ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ព្រឹត្តិការណ៍ ១៨ មីនា បាននាំកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដែលអ្នកនយោបាយខ្មែរគួរតែរៀនសូត្រនិងបញ្ចៀសឱ្យផុតពីការរងគ្រោះដោយសារការប្រកួតប្រជែងរបស់មហាអំណាច

2025-03-18 09:30:12 ថ្ងៃអង្គារ, 18 មីនា 2025 ម៉ោង 04:30 PM
អ្នកមើល 4212
post_detail1

          ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានលើកឡើងថា គិតមកដល់ពេលនេះ ព្រឹត្តិការណ៍ទម្លាក់សម្ដេចព្រះនរោត្ដមសីហនុពីតំណែងប្រមុខរដ្ឋ មានរយៈពេល ៥៥ឆ្នាំកន្លងទៅហើយ ដែលបាននាំប្រទេសកម្ពុជាចូលក្នុងភ្នក់ភ្លើងសង្គ្រាមជាង៣ទសវត្សរ៍ ដែលធ្វើឱ្យប្រទេសកម្ពុជារងគ្រោះ​ដោយការបាត់បង់ធនធានមនុស្ស និងធនធានធម្មជាតិ ក៏ដូចជារចនាសម្ព័ន្ធសង្គម បានខ្ទេចខ្ទាំដល់ដំណាក់កាលសូន្យតែម្ដង ទម្រាំប្រទេសកម្ពុជាអាចស្វែងរកសន្តិភាពពេញលេញមកវិញនៅឆ្នាំ១៩៩៨ និងស្ដារសេដ្ឋកិច្ចនិងសង្គមឡើងវិញរហូតមកដល់បច្ចុប្បន្ន។

          លោកបណ្ឌិត យង់ ពៅ បានលើកឡើងអំពីដើមចមនៃការទម្លាក់សម្ដេចព្រះនរោត្ដម​ សីហនុ ពីតំណែងប្រមុខរដ្ឋចំនួន ៥ចំណុចគឺ៖

១. ជាការប្រកួតប្រជែងមនោគមវិជ្ជាមូលធននិយម និងកុម្មុយនីស្តរបស់មហាអំណាចពិភពលោក នៅក្នុងដំណាក់កាលសង្គ្រាមត្រជាក់ ដែលបែងចែកពិភពលោកទៅតាមប្លុករៀងៗ​ខ្លួន​។ នៅក្នុងពេលនោះ មានការអូសទាញប្រទេសកម្ពុជាឱ្យចូលរួមនៅក្នុងប្លុករៀងៗពីសំណាក់មហាអំណាច ដែលជាហេតុធ្វើឱ្យសម្ដេចព្រះនរោត្ដម សីហនុ បានប្រកាសដាក់ប្រទេសកម្ពុជាក្នុងជំហរអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធណាមួយឡើយ បើទោះបីជាមានការព្យាយាមទាញកម្ពុជាចូលក្នុងអង្គការសន្ធិសញ្ញាយោធាសេអាតូ ដើម្បីទប់ទល់នឹងឥទ្ធិពល​នៃការរីករាលដាលលទ្ធិកុម្មុយនីស្តនៅឥណ្ឌូចិនក្ដី។ នេះជាចំណាប់ផ្ដើមមួយដែលនាំទៅដល់វិបត្តិផ្សេងៗទៀតជាបន្តបន្ទាប់។

២. សង្គ្រាមឥណ្ឌូចិនលើកទីពីរ រវាងវៀតណាមនិងសហរដ្ឋអាម៉េរិក ដែលបានរុញច្រានវិបត្តិកម្ពុជា ឈានទៅដល់ការទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ ពីតំណែងព្រះប្រមុខរដ្ឋ ព្រោះសម្ដេចព្រះនរោត្ដម សីហនុ តែងតែប្រឆាំងតវ៉ាយ៉ាងដាច់អហង្ការចំពោះការទាញកម្ពុជាចូលក្នុងសង្គ្រាមនេះ និងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាម៉េរិក ដែលបានទម្លាក់ចូលដែនបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយដែលកាលនោះ សម្ដេចព្រះនរោត្ដមសីហនុធ្លាប់បានយកផែនទីប្រទេសកម្ពុជាចំនួន១៨ផ្ទាំង ទៅប្ដឹងតវ៉ានៅអង្គការសហប្រជាជាតិ ស្ដីពីការទម្លាក់គ្រាប់បែកពីសំណាក់សហរដ្ឋអាម៉េរិកចូល​ដែនអធិបតេយ្យភាពរបស់កម្ពុជា។ គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៦៩ ពោលគឺមុនមួយឆ្នាំគត់នៃការទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ ពីព្រះប្រមុខរដ្ឋ លោកប្រធានាធិបតីអាម៉េរិក និច សុន បានដាក់ឈ្មោះដល់ប្រតិបត្តិការទម្លាក់គ្រាប់បែកជាសម្ងាត់មួយ មកលើប្រទេសកម្ពុជាថា “អាហារពេលព្រឹក”។ ក្រោយមក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧០ ទើបលោក និច សុន បាន  បង្ហាញពីផែនទីទម្លាក់គ្រាប់បែកលើប្រទេសកម្ពុជា នៅតាមកញ្ចក់ទូរទស្សន៍ ពាក់ព័ន្ធនឹងអន្តរាគមន៍យោធាដោយផ្ទាល់លើប្រទេសកម្ពុជា។

៣. វិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ដែលអូសបន្លាយពីវិបត្តិបង្កឡើងដោយការប្រកួតប្រជែងមនោគមវិជ្ជានយោបាយ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងវិបត្តិកើតចេញពីសង្គ្រាមវៀតណាមជាដើម ដែលបានឈានដល់ការហ៊ុមព័ទ្ធសេដ្ឋកិច្ចកម្ពុជា និងការបិទច្រកពាណិជ្ជកម្មកម្ពុជាទាំងជាមួយប្រទេសថៃ និងទាំងជាមួយវៀតណាមខាងត្បូង ដែលនាំឱ្យកម្ពុជាប្រឈមនឹងវិបត្តិសេដ្ឋកិច្ចនាពេលនោះ។

៤. វិបត្តិនយោបាយផ្ទៃក្នុង ដែលនាំទៅដល់ការទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ ដោយមានចរន្តឆ្វេងនិយម ចាប់ផ្ដើមបំផុសបំផុលនិងសម្ដែងការមិនពេញចិត្តចំពោះនយោបាយរបស់សម្ដេចព្រះនរោត្ដម សីហនុ ដោយសារខ្លួនចង់ឱបក្រសោបនយោបាយសហរដ្ឋអាម៉េរិកនៅក្នុងសង្គ្រាមវៀតណាម។

៥. ការជ្រៀតជ្រែកពីពិភពលោកខាងក្រៅ ទាំងបណ្ដាប្រទេសជិតខាង និងមហាអំណាចទាំងពីរមនោគមវិជ្ជានយោបាយ ដែលបានដុតរោលវិបត្តិកម្ពុជា នាំទៅដល់ចរន្តប្រឆាំងជាលក្ខណៈបាតុកម្ម និងចលនាតស៊ូ ដែលរាប់ចាប់តាំងពីចលនាខ្មែរសេរីដែលគាំទ្រដោយប្រទេសថៃនិងសហរដ្ឋអាម៉េរិក និងចលនាតស៊ូកុម្មុយនីស្តគាំទ្រដោយវៀតណាមខាងជើងនិងចិន។

          លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍រដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ គឺជាមេរៀនប្រវត្តិសាស្ត្រ ដែលខ្មែរគ្រប់រូប មិនថាជាពលរដ្ឋឬអ្នកនយោបាយទាំងក្នុងនិងក្រៅស្រុកនោះទេ ត្រូវតែសិក្សារៀនសូត្រឈ្វេងយល់ឱ្យបានស៊ីជម្រៅ និងធ្វើយ៉ាងណា​បញ្ចៀសឱ្យផុតពីការនាំប្រទេសជាតិរបស់ខ្លួនធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម និងចេញពីប្រទេសដែលសម្បូរសប្បាយ មានមូលធនមនុស្សសម្រាប់ការអភិវឌ្ឍជាតិ ទៅជាប្រទេស​ដែលខ្ទេចខ្ទាំដោយសារសង្គ្រាមរាប់ចាប់តាំងពីធនធានមនុស្ស និងរចនាសម្ព័ន្ធសង្គម ពោលគឺធ្លាក់ចុះដល់ចំណុចសូន្យ។ ទាំងនេះ គឺជាមេរៀនដ៏ជូរចត់នៅក្នុងប្រវត្តិសាស្ត្រ ដែលខ្មែរគ្រប់រូបត្រូវតែរៀនសូត្រ និងចៀសវាងឱ្យផុតពីការជាន់ដានប្រវត្តិសាស្ត្រ ហើយធ្លាក់ចូលក្នុងវិបត្តិជាថ្មីម្ដងទៀត។ បើតាមលោកបណ្ឌិត ដើម្បីចៀសផុតពីគ្រោះថ្នាក់សម្រាប់ជាតិនេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែពង្រឹងសមត្ថភាពជាតិ ដែលផ្ដោតលើគ្រប់វិស័យទាំងអស់ ចៀសវាងការពឹងពាក់ទៅលើបរទេសទាំងស្រុងដូចអតីតកាល ព្រោះនៅពេលដែលជួបនឹងវិបត្តិនៃការប្រកួតប្រជែងមនោគមវិជ្ជានយោបាយដ៏ស្រួចស្រាល់នៅក្នុងសម័យសង្គ្រាមត្រជាក់ នៅពេលដែលកម្ពុជានៅទន់ខ្សោយ កម្ពុជាពិតជាមិនអាចគេចផុតពីការរងគ្រោះដោយសារតែ​ការប្រកួតប្រជែងនោះឡើយ។

          ដូច្នេះហើយ បើទោះបីជាកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រនៅក្នុងការអភិវឌ្ឍ និងពង្រឹងទំនាក់ទំនងការបរទេសយ៉ាងល្អក៏ដោយក្ដី ប៉ុន្តែត្រូវធានាឱ្យបានថា គោលនយោបាយនិងយុទ្ធសាស្ត្រទាំងនេះ នឹងមានភាពជាក់ស្ដែងនៅក្នុងការអនុវត្តពិតប្រាកដ ធ្វើយ៉ាងណាធានាបាននូវសមត្ថភាពជាតិខ្លាំងក្លាឡើង និងមានលទ្ធភាពទប់ទល់នឹងសភាពការណ៍វិវត្តនៃនយោបាយសាកលលោកដែល​ប្រៀបបានទៅនឹងការរើឡើងវិញនៃសង្គ្រាមត្រជាក់ថ្មីរបស់ពិភពលោក ដែលបង្កទៅជាវិបត្តិនៅតាមតំបន់និងប្រទេសនានាលើពិភពលោក។ បន្ថែមពីនេះ កម្ពុជាត្រូវតែការពារស្ថិរភាពសង្គម និងនយោបាយ ឆ្ពោះទៅកាន់ការរក្សាបាននូវសន្តិភាពដែលកំពុងមានអត្ថិភាពឱ្យ​បានរឹងមាំ និងស្ថិតស្ថេរ ព្រោះប្រសិនបើប្រទេសជាតិបាត់បង់ស្ថិរភាពនយោបាយ និងបណ្ដាលឱ្យកើតចេញជាវិបត្តិផ្សេងៗទៀត ដែលនាំឱ្យសន្តិភាពប្រេះស្រាំ និងអាចធ្លាក់ចូលក្នុងជ្រោះនៃសង្គ្រាមសារជាថ្មី។ សម្រាប់លោកបណ្ឌិត ប្រសិនបើអ្នកនយោបាយបណ្ដោយឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងសង្គ្រាមសារជាថ្មីនោះ ប្រទេសកម្ពុជាអាចនឹងពិបាកស្វែងរកសន្តិភាពឡើងវិញជាក់ជាមិនខាន ដូចជាបទពិសោធន៍ដែលកម្ពុជាធ្លាប់ជួបនៅក្នុងសតវត្សរ៍មុននេះជាក់ស្ដែង។

          ជាមួយគ្នានេះដែរ នៅក្នុងបរិបទនៃការប្រកួតប្រជែងរបស់មហាអំណាចពិភពលោក​នាពេលបច្ចុប្បន្ន កម្ពុជាពិតជាគ្មានអ្វីក្រៅតែពីការប្រកាន់ខ្ជាប់នយោបាយការបរទេសអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ដូចដែលមានចែងក្នុងមាត្រា ៥៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយប្រកាន់ខ្ជាប់ឱ្យបានដាច់ខាតថា កម្ពុជានឹងមិនចូលរួមក្នុងសម្ព័ន្ធយោធាណាមួយ ប្រឆាំងនឹងភាគីណាមួយឡើយ។ ទោះជាយ៉ាងណា កម្ពុជាក៏មានសិទ្ធិនៅក្នុងការទទួលយកជំនួយយោធា ការអភិវឌ្ឍសមត្ថភាពយោធារបស់ខ្លួនក្នុងន័យការពារខ្លួន និងធ្វើកិច្ចសហប្រតិបត្តិការយោធាល្អជាមួយនឹងបណ្ដាមហាអំណាច និងបណ្ដាប្រទេសជាដៃគូនានា ដើម្បីថែរក្សានិងធានាបាននូវសន្តិសុខ និងសន្តិភាពក្នុងតំបន់ផងដែរ។

          លើសពីនេះទៅទៀត កម្ពុជាត្រូវតែពង្រឹងការឯកភាពផ្ទៃក្នុងរបស់ខ្លួនជាចាំបាច់ ដើម្បីធានា។ ការឯកភាពផ្ទៃក្នុងនេះ ពុំសំដៅទៅលើការកំណត់ឱ្យមានគណបក្សនយោបាយតែមួយ ឬអវត្តមាននូវគណបក្សប្រឆាំងនោះទេ ប៉ុន្តែត្រូវធានាបានថា នៅពេលមានការតទល់ជាមួយនឹងបរទេស កម្ពុជាត្រូវតែមានការឯកភាពគ្នាជាធ្លុងមួយក្នុងនាមប្រជាជាតិខ្មែរ ដើម្បីការពារឧត្ដមប្រយោជន៍នៃប្រជាជាតិរបស់ខ្លួន។ បន្ថែមពីលើនេះ កម្ពុជាក៏ត្រូវបន្តពង្រឹងនិងពង្រីកនយោបាយការបរទេសរបស់ខ្លួនបន្ថែមទៀត ដើម្បីពង្រឹងតួនាទីដ៏ចាំបាច់របស់កម្ពុជានៅក្នុងទំនាក់ទំនងអន្តរជាតិ ដើម្បីទាញយកសារៈប្រយោជន៍នានាពីដៃគូ ទាំងនៅក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិ៕

RAC Media

អត្ថបទទាក់ទង

អត្ថបទ ស្ដីពី ការដំឡើង «របាំច្បោះជ័រ»

ស្រាវជ្រាវនិងចងក្រងដោយ៖ ផុន កសិកា, ប្រែង ពិសិដ្ឋ, លោកស្រីម៉ិល វាសនា, យ៉ាន់ វិភារតន៍, តាកេត ស័កដា វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា។...

2020-01-08 08:01:59   ថ្ងៃពុធ, 08 មករា 2020 ម៉ោង 03:01 PM
«៧ មករា» ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកូនខ្មែរត្រូវចងចាំ

ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ស្អែកនេះជាខួបលើកទី៤១ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍កម្ពុជាធិបតេយ្យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) លោកបណ្ឌិត គិន ភា ប្...

2020-01-06 07:24:10   ថ្ងៃចន្ទ, 06 មករា 2020 ម៉ោង 02:24 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំកិច្ចប្រជុំតាមដានការងារ ភារកិច្ច និងយុទ្ធសាស្ត្រលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រុមការងារព័ត៌មាននៃរាជបណ្ឌិត្យសភាកម្ពុជា (RAC Media) ដោយ៖ លឹម សុវណ្ណរិទ្ធ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នេះ នៅបន្ទប់ក្រវាន់ អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំតាមដានការងារនិងភារកិច្ច និងយុទ្ធសាស្ត...

2020-01-06 05:48:40   ថ្ងៃចន្ទ, 06 មករា 2020 ម៉ោង 12:48 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ រាជបណ្ឌិត្យសភាកម្ពុជាត្រូវបង្កើនប្រសិទ្ធភាពការងារ ពិសេសបង្កើនស្នាដៃស្រាវជ្រាវឱ្យឆ្លើយតបនឹងបញ្ហាអាទិភាពរបស់សង្គមជាតិ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងជំរុញដូច្នេះ នៅក្នុងកិច្ចប្រជុំរួមនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានប្រព្រឹត្តទៅចាប់ពីម៉ោង ៩:០០ នាទី ដល់ម៉ោង ១១:២២ នាទី ព្រឹកថ្ងៃ...

2020-01-03 09:01:26   ថ្ងៃសុក្រ, 03 មករា 2020 ម៉ោង 04:01 PM
Challenges for Cambodian Workers in Thailand

By: Sam Seun, Researcher of Royal Academy of CambodiaEmail: [email protected]

2020-01-03 08:38:47   ថ្ងៃសុក្រ, 03 មករា 2020 ម៉ោង 03:38 PM
«រាជបណ្ឌិត្យសភាកម្ពុជា ប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល»

(រាជធានីភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជាបានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ជាផ្លូវការហើយ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦...

2020-01-02 04:11:25   ថ្ងៃព្រហស្បតិ៍, 02 មករា 2020 ម៉ោង 11:11 AM

សេចក្តីប្រកាស