ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ កម្ពុជាមានភាពចាំបាច់នៅក្នុងការពង្រឹងសមត្ថភាពយោធាជើងទឹក ដើម្បីល្បាតនិងការពារដែនសមុទ្រក្នុងអធិបតេយ្យភាពរបស់ខ្លួន ស្របរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ

2025-03-20 03:41:09 ថ្ងៃព្រហស្បតិ៍, 20 មីនា 2025 ម៉ោង 10:41 AM
អ្នកមើល 4775
post_detail1

          ក្រោយបើកការដ្ឋានសាងសង់បានជិត៣ឆ្នាំ កម្ពុជាគ្រោងនឹងសម្ពោធ​ដាក់ឱ្យប្រើប្រាស់មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹករបស់ខ្លួនក្នុងជំហានទី១ នៅដើមខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។ ក្នុងឱកាសនៃការសម្ពោធមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកនេះ មានការចោទជាសំណួរអំពីការប្រតិកម្មសារជាថ្មីពីសំណាក់ប្រទេសក្នុងតំបន់ និងមហាអំណាចមួយចំនួនអំពីឥទ្ធិពលយោធារបស់ចិននៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់។ ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា វឌ្ឍនភាពថ្មីនៃការអភិវឌ្ឍសមត្ថភាពការពារជាតិរបស់កម្ពុជា តាមរយៈសមិទ្ធផលថ្មីគឺមូលដ្ឋានសមុទ្ររាម ដែលជាការបោះជំហាននៅក្នុងការពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ឆ្លើយតបទៅនឹងភាពចាំបាច់របស់ប្រទេសជាតិនីមួយៗ នៅក្នុងការល្បាតនិងការពារដែនអធិបតេយ្យភាពដែនសមុទ្ររបស់ខ្លួន។ បើតាមលោកបណ្ឌិត នេះជាគឺជាដំណើរការជាប្រក្រតីសម្រាប់ប្រទេសដែលមានដែនសមុទ្រ តែងតែមានកងទ័ពជើងទឹកដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការពារដែនសមុទ្ររបស់ខ្លួន ហើយករណីនេះក៏មិនមែនជាការត្រៀមលក្ខណៈនៅក្នុងការច្បាមឬដណ្ដើមដែនសមុទ្រប្រទេសណាមួយឡើយ ពោលគឺការអភិវឌ្ឍ​សមត្ថភាពកងទ័ពជើងទឹកកម្ពុជា ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពគ្រប់គ្រងដែនទឹករបស់ខ្លួនតែប៉ុណ្ណោះ។

          លោកបណ្ឌិត យង់ ពៅ បានកត់សម្គាល់ទៀតថា ប្រសិនបើប្រទេសមួយមានអធិបតេយ្យភាពលើដែនសមុទ្ររបស់ខ្លួនហើយ តែបែរជាមិនមានកំពង់ផែដែលមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការផ្ទុកនាវាយោធារបស់ខ្លួន សម្រាប់បម្រើដល់កិច្ចការងារល្បាតនិងគ្រប់គ្រងលម្ហដែនសមុទ្រ និងគាំទ្រដល់ប្រតិបត្តិការយោធាជើងទឹកផ្សេងៗ រាប់ចាប់តាំងពីប្រតិបត្តិការជំនួយមនុស្សធម៌ ក៏ដូចជាការពារដែនអធិបតេយ្យភាពលើផ្ទៃសមុទ្ររបស់ខ្លួន គឺជាចម្លែកទៅវិញនោះទេ។ លោកបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជំហានដំបូងនៃមូលដ្ឋានសមុទ្ររាម គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលបានបន្តឆន្ទៈនិងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលមុន ដោយបានធ្វើឱ្យលេចចេញជារូបរាងពិតប្រាកដ។

          ការពង្រឹងនិងពង្រីកសមត្ថភាពមូលដ្ឋានសមុទ្ររាម របស់ព្រះរាជាណាចក្រកម្ពុជា គឺជារឿងដ៏ចាំបាច់មួយសម្រាប់ប្រជាជាតិខ្មែរផ្ទាល់ ហើយដំណើរការអភិវឌ្ឍសមត្ថភាពការ​ពារ​ជាតិកម្ពុជា ក៏មិនគួរត្រូវបានបង្អាក់ដោយសារតែការរិះគន់ពីសំណាក់ប្រទេសណាមួយ ដោយយោងលើហេតុផលផ្ទាល់ខ្លួនរបស់ប្រទេសទាំងនោះដែរ ព្រោះប្រសិនបើកម្ពុជាបោះ​បង់សិទ្ធិពង្រឹងនិងអភិវឌ្ឍសមត្ថភាពការពារជាតិ ដោយសារតែហេតុផលប្រទេសដទៃ នោះគឺជាការខាតបង់ផលប្រយោជន៍ និងជាការសម្រេចចិត្តដ៏ខុសឆ្គងមួយចំពោះប្រជាជាតិនិងប្រជាជនកម្ពុជាផ្ទាល់។ សម្រាប់លោកបណ្ឌិត កម្ពុជាត្រូវអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដោយយោងទៅលើរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិជាធរមាន។ ត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា ការអភិវឌ្ឍមូលដ្ឋានសមុទ្ររាម មិនមានផលប៉ះពាល់ទៅដល់ប្រទេសជិតខាងកម្ពុជាដូចជាវៀតណាម ថៃ ឬឡាវ និងសូម្បីតែសហរដ្ឋអាម៉េរិកដែលស្ថិតនៅយ៉ាងឆ្ងាយពីដែនសមុទ្រកម្ពុជា។ ម្យ៉ាងវិញទៀត នៅក្នុងទិដ្ឋភាពច្បាប់ជាតិនិងអន្តរជាតិ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម មិនបានប្រាសចាកពីខ្លឹមសារដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឡើយ ប៉ុន្តែស្របគ្នាទៅនឹង រដ្ឋធម្មនុញ្ញកម្ពុជាត្រង់មាត្រា៥៣ វាក្យខណ្ឌទី៦ ដែលអនុញ្ញាតឱ្យកម្ពុជាទទួលជំនួយយោធាសព្វបែបយ៉ាងពីបណ្ដាប្រទេសជាមិត្តទាំងឡាយ ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន៖ “ព្រះរាជាណាចក្រកម្ពុជា រក្សាសិទ្ធិទទួលជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំង​ប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និងធានាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ នៅក្នុងប្រទេសរបស់ខ្លួន។” ។ ហេតុនេះហើយ ក្នុងករណីដែលរដ្ឋបរទេសណាមួយមានសមានចិត្តជួយកម្ពុជាក្នុងវិស័យយោធា និងមានលក្ខខណ្ឌសមស្របនឹងកម្ពុជា នោះកម្ពុជាមានសិទ្ធិពិចារណាទទួលយក ព្រោះកម្ពុជាមិនអាចទុកឱ្យវិស័យកងទ័ពជើងទឹក​របស់ខ្លួនបន្តមានភាពទន់ខ្សោយ ដោយគ្មានមូលដ្ឋានសមុទ្ររឹងមាំ និងគ្មានសមត្ថភាពឆ្លើយតបទៅនឹង​តម្រូវការជាក់ស្ដែងឡើយ។

          លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀតថា ការរិះគន់ពីបណ្ដាប្រទេសមួយចំនួន មកលើការអភិវឌ្ឍមូលដ្ឋានសមុទ្ររាម របស់កម្ពុជា ត្រូវបានលើកឡើងដោយយោងលើហេតុផលផ្សេងៗគ្នាដូចជា ការមិនបានយល់ច្បាស់លាស់, ប្រយោជន៍នៃភូមិសាស្ត្រនយោបាយ និងដោយសារតែការដុតរោលបញ្ហាក្នុងតំបន់ ជាជាងការព្រួយបារម្ភដែលលើកឡើងដោយផ្តោតលើផលប្រយោជន៍សម្រាប់កម្ពុជា។ ហេតុនេះហើយ លោកបណ្ឌិតបានសម្ដែងការគាំទ្រចំពោះការបន្តអភិវឌ្ឍសមត្ថភាពយោធារបស់កម្ពុជា ដោយផ្ដោតជាចម្បងទៅលើផលប្រយោជន៍ការពារជាតិ អធិបតេយ្យភាព និងប្រជាជនកម្ពុជា ពិសេសការធ្វើទំនើបកម្មកងទ័ពជើងទឹករបស់កម្ពុជា ដែលបច្ចុប្បន្ននៅកម្រិតនៅឡើយនោះ៕

RAC Media

អត្ថបទទាក់ទង

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំឆ្នាំ២០២០

នាព្រឹកថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុ...

2020-12-16 08:37:02   ថ្ងៃពុធ, 16 ធ្នូ 2020 ម៉ោង 03:37 PM
តម្លៃអច្ចន្តបរមាក្នុងសំណុំទិន្នន័យមួយអថេរ Outliers in Univariate Data ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, រាជបណ្ឌិត្យសភាកម្ពុជា

2020-12-15 04:56:19   ថ្ងៃអង្គារ, 15 ធ្នូ 2020 ម៉ោង 11:56 AM
ប្រព័ន្ធធារាសាស្ត្រនៅតំបន់ភាគខាងកើតបន្ទាយលង្វែក ក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយ៖ ផុន កសិកា, ឡេង វិទូ, តាកេត ស័កដា និង សួ ប៉ុណ្ណារ៉ាត់

RAC Media

2020-12-12 04:10:09   ថ្ងៃសៅរ៍, 12 ធ្នូ 2020 ម៉ោង 11:10 AM
បឹងពិតត្រង់ និង កំណាត់ដើមឈើរយឆ្នាំ ដោយ៖ អ្នកស្រី ម៉ិល វាសនា មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-12-09 07:22:36   ថ្ងៃពុធ, 09 ធ្នូ 2020 ម៉ោង 02:22 PM
ព្រះលោកេសូរប្រែកាយជាព្រះនរាយណ៍ ដោយ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

2020-12-02 04:01:39   ថ្ងៃពុធ, 02 ធ្នូ 2020 ម៉ោង 11:01 AM
យុទ្ធសាស្រ្តសេដ្ឋកិច្ចចិននៅក្នុងសម័យកូវីដ-១៩ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2020-11-30 03:28:38   ថ្ងៃចន្ទ, 30 វិច្ឆិកា 2020 ម៉ោង 10:28 AM

សេចក្តីប្រកាស