ព័ត៌មាន

បណ្ឌិត គិន ភា ៖ «កម្ពុជាបានបាត់បង់អ្នកប្រាជ្ញភាសាវិទ្យាដ៏ឆ្នើមមួយរូបទៀតដ៏គួរឱ្យស្តាយស្រណោះបំផុត»

2025-03-31 23:40:18 ថ្ងៃចន្ទ, 31 មីនា 2025 ម៉ោង 06:40 AM
អ្នកមើល 2972
post_detail1

 

រាត្រីថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ជាវេលាដ៏សែនខ្សឹកខ្សួលរំជួលចិត្តនិងស្តាយស្រណោះរកអ្វីមកប្រៀបផ្ទឹមពុំបានសម្រាប់ក្រុមគ្រួសារ សាច់ញាតិ សិស្សគណ បញ្ញវន្ត និងមិត្តភក្តិ ដែលបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលមរណភាពក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។

 

មរណភាពរបស់បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ គឺជាការបាត់បង់អ្នកប្រាជ្ញភាសាវិទ្យាមួយរូបដ៏សំខាន់របស់រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជារបស់ជាតិខ្មែរយើងទាំងមូល។ បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ គឺជាអ្នកប្រាជ្ញខ្មែរមួយរូប ដែលមានការទទួលស្គាល់ពីស្រទាប់បញ្ញវន្តជាតិនិងអន្តរជាតិ ក៏ដូចជាមជ្ឈដ្ឋានសិស្សនិស្សិតរបស់លោក និងទទួលបាននូវការកោតស្ញប់ស្ញែងយ៉ាងក្រៃលែងចំពោះចំណេះដឹង ស្នាដៃ ទេពកោលសល្យ និងជំនាញភាសាវិទ្យារបស់លោក ដែលលំបាកនឹងរកអ្នកប្រដូចបាន។ បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ បានខិតខំប្រឹងប្រែងពេញមួយជីវិតដោយមិនខ្លាចនឿយហត់រហូតដល់ដង្ហើមចុងក្រោយ ដើម្បីបុព្វហេតុភាសានិងអក្សរសាស្ត្រជាតិយើង។

 

ស្នាដៃចុងក្រោយរបស់លោកមុនលោកទទួលមរណភាព គឺ «វចនានុក្រមភាសាខ្មែរបច្ចុប្បន្ម ភាគទី១ ក-ន ចេញផ្សាយគ្រាទី២ ឆ្នាំ២០២២»។ វចនានុក្រមភាសាខ្មែរបច្ចុប្បន្នរបស់លោក ពិតជាមានសារៈប្រយោជន៍យ៉ាងធំធេងក្នុងការអភិរក្សនិងអភិវឌ្ឍន៍ភាសានិងអក្សរសាស្ត្រជាតិយើង និងពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានភាពសម្បូរណ៍បែបនូវវចនានុក្រមភាសាខ្មែរ ព្រមទាំងជាឯកសារយោងដ៏សំខាន់ក្នុងការសរសេរនិងការអានភាសាខ្មែរយើងឱ្យបានត្រឹមត្រូវនិងមានឯកលក្ខណភាព។

 

ទោះបីជាមានវ័យជរាណាស់ទៅហើយក្តី លោកនៅតែខិតខំរៀបចំបន្ត «វចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ភាគីទី២» ទៀត តែមជ្ជុរាជឫស្យាមិនទុកពេលវេលាឱ្យលោកសម្រេចស្នាដៃរបស់លោកឱ្យចប់សព្វគ្រប់ឡើយ។ ជារឿយៗ លោកតែងតែណែនាំទូន្មានប្រៀនប្រដៅក្រុមការងារដែលជាសិស្សគណរបស់លោកឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹងនិងបន្តស្នាដៃពីលោក។

 

មុនពេលទទួលមរណភាព លោកមិនបានដេកដួលចូលព្យាបាលជំងឺនៅមន្ទីរពេទ្យណាមួយឡើយ។ លោកនៅតែអង្គុយធ្វើការជាមួយសិស្សគណរបស់លោករហូតដល់ថ្ងៃផុតដង្ហើម។ គ្រប់វិនាទី លោកតែងតែរំពៃនឹងការងាររបស់លោកមិនដែលខានឡើយ។ លោកគឺជាអ្នកប្រាជ្ញមួយរូបដែលប្រជាជាតិខ្មែរទាំងមូលគួរតែចងចាំនិងផ្តល់តម្លៃចំពោះគុណបំណាច់ដ៏ធំធេងនិងគំរូវីរភាពដ៏ឧដុង្គឧត្តមរបស់លោក។

 

សារជាតិជាបញ្ញវន្តដែលស្លុងអារម្មណ៍តែនឹងការងារ រូបលោកមានវេទយិតភាពនយោបាយតិចតួចណាស់ ម្ល៉ោះហើយការលាដោយគ្មានថ្ងៃត្រឡប់របស់រូបលោកពីលោកយើងនេះ មិនមានមនុស្សច្រើនចាប់អារម្មណ៍ទេ ក្រៅតែពីសិស្សគណ បញ្ញវន្ត និងមិត្តភក្តិមួយចំនួនតូចដែលគោរព ស្រឡាញ់ និងរាប់អានរូបលោក។ ពិធីបុណ្យសពរបស់លោកបានប្រព្រឹត្តទៅយ៉ាងសាមញ្ញដោយមានភ្ញៀវពន្លឺមួយចំនួនចូលរួម ហើយក៏មិនមានគ្រឿងឥស្សរយយសអ្វី ត្រូវបានផ្តល់ជូនលោក ជាកិច្ចបច្ឆាមរណៈដែរ។

 

ក្នុងវិស័យភាសានិងអក្សរសាស្ត្រជាតិ រូបលោកប្រៀបដូចជាគ្រឹះផ្ទះដែលនៅកប់យ៉ាងជ្រៅនៅក្នុងដី សម្រាប់ទ្រទ្រង់តួផ្ទះដែលកំបាំងពីភ្នែកអ្នកផង ម្ល៉ោះហើយគ្រឹះដ៏រឹងមាំនេះ មិនបានបញ្ចេញសម្រស់ដូចហោជាងឬក្បាច់រចនាលម្អខាងក្រៅទេ។ នៅពេលមនុស្សភាគច្រើនចាប់អារម្មណ៍តែទៅលើទម្រង់ខាងក្រៅ គេនឹងភ្លេចគិតដល់ខ្លឹមសារខាងក្នុង ដូចគ្នានឹងការណ៍ដែលមនុស្សសរសើរតែរសផ្អែមនៃនំ ភ្លេចនឹកដល់គុណស្ករ។

 

រូបំ ទុក្ខំ អនិច្ចំ អនត្តា ជាក្រឹត្យក្រមធម្មជាតិមិនអាចគេចផុតឡើយ។ ការបាត់បង់រូបលោកគ្មានថ្ងៃវិលត្រឡប់នេះធ្វើឱ្យយើងខ្សឹកខ្សួលរំជួលចិត្តនិងស្តាយស្រណោះរកអ្វីមកប្រៀបផ្ទឹមពុំបាន តែយើងគ្មានអ្វីតបស្នងលោកទេ មានតែការប្តេជ្ញារៀនសូត្រតាមគំរូវីរភាពដ៏ឧដុង្គឧត្តមរបស់លោក និងលំឱនកាយវាចាចិត្ដគោរពវិញ្ញាណក្ខន្ធលោក និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកបានយោនយកកំណើតកើតក្នុងទីដ៏ខ្ពង់ខ្ពស់នាឋានបរមសុខកុំបីឃ្លៀងឃ្លាតក្លាយជាបការៈដទៃឡើយ៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

post_detail
post_detail
post_detail

អត្ថបទទាក់ទង

«អក្ខរវិធីសំណងក្នុងភាសាខ្មែរ»

អត្ថបទស្រាវជ្រាវដោយ៖ លោក កែវ​ លីណែត ប្រធាននាយកដ្ឋានខេមរនីយកម្ម វចនានុក្រម និង បកប្រែ​ នៃវិទ្យាស្ថានភាសាជាតិគេអាចប្រើអក្សរតាឡាំងដើម្បីសងអក្សរឬសូរក្នុងភាសា។ អក្សរឡាតាំងសងអក្សរនៃភាសាណាមួយមានសារៈសំខាន់សម្...

2023-12-27 09:12:39   ថ្ងៃពុធ, 27 ធ្នូ 2023 ម៉ោង 04:12 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ទទួលជួបនិងពិភាក្សាការងារជាមួយប្រតិភូសាកលវិទ្យាល័យគួយចូវ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ១៤ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភា...

2023-12-26 07:47:43   ថ្ងៃអង្គារ, 26 ធ្នូ 2023 ម៉ោង 02:47 PM
ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចូលរួមជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៨ ស្តីពី «គំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េ-អាស៊ាន៖ ការស្តារឡើងវិញនូវការតភ្ជាប់សេដ្ឋកិច្ច-សង្គម»

្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ បណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់កិត្តិយស ជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៨ ស្តីពី «គំនិតផ្តួចផ្តើមសាមគ...

2023-12-22 11:20:32   ថ្ងៃសុក្រ, 22 ធ្នូ 2023 ម៉ោង 06:20 PM
សន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៨ ស្តីពី «គំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េ-អាស៊ាន៖ ការស្តារឡើងវិញនូវការតភ្ជាប់សេដ្ឋកិច្ច-សង្គម»

ថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ មជ្ឈមណ្ឌល ស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៨ ស្តីពី «គំនិតផ្តួចផ...

2023-12-22 11:12:27   ថ្ងៃសុក្រ, 22 ធ្នូ 2023 ម៉ោង 06:12 PM
ភ្នំពេញនិងបម្លាស់លំនៅ Phnom Penh and Migration ដោយ៖ លោក ហៃ សុគន្ធាមន្ត្រីស្រាវជ្រាវនាយកដ្ឋានភូមិវិទ្យានិងនគរូបនីយកម្ម

ភ្នំពេញ (Phnom Penh) គឺជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានដង់ស៊ីតេប្រជាជនរស់នៅច្រើនជាងគេ រហូតដល់៣៣១៦នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ និងជាទីក្រុងធំលំដាប់ទី១ ដែលមានប្រជាជនរស់នៅច្រើនជាងគេផងដែរ។ ភ្នំ...

2023-12-19 07:33:35   ថ្ងៃអង្គារ, 19 ធ្នូ 2023 ម៉ោង 02:33 PM
ជ្រុងមួយនៃគំនិតស្តីពី “មូលហេតុនៃការសិក្សាស្រាវជ្រាវ” ដោយបណ្ឌិត វង់ សំអូន ជំនួយការខុទ្ទកាល័យប្រធានរាជបណ្ឌិត្យសភាកម្ពុជា

ជាទូទៅមនុស្សនៅក្នុងសង្គមទទួលបានចំណេះដឹងពីរយ៉ាងពីអ្វីដែលគេបានជួប បានឆ្លងកាត់បានរៀន និងបានធ្វើ។ល។ ចំណេះដឹងទំាងពីរយ៉ាងនោះមាន៖ ចំណេះដឹងមានលក្ខណៈវិទ្យាសាស្ត្រ (Scientific knowledge) និងគ្មានលក្ខណៈវិទ្យាសា...

2023-12-18 07:57:05   ថ្ងៃចន្ទ, 18 ធ្នូ 2023 ម៉ោង 02:57 PM

សេចក្តីប្រកាស