ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ករណីកោះគុជ (ថៃហៅថាកោះគុត) ខុសប្លែកពីករណីប្រាសាទព្រះវិហារ ទាំងទិដ្ឋភាពប្រវត្តិសាស្ត្រ ទិដ្ឋភាពច្បាប់ និងទិដ្ឋភាពជាក់ស្ដែង

2025-03-31 03:56:02 ថ្ងៃចន្ទ, 31 មីនា 2025 ម៉ោង 10:56 AM
អ្នកមើល 2609
post_detail1

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីករណីបញ្ហាកោះគុជ (ថៃហៅថាកោះគុត) លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ចំពោះបញ្ហាអធិបតេយ្យទៅលើកោះគុជនេះ កម្ពុជាមិនអាចប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិបាននោះឡើយ ព្រោះករណីកោះគុជ (ថៃហៅថាកោះគុត) ខុសប្លែកពីករណីប្រាសាទព្រះវិហារ ទាំងទិដ្ឋភាពប្រវត្តិសាស្ត្រ ទិដ្ឋភាពច្បាប់ និងទិដ្ឋភាពជាក់ស្ដែង។ លោកបណ្ឌិតបានលើកឡើងថា លោកពុំយល់ស្របនឹងការការជំរុញទាមទារពីសំណាក់បក្សប្រឆាំង ឱ្យរាជរដ្ឋាភិបាលកម្ពុជាប្ដឹងករណីអធិបតេយ្យភាពលើកោះគុជទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេនោះឡើយ ព្រោះការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិនៅក្នុងសំណុំរឿងកោះគុជនោះ មិនមានផលចំណេញអ្វីសម្រាប់ប្រទេសកម្ពុជានោះឡើយ។ លោកបណ្ឌិតបានបញ្ជាក់ថា គេត្រូវឈ្វេងយល់ឱ្យបានច្បាស់លាស់ និងស៊ីជម្រៅ ទៅលើ សន្ធិសញ្ញា ​បារាំង-សៀម ឆ្នាំ១៩០៤ និង ឆ្នាំ១៩០៧ ស្ដីពី ការកំណត់ព្រំដែនគោករវាងប្រទេសសៀម និងប្រទេសកម្ពុជាដែលស្ថិតនៅក្រោមអាណានិគមបារាំងនាសម័យនោះ។ លោកបណ្ឌិតបានបន្តទៀតថា សន្ធិសញ្ញាដែលបារាំងក្នុងនាមជាប្រទេសម្ចាស់អាណានិគម​បានចុះហត្ថលេខា មានខ្លឹមសារគតិយុត្តិគ្រប់គ្រាន់នៅក្នុងការកំណត់ព្រំដែនអន្តរជាតិរបស់​ប្រទេសកម្ពុជា។

លោកបណ្ឌិត យង់ ពៅ បានជំរុញឱ្យអ្នកនយោបាយ និងអ្នកវិភាគទាំងឡាយ ព្យាយាមសិក្សាស្រាវជ្រាវ និងឈ្វេងយល់ឱ្យបានជាក់លាក់ទៅលើរាល់លិខិត ឯកសារ និងបទដ្ឋានគតិយុត្តិផ្សេងៗពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាពរបស់ជាតិ ជាជាងការប្រើប្រាស់​បញ្ហាព្រំដែននិងអធិបតេយ្យភាពជាតិ ធ្វើជាឆ្នួនបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យមានការខឹងស្អប់ ឬប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលបាននិងកំពុងខិតខំប្រឹងប្រែងការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ តាមគ្រប់រូបភាព ទាំងនៅលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្តិនានា និងទាំងនៅក្នុងយន្តការចរចាទ្វេភាគីរវាងស្ថាប័នជំនាញនៃប្រទេសទាំងពីរ ក៏ដូចជាការខិតខំការពារ និងរក្សាឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមបណ្តាព្រំដែន ដែលមានគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (General Border Committee: GBC) ជាដើម។

សម្រាប់លោកបណ្ឌិត យង់ ពៅ នៅពេលដែលអ្នកនយោបាយបានជ្រួតជ្រាបអំពីស្ថានភាពជាក់ស្ដែង ទិដ្ឋភាពប្រវត្តិសាស្ត្រ និងខ្លឹមសារនៃឯកសារគតិយុត្តិពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងច្បាស់លាស់ និងប្រាកដប្រជាហើយ នោះគេនឹងអាចសម្រេចចិត្តជ្រើសរើសយកសេនារីយ៉ូណាមួយ ដែលសមស្របនិងធានាបាននូវឧត្ដមប្រយោជន៍ជាតិ។ លោកបណ្ឌិតបានបន្ថែមទៀតថា ទាំងអ្នកនយោបាយ និងអ្នកវិភាគទាំងឡាយ មិនគួរយក​បញ្ហាព្រំដែន ធ្វើជាប្រធានបទសម្រាប់របៀបវារៈនយោបាយបម្រើប្រយោជន៍សួនតួ ឬដើម្បី​តែ​ប្រជាប្រិយភាពនិងការគាំទ្រពីសំណាក់មហាជននោះទេ ព្រោះការពិតនៅតែជាការពិត ហើយប្រវត្តិសាស្ត្រនឹងឆ្លុះបញ្ចាំង អំពីចេតនាទុច្ចរឹតរបស់បុគ្គលទាំងឡាយណា ដែលលះ​បង់ប្រយោជន៍ជាតិ រួចក្រសោបយកតែផលប្រយោជន៍ផ្ទាល់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិត យង់ ពៅ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ អ្នកនយោបាយ និងអ្នកធ្វើអត្ថាធិប្បាយទាំងអស់ ត្រូវមានជំហររួមគ្នាក្នុងបញ្ហាអធិប​តេយ្យភាពនិងបូរណភាពជាតិ ដូចសុភាសិតខ្មែរបានលើកឡើងថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់» និង «ឈ្លោះគ្នាក្នុងគ្រួសារ ដូចស្រាតកាយាបង្ហាញញាតិ ឈ្លោះគ្នាក្នុងសង្គមជាតិ ដូចលាតកំណត់បង្ហាញចោរ»។ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា នៅក្នុងកិច្ចការដោះស្រាយបញ្ហាព្រំដែន ទាមទារឱ្យមេដឹកនាំយល់ច្បាស់ពីស្ថានការណ៍ពិតប្រាកដ ច្បាស់លាស់អំពីលិខិតបទដ្ឋានគតិយុត្តិ  ក៏ដូចជាមានយុទ្ធសាស្ត្រនៅក្នុងចរចាជាក់លាក់ ហើយនៅក្នុងករណី​ជាច្រើនមេដឹកនាំមានភាពចាំបាច់ក្នុងការថែរក្សាអាថ៌កំបាំង និងលទ្ធភាពយកប្រៀបមួយចំនួនទៅលើដៃគូ ដែលគេមិនអាចប្រកាសជាសាធារណៈ។ លោកបណ្ឌិតបានជំរុញឱ្យអ្នកនយោបាយ ក៏ដូចជាអ្នកធ្វើអត្ថាធិប្បាយទាំងឡាយ ពិនិត្យលទ្ធភាព ដើម្បីផ្ដល់យោបល់ក្នុងន័យស្ថាបនា ដើម្បីរួមចំណែកថែរក្សានិងការពារឧត្ដមប្រយោជន៍ជាតិ ជាជាងក្រសោបយកតែជ្រុងដែលខ្លួនអាចកេងយកផលប្រយោជន៍ផ្ទាល់ខ្លួនបាន៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«សម្ដេចតេជោ ហ៊ុន សែន៖ គ្មានការបង្កើតខេត្តថ្មីបន្ថែមនោះទេ»

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា គ្មានការបង្កើតខេត្តថ្មីនោះទេ ដោយសម្ដេចបានបញ្ជារទៅក្រសួងមហាផ្ទៃឱ្យបញ្ឈប់ការសិក្សាលទ្ធភាពបង្កើ...

2018-10-05 07:04:04   ថ្ងៃសុក្រ, 05 តុលា 2018 ម៉ោង 02:04 PM
ថ្នាក់ដឹកនាំ និងមន្រ្តីរាជបណ្ឌិត្យសភាកម្ពុជាចូលរួមកាន់បិណ្ឌទី១០ នៅវត្តពោធិ៍រុន ក្នុងឃុំត្រពាំងធំខាងជើង

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងថា្នក់ដឹកនាំ និងមន្រ្តីរាជការ​នៃ​រាជ​បណ្ឌិត្យ​​សភា​កម្ពុជា ប្រមាណ៤០នាក់ ​បាននាំយកទេយ្យទានទៅចូលរួមកាន់បិណ្ឌទី១០ នៅវត្តពោធិ៍រុន ស្ថិត​...

2018-10-04 10:18:50   ថ្ងៃព្រហស្បតិ៍, 04 តុលា 2018 ម៉ោង 05:18 PM
«សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យសាលារាជធានីភ្នំពេញបញ្ចេញរថយន្តក្រុង២១៥គ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋមិនគិតថ្លៃ អំឡុងឱកាសបុណ្យភ្ជុំបិណ្ឌ»

ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨(ភ្នំពេញ)៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅខេត្តនានា ក៏ដូចជាត្រឡប់មក​ពី​ខេត្តនានាមកកាន់រាជធានីភ្នំពេញវិញឱ្យមានលក្ខណៈល្អប្រសើរនោះ នៅក្នុងឱកាសបុណ្...

2018-10-03 13:34:38   ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 08:34 PM
«បច្ចេកសព្ទគណៈកម្មការវិទ្យាសាស្រ្តសេដ្ឋកិច្ចចំនួន៥ ត្រូវបានអនុម័ត...»

ជារៀងរាល់សប្តាហ៍ នៅថ្ងៃអង្គារ និងថ្ងៃពុធ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងរៀបចំប្រជុំគណៈកម្មការទាំងអស់​ដើម្បីពិនិត្យនិងវាយតម្លៃលើបច្ចេកសព្ទតាមជំនាញនីមួយៗ។ នៅសប្តាហ៍នេះ គឺត្រូវនឹងថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្ន...

2018-10-03 13:06:58   ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 08:06 PM
«កម្ពុជា នឹងក្លាយជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមីសម្រាប់ទីផ្សារពិភពលោក»

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា កម្ពុជានឹងក្លាយជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិភពលោកនាពេលខាងមុខនេះ តាម​រយៈ​គោ...

2018-10-03 09:47:47   ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 04:47 PM
«កម្ពុជា តាមរយៈរាជបណ្ឌិត្យសភាកម្ពុជានឹងមានដៃគូបើកវេទិកាសិក្សាភាសាចិនតាមបច្ចេកវិទ្យា អនឡាញ(Online) និងសិក្សាទីផ្សារភាគហ៊ុននានា...»

ថ្ងៃពុធ ទី៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១១ព្រឹក នៅសាលប្រជុំស្លឹករឹតមានជំនួបពិភាក្សាមួយស្ដីពី ការសិក្សាតាមប្រព័ន្ធអនឡានរវាងរាជបណ្ឌិត្យសភាកម្...

2018-10-03 09:21:35   ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 04:21 PM

សេចក្តីប្រកាស