ព័ត៌មាន

បណ្ឌិត គិន ភា ៖ «កម្ពុជាបានបាត់បង់អ្នកប្រាជ្ញភាសាវិទ្យាដ៏ឆ្នើមមួយរូបទៀតដ៏គួរឱ្យស្តាយស្រណោះបំផុត»

2025-03-31 23:40:18 ថ្ងៃចន្ទ, 31 មីនា 2025 ម៉ោង 06:40 AM
អ្នកមើល 3340
post_detail1

 

រាត្រីថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ជាវេលាដ៏សែនខ្សឹកខ្សួលរំជួលចិត្តនិងស្តាយស្រណោះរកអ្វីមកប្រៀបផ្ទឹមពុំបានសម្រាប់ក្រុមគ្រួសារ សាច់ញាតិ សិស្សគណ បញ្ញវន្ត និងមិត្តភក្តិ ដែលបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលមរណភាពក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។

 

មរណភាពរបស់បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ គឺជាការបាត់បង់អ្នកប្រាជ្ញភាសាវិទ្យាមួយរូបដ៏សំខាន់របស់រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជារបស់ជាតិខ្មែរយើងទាំងមូល។ បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ គឺជាអ្នកប្រាជ្ញខ្មែរមួយរូប ដែលមានការទទួលស្គាល់ពីស្រទាប់បញ្ញវន្តជាតិនិងអន្តរជាតិ ក៏ដូចជាមជ្ឈដ្ឋានសិស្សនិស្សិតរបស់លោក និងទទួលបាននូវការកោតស្ញប់ស្ញែងយ៉ាងក្រៃលែងចំពោះចំណេះដឹង ស្នាដៃ ទេពកោលសល្យ និងជំនាញភាសាវិទ្យារបស់លោក ដែលលំបាកនឹងរកអ្នកប្រដូចបាន។ បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ បានខិតខំប្រឹងប្រែងពេញមួយជីវិតដោយមិនខ្លាចនឿយហត់រហូតដល់ដង្ហើមចុងក្រោយ ដើម្បីបុព្វហេតុភាសានិងអក្សរសាស្ត្រជាតិយើង។

 

ស្នាដៃចុងក្រោយរបស់លោកមុនលោកទទួលមរណភាព គឺ «វចនានុក្រមភាសាខ្មែរបច្ចុប្បន្ម ភាគទី១ ក-ន ចេញផ្សាយគ្រាទី២ ឆ្នាំ២០២២»។ វចនានុក្រមភាសាខ្មែរបច្ចុប្បន្នរបស់លោក ពិតជាមានសារៈប្រយោជន៍យ៉ាងធំធេងក្នុងការអភិរក្សនិងអភិវឌ្ឍន៍ភាសានិងអក្សរសាស្ត្រជាតិយើង និងពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានភាពសម្បូរណ៍បែបនូវវចនានុក្រមភាសាខ្មែរ ព្រមទាំងជាឯកសារយោងដ៏សំខាន់ក្នុងការសរសេរនិងការអានភាសាខ្មែរយើងឱ្យបានត្រឹមត្រូវនិងមានឯកលក្ខណភាព។

 

ទោះបីជាមានវ័យជរាណាស់ទៅហើយក្តី លោកនៅតែខិតខំរៀបចំបន្ត «វចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ភាគីទី២» ទៀត តែមជ្ជុរាជឫស្យាមិនទុកពេលវេលាឱ្យលោកសម្រេចស្នាដៃរបស់លោកឱ្យចប់សព្វគ្រប់ឡើយ។ ជារឿយៗ លោកតែងតែណែនាំទូន្មានប្រៀនប្រដៅក្រុមការងារដែលជាសិស្សគណរបស់លោកឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹងនិងបន្តស្នាដៃពីលោក។

 

មុនពេលទទួលមរណភាព លោកមិនបានដេកដួលចូលព្យាបាលជំងឺនៅមន្ទីរពេទ្យណាមួយឡើយ។ លោកនៅតែអង្គុយធ្វើការជាមួយសិស្សគណរបស់លោករហូតដល់ថ្ងៃផុតដង្ហើម។ គ្រប់វិនាទី លោកតែងតែរំពៃនឹងការងាររបស់លោកមិនដែលខានឡើយ។ លោកគឺជាអ្នកប្រាជ្ញមួយរូបដែលប្រជាជាតិខ្មែរទាំងមូលគួរតែចងចាំនិងផ្តល់តម្លៃចំពោះគុណបំណាច់ដ៏ធំធេងនិងគំរូវីរភាពដ៏ឧដុង្គឧត្តមរបស់លោក។

 

សារជាតិជាបញ្ញវន្តដែលស្លុងអារម្មណ៍តែនឹងការងារ រូបលោកមានវេទយិតភាពនយោបាយតិចតួចណាស់ ម្ល៉ោះហើយការលាដោយគ្មានថ្ងៃត្រឡប់របស់រូបលោកពីលោកយើងនេះ មិនមានមនុស្សច្រើនចាប់អារម្មណ៍ទេ ក្រៅតែពីសិស្សគណ បញ្ញវន្ត និងមិត្តភក្តិមួយចំនួនតូចដែលគោរព ស្រឡាញ់ និងរាប់អានរូបលោក។ ពិធីបុណ្យសពរបស់លោកបានប្រព្រឹត្តទៅយ៉ាងសាមញ្ញដោយមានភ្ញៀវពន្លឺមួយចំនួនចូលរួម ហើយក៏មិនមានគ្រឿងឥស្សរយយសអ្វី ត្រូវបានផ្តល់ជូនលោក ជាកិច្ចបច្ឆាមរណៈដែរ។

 

ក្នុងវិស័យភាសានិងអក្សរសាស្ត្រជាតិ រូបលោកប្រៀបដូចជាគ្រឹះផ្ទះដែលនៅកប់យ៉ាងជ្រៅនៅក្នុងដី សម្រាប់ទ្រទ្រង់តួផ្ទះដែលកំបាំងពីភ្នែកអ្នកផង ម្ល៉ោះហើយគ្រឹះដ៏រឹងមាំនេះ មិនបានបញ្ចេញសម្រស់ដូចហោជាងឬក្បាច់រចនាលម្អខាងក្រៅទេ។ នៅពេលមនុស្សភាគច្រើនចាប់អារម្មណ៍តែទៅលើទម្រង់ខាងក្រៅ គេនឹងភ្លេចគិតដល់ខ្លឹមសារខាងក្នុង ដូចគ្នានឹងការណ៍ដែលមនុស្សសរសើរតែរសផ្អែមនៃនំ ភ្លេចនឹកដល់គុណស្ករ។

 

រូបំ ទុក្ខំ អនិច្ចំ អនត្តា ជាក្រឹត្យក្រមធម្មជាតិមិនអាចគេចផុតឡើយ។ ការបាត់បង់រូបលោកគ្មានថ្ងៃវិលត្រឡប់នេះធ្វើឱ្យយើងខ្សឹកខ្សួលរំជួលចិត្តនិងស្តាយស្រណោះរកអ្វីមកប្រៀបផ្ទឹមពុំបាន តែយើងគ្មានអ្វីតបស្នងលោកទេ មានតែការប្តេជ្ញារៀនសូត្រតាមគំរូវីរភាពដ៏ឧដុង្គឧត្តមរបស់លោក និងលំឱនកាយវាចាចិត្ដគោរពវិញ្ញាណក្ខន្ធលោក និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកបានយោនយកកំណើតកើតក្នុងទីដ៏ខ្ពង់ខ្ពស់នាឋានបរមសុខកុំបីឃ្លៀងឃ្លាតក្លាយជាបការៈដទៃឡើយ៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

post_detail
post_detail
post_detail

អត្ថបទទាក់ទង

«របត់នៃការអភិវឌ្ឍថ្មី ក្រោយសមាជលើកទី១៣ របស់វៀតណាម»

សមាជបក្សកុម្មុយនីស្តវៀតណាមលើកទី១៣ បានបិទបញ្ចប់នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១២ មុនការគ្រោងទុកមួយថ្ងៃដោយសារស្ថានភាពនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសនេះមានភាពស្មុគស្មាញ។ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានប្រកាសជាផ្...

2021-02-03 07:29:22   ថ្ងៃពុធ, 03 កុម្ភៈ 2021 ម៉ោង 02:29 PM
ផ្លូវដែកនៅក្នុងប្រទេសកម្ពុជា ដោយ​៖ ខុម មុនីបញ្ញា, វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2021-02-01 03:02:05   ថ្ងៃចន្ទ, 01 កុម្ភៈ 2021 ម៉ោង 10:02 AM
«ឯកឧត្តមបណ្ឌិត គិន ភា៖ ការស្រាវជ្រាវគឺជាការស្វែងរកការពិតនិងដោះស្រាយបញ្ហាមូលដ្ឋាន»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពីសារប្រយោជន៍នៃការស្រាវជ្រាវ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការស្រាវជ្រាវគ...

2021-01-30 09:16:52   ថ្ងៃសៅរ៍, 30 មករា 2021 ម៉ោង 04:16 PM
«តើកម្ពុជាគួរធ្វើយ៉ាងណាដើម្បីលើកស្ទួយការស្រាវជ្រាវ?»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ អ្នកស្រាវជ្រាវជំនាញដែលមានបទពិសោធន៍ការងារយូរឆ្នាំក្នុងកិច្ចការងារស្រាវជ្រាវ និងកំពុងបំពេញការងារនៅក្នុងស្ថាប័នស្រាវជ្រាវល្បីៗសុទ្ធតែបានផ្តល់តម្លៃខ្ពស់ដល់ការសិក្សាស្រាវជ្រាវវិភាគ...

2021-01-30 07:58:39   ថ្ងៃសៅរ៍, 30 មករា 2021 ម៉ោង 02:58 PM
ការស្រាវជ្រាវផ្តល់សារៈប្រយោជន៍៧យ៉ាងដល់សង្គម

ក្នុងវេទិកាកិច្ចពិភាក្សាតុមូល ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ហើយមានការចូលរួមពីបណ្តាអ្នកស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ ដែលសុទ្ធសឹងជាអ្នកជំនាញ និងមានបទពិសោធយូរឆ្នាំក្នុង...

2021-01-30 04:57:27   ថ្ងៃសៅរ៍, 30 មករា 2021 ម៉ោង 11:57 AM
បណ្ឌិតសភាចារ្យ សុខ ទូច៖ មិនត្រឹមតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទេ ការស្រាវជ្រាវកាន់តែច្រើន គឺជាមូលដ្ឋានដែលធ្វើឱ្យភាពខុសឆ្គងមានកាន់តែតិច

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «មិនត្រឹមតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទេ ការស្រាវជ្រាវកាន់តែច្រើន គឺជាមូលដ្ឋានដែលធ្វើឱ្យភាពខុសឆ្គងមានកាន់តែតិច» នេះជាប្រសាសន៍លើកឡើងដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្...

2021-01-30 03:52:13   ថ្ងៃសៅរ៍, 30 មករា 2021 ម៉ោង 10:52 AM

សេចក្តីប្រកាស