វើអ្វីជាឯកតោភាគីបានឡើយ ត្រូវតែមានការចរចា និងព្រមព្រៀងគ្នាជាលាយលក្ខណ៍អក្សរត្រឹមត្រូវ និងច្បាស់លាស់ ពិសេសចំពោះបញ្ហាទឹកដីដែលនៅជាប់ព្រំដែនគ្នា។
សម្រាប់ប្រទេសកម្ពុជា ការកសាងរបងព្រំដែនជាមួយប្រទេសជិតខាង មិនមែនជាកិច្ចការចាំបាច់ និងដែលត្រូវធ្វើជាដាច់ខាតនោះទេ ព្រោះរបងព្រំដែនមិនមែនជាឧបសគ្គចម្បងសម្រាប់បទល្មើស និងអ្នកប្រព្រឹត្តបទល្មើសនៅតាមតំបន់ព្រំដែននោះទេ។ បន្ថែមពីនេះ បទល្មើសតាមប្រព័ន្ធអនឡាញ គ្មានព្រំដែនបិទជិតនោះទេ កុំថាឡើយត្រឹមតែរបងព្រំដែននោះ។ សម្រាប់កម្ពុជាឬថៃក្ដី ការអនុវត្តច្បាប់ផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិជិតស្និទ្ធជាមួយប្រទេសជិតខាងដើម្បីបង្ក្រាបបទល្មើសឆ្លងដែន ទើបជាចំណុចដែលរដ្ឋាភិបាលគួរផ្ដោតការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត។ លើសពីនេះ គួរតែដល់ពេលហើយដែលអ្នកនយោបាយថៃមួយចំនួន ត្រូវឈប់បង្វែរបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួនមកកាន់បញ្ហានៅតាមព្រំដែនជាមួយប្រទេសកម្ពុជា ព្រោះវាមិនបាននាំមកនូវផលចំណេញសម្រាប់ប្រទេសនិងប្រជាជនទាំងពីរនោះឡើយ ពោលប្រជាជាតិទាំងពីរគួរតែខិតខំប្រឹងប្រែងបន្តកសាងទំនាក់ទំនងល្អ និងជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នា ដើម្បីធានាបាននូវផលប្រយោជន៍សម្រាប់ជាតិនិងប្រជាជន ក៏ដូចជាជំរុញតំបន់ព្រំដែនឱ្យក្លាយទៅជាតំបន់ប្រកបដោយសន្តិសុខ សន្តិភាព និងកិច្ចសហប្រតិបត្តិការដែលហុចផ្លែផ្កាឱ្យគ្នាទៅវិញទៅមក៕
RAC Media | លឹម សុវណ្ណរិទ្ធ
នៅរសៀលម៉ោង៣.០០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ យោងតាមការចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច លោក ហេង វីរិទ្ធិ ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្...
បុណ្យឯករាជ្យជាតិ ជាទូទៅត្រូវបានគេស្គាល់ថា ជាពីធីបុណ្យដែលតែងតែប្រារពធ្វើឡើងជា រៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃដែលប្រទេសនីមួយៗ បានរួចចាកផុតឬទទួលឯករាជ្យពេញលេញចេញពីនឹមអាណានិគម របស់ មហាអំណាច។ សម្រាប់បណ្តាប្...
ដោយផ្ដើមចេញពីកិច្ចសហប្រតិបត្តិការរយៈពេលច្រើនឆ្នាំកន្លងមកនេះ ប្រតិភូ ក្រុមប្រឹក្សាជាតិសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃសាធារណរដ្ឋកូរ៉េ (NRC) ដឹកនាំដោយ លោកបណ្ឌិត Cho By...
រាជបណ្ឌិត្យសភាកម្ពុជា ត្រៀមបញ្ជូនគ្រូបង្រៀនជនជាតិចិន ដែលមានជំនាញ បទពិសោធ និងគរុកោសល្យច្បាស់លាស់មកពីសាកលវិទ្យាល័យល្បីៗរបស់ប្រទេសចិនសម្រាប់វគ្គសិក្សាថ្មីនៅខែកញ្ញាខាងមុខ ទៅបង្រៀនភាសាចិន នៅវិទ្យាល័យអង្គរ...
នាព្រឹកថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះ វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំ «សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀន...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «អាស៊ាននៅចន្លោះចិន និងសហរដ្ឋអាម៉េរិក» ដែលរៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ច...